Tuesday, November 12, 2019
Home Authors Posts by Phorn Bopha

Phorn Bopha

272 POSTS 0 COMMENTS
Editor-at-large

ពលរដ្ឋខ្មែរ​​​ប្រាំមួយ​​​នាក់​​​ស្លាប់​​​នៅថៃ​​​ ខណៈ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​បន្ត​​​ចាក​​​ចេញ​​​

ពល​​​រដ្ឋខ្មែរ​​​ប្រាំមួយនាក់​​​បាន​​​បាត់​​​បង់ជីវិត​​​ និង​​​ប្រាំពីរ​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ពី​​​រ​​ករណី​​​នៅ​​​ប្រទេស​​​ថៃ​​​កាលពីចុង​​​សប្ដាហ៍​​​ ខណៈដែល​​​កម្មករ​​​ចំណាកស្រុក​​​រាប់​​​ម៉ឺន​​​នាក់​​​បាន​​​បន្ត​​​នាំគ្នា​​​ចាក​​​ចេញ​​​ត្រឡប់​​​មក​​​ប្រទេស​​​ខ្មែរ​​​វិញ ​​​ក្នុង​​​ពេល​​​មាន​​​ការ​​​បង្ក្រាប​​​លើ​​​ពលករ​​​ខុស​​​ច្បាប់​​​ពីសំណាក់​​​កង​​​ទ័ព​​​ថៃ​​​។ យោងតាម​​​លោក គៀត​​​ ប៊ុនលាភ ប្រធាន​នគរ​​​បាល​​​អន្តោប្រវេសន៍​នៅ​​ច្រកទ្វារ​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​​​​ប៉ោយ​​​ប៉ែត បាន​​​ឲ្យ​​​ដឹង​​​ថា ពល​​​រដ្ឋខ្មែរ​​​​​​ប្រាំមួយនាក់​​​នោះ កំពុង​​​ត្រូវ​​​កង​​​ទ័ព​​​ថៃ​​​​​​ដឹក​​​ត្រឡប់​​​មក​​​ប្រទេស​​​ខ្មែរ​​​វិញ ស្រាប់​​​តែ​​​រថយន្ត​​​របស់ពួកគេ​​ផ្ទុះកង់​​​ ហើយ​​​បាន​​​ក្រឡាប់​​​នៅ​​​ខេត្ត​​​ឆាឆឺងសៅ បណ្ដាល​​​ឲ្យ​​មនុស្ស​ទំាងប្រាំមួយនាក់​​​​​​ និង​​​អ្នក​​​បើក​​​បរ​​​ជនជាតិ​​​ថៃ​​​ម្នាក់​​​ស្លាប់​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " យើង​​​បាន​​​ទទួល​​​តែ​​​ព័ត៌មាន​​​ប៉ុណ្ណោះ ប៉ុន្តែ​​​សព​​​អ្នក​​​ទាំង​​​នោះ​​​មិនទាន់​​​មក​​​ដល់​​​ប៉ោយប៉ែត​​​នៅឡើយ​​​ទេ"។ លោក កុយ គួង អ្នកនាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​ប្រហែល​​​១​​​រំលង​​​អធ្រាត្រ​​​កាលពីម្សិលមិញ ហើយ​​​ថា​​​ អ្នក​​​ស្លាប់​​​​​​មាន​​​បុរស​​​ប្រាំ​​​នាក់ និង​​​ស្ត្រី​​​ម្នាក់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ពល​​​រដ្ឋខ្មែរ​​​១៣​​​នាក់​​​ផ្សេង​​​ទៀត​​​ក៏បាន​​​រង​​​របួស​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដែរ​​​។ លោក កុយ គួង បាន​​​បន្ថែម​​​ថា "មន្ត្រី​របស់​​​យើង​​​  បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​តំបន់​​​នោះ ឥឡូវ​​​នេះពួកគេ​​​ជួយ​​មើល​ថែទាំ​​​អ្នក​​​របួស​​​"។ អ្នក​​​ស្លាប់​​​ និង​​​អ្នក​​​របួស​​​កំពុង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ។ អ្នក​​​នាំពាក្យ​​​កង​​​ទ័ពថៃ និង​​​ឯកអគ្គរាជទូត​​​ថៃ​​​ប្រចាំ​​​កម្ពុជា​​​ លោក ផាកឌី ទូឆៃយុទ្ធ មិន​​​​​​អាច​​​ទាក់ទង​​ដើម្បីសុំការ​​​អត្ថាធិប្បាយ​​​បានទេ។អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត លោក ង៉ោ ម៉េងជ្រុន បានមាន​​​ប្រសាសន៍​​​ថា កម្មករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ប្រាំមួយ​​​នាក់​​​ផ្សេង​​​ទៀត​​​បាន​​​រងរបួស​​​ពេល​​​ដែល​​​រថយន្ត​​​របស់ពួកគេ​​​ក៏បាន​​​ផ្ទុះ​​​កង់​​​ ហើយ​​​ក្រឡាប​​​់​​​ដែរ​​​ ក្នុងគ្រោះថ្នាក់មួយ​​​ដោយឡែកកាលពី​​​ម្សិលមិញ​​​នៅជិត​​​ព្រំដែន​​​ខ្មែរ​​​-ថៃ ហើយ​​​ត្រូវ​​​បាន​​​នាំ​​​ឆ្លង​​​​​​ច្រក​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​និង​​​៣០នាទី​​​ព្រឹក​​​។ ខេ ពិសិដ្ឋ ជា​​​គិលានុបដ្ឋាក​​​​ម្នាក់​​នៅ​​​មណ្ឌល​​​សុខភាព​​​ប៉ោយ​​​ប៉ែត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​មនុស្ស​​​ប្រាំមួយនាក់​​​បាន​​​រង​​​​​​របួស​​​ភាគច្រើន​​​លើ​ផ្ទៃ​​​មុខ និងដង​​​ខ្លួន ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​ព្យាបាល​នៅ​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។ បើទោះជា​​​គ្រោះថ្នាក់​​​ទាំងពីរ​​​លើក​​​បាន​​​កើត​​​ឡើង​​​ខណៈ​​​ដែល​​​ពល​​​រដ្ឋខ្មែរ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ ឬ​​​រត់ចេញ​​​ពីការ​​​គំរាម​​​ចាប់​​​ខ្លួន​​​ដោយ​​​យោធាថៃ​​​ ដែល​​​កំពុង​​​គ្រប់​​​គ្រង​​​ប្រទេស​​​ក្រោម​​​ច្បាប់​​​អាជ្ញាសឹក​​​ដ៏តឹង​​​រ៉ឹង​​​ជាង​​​ពេល​​​ណាទាំង​​​អស់​​​ ចាប់តាំងពី​​​ការ​​​ទម្លាក់​​​រដ្ឋាភិបាល​​​ថៃ​​​កាល​​​ពីខែមុន​​​មកក៏ដោយ ក៏លោក​​​ កុយ គួង ប្រយ័ត្ន​​​ប្រយែង​​​ក្នុង​​​ការ​​​ទម្លាក់​​​កំហុស​​​ណាមួយ​​​លើ​​​របប​​​យោធាថៃ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិនទាន់​​​ដឹង​​​ទេ ពីព្រោះ​​​វា​​​គ្រាន់តែ​​​ជា​​​គ្រោះ​​​ថ្នាក់​​​ធម្មតា​​​​​ប៉ុណ្ណោះ។ គ្មាន​នរណា​​​ដេញ​​​តាម​​​ពួកគេ​​​ទេ" ។ ទន្ទឹម​​​នឹង​​​នេះ​​​ កម្មករ​​​ចំណាក​​​ស្រុក​​​បន្ត​​​មក​​​ស្រុក​​​វិញ​​​ក្នុង​​​ចំនួន​​​ដ៏ច្រើន​​​។ លោក ម៉េងជ្រុន ជា​​​អភិបាល​​​ក្រុង​​​ប៉ោយប៉ែត បា​​នមាន​​​ប្រសាសន៍​​​ថា ពល​​​រដ្ឋខ្មែរ​​​ច្រើនជាង​​​១១៧.០០០​​​នាក់​​​បាន​​​ឆ្លង​​​ច្រក​​​ទ្វារ​ព្រំដែន​​​ពីថ្ងៃទី៦ ខែមិថុនា ដល់​​​យប់​​​ថ្ងៃសៅរ៍។  យោងតាម​​​លោក ប៊ុនលាភ បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ជិត​​​៤៤.០០០​​​នាក់​​​បាន​​​ឆ្លង​​​ច្រក​​​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​កាលពី​​​​​​ថ្ងៃសៅរ៍​​​តែមួយ​​​ថ្ងៃ។ លោក សាន ឃិត ប្រធាន​​​សាខា​​​ស្នាក់​​​ការ​​​​​​កាកបាទ​​​ក្រហម​​​កម្ពុជាខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុគ្គលិក​​​បួននាក់​​​របស់​​​លោក​​​ និងអ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ប្រហែល​​​៣០​​​នាក់​​​​​​បាន​​​ស្ថិត​​​នៅ​​​ច្រក​​​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត ផ្ដល់​​​បាយទឹក​​​ដល់កម្មករ​​​​​​​​​ដែល​​​ត្រឡប់​​​ម​​​កវិញ ដើម្បីជួយ​​​ពួកគេ​​​រហូត​​​ដល់​​​ពួកគេ​​​រក​​​បាន​​​មធ្យោបាយ​​​ត្រឡប់​​​ទៅ​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​វិញ។ កម្មករ​​​ចំណាក​​​ស្រុក​​​ជាច្រើនទៀត​​​ទំនងជា​​​កំពុង​​​ធ្វើ​​​ដំណើរ​​​មក​​​។ រាជ​​​រដ្ឋាភិបាល​​​ថៃ​​​ និង​​​កម្ពុជា​​​ធ្វើការ​ប៉ាន់​​​​​ប្រមាណ​​​ថា ពល​​​រដ្ឋខ្មែរ​​​ចន្លោះពី​​​១៦០.០០០​​​នាក់ ទៅ​​​២០០.០០០​​​នាក់​​​កំពុង​​​ធ្វើការ​​​នៅ​​​ប្រទេស​​​ថៃ​​​ដោយ​​​ខុស​​​ច្បាប់​​​ មុនពេលមាន​​​​​​ការ​​​បណ្ដេញ​​​ចេញនេះ។ អង្គការ​​​​​​​​សិទ្ធិមនុស្ស​​​អាដហុក​​​នៅ​​​កម្ពុជា​​​ បា​​​ន​​​ឲ្យ​​​ដឹង​​​ថា ចំនួន​​​នោះ​​​អាច​​​មាន​​​ជិត​​​៤០០.០០០​​​នាក់។ ពួកគេ​​​ទាំង​​​អស់​​​គ្នា​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​រក​​​ការ​​​ងារ​​​ល្អ​​​ប្រសើរ​​​ និង​​​ប្រាក់​​​ខែ​​​ច្រើន​​​​​​ជាង​​​។ ឥឡូវ​​​នេះ ពួកគេ​​​ត្រឡប់​​​មក​​​វិញ​​​ រដ្ឋាភិបាល​​​កំពុង​​​ប្រឹង​​​ប្រែង​​​ដោះស្រាយ​​​។ ក្រសួង​​​ការ​​​ងារ​​​កំពុង​​​ផ្សព្វ​​​ផ្សាយ​​​ដំណឹង​​​ក្នុង​​​កាសែត​​​ភាសាខ្មែរ​​​ចាប់​​​តាំង​​​ពីថ្ងៃសុក្រ​​​មក​​​ដោយ​​​មាន​​​ទាំង​​​លេខ​​​ទូរស័ព្ទ​​សម្រាប់​ឲ្យ​​​​អ្នក​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​អាច​​​ទូរស័ព្ទ​​​ទៅ​ដាក់​​​ពាក្យ​​​រក​​​ការងារ​​​ថ្មី​​​ធ្វើ និង​​​ចុះ​​​ឈ្មោះ​​​​​​ចូល​រៀន​កម្មវិធី​​​បណ្ដុះបណ្ដាល​នានា​​។ លោក ហេង សួគ៌ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​ងារ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មវិធី​​​បណ្ដុះ​​​បណ្ដាល​​​ចំនួន​​​២៥​​​ត្រូវ​​​បា​​​ន​​​ផ្ដល់​​​នៅ​​​តាម​​​មណ្ឌល​​​ដែល​​​បើក​​​នៅ​​​ទូទាំង​​​ប្រទេស​​​ មាន​​​ចាប់​​​ពី​​​វគ្គ​​​សិក្សា​​​​ផ្នែក​កសិកម្ម​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​ដល់​​​កម្មវិធី​​​រយៈពេល​​​បួន​​​ខែ​​​ផ្នែក​​​​​ម៉ូដ​​​សក់ ដោយ​​​ការ​​​សិក្សា​​​​​​ទាំងអស់​​​ឥតគិត​​​ថ្លៃទេ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "មិន​​​ទាន់​​​មាន​​​នរណា​​​មក​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ​​​យើង​​​កំពុង​​​រង់​​​ចាំ​​​ពួកគេ​​​មក​​​ទទួល​​​ជំនាញ​​​ និង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​"។ លោក​​​ សួគ៌ បាន​​​មាន​​​ប្រសាសន៍​​​ថា ក៏​​​មានការ​​​ងារ​​​ប្រហែល​​​៥០.