Tuesday, November 12, 2019
Home Authors Posts by Khuon Narim

Khuon Narim

750 POSTS 0 COMMENTS
Reporter

រដ្ឋាភិបាល​​ស្នើ​ឱ្យ​​​​សហភាព​អឺរ៉ុប​វាយតម្លៃ​​​ ”​ត្រឹម​ត្រូវ​” អំពីកម្ពុជា

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកសរសើររដ្ឋាភិបាលយ៉ាងខ្លាំងនៅក្នុងជំនួបមួយជាមួយឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបកាលពីម្សិលមិញ ហើយបានស្នើឱ្យគណៈប្រតិភូរបស់លោកធ្វើការវាយតម្លៃអំពីស្ថានភាពនៅកម្ពុជាឱ្យបាន "ត្រឹមត្រូវ" ក្នុងថ្ងៃតែមួយដែលតុលាការបានផ្ដន្ទាទោសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំបន្ថែមទៀត។ ក្រសួងការបរទេសមិនបានពន្យល់ពីមូលហេតុដែលនាំឱ្យមានជំនួបនេះទេ។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលធ្លាប់បានបង្ហាញការចាប់អារម្មណ៍លើគណៈប្រតិភូបរទេស បន្ទាប់ពី តុលាការចេញសេចក្ដីសម្រេចចម្រូងចម្រាស ឬមានការចោទប្រកាន់អំពីការរំលោភសិទ្ធិធ្ងន់ធ្ងរដើម្បីអះអាងថា គ្មានអ្វីខុសប្រក្រតី។ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះក៏បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឯកអគ្គរាជទូតជប៉ុនផងដែរ។ បន្ទាប់ពីជំនួបកាលពីម្សិលមិញរវាងលោក ប្រាក់ សុខុន និងលោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក ជុំ សុន្ទរី...

សមយុទ្ធ​​​បញ្ជាក់​​​ពី​​​​​​ចំណង​​​យោធា​​​ចិន​​​ដ៏​​​ស៊ី​​​ជម្រៅ​​​បំផុត​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ទសវត្សរ៍​​​នេះ

សមយុទ្ធរួមយោធាចិន-កម្ពុជារយៈពេល៩ថ្ងៃដែលមានទាហាន១,០០០នាក់បានចាប់ផ្តើមកាលពីម្សិលមិញ ជាសញ្ញាបញ្ជាក់នូវចំណងមិត្តភាពជិតស្និទ្ធបំផុតរវាងយោធាប្រទេសទាំងពីរ ចាប់តាំងពីខ្មែរក្រហមបានកាន់អំណាច។ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា "យើងបានធ្វើបែបនេះពីមុនមក ប៉ុន្តែ វាតូចតាច ដូចនៅពេលដែលយើងហ្វឹកហ្វឺនជាមួយនាវាចម្បាំងចិនអំពីការជួយសង្គ្រោះមនុស្សធម៌។ ឆ្នាំនេះ យើងធ្វើទ្រង់ទ្រាយធំ"។ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងគណបក្សកុម្មុនីស្តចិន គឺតានតឹងច្រើនទសវត្សរ៍មកហើយ ដោយសារតែការគាំទ្ររបស់ចិនទៅលើខ្មែរក្រហម ជាទំនោរមួយដែលវិលត្រឡប់មកវិញសន្សឹមៗក្នុងពេលដែលក្រុមក្បាលរឹងរបស់របបនោះបានទម្លាក់អាវុធចុះ ហើយក៏កាន់តែរីកដុះដាលយ៉ាងឆាប់រហ័ស នៅពេលដែលក្រុងប៉េកាំងនាពេលថ្មីៗនេះផ្តល់លុយកាក់ឲ្យក្រុងភ្នំពេញ។ តាមនាយឧត្តមសេនីយ៍ សារ៉ាត់ សមយុទ្ធនាគមាស២០១៦ នឹងមានទាហាន៥០០នាក់ពីប្រទេសនីមួយៗជាលក្ខណៈហ្វឹកហាត់សង្គ្រោះគ្រោះធម្មជាតិ និងមនុស្សធម៌ ដែលបានធ្វើឡើងនៅឯមូលដ្ឋានយោធាសំខាន់របស់កម្ពុជា នៅខេត្តកំពង់ស្ពឺ។ តាមលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានផ្តល់ប្រាក់ជំនួយប្រហែល១៥លានដុល្លារដល់យោធាកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងខែតុលា។ ទឹកប្រាក់និងការហ្វឹកហាត់ គឺជាភ័ស្តុតាងបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនង។ លោកបាននិយាយថា សមយុទ្ធរយៈពេលពេញមួយសប្តាហ៍លើកកម្ពស់ទំនាក់ទំនងល្អ ទោះបីជារូបលោក ឬនាយឧត្តមសេនីយ៍ សារ៉ាត់ មិនបានបញ្ជាក់សេចក្តីពិស្តារនៃសមយុទ្ធនោះក៏ដោយ។ ការចំណាយផ្នែកយោធាកម្ពុជាបានហក់ឡើងពី៧៥,៧លានដុល្លារក្នុងឆ្នាំ២០០៦រហូតដល់៤៦៤លានដុល្លារនៅឆ្នាំក្រោយ ក្នុងគោលបំណងធ្វើទំនើបកម្មលើយោធារបស់ខ្លួន ហើយដែលមជ្ឈដ្ឋានខ្លះនិយាយថា ស្វែងរកភាពស្មោះត្រង់ពីទាហានតាមរយៈការដំឡើងប្រាក់ខែឲ្យខ្ពស់។ នាយឧត្តមសេនីយ៍ សារ៉ាត់ បញ្ជាក់ថា សមយុទ្ធនោះមិនបង្ហាញនូវការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយទេ។ លោកបាននិយាយថា "យើងមិនត្រឹមតែធ្វើសមយុទ្ធយោធាជាមួយចិនប៉ុណ្ណោះទេ គឺយើងធ្វើជាមួយសហរដ្ឋអាមេរិកដែរ"។ យោងតាមលោក ចន ហ្គ្រេវ៉ាត អ្នកវិភាគឧស្សាហកម្មថ្នាក់តំបន់ នៅឯទស្សនាវដ្តីការពារជាតិនិងសន្តិសុខ IHS Jane ឲ្យដឹងថា សមយុទ្ធគឺគួរឲ្យកត់សម្គាល់បាន ដោយហេតុថាប្រទេសកម្ពុជានិងចិនកាន់តែស្និទ្ធស្នាលនឹងគ្នាពីរឬបីឆ្នាំមកហើយ ទាក់ទងនឹងការការពារនិងយោធា"។ អ្នកវិភាគរូបនេះបាននិយាយថា "យើងបានឃើញពីរបីឆ្នាំមុននូវផលប្រយោជន៍បែបហ្នឹង"។ លោកបានបញ្ជាក់ថា ការហ្វឹកហ្វឺន លទ្ធកម្មការពារជាតិ និងការផ្ទេរបច្ចេកវិទ្យាពីចិនគឺជាថ្នូរនឹងការគាំទ្ររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ការគាំទ្រនោះធ្វើឲ្យកម្ពុជាខ្វែងគំនិតគ្នាជាមួយសហរដ្ឋអាមេរិក ដែលក៏ធ្វើសមយុទ្ធយោធារួមគ្នាជាមួយកម្ពុជាដែរ។ លោកបាននិយាយថា "ថាតើសមយុទ្ធនេះនឹងបន្តធ្វើ  ត្រាំ នោះ ខ្ញុំមិនដឹងទេ"៕    

​​​ផែន​​​​​​ការ​​​​​​​​​បង្ក្រាប​​​​​​​​​​​ការ​​​​​​ប្រើ​​​ប្រាស់ ​និង​​​​​​​​​ជួញ​​​​​​ដូរ​​​គ្រឿង​​​ញៀន​​​​​​​​​​​​​​​កៀរ​​​​គរ​​​​​​​​​​​​ការ​​​​​​​​​​​​​​​សហ​​​ការ​​​​​​​ពី​​​ស្ថាប័ន​​​​​​រដ្ឋាភិបាល

យោងតាមសេចក្ដីថ្លែងការណ៍មួយចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានឲ្យដឹងថា ចំនួនអ្នកញៀនថ្នាំដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត៣០ភាគរយនៅឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុន ជាហេតុជំរុញឱ្យមានផែនការបង្ក្រាបទៅលើជនរជួញដូរគ្រឿងញៀន និងបង្កើនការស្ដារនីតិសម្បទាអ្នកប្រើប្រាស់គ្រឿងញៀន។ ដំណឹងនេះកើតមានឡើងស្របពេលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន ដែលស្អុយឈ្មោះផង និងទទួលបានការកោតសរសើរផងសម្រាប់សង្គ្រាមបង្ហូរឈាមរបស់លោកប្រឆាំងគ្រឿងញៀន កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា។ លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការសម្លាប់នោះមិនមែនជាផ្នែកមួយនៃដំណោះស្រាយនៅកម្ពុជា ឡើយ។ សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីលើកឡើងថា រហូតមកទល់ពេលនេះក្នុងឆ្នាំនេះ នគរបាលបានចាត់វិធានការលើការចែកចាយ និងជួញដូរគ្រឿងញៀនចំនួន៤.១៩១ករណី ហើយចាប់ខ្លួនជនសង្ស័យបាន៩.៨០២នាក់ជាមួយនឹងគ្រឿងញៀនសរុបជាង១៧៥គីឡូក្រាម។ នៅទូទាំងប្រទេស អ្នកញៀនថ្នាំសរុបចំនួន១៨.៥៥៤នាក់ត្រូវបានកំណត់អត្តសញ្ញាណរហូតមកទល់នឹងឆ្នាំមុន ពោលគឺកើនឡើង៤.២៤២នាក់ពីឆ្នាំទៅមួយ។ (លោក ឌូទើតេ មានប្រសាសន៍ថា ប្រទេសរបស់លោកមានអ្នកញៀនថ្នាំប្រមាណ៤.០០០.០០០នាក់)។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនកុំឱ្យវារាលដាលទៅដល់ខេត្តនានា មន្ត្រីចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់ក្រសួងនៅរាជធានីភ្នំពេញ នឹងចាប់ផ្ដើមការបង្ក្រាបរយៈពេល៦ខែដោយគិតចាប់ពីថ្ងៃទី១ ខែមករា តទៅ។ វាមានខ្លឹមសារដូច្នេះថា "ប្រទេសកម្ពុជា រក្សាបានកិត្តិយសល្អក្នុងនាមជាប្រទេសមួយដែលមិនផលិតគ្រឿងញៀន និងមិនមែនជាប្រភពនៃគ្រឿងញៀន។ ប៉ុន្តែវានៅតែមានសកម្មភាពលួចលាក់របស់ជនដែលនាំចូលគ្រឿងញៀនពីក្រៅប្រទេសឆ្លងកាត់ច្រកឆែកឆេរឆ្ពោះមកភាគឦសាន និងនៅលើយន្តហោះ។ កត្តានេះបានធ្វើឱ្យកើនឡើងការប្រើប្រាស់គ្រឿងញៀន និងការព្រួយបារម្ភខ្លាចវារាលដាលពីរាជធានី ទៅដល់តំបន់ជនបទ"។ សេចក្ដីថ្លែងការណ៍ដដែលគូសបញ្ជាក់ថា ផែនការនេះនឹងមានការចូលរួមពាក់ព័ន្ធពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...