០០០​​​​​​កន្លែង​​​ដែរ​​​ ដែល​​​វិនិយោគិន​​​បរទេស​​​ក្នុង​​​ប្រទេស​​​បាននិង​​​កំពុង​​​ស្នើ​​​សុំ​​​ក្រសួង​​​ការ​​​ងារ​​​ជួយ​​​ពួកគេ​​​បំពេញ​​​កន្លែង​​​ទំនេរ​​​ទាំង​​​នោះ ជា​​​ការ​​​ងារ​​​ដែល​​​លោក​​​សង្ឃឹម​​​ថា កម្មករ​​​ចំណាក​​​ស្រុក​​​ដែល​​​ត្រឡប់​​​មក​​​វិញមួយ​​​ចំនួន​​​អាច​​​ចូល​​​ធ្វើ​​​បាន​​​។ លោក​​​ ឡាយ ញា៉ញ់ អាយុ​​​៥៣​​​ឆ្នាំ​​​ បាន​​​ឆ្លង​​​ច្រក​​​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត កាលពីម្សិលមិញ​​​ បន្ទាប់ពី​​​ធ្វើ​​​ការ​​​ងារ​​​សំណង់​​​បាន​​​១​​​ឆ្នាំ​​​នៅ​​​ប្រទេស​​​ថៃ​​​ ដោយ​​​រក​​​បាន​​​ប្រហែល​​​២៥០​​​បាត​​​​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ដើម្បីជួយ​​​ប្រពន្ធនិងកូន​​​របស់លោក​​​នៅឯស្រុក​កំណើត​ក្នុង​​ខេត្ត​​​បាត់​​​ដំបង​។ លោក ញា៉ញ់ បាន​​​មាន​​​ប្រសាសន៍ថា លោក​​​បាន​​​ចាក​​​ចេញ​​​ទាំង​​​ភិត​​​ភ័យ​​​ ដោយសារ​​​មាន​​​ពាក្យ​​​ចចាមអារ៉ាម​​​ថា ជន​​​ចំណាក​​​ស្រុក​​​ខុស​​​ច្បាប់​​​កំពុង​​​ត្រូវ​​​គេ​​​ចាប់​​​ខ្លួន​​​ ហើយ​​​ឥឡូវ​​​នេះ​​​លោក​​​​​​គ្រោង​​​មក​​​ស្រុក​​​វិញ​​​ ដែល​​​លោក​​​សង្ឃឹមថា នឹង​​​ចុះ​​​ឈ្មោះ​​​ក្នុង​​​កម្មវិធី​​​ជ្រើស​​​រើស​​​ការ​​​ងារ​​​ថ្មី​​​របស់​​​ក្រសួង​​​កា​​រ​​​ងារ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ខ្ញុំ​​​នឹង​​​សប្បាយ​​​ចិត្ត​​​ណាស់​​​បើ​​​គេ​​​អាច​​​ឲ្យ​​​ខ្ញុំ​​​៣ម៉ឺន​​​រៀល​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។ លុយ​​​ប៉ុណ្ណឹង​​​ខ្ញុំ​​​អាច​​​ទិញ​​​អាហារ​​​ និង​​​ថ្នាំពេទ្យ​​​បាន​​។ ខ្ញុំ​​នឹង​​​ជួប​​​ការ​​​លំបាក​​​​​ខ្លាំង​​​បើ​​​ខ្ញុំ​​​ទទួល​​​បាន​​​តិច​​​ជាង​​​នេះ​​​"៕ មានិត (រាយការណ៍​​​បន្ថែម​​​ដោយ ZsomborPeter)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ច្បាប់​​អាជ្ញាសឹក​នៅ​​​ក្នុង​​​ប្រទេស​ថៃ នាំឲ្យ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​​​​ខ្លះ​ត្រឡប់​មក​​ស្រុក​​​កំណើត​​​វិញ​

ពលករ​​​​ចំណាកស្រុក​ខ្មែរ​រាប់​​​រយ​​​នាក់​​​បាន​វិល​មក​កាន់​ស្រុក​កំណើត​វិញ​​ ដោយ​​​ឆ្លង​​​កាត់តាម​​ប៉ុស្តិ៍​​​ត្រួត​ពិនិត្យ​​ប៉ោយ​ប៉ែត​ ខេត្ត​​​បន្ទាយ​​​មាន​ជ័យ​​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ បន្ទាប់​​ពី​​មាន​​​រដ្ឋ​ប្រហារ​យោធា​​​នៅ​​​ក្នុង​ប្រទេស​​ថៃ​ ដែល​​កងទ័ព​​គ្រប់​​​គ្រង​​​យ៉ាង​​​តឹង​​​រឹុង​​​​លើ​​​ជីវភាព​ប្រចាំថ្ងៃ។ លោក អេង​ ឡេងអុំ នាយ​​​ការិយាល័យ​​​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស​​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​​មាន​ប្រសាសន៍​​​ថា ប្រជាជន​ខ្មែរ​មក​​​ពី​​​ខេត្ត​បាត់​ដំបង បន្ទាយ​​​មាន​ជ័យ សៀមរាប ព្រៃវែង និង​​​ខេត្ត​​​កំពង់​ចាម​​​ដែល​ទៅ​​​ធ្វើការ​នៅ​​​តាម​កសិដ្ឋាន​ និង​​​គម្រោង​​​សាងសង់​​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ចាប់​ផ្តើម​​វិល​ត្រឡប់​មក​កាន់​ស្រុក​​​កំណើត​​​វិញ​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ​។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា ​រៀង​​​រាល់ថ្ងៃ មាន​មនុស្ស​រាប់​រយ​​​នាក់​​​ឆ្លងកាត់​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ មាន​​ទាំង​អ្នក​មក​​​ដោយ​​​ស្ម័គ្រ​​​​​​ចិត្ត​​​ទំាង​អ្នក​​ដែល​ត្រូវ​​​អាជ្ញាធរ​​ថៃ​បញ្ជូន​មកផង។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា "ពលករ​​​ប្រហែល​​ពី២០០ទៅ​៣០០​នាក់​​កំពុង​វិល​ត្រឡប់​​​មក​វិញ​​​រាល់​ថ្ងៃ​"។ ​មាន​​រថយន្ត​​​ច្រើន​​​ណាស់​​ដឹក​កម្មករ​​​និង​​​អីវ៉ាន់​​របស់​​ពួក​​​គេ​​​មក​"។ លោក​​​បាន​ឲ្យ​​​ដឹង​​​ថា ​ប្រជា​ជន​ខ្មែរ​​ដែល​មក​កាន់​​​ស្រុក​​​កំណើត​​ បាន​លើក​​​ហេតុផល​ផ្សេងៗ​​​​គ្នា​អំពី​​​ការ​វិល​ត្រឡប់​របស់​​ខ្លួន ប៉ុន្តែ​​​អ្នក​​​ទាំង​​អស់​នោះ​សុទ្ធ​​​តែ​​​លើកឡើង​សំដៅ​កងទ័ព​ថៃ​​​​ដែល​​​កាន់​តែ​រឹត​បន្តឹង​ខ្លាំង​​​ឡើង​​​ៗ​​​លើ​​​ពល​​​ករ​​​ចំណាកស្រុក​។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា "ពលករ​​​ខ្លះ​​​ស្លន់​​​ស្លោ...

អ្នក​ទោស​ស្លាប់​៩នាក់​នៅ​ត្រីមាស​ទី១នៃឆ្នាំនេះ

អង្គការ​សិទ្ធិ​មនុស្ស​ និងនាយក​ដ្ឋានពន្ធនាគារ​បាន​លើក​ឡើង​ថា ចំនួនអ្នក​ទោស​ដែល​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​នៅត្រីមាស​ទី១នៃ​ឆ្នាំនេះបាន​ថយ​ចុះ​មក​ត្រឹមប្រាំបួន​នាក់​ បើប្រៀប​ធៀប​ទៅនឹង​រយៈពេលដូច​គ្នា​នេះកាលពីឆ្នាំមុន​ ដែល​មាន​១៥​នាក់​។ យោងតាម​លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅអង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា ចាប់ពីខែ​មករា ដល់ខែមេសា អ្នកទោស​ប្រាំបួន​នាក់ បុរស​ប្រាំ​នាក់ និង​ស្ត្រី​បួន​នាក់​តាមព័ត៌មាន​ថា បាន​ស្លាប់​ក្នុង​ពន្ធនាគារ​។ មណ្ឌលអប់រំ​កែប្រែ​ទី២ ក្នុងរាជធានីភ្នំពេញ​មានអ្នកទោស​ស្លាប់ពី​រ​នាក់ ចំណែក​ឯពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យក៏​មានអ្នកទោស​ស្លាប់​ពីរ​នាក់ដែរ​។ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា អំឡុង​រយៈពេលដូច​គ្នា​នេះកាលពី​ឆ្នាំមុន មាន​​អ្នក​ទោស​១៥​នាក់​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ដែ​លត្រូវ​បាន​​ឃ្លាំ​មើល​ដោយ​អង្គការ​នេះ​។ លោក បេ...

ក្រសួងការ​​​បរទេស​​​ថា​​​គ្មាន​​​ក្រុម​​​អ្នក​​​តស៊ូ​​​ ‘អាវ​​​ក្រហម​​​’ ថៃ​​​នៅ​​​កម្ពុជា​​​

លោក​​​ កុយ​​​ គួង អ្ន​​​ក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស និង​​​សហ​​​ប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ជា​​​ថ្មី​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុម​​​អ្នក​​​តស៊ូ​​​ប្រឆាំង​​​របប​​​យោធា​​​ថៃ​​​នឹ​​​ង​​​មិន​​​ត្រូវ​​​អនុ​​​ញ្ញាត​​​ឲ្យធ្វើ​​​ប្រតិបត្តិការ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​ទេ​​​ ក្រោយ​​​ពី​​​អ្នក​​​ប្រឆាំង​ជា​ជនជាតិ​ថៃ​ល្បី​ល្បាញ​រូបនេះ​ដែល​​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​បង្ហើប​​​ឲ្យ​​​ដឹង​​​អំពី​ចេតនា​​​​​​​​​​​​​​​​​​​​​​​​របស់​​​ខ្លួន​​​ចង់​​​បង្កើត​​​ក្រុម​​​មួយ​​​បែប​​​នេះ​​​នៅ​​​បស្ចិម​​​ប្រទេស​​​។​ លោក ចក្រភព ផែនខែ​​​ ជា​​​ស្ថាបនិក​​​មួយ​​​រូប​​​នៃ​​​ចលនា​​​ " អាវ​​​ក្រហម​​​"  និយម​​​ប្រជា​​​ធិប​​​តេយ្យ​​​នៅ​​​ប្រទេស​​​ថៃ​​​ និង​​​ជា​​​អតីត​​​អ្នក​​​នាំ​​​ពាក្យ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​ ថាក់​​​សីុន សីុណាវ៉ាត្រា ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​ពី​​​តំណែង​​​ បាន​​​និយាយ​​​នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​មួយ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​សប្តាហ៏​​​មុន​​​ថា អង្គការ​​​មួយ​​​នឹង​​​ត្រូវ​​​បង្កើ​​​ត​​​ឡើង​​​នៅ​​​ក្រៅ​​​ទ្វីប​​​អាស៊ី​​​ដើម្បី​​​ប្រឆាំង​​​របប​​​យោធា​​​​ថៃ។ ​​​លោក​​​បាន​​​និយាយ​​​ថា អង្គការ​​​នេះ​​​អាច​​​ជា​​​ប្រផ្នូល​​​​​​ឈាន​​​ទៅ​​​រក​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​មួយ​​​។ ជា​​​ការ​​​ឆ្លើយ​​​ត​​​ប​​​ រដ្ឋាភិបាល​​​យោធា​​​ថៃ​​​នៅ​​​សប្តាហ៍​​​នេះ​​​បាន​​​គំរាម​​​ " តាម​​​ចាប់​​​" លោក ចក្រ​​​ភព​​​ ហើយ​​​បាន​​​កោះ​​​ហៅ​​​លោក​​​ឲ្យ​​​ចូល​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​។ កាល​​​ពី​​​ម្សិលមិញ លោក កុយ គួង​​​ បាន​​​បដិសេធ​​​ថា លោក​​ ចក្រ​​​ភព សព្វ​​​ថ្ងៃ​​​មិន​​​ស្ថិត​​​នៅ​​​​​​ក្នុង​ប្រទេស​​​កម្ពុជា​​​ទេ​​​ ហើយ​​​បាន​​​បញ្ជាក់​ជា​​ថ្មី​​​នូវ​​​ជំហរ​​​របស់​​​រដ្ឋាភិបាល​​​​​​​​​​​​​​​​​​ប្រឆាំង​នឹង​​​​ក្រុម​​អ្នក​​​តស៊ូ​​​ណា​មួយ​ក៏​ដោយឲ្យ​តែ​បង្កើត​ឡើង​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " អាជ្ញាធរ​​​បាន​​​អះអាង​​​យ៉ាង​​​ច្បាស់​​​ថា មិន​​​មាន​​​លោក ចក្រ​​​ភព​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​។ មក​​​ដល់​​​ថ្ងៃ​​​នេះ​​​ គាត់​​​មិន​​​មាន​​​វត្ត​​​មាន​​​នៅ​​​កម្ពុជា​​​ឡើយ"។ លោក​​​ កុយ​​​ គួង​​​ បាន​​​បន្ថែម​​​ថា " គ្មាន​​​នរណា​​​ម្នាក់​​​ មិន​​​ថា បុគ្គល​​​ ឬ​​​មនុស្ស​​​ម្នាក់​​​មក​​​ពី​​​ក្រុ​​​ម​​​ណា​​​មួយ​​​ ឬ​​​ប្រទេស​​​ណា​​​មួ​​​យ​​​ មាន​​​សិទ្ធិបង្កើត​​​រដ្ឋាភិបាល​​​មួយ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ប្រទេស​ណា​​​មួយ​​​ផ្សេង​​​ឡើយ​​​"។ លោក​​​ ចក្រ​​​ភព​​​ ធ្វើ​​​ដំណើរ​​​ជា​​​ញឹក​​​ញាប់​​​ ហើយ​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​ ដោយ​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​នេះ​​​ពីរ​​​លើក​​​តាំ​​​ងពី​​​​​​​សប្តាហ៍​​​មុន​​​មក​​​។ លោក ចក្រភព បាន​​​និយាយ​​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណួរ​​​ផ្ញើ​​​តាម​​​​អីុម៉េល​​​​ថា " ខ្ញុំ​​​បាន​​​ត្រឡប់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​បាន​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​ម្តង​​​​ទៀត​​​។ ថ្មីៗ​​​នេះ​​​ធ្វើ​​​ដំណើរ​​​ច្រើន​​​ណាស់។ ឥឡូវ​​​ខ្ញុំ​​​នៅ​​​កន្លែង​​​មួយ​​​ដែល​​​មិន​​​អាច​​​ប្រាប់​​​ឲ្យ​ដឹង​​​បាន​​​ទេ​​​ ដើម្បី​​​ជា​​​ប្រយោជន៍​​​ដល់​​​មនុស្ស​​​ដែល​​​ខ្ញុំ​​​នៅ​​​ជា​​​មួ​​​យ​​​​នា​​ពេល​​​នេះ"។ អ្នក​​​ប្រឆាំង​ជា​ជនជាតិ​ថៃ​រូប​នេះ​​ ដែល​​​បាន​​​និរទេស​​​មក​​​ទីក្រុង​​​ភ្នំពេញ​​​ ចាប់​​​តាំង​​​ពី​​​ភៀស​​​ខ្លួន​​​ចេញ​ពី​​​ប្រទេស​​​ថៃ​​​ ពី​​​បទ​​​ចោទ​​​ប្រមាថ​​​ព្រះ​​​មហាក្សត្រ​​​កាល​​​ពី​​​ឆ្នាំ​​​​​​​២០០៩​​​ ក៏​​​បាន​បញ្ជាក់​​​​ជា​​ថ្មី​​​ថា ក្រុម​​​អ្នក​​​តស៊ូ​​​របស់​​​លោក​​​​ប្រឆាំង​នឹង​​​​របប​​​យោធា​​​ថៃ នឹង​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​សូម​​​បញ្ជាក់​​​ឲ្យ​​​ច្បាស់​​​ថា ការ​​​បង្កើត​​​ក្រុម​​​មួយ​​​បែ​​​ប​​​នេះ​​​នឹង​​​មិន​​​ត្រូវ​​​ធ្វើ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​តំបន់​​​ណាមួយ​​​ដែល​​​នៅ​​​ជាប់​​​ប្រទេស​​​ថៃ​​​ទេ​​​"។ ​​​និយាយ​​​សំដៅ​​​ដល់​​​ជំនួប​​​មួយ​​​ជា​​​មួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ទី ២៩​​​ ខែ​​​ឧសភា​​​ លោក​​​បាន​​​និយាយ​​​ថា " យើង​​​​​​ប្រយ័ត្ន​​​ប្រយែង​​​ណាស់​​​ចំពោះស្ថានភាព​​​ដ៏​​​រសើប​​​នៅ​​​កម្ពុជា​​​ហើយ​​​នឹង​​​មិន​​​ធ្វើ​​​អ្វី​​​មួយ​​​ឲ្យ​គ្រោះ​​​ថ្នាក់​​​ដល់​​​ស្ថានភាព​​​នេះ​​​ឡើយ​​​។ ខ្ញុំ​បាន​​​ជួប​​លោក​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​ដំណើរ​​​ឆ្លង​​​កាត់​​​ម្នាក់​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​មាន​​​លំនៅ​​​អចិន្ត្រៃយ៍​​​ណាមួយ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ទេ​​​។ គ្មាន​​​នរណា​​​អាច​​​ចោទ​​​ប្រទេស​​​កម្ពុជា​​​ថា​​​​ដឹង​អំពី​ស្ថាន​ភាព​របស់​យើង​បាន​​​ឡើយ កុំ​ថា​ឡើយ​ដល់​​​ទៅ​​​​គាំទ្រ​យើង​នោះ" ។ លោក ចក្រភព បាន​​​និយាយ​​​កាល​​​ពី​​​​សប្តាហ៍​​​​មុន​​​ថា លោក​​​នឹង​​​ត្រូវ​​​តែង​​​តាំង​​​ជា​​​អគ្គលេ​​​ខា​​​ធិការ​​​នៃ​​​អង្គការ​​​ប្រឆាំង​​​របប​​​យោធា​​​ថៃ បន្ទាប់ពី​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​តាម​ក្រោយ​នៅ ក្នុង​ខែ​នេះ​។ កាល​​​ពី​​​ម្សិលមិញ លោក​​​បាន​​​និយាយ​​​ថា កិច្ច​​​ប្រជុំ​​​មួយ​​​អំពី​​​អង្គការ​​​នេះ​​​គ្រោង​​​នឹង​ធ្វើ​​​នៅ​​​អឺរ៉ុប​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​ ប៉ុន្តែ មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​ដឹង​​​​​​នៅ​​​ទីក្រុង​​​ណាទេ​​​។ លោក កុយ គួង បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ចម្លើយ​​​ច្បាស់​​​លាស់​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​ ពេល​​​ដែ​​​ល​​​ត្រូវ​​​គេ​សួរ​ ​​ថា​តើ​​​លោក​​ ចក្រ​​​ភព នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​មក​​​ទឹក​​​ដីកម្ពុជា​​​វិញ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​។ លោក​ គួង ​​បាន​ឆ្លើយ​យ៉ាង​ខ្លី​​​​ថា " យើង​​​នឹង​​​ពិនិត្យ​​​តាម​​​ភា​​​ព​​​ជាក់​​​ស្តែង​​​"៕ មានិត  

បី​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​ផ្អាក​​​បញ្ជូន​​​ស្ត្រី​​​​​​​​​ខ្មែរ​​​​​​​​​ទៅ​​​ធ្វើ​​​​​​ការ​​​នៅ​​​​​​ម៉ាឡេ​​​ស៊ី ​​​ស្ត្រី​​​​​​ខ្មែរ​​​មួយ​​​ចំនួន​​​បាត់​​​ខ្លួន​​​នៅ​​​ទី​​​នោះ​​​នៅ​​​ឡើយ​​​