រឿងរ៉ាវជូរចត់អំពី​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន និង​​​ការ​​​អភិវឌ្ឍ​​​លាត​​​ត្រដាង​​​ឲ្យ​​​ឃើញ​​​ក្នុង​​​ការ​​​សិក្សា

ពីរឆ្នាំបន្ទាប់ពីអគារប៊ូឌីញក្នុងក្រុងភ្នំពេញត្រូវគេចាត់ទុកថាគ្មានសុវត្ថិភាពក្នុងខែសីហា ឆ្នាំ២០១៤ ពលរដ្ឋនិងម្ចាស់អាជីវកម្មតូចៗរាប់រយនាក់ដែលរស់នៅក្នុងអគារមានប្រាក់ចំណូលទាបបានទទួលព័ត៌មានតិចតួចអំពីវាសនារបស់ទីតាំងនោះ។ តាមការសិក្សាមួយដែលចេញនៅថ្ងៃអង្គារដោយក្រុមសិទ្ធិលំនៅដ្ឋានសមាគមធាងត្នោតឲ្យដឹងថា ប៉ុន្តែនៅពេលដែលគម្រោងអភិវឌ្ឍរយៈពេល៤ឆ្នាំមានទឹកប្រាក់៨០លានដុល្លារបានប្រកាសកាលពីខែកញ្ញានេះ រដ្ឋាភិបាលបានបង្ហាញកម្រិតនៃការប្រាស្រ័យទាក់ទងដែលមិនមានពីមុន គឺមានអ្នកដែលនឹងត្រូវបណ្តេញចេញ។ អ្នករស់នៅអគារប៊ូឌីញបានទទួលដំណឹងភ្លាមៗអំពីអគារ៥ជាន់ដែលនឹងប្រើសម្រាប់ធ្វើកន្លែងស្នាក់នៅទំនើបរបស់គេ នឹងក្លាយជាអគារកម្ពស់២១ជាន់វិញ។ ពួកគេបានទទួលដំណឹងពីការស្នាក់នៅបណ្តោះអាសន្នដែលមានទីតាំងនៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ការប្រជុំជាសាធារណៈបានធ្វើឡើងរវាងអ្នកភូមិ ក្រសួងរៀបចំដែនដី និងក្រុមហ៊ុនអភិវឌ្ឍជប៉ុន។ នៅដើមខែនេះ មន្ត្រីក្រសួងបានចុះតាមផ្ទះនីមួយៗដោយវាស់វែង រៀបចំឯកសារ និងសន្យាផ្តល់ប្លង់កម្មសិទ្ធិនៅពេលអនាគត។ ការសិក្សារបស់សមាគមធាងត្នោតនិយាយថា ទោះជាយ៉ាងនេះក្តី នៅឯទីតាំងបណ្តេញចេញនានាទូទាំងរាជធានីតាំងពីឆ្នាំ១៩៩០ នេះគឺមិនមែនជាករណីប៉ុណ្ណឹងទេ។ អ្នកវាស់ដីបានចុះទៅទីតាំងក្នុងក្រុងភ្នំពេញចំនួន៧៧កន្លែង ដើម្បីស្ទង់មើលការអភិវឌ្ឍនិងការប្រើនាពេលបច្ចុប្បន្ន ហើយបានប៉ុនប៉ងនិយាយជាមួយសមាជិកសហគមន៍ដែលរងការប៉ះពាល់ម្នាក់នៅកន្លែងនីមួយៗ។ មានមនុស្ស៤៦នាក់បានចូលរួម។ ក្នុងចំណោមនោះ មាន៥៧ភាគរយបាននិយាយថា ពួកគេបានទទួលដំណឹងពីគម្រោងអភិវឌ្ឍទាំងនោះ។ ទោះជាយ៉ាងនេះក្តី របាយការណ៍និយាយថា សូម្បីតែ "នៅពេលដែលអ្នកភូមិត្រូវព្រមានជាមុនអំពីការបណ្តេញចេញ និងការគ្រោងប្រើទីតាំងក៏ដោយ ក៏ទំនងជាមានព័ត៌មានតិចតួចណាស់ ឬគ្មានព័ត៌មានទាល់តែសោះ ដែលគេចែករំលែកជាសាធារណៈឲ្យលើសពីការជូនដំណឹងបែបហ្នឹងនោះទេ"។ របាយការណ៍និយាយថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតប គឺមិនបានដឹងថាមានអ្វីសាងសង់នៅលើដីដែលពួកគេបានរស់នៅក្បែរ ឬនៅលើទេ ហើយស្ទើរតែមួយភាគបីក៏មិនបានដឹងថានរណាទទួលខុសត្រូវលើការអភិវឌ្ឍដែរ។ ទោះបីជាមានគម្រោងពិស្តារក៏ដោយ ក៏អ្នកដែលត្រូវគេបណ្តេញចេញត្រូវខកចិត្តដែរ។ អគារស្នាក់នៅ១០កន្លែងថ្មីដែលសន្យាដល់សហគមន៍បូរីកីឡាកាលពី១០ឆ្នាំមុនបានកើតឡើងបានតែ៨កន្លែងប៉ុណ្ណោះ ដោយក្រុមហ៊ុនអភិវឌ្ឍកាលពីខែមិថុនា អះអាងថាក្ស័យធន ហើយអ្នកភូមិរាប់រយនាក់ក៏គ្មានផ្ទះសំបែង។ លោក សៅ កុសល ប្រធានគ្រប់គ្រងកម្មវិធីបច្ចេកទេសសមាគមធាងត្នោតបាននិយាយនៅខាងក្រៅការបញ្ចេញរបាយការណ៍នៅក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា តាមការអះអាង "ហេតុផលដែលពួកគេបណ្តេញសហគមន៍នានាឲ្យចេញពីដីរបស់ពួកគេ ឬផ្ទះពួកគេ គឺដោយសារតែការអភិវឌ្ឍ និងដើម្បីបរិស្ថានក្រុងភ្នំពេញ"។ លោកបាននិយាយថា "ប៉ុន្តែតាមការពិតមិនមែនដូច្នេះទេ។ ការពិតគឺខុសគ្នា។ គេប្រើពាក្យថា'អភិវឌ្ឍ'គ្រាន់តែបោកប្រាស់សហគមន៍ប៉ុណ្ណោះ ហើយសហគមន៍ក៏មិនបានទទួលផលប្រយោជន៍ពីគម្រោងអភិវឌ្ឍទេ"។ ការសិក្សានិយាយថា នៅពេលដែលអ្នកត្រូវគេបណ្តេញចេញប៉ុនប៉ងដាក់ពាក្យបណ្តឹង មិនមានភ្នាក់ងាររដ្ឋាភិបាលណាមួយទទួលខុសត្រូវទេ ហើយតុលាការម្តងហើយម្តងទៀតក៏មិនយកចិត្តទុកដាក់ដែរ។ អ្នកដែលត្រូវគេបណ្តេញចេញក៏បានរាយការណ៍អំពីការធ្លាក់ចុះគុណភាពជីវិត ពីការខ្វះទឹកប្រើប្រាស់និងសាលារៀនរហូតដល់បាត់បង់ប្រាក់ចំណូលដោយសារតែការផ្លាស់ប្តូរទីលំនៅថ្មី។ ការសិក្សាបានរកឃើញថា ច្រើនជាងនេះទៀត ការសន្យាដែលគម្រោងផ្តល់ឲ្យថាមានកំណើនតាមរយៈទំនើបភាវូបនីយកម្ម គឺមិនត្រូវបានគេដឹងទេ ដោយមាន៦៥ភាគរយនៃការអភិវឌ្ឍថ្មីនៅមិនទាន់ចប់នៅឡើយ។ គម្រោងខ្លះក៏មិនដែលចាប់ផ្តើមទេ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានជំរុញឲ្យអត់ធ្មត់។ លោកបាននិយាយថា "វិស័យឯកជនបានអភិវឌ្ឍ ផ្អែកលើគម្រោងរបស់គេ។ យើងមិនអាចនិយាយថា អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ យើងត្រូវតែឃើញលទ្ធផលភ្លាមៗបានទេ"។ លោកបាននិយាយបន្ថែមដោយបដិសេធមិនអត្ថាធិប្បាយបន្តទៀតថា "យើងអនុវត្តស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់អភិវឌ្ឍ ហើយសហការជាមួយដៃគូឯកជន"។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប្រវត្តិលំបាករបស់សាលាក្រុងជាមួយការអភិវឌ្ឍរឹតតែធ្វើឲ្យសហគមន៍នៅអគារប៊ូឌីញមិនជឿលើគម្រោងជួសជុលទេ ទោះបីជាមានការពិភាក្សាជាមួយក្រុមហ៊ុនអភិវឌ្ឍរបស់ខ្លួនគឺ អារ៉ាកាវ៉ា និងក្រសួងរៀបចំដែនដីក៏ដោយ។ តាមតំណាងអ្នកភូមិ មាន៩០ភាគរយនៃគ្រួសារទាំងអស់គ្រោងលក់ផ្ទះរបស់គេជាជាងរង់ចាំផ្ទះថ្មីដែលនឹងសង់រួច។ អ្នកស្រី មាស ស្រីមុំ វ័យ៤៨ឆ្នាំ ដែលកំពុងប្រឈមមុខនឹងការបណ្តេញចេញ ដោយសារតែគម្រោងជួសជុលផ្លូវរថភ្លើងនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកបាននិយាយថា ការមើលឃើញអាក្រក់បែបនេះពិតជាត្រឹមត្រូវ។ អ្នកស្រីបាននិយាយថា "រដ្ឋាភិបាលអភិវឌ្ឍលើទឹកភ្នែកប្រជាពលរដ្ឋ"៕