កញ្ញា រស់ ស្រី​​​ពេជ្រ​​​ មាន​​​អាយុ​​​១៩​​​ឆ្នាំ​​​ នៅ​​​ពេល​​​នាង​​​ចុះ​​​កិច្ច​​​សន្យា​​​ជា​​​មួយ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​មួយ​​​ ដែល​​​បាន​​​បញ្ជូន​​​នាង​​​ទៅ​​​ធ្វើ​​​ការ​​​ជា​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​។ ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ ចប អាស៊ី (JobAsia) បាន​​​នាំ​​​ស្ត្រី​​​វ័យ​​​ក្មេង​​​រូប​​​នេះ​​​មក​​​ពី​​​ស្រុក​​​ត្បូង​​​ឃ្មុំ​​​ ​​​ដែល​​​ពេល​​​នេះ​​​ក្លាយ​​​ជា​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ ដោយ​​​​​​ប្រាប់​​​គ្រួសារ​​​ក្រីក្រ​​​របស់​​​នាង​​​ថា នាង​​​នឹង​​​ធ្វើ​​​ការ​​​ក្រោម​​​លក្ខខណ្ឌ​​​ល្អ​​​នៅ​​​ក្នុង​​​ប្រទេស​​​អភិវឌ្ឍន៍​​​​​​ ហើយ​​​នាង​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​សម​​​រម្យ​​​ដែ​​​ល​​​នាង​​​អាច​​​មាន​​​លទ្ធ​​​ភាព​​​​​​ផ្ញើ​​​មក​​​ផ្ទះ​​​វិញ​​​បាន។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ​​​ចាប់​​​តាំង​​​ពី​​​នាង​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ជើង​​​ហោះ​​​ហើរ​​​ពី​​​ប្រទេស​​​កម្ពុជា នៅ​​​ថ្ងៃទី​​​១៨ ខែ​​​កក្កដា ឆ្នាំ​​​២០១០​​​មក​​​ គ្រួសារ​​​របស់​​​នាង​​​មិន​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ពី​​​នាង​​​​​​សូម្បី​​​មួយ​​​​​​ដុល្លារ ហើយ​​​ពួកគាត់​​​ក៏​​​មិន​​​ដែល​​​ទទួល​​​បាន​​​​​​ដំណឹង​​​ពី​​​នាង​​​ដែរ​​​។ បុរស​​​កសិករ​​​ម្នាក់​​​​​​ឈ្មោះ ឡាច ស៊ាង អាយុ​​​៦០​​​ឆ្នាំ ដែល​​​មាន​​​កូន​​​ប្រាំ​​​បួន​​​នាក់ រួម​​​ទាំង​​​កញ្ញា   រស់​​​ ស្រី​​​ពេជ្រ​​​ ផង និយាយ​​​ថា "ចាប់​​​តាំង​​​ពី​​​នាង​​​ទៅ​​​ទី​​​នោះ​​​មក​​​ គឺ​​​គ្មាន​​​អ្វី​ទាំង​​​អស់​​​ សូម្បី​​​តែ​​​​​​ព័ត៌​​​មាន​​​ពី​​​នាង​​​ក៏​​​គ្មាន​​​ដែរ។ ខ្ញុំ​​​បាន​​​ប្តឹង​​​ទៅ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ និង​​​នគរ​​​បាល​​​ឃុំ​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​អាច​​​នាំ​​​កូនស្រី​​​របស់​​​ខ្ញុំ​​​ត្រឡប់​​​មក​​​វិញ​​​បាន​​​ឡើយ​​​​​​"។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា ការ​​​ទូរស័ព្ទ​​​ជាច្រើន​​​លើក​​​ទៅ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ JobAsia រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ក្រោយ​​​ពី​​​កូនស្រី​​​របស់​​​គាត់​​​​​​បាន​​​បាត់​​​ខ្លួន ​​​មិន​​​ទទួល​​​បាន​​​ផល​​​អ្វី​​​ទាំង​​​អស់​​​។ ពេល​​​នេះ​​​លេខ​​​ទូរស័ព្ទ​​​តែ​​​មួយ​​​ខ្សែ​​​គត់​​​ដែល​​​គាត់​​​មាន​​​សម្រាប់​​​ទាក់​​​ទង​​​ទៅ​​​ទី​​​ភ្នាក់ងារ​​​ជ្រើស​​​រើស​​​កម្មករ​​​នេះ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ​​​។ គាត់​​​និយាយ​​​ថា "នាង​​​បាន​​​បាត់​​​ខ្លួន​​​ ​​​ស្ងាត់​​​ដំណឹង​​​ឈឹង គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​ជួយ​​​ខ្ញុំ​​​បាន​​​ទេ​​​"។ សមាគម​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​​​​ពល​​​ករ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា ACRA បាន​​​ចុះ​​​បញ្ជី​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ JobAsiaជា​​​សមាជិក​​​​​​​​​​​​នៅ​​​ក្នុង​​​គេ​​​ហ​​​ទំព័រ​​​របស់​​​ខ្លួន​​​ និង​​​មាន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​សម្រាប់​​​ទំនាក់​​​ទំនង។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ពេល​​​អ្នក​​​យក​​​ព័ត៌មាន​​​ព្យាយាម​​​ទូរស័ព្ទ​​​ទៅ​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រុមហ៊ុន​​​នេះ​​​តាម​​​ការ​​​ចុះ​​​បញ្ជី​​​ដោយ​​​ ACRA ត្រូវ​​​បាន​​​បុរស​​​ម្នាក់​​​ដែល​​​អះ​​​អាង​​​ថា ខ្លួន​​​ជា​​​កសិករ​​​នៅ​​​ក្នុង​​​ខេត្ត​​​តាកែវ​​​ ជា​​​អ្នក​​​ទទួល​​​ទូរស័ព្ទ​​​​​​ទៅ​​​វិញ​​​។ ​​​មិន​​​មែន​​​មាន​​​តែ​​​ករណី​​​កញ្ញា រស់​​​ ស្រី​​​ពេជ្រ​​​ មួយ​​​នោះ​​​ទេ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូម្បី​​​នៅ​​​ពេល​​​រដ្ឋាភិបាល​​​កម្ពុជា​​​បង្ហើយ​​​ផែនការ​​​ដើម្បី​​​បន្ត​​​បញ្ជូន​​​ស្ត្រី​​​បម្រើ​​​ការងារ​​​តាម​​​ផ្ទះ​​​ទៅ​​​ប្រទេស​​​ម៉ា​​​ឡេស៊ី​​​ក្តី ក៏​​​គ្រួ​​​សារ​​​មួយ​​​ចំនួន​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​រក​​​អ្នក​​​ជា​​​ទី​​​ស្រឡាញ់​​​រ​​​បស់​​​ខ្លួន​​​នៅ​​​ឡើយ​​​ ដែល​​​បាន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ទីនោះ​​​ ប៉ុន្តែ មិន​​​ដែល​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​។ នៅ​​​ពេល​​​មាន​​​ការ​​​បញ្ជូន​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​ច្រើន​​​បំផុត​​​ទៅ​​​ប្រទេស​​​ម៉ាឡេ​​​ស៊ី​​​ ស្ត្រី​​​កម្ពុជា​​​រាប់​​​រយ​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​ប្រទេស​​​កាន់​​​សាសនា​​​អីុ​​​ស្លាម​​​​​​ភាគ​​​ច្រើន​​​នេះ​​​ក្នុង​​​ខែ​​​នីមួយៗ​​​​​​តាម​​​ការ​​​សន្យា​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អ។ នៅ​​​ខែ​​​តុលា​​​ ឆ្នាំ​​​២០១១​​​ នៅ​​​ពេល​​​ករណី​​​រំលោភ​​​បំពាន​​​ធ្ងន់​​​ធ្ងរ​​​ពី​​​សំណាក់​​​ថៅកែ និង​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ឯក​​​ជន​​​កើត​​​មាន​​​កាន់​​​តែ​​​ខ្លាំង លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី  ហ៊ុន សែន ក៏​​​បាន​​​ប្រកាស​​​ថា ការ​​​បញ្ជូន​​​ស្ត្រី​​​កម្ពុជា​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​​​​គឺ​​​​​​ខុស​​​ច្បាប់​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​យោង​​​តាម​​​លោកស្រី លី វី​​​ជុតា ប្រធាន​​​អង្គការ​​​ជំនួយ​​​​​​ផ្លូវ​​​ច្បាប់​​​ដល់​​​កុមារ​​​និង​​​ស្ត្រី​​​ ហៅ​​​កាត់​​​ថា LSCW ដែល​​​បាន​​​ជួយ​​​ស្ត្រី​​​កម្ពុជា​​​ជា​​​ច្រើន​​​ដែល​​​រង​​​ការ​​​បំពាន​​​ពី​​​សំណាក់​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ឬ​​​ថៅកែ​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេ​​​ស៊ី​​​ ពាក្យ​​​បណ្តឹង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បាត់​​​ខ្លួន​​​ ឬ​​​ការ​​​រំលោភ​​​បំពាន​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​​​​នៅ​​​តែ​​​បន្ត​​​គ្មាន​​​អ្នក​​​ដោះ​​​ស្រាយ​​​​​​។ ​​​​​​​​​​​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​ពី​​​រ​​​ឆ្នាំ​​​មក​​​នេះ​​​ LSCW ទទួល​​​បាន​​​សំណុំ​​​រឿង​​​ចំនួន​​​​​​១៤​​​ករណី​​​ស្តី​​​ពី​​​ស្ត្រី​​​បាត់​​​ខ្លួន​​​ ដែល​​​នៅ​​​មិន​​​ទាន់​​​មាន​​​ការ​​​​​​ដោះស្រាយ​​​នៅ​​​ឡើយ​​​។ ម្នាក់​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​បាត់​​​ខ្លួន​​​ទាំង​​​នោះ​​​មាន​​​ឈ្មោះ ពន់ ញ៉ាញ់ អាយុ​​​២៩​​​ឆ្នាំ មក​​​ពី​​​ស្រុក​​​​​​ពារាំង​​​ ខេត្ត​​​ព្រៃ​​​វែង​​​ ដែល​​​បាន​​​ចុះ​​​កិច្ច​​​សន្យា​​​ការ​​​ងារ​​​​​​ជា​​​មួយ​​​ ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ ​T&P ដើម្បី​​​ទៅ​​​ធ្វើ​​​ការ​​​ឲ្យ​​​ថៅកែ​​​ម៉ាឡេស៊ី​​​ម្នាក់​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១០​​​។ ក្រសួង​​​ការ​​​ងារ​​​និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​បាន​​​បិទ​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ T&P​​​ កាល​​​​​ពី​​​ខែ​​​តុលា​​​ឆ្នាំ​​​២០១០​​​តាម​​​បញ្ជា​​​របស់​​​ក្រសួង​​​មហាផ្ទៃ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថា  ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​មួយ​​​នេះ​​​បាន​​​នាំ​​​យក​​​ក្មេង​​​ស្រី​​​អនីតិជន​​​មក​​​បណ្តុះ​​​បណ្តាល​​​ និង​​​​​​ចាប់​​​បង្ខាំង​​​ពួកគេ​​​នៅ​​​តាម​​​មណ្ឌល​​​បណ្តុះ​​​បណ្តាល​​​របស់​​​ខ្លួន​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ស្ត្រី​​​ឈ្មោះ ពន់ ញ៉ាញ់ បាន​​​បាត់​​​ដំណឹង​​​ឈឹង​​​​​​ទៅ​​​ហើយ​​​។ ស្ត្រី​​​ឈ្មោះ ពន់​​​ ផាត​​​ អាយុ​​​២៧​​​ឆ្នាំ​​​ដែល​​​ត្រូវ​​​ជា​​​ប្អូនស្រី​​​របស់​​​ស្ត្រី ឈ្មោះ  ពន់ ញ៉ាញ់​​​ ​​​និយាយ​​​ថា "គាត់​​​បាន​​​​​​ទូរស័ព្ទ​​​មក​​ខ្ញុំ​​​  ហើយ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ការ​​​រស់​​​នៅ​​​របស់​​​គាត់​​​នៅ​​​ម៉ាឡេ​​​ស៊ី​​​​​​វេទនា​​​ណាស់​​​។ គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​ហូប​​​បាយ​​​បាន​​​តែ​​​មួយ​​​ពេល​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​ថ្ងៃ និង​​​​​​អាច​​​ដេក​​​បាន​​​ប្រហែល​​​ពីរ​​​ម៉ោង​​​ ។ គាត់​​​ត្រូវ​​​ធ្វើ​​​​​​ការ​​​​​យ៉ាង​​​ធ្ងន់​​​ ហើយ​​​ថៅកែ​​​របស់​​​គាត់​​​វៃ​​​៉ក្បាល​​គាត់​​​នឹង​​​អំបោស"។ ស្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា ពេល​​​និយាយ​​​គ្នា​​​តាម​​​ទូរស័ព្ទ​​ នាង​​​បាន​​​ប្រាប់​​​បង​​​ស្រី​​​របស់​​​នាង​​​អំពី​​​រឿង​​​រា៉ាវ​​​របស់​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទ​​​ះ​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​រង​​​ការ​​​រំលោភ​​​បំពាន​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី ហើយ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​នាង​​​វិល​​​ត្រឡប់​​​ម​​ក​​​ស្រុក​​​វិញ​​​។ដំបូ​​​ងឡើយ​​​ថៅកែ​​​របស់​​​បង​​​ស្រី​​​នាង​​​បាន​​​យល់​​​ព្រម​​​បញ្ចប់​​​កិច្ច​​​សន្យា​​​ការងារ​​របស់​​​បង​​​ស្រី​​​នាង​​​ដោយ​​​មាន​​​លក្ខ​​​ខណ្ឌ​​​ថា បង​​​ស្រី​​​របស់​​​នាង​​​ត្រូវ​​​សង​​​ប្រាក់​​​តែ​​​​​​១.