នាយក​​​រដ្ឋ​​​មន្ត្រី​​​យល់​​​ព្រម​​​ឲ្យ​​​សភា​​​កោះ​​​ហៅ​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ និង​​​រដ្ឋ​​​មន្ត្រី​​​​​​​​សុខាភិបាល​​​មកឆ្លើយ​​​​​​បំភ្លឺ

ក្រុមមន្ត្រីបានបញ្ជាក់កាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់គណបក្សសង្គ្រោះជាតិដែលស្នើសុំឲ្យរដ្ឋសភាសាកសួររដ្ឋមន្ត្រីពីររូបដែលរងការរិះគន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ នៅក្នុងលិខិតមួយចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកបានទទួលយកសំណើរបស់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាដើម្បីកោះហៅលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមកបំភ្លឺជុំវិញ"ភាពមិនប្រក្រតីនៅក្នុងការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី"។ រដ្ឋបុរី (ប្រទេសដែលមានតែក្រុង) មួយនេះបានធ្វើកំណត់ត្រាការនាំចូលខ្សាច់ជាង៧៣,៦លានតោនពីប្រទេសកម្ពុជាចន្លោះពីឆ្នាំ២០០៧រហូតមកទល់ឆ្នាំមុន បើប្រៀបធៀបទៅនឹងខ្សាច់មិនដល់២,៨លានតោនដែលកម្ពុជានិយាយថា ខ្លួនបានបញ្ជូនទៅទីនោះ នេះបើយោងតាមតួលេខដែលប្រទេស ទាំងពីរបានបញ្ជូនទៅមូលដ្ឋានទិន្នន័យស្ថិតិពាណិជ្ជកម្មទំនិញហៅកាត់ ខមត្រេដ  (Comtrade) របស់អង្គការសហប្រជាជាតិ។ សមាជិកសភាក៏នឹងទទួលបានឱកាសសាកសួរលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរនៅក្នុងសម័យប្រជុំដាច់ដោយឡែកមួយទៀត នេះបើយោងតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។ នៅក្នុងលិខិតមួយកាលពីសប្តាហ៍មុន ដែលបញ្ជូនតាមសំណើរបស់គណបក្សប្រឆាំង តំណាងរាស្ត្របានលើកឡើងថា ពួកគេចង់ឲ្យលោក ម៉ម ប៊ុនហេង ពន្យល់អំពី"ភាពមិនប្រក្រតី"មួយចំនួននៅក្នុងក្រសួងសុខាភិបាល ក្នុងនោះរួមមានការលក់មន្ទីរពេទ្យរដ្ឋការផ្តល់វគ្គបណ្តុះបណ្តាលមិនបានល្អ និងការធ្វេសប្រហែសរបស់វេជ្ជបណ្ឌិត ព្រមទាំងករណីសូកប៉ាន់ប្រាក់ចំនួន៤៥.០០០ដុល្លារពាក់ព័ន្ធនឹងលទ្ធកម្មទិញមុងដែលរៃអង្គាសដោយមូលនិធិសាកល (Global Fund) ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ក្នុងឆ្នាំ២០១៣។ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ ថា "យើងនឹងទាក់ទងលោករដ្ឋមន្ត្រី ម៉ម  ប៊ុនហេង ដើម្បីរៀបចំពេលវេលាដ៏ស័ក្តិសមមួួយសម្រាប់ការឆ្លើយបំភ្លឺនៅសភា"។លោកបានបន្ថែមថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺនៅរដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍។ លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាមាន"សំណួរ ជាច្រើន" សម្រាប់សាកសួរ លោក ស៊ុយ សែម  និងបុគ្គលិករបស់លោកជុំវិញការចោទប្រកាន់ពាក់ព័ន្ធការនាំចេញខ្សាច់។ លោកបានសួរថា "តើពួកគេនៅកន្លែងធ្វើការ ហើយអង្គុយនៅទីនោះមើលវាកើតឡើងមែនទេ?។ ព្រោះរឿងហ្នឹង  ជាច្រើនឆ្នាំមកហើយ"។ ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ខ្សាច់ច្រើនជាងគេឲ្យទៅប្រទេសសិង្ហបុរីដែលប្រើប្រាស់ខ្សាច់ទាំងនេះសម្រាប់គម្រោងពង្រីកទឹកដីដ៏ធំទោះបីជាបណ្តាប្រទេសផ្សេងៗបានហាមមិនឲ្យមានការនាំចេញ ដោយសារការបូមខ្សាច់ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក៏ដោយ។ លោកបានបន្ថែមថា "ខ្ញុំគិតថា នឹងមានសំណួរពីគណបក្សប្រជាជនដែរ"។ លោក ឌិត ឌីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបិទទូរស័ព្ទរបស់អ្នកយកព័ត៌មានមុនពេលលោកអាចត្រូវបានសាកសួរអំពីការបង្ហាញខ្លួនដើម្បីឆ្លើយបំភ្លឺនៅសភា៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)

មួយ​​​ឆ្នាំ​​​ក្រោយ​​​មក រដ្ឋាភិបាល​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​អ្នកបម្រើ​​​តាម​​​ផ្ទះនៅ​​​​​​ម៉ាឡេស៊ី​​​នឹង​​​សម្រេច​​​​​​

មន្ត្រីក្រសួងការងារបាននិយាយកាលពីថ្ងៃច័ន្ទថា សេចក្តីពិស្តារចុងក្រោយនៃគម្រោងបន្តឡើងវិញនូវចំណាកស្រុកស្របច្បាប់របស់ពលករតាមផ្ទះជានជាតិខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ីអាចយល់ព្រមដោយប្រទេសទាំងពីរនៅចុងខែនេះ គឺរយៈពេលមួយឆ្នាំបន្ទាប់ពីគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលុបចោលបម្រាមរយៈពេល៥ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បម្រាមក្នុងឆ្នាំ២០១១ក្នុងពេលដែលមានរបាយការណ៍កាន់តែច្រើនអំពីការមិនបើកប្រាក់ឈ្នួលឲ្យ ការបង្ខំឲ្យធ្វើការលើសម៉ោង ការឲ្យម្ហូបអាហារតិចតួច និងការធ្វើបាបផ្នែករាងកាយនិងផ្លូវភេទលើពលករជាជនជាតិខ្មែរពីសំណាក់ចៅហ្វាយនាយជាជនជាតិម៉ាឡេស៊ី។ ក្រោយពីប្រទេសកម្ពុជានិងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈក្នុងខែធ្នូកាលពីឆ្នាំមុន ដើម្បីបើកផ្លូវច្បាប់ឡើងវិញសម្រាប់ពលករបម្រើតាមផ្ទះ ក្រសួងការងារកម្ពុជាបាននិយាយថា សេចក្តីពិស្តារនៃគម្រោងថ្មីដោយមានខបញ្ញតិដែលផ្តល់ការពារល្អប្រសើរដល់ពលករបម្រើតាមផ្ទះនឹងត្រូវសម្រេចបានក្នុងប៉ុន្មានខែទៀត។ កាលពីថ្ងៃច័ន្ទ លោក ហេង សួ អ្នកនាំពាក្យក្រសួងបាននិយាយតាមការផ្ញើសារថា គម្រោងអាចមានប្រសិទ្ធភាពត្រឹមចុងខែ។ លោក សួ មិនបានឆ្លើយតបនឹងសំណួរបន្ថែមទៀតអំពីសេចក្តីពិស្តារនៃកិច្ចព្រមព្រៀងទេ។ លោក ជួប ណារ័ត្ន អនុប្រធាននាយកដ្ឋានការងារបាននិយាយថា អ្នកចរចាពីកម្ពុជានិងម៉ាឡេស៊ីបានស្ថិតក្នុងដំណាក់ការចុងក្រោយក្នុងការសរសេរនីតិវិធីប្រតិបត្តិរបស់គម្រោង។ លោកបាននិយាយថា "យើងជិតបញ្ចប់ហើយ។ យើងគ្រាន់តែត្រូវការភ្លើងខៀវពីថ្នាក់ដឹកនាំប្រទេសទាំងពីរប៉ុណ្ណោះ"។ ក្រុមសិទ្ធិការងារនៅតែមិនជឿថា កិច្ចព្រមព្រៀងនឹងអាចផ្តល់ការការពារដល់ពលករបម្រើតាមផ្ទះដែលពួកគេត្រូវការនោះទេ ព្រោះមានមន្ត្រីក្រសួងការងារមួយចំនួនកាលពីមុនត្រូវបានបង្ហាញថាបានធ្វើវិនិយោគជាថវិកានៅក្នុងទីភ្នាក់ងារជ្រើសរើសពលករមួយចំនួន ដែលពួកគេទទួលខុសត្រូវក្នុងការធ្វើនិយតកម្ម។ លោក មឿន តុលា ដែលគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលសិទ្ធិការងារ សង់ត្រាល់បាននិយាយថា ស្ថានទូតខ្មែរប្រចាំក្រុងគូឡាឡាំពួបានបន្តពិនិត្យមើលលិខិតឆ្លងដែនរបស់ពលករដែលបានស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១១។ លោកបាននិយាយថា "អ៊ីចឹង....មានពលករបាត់ខ្លួនច្រើនណាស់។ នៅតែមាន រហូតមកដល់ពេលនេះ"។ ជនកម្ពុជាបានបន្តធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីធ្វើការជាអ្នកបម្រើតាមផ្ទះ ដែលប្រើទិដ្ឋាការទេសចរ។ មានស្ត្រីពីរនាក់ដែលបានបំពានបម្រាម ហើយត្រូវបញ្ជូនមកស្រុកវិញដោយមានការជួយរបស់អង្គការសង់ត្រាល់ បានអះអាងកាលពីដើមឆ្នាំនេះថា ពលករបម្រើតាមផ្ទះជាជនជាតិខ្មែរផ្សេងទៀតនៅឯមណ្ឌលឃុំឃាំងម៉ាឡេស៊ី ដែលពួកគេត្រូវបានបញ្ជូនទៅទីនោះ ក្រោយពីរត់គេចពីថៅកែធ្វើបាប ក៏ទទួលរងការវាយដំច្រំធាក់យ៉ាងដំណំពីសំណាក់បុគ្គលិកមណ្ឌល ហើយមានខ្លះក៏បានស្លាប់។ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា មានស្ត្រីខ្មែរម្នាក់បានស្លាប់នៅឯមណ្ឌល ដោយសារតែមានជំងឺ ហើយក៏បានបដិសេធចំពោះការចោទប្រកាន់នៃការធ្វើបាបនោះ៕  

ការ​លើកលែងទោស​បន្ថែម​ទៀត​​ជាសញ្ញា​​ធូរស្រាល​​ផ្នែក​នយោបាយ​

មន្ត្រីគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបនឹងទទួលបានការលើកលែងទោស បន្ទាប់ពីសវនាការជំនុំជម្រះរឿងក្ដីរបស់ពួកគេបានបញ្ចប់។ នេះជាសញ្ញាថ្មីបំផុតនៃទំនាក់ទំនងនយោបាយល្អប្រសើរឡើងវិញក្នុងរយៈពេលដ៏ឆាប់ ដែលក៏បានឈានទៅដល់មានការដោះលែងមេឃុំម្នាក់ផងដែរកាលពីម្សិលមិញ។ ជាការឆ្លើយតបចំពោះសំណើរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលត្រូវបានលើកលែងទោសកាលពីសប្ដាហ៍មុនពាក់ព័ន្ធការចោទប្រកាន់ពីបទសូកប៉ាន់ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានហេតុផលនយោបាយនោះ លោក ហ៊ុន សែន នឹងស្នើសុំឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ព្រះរាជទានលើកលែងទោសដូចគ្នានេះដល់ចុងចោទប្រាំនាក់ផ្សេងទៀត នេះបើយោងតាមលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ។ លោកមានប្រសាសន៍ថា "នេះជាមធ្យោបាយតែមួយគត់ ព្រោះពួកគាត់ទាំងអស់សុទ្ធតែត្រូវបានផ្ដន្ទាទោសដោយតុលាការ។ ហេតុដូច្នេះ ដំណោះស្រាយគឺស្នើសុំឱ្យនាយករដ្ឋមន្ត្រីស្នើទៅកាន់ព្រះមហាក្សត្រឱ្យទ្រង់ព្រះរាជទានលើកលែងទោស"។ លោក អេង...

មេឃុំ​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ ​​​ខណ​​​ៈ​​​កិច្ច​​​ព្រមព្រៀង​​​​​លោក កឹម សុខា ឆ្ពោះ​​​​​​ទៅមុខ​​​

មេឃុំមួយរូបដែលតុលាការទើបតែបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីបីថ្ងៃមុនទាក់ទិនរឿងអាស្រូវ "សញ្ចរកម្ម" ដែលបាញ់ឆ្ពោះទៅរកលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ទទួលបានព្រះរាជទានលើកលែងទោសកាលពីម្សិលមិញ ខណៈគណបក្ស សង្គ្រោះជាតិនិយាយថា មន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រីគ.ជ.ប.មួយរូបដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងតែមួួយនឹងទទួលបានការដោះលែងក្នុងខែនេះ។ ព្រះរាជទានលើកលែងទោសដែលចុះកាលបរិច្ឆេទកាលពីម្សិលមិញ និងឡាយព្រះហស្តដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ខាងលើនេះបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំនៅក្នុងខេត្តកំពង់ចាម ដែលតុលាការផ្តន្ទាទោសនៅសប្តាហ៍នេះឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទផ្តល់ប្រាក់ចំនួន៥០០ដុល្លារឲ្យទៅម្តាយរបស់ស្រីកំណាន់លោក កឹម សុខា គួរតែត្រូវទទួលបានការដោះលែង។ ព្រះរាជក្រឹត្យនេះ "លើកលែងទោសអ្នកទោស ស៊ាង ចែត អាយុ៤៤ឆ្នាំ ដែលតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបទសូកប៉ាន់សាក្សី" ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន "ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ"។ ការលើកលែងទោសលោក ស៊ាង ចែត ធ្វើឡើងបន្ទាប់ពីលោក ហែម សុជាតិ មេធាវីរបស់លោកបានលើកឡើងកាលពីម្សិលមិញថា លោកបានដកបណ្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមផ្តន្ទាទោសនេះកាលពីថ្ងៃអង្គារបន្ទាប់ពីទទួលបានព័ត៌មានពីគណបក្សសង្គ្រោះ ជាតិថា គណបក្សបានសុំឲ្យលោក ហ៊ុន សែន ស្នើសុំព្រះរាជទានលើកលែងទោស។ អនាគតរបស់មន្ត្រីទាំង៤រូបមកពីអង្គការសិទ្ធិមនុស្សអាដហុក និងលោក នី...

លោក​ កឹម សុខា ក្លាយ​ជា​ប្រធាន​​​ក្រុម​​​សំឡេង​​​​​ភាគតិច​​ ពេល​លោក សម រង្ស៊ី មិន​នៅ​ក្នុង​ប្រទេស​

នៅក្នុងចំណាត់ការមួយដែលបន្តចាត់ទុកលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមិនសូវសំខាន់ និងគំរាមកំហែងធ្វើឱ្យភាពប្រេះឆានៅក្នុងគណបក្សនេះធ្លាក់ចូលក្នុងស្ថានភាពមួយកាន់តែធ្ងន់ធ្ងរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងជំនួសលោក សម រង្ស៊ី ក្នុងនាមជាដៃគូសន្ទនារបស់លោកនៅក្នុងគណបក្សប្រឆាំង។ ការប្រកាសនេះដែលកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ព្រះរាជទានលើកលែងទោសលោក កឹម សុខា នៅក្នុងសំណុំរឿង "សញ្ចរកម្ម" តាមសំណើរបស់លោក...

គណបក្ស​​​សង្គ្រោះជាតិ​​​ថា មន្ត្រី​​​អាដហុក មន្ត្រី​​​បោះ​​​ឆ្នោត​​​និង​​​មេឃុំ​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​

គណបក្សសង្គ្រោះជាតិនិយាយនៅថ្ងៃពុធថា មន្ត្រីសិទ្ធិមនុស្សបួនរូប មន្ត្រីបោះឆ្នោតមួយរូប និងមេឃុំមួយរូបដែលកំពុងជាប់ពន្ធនាគារទាក់ទងនឹងរឿងក្តីសញ្ចារកម្មដែលផ្តោតលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនឹងត្រូវដោះលែងនៅខែនេះ ប៉ុន្តែលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនច្បាស់អំពីបញ្ហានេះ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយនៅព្រឹកមិញនេះរវាងលោក សុខា ប្រធានមតិភាគតិចក្នុងសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯសភាជាតិ។ អ្នកទោស៦នាក់ត្រូវបានចោទថាសមគំនិតសូកប៉ាន់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់លោក សុខា ដើម្បីឲ្យនាងបដិសេធស្នេហាលួចលាក់ ក្នុងអំឡុងពេលសាកសួរដោយនគរបាលនិងតុលាការ ទោះបីពួកគេនិយាយថា ពួកគេគ្រាន់តែផ្តល់ជំនួយផ្លូវច្បាប់ ឬថវិកាហើយថា បទចោទប្រកាន់មានលក្ខណៈជានយោបាយក៏ដោយ។ លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានសន្តិសុខបក្សបាននិយាយថា លោក ស៊ាង ចែត ជាមេឃុំដែលត្រូវតុលាការផ្តន្ទាទោសនៅសប្តាហ៍នេះឲ្យជាប់ពន្ធនាគារ៥ឆ្នាំដោយសារឲ្យលុយ៥០០ដុល្លារដល់ម្តាយរបស់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់ នឹងត្រូវដោះលែងនៅថ្ងៃពុធនេះ។ កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក សុខា បានសរសេរធ្វីតថា មន្ត្រី៥នាក់ផ្សេងទៀតក៏នឹងត្រូវដោះលែងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះដែរ។ អនុប្រធានកិច្ចការសាធារណៈបក្សសង្គ្រោះជាតិរូបនេះបានសរសេរថា "មេឃុំបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ មន្ត្រីសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីបោះឆ្នោតម្នាក់ នឹងមានសេរីភាព មុនដំណាច់ខែនេះ"។ លោក យឹម សុវណ្ណ អ្នកនាំពាក្យបក្សសង្គ្រោះជាតិបាននិយាយថា លោកមិនដឹងច្បាស់ពីពេលវេលាទេ។ លោកបាននិយាយថា "គណបក្សទាំងពីរព្យាយាមធ្វើឲ្យអស់លទ្ធភាព ប៉ុន្តែខ្ញុំមិនអាចប្រាប់ថាថ្ងៃណាពួកគេនឹងត្រូវដោះលែងទេ។ ប៉ុន្តែពួកគេនឹងត្រូវដោះលែង ខ្ញុំគិតថាអាចឆាប់ៗ"។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅរដ្ឋសភា ក្រោយពីការប្រជុំរបស់លោកជាមួយលោក សុខា លោក ខេង ជាប្រធានក្រុមតំណាងរាស្ត្របក្សកាន់អំណាចបានបញ្ជាក់ថា លោក ហ៊ុន សែន បានយល់ព្រមដោះស្រាយសម្រាប់អ្នកទាំង៦នាក់។ លោក ខេង បានមានប្រសាសន៍សំដៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា "ឯកឧត្តម កឹម សុខា ជជែកជាមួយសម្តេចតេជោ  តាមខ្ញុំដឹង មុនដំណាច់ខែ១២នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប"។ លោកបានមានប្រសាសន៍ថា ការដោះលែងលោក ចែត ជាមេឃុំបានព្រមព្រៀងរួចហើយ។ មន្ត្រីអាដហុកបួនរូបគឺ អ្នកស្រី លឹម មុន្នី លោក ណៃ វង់ដា លោក នី សុខា និងលោក យី សុខសាន្ត រួមជាមួយលោក នី ចរិយា មន្ត្រីរៀបចំការបោះឆ្នោតកំពុងជាប់ពន្ធនាគារអស់រយៈពេល២២៣ថ្ងៃហើយមកដល់ថ្ងៃពុធនេះ។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូ ពួកគេស្ថិតក្នុងចំណោមអ្នកទោសនយោបាយ២៧នាក់នៅក្នុងប្រទេស។ លោក សុវណ្ណ បានមានប្រសាសន៍ថា អ្នកផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារ ដែលរួមមានមន្ត្រីបក្សប្រឆាំង ឬសកម្មជនជាង១០នាក់ នឹងដោះស្រាយពេលក្រោយទៀត។ លោកបាននិយាយថា "មួយជំហានម្តង មួយជំហានម្តង"៕(រាយការណ៍បន្ថែមដោយ Colin Meyn)