០០០ដុល្លារ​​​ប៉ុណ្ណោះ​​​​​​ក្នុង​​​ចំណោម​​​ប្រាក់​​​ចំនួន​​​១.៩០០ដុល្លារ​​​ដែល​​​បង​​​ស្រី​​​របស់​​​​​​នាង​​​បាន​​​ជំពាក់​​​នៅ​​​ពេល​​​នោះ​​​។បង​​​ស្រី​​​របស់​​​នាង​​​បាន​​​យល់​​​ព្រម​​​តាម​​​ការ​​​​​​ព្រម​​​ព្រៀងនោះ​​​ ប៉ុន្តែ ថៅ​​​កែ​​​បាន​​​ប្តូរ​​​ចិត្ត​​​វិញ​​​។ ស្ត្រី​​​ឈ្មោះ ពន់​​​ ផាត និយាយ​​​បន្ត​​​ថា "បងស្រី​​​របស់​​​ខ្ញុំ​​​បាន​​​យល់​​​ព្រម​​​ថា ១.០០០ដុល្លារ​​​គ្មាន​​​បញ្ហា​​​ទេ​​​ គាត់​​​ចង់​​​មក​​​ស្រុក​​​វិញ​​​។ ប៉ុន្តែ ថៅកែ​​​ដែល​​​បាន​​​ដក​​​ហូត​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​គាត់​​​ទុក​​​និយាយ​​​ថា គេ​​​នឹង​​​មិន​​​ឲ្យ​​​ប្រាក់​​​គាត់​​​ទៀត​​​ឡើយ ហើយ​​​គេ​​​នឹង​​​ដុត​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​​​​គាត់​​​ចោល​​​"។នៅ​​​ពេល​​​និយាយ​​​ទូរស័ព្ទ​​​ជាមួយ​​​គ្នា​​​លើក​​ក្រោយ ស្ត្រី​​​ឈ្មោះ ពន់​​​ ញ៉ាញ់ បាន​​​ប្រាប់​​​ប្អូន​​​ស្រី​​​របស់​​​ខ្លួន​​​ថា ខ្លួន​​​មិន​​​អាច​​​និយាយ​​​បាន​​​ឡើយ​​​។ នោះ​​​គឺ​​​​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​​​​បង្អស់​​​ដែល​​​គ្រួសារ​​​បាន​​​ទទួល​​​ដំណឹង​​​ពី​​​ស្ត្រី​​​រូប​​​នេះ​​​។ លោ​​​ក កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ក្រសួង​​​នេះកំពុង​​​សហការជាមួយ​​​អាជ្ញាធរ​​​ម៉ាឡេស៊ី ដើម្បី​​​ស្វែង​​​រក​​​ស្ត្រី​​​កម្ពុជា​​​ដែល​​​បាន​​​បាត់​​​ខ្លួន​​​នៅ​​​ទី​​​នោះ​​​។ មុន​​​ពេល​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​បន្ថែម​​​ទៀត​​​ លោក កុយ គួង​​​ បាន​​​មាន​​​ប្រ​សាសន៍​​​ថា "យើង​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​រក​​​ពួកគេ​​​តាម​​​រយៈ   ដែល​​​បាន​​​នាំ​​​ពួក​​​គេ​​​ ”។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១៣ ក្រសួង​​​ការងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​ដែល​​​ទទួល​​​បាន​​​​​​ជំនួយ​​​ពី​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ ILO ដែ​​​ល​​​ជា​​​ផ្នែក​​​មួយ​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ បាន​​​ចេញ​​​ប្រកាស​​​ថ្មីៗ​​​​​​ចំនួន​​​ប្រាំបី​​​​​​ក្នុង​​​គោល​​​បំណង​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​ឲ្យ​​​បាន​​​ល្អ​​​តាម​​​រយៈ​​​ការ​​​ផ្ទេរ​​​​​​ការ​​​គ្រប់​​​គ្រង​​​​​ភាគ​​​ច្រើន​​​នៃ​​​ឧស្សាហកម្ម​​​នេះ​​​ទៅ​​​ក្រសួង​​​ការងារ​​​។ ​​​ បណ្តា​​​អង្គការ​​​សិទ្ធិ​​​ការងារ​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លើក​​​ឡើង​​​ថា ប្រកាស​​​ទាំង​​​នេះ​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​តិច​​​តួច​​​ណាស់​​​ដល់​​​ស្ត្រី​​​បម្រើ​​​ការងារ​​​តាម​​​ផ្ទះ​​​ ដោយសារ​​​នៅ​​​តែ​​​មាន​​​ទំនាក់​​​ទំនង​​​គ្រួសារ​​​ជិត​​​ស្និទ​​​្ធ​​​នៅ​​​ឡើយ​​​រវាង​​​ម្ចាស់​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ និង​​​មន្ត្រី ឃ្លាំ​​​មើល​​​ពួកគេ​​​។ កាល​​​ពីខែ​​​មុន ​​​លោក​​​ សេង កក្កដា រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​ការងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ ​​​បាន​​​ដឹក​​​នាំ​​​គណៈ​​​ប្រតិភូម​​ួួយ​​​ក្រុម​​​ទៅបំពេញ​​​ទស្សន​​​កិច្ច​​​នៅ​​​ប្រទេស​​​ម៉ាឡេស៊ី ដើម្បី​​​ពិភាក្សា​​​អំពី​​​អនុស្សរណៈ​​​នៃការ​​​យោគ​​​យល់​​​​​​ដែល​​​បើក​​​ផ្លូវ​​​សម្រាប់​​​ការ​​​បញ្ចូន​​​ស្ត្រី​​​កម្ពុជា​​​ទៅ​​​ធ្វើ​​​ការ​​​ជា​​​អ្នក​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​នៅ​​​ប្រទេស​​​ម៉ាឡេស៊ី ជាថ្មី​​​ម្តង​​​ទៀត​​​​​​។ នៅ​​​ក្នុង​​​ខែ​​​នេះ​​​ គណៈ​​​ប្រតិភូ​​​ម៉ាឡេស៊ី មួ​​​យក្រុម​​​នឹង​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​រាជ​​​ធានីភ្នំពេញ​​​ដោយ​​​សង្ឃឹម​​​ថា  នឹង​​​បង្ហើយ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ នេះ​​​​​​បើយោង​​​​​​តាម​​​លោក​​​ អូស្មាន់​​​ ហាស្សាន់ ជា​​​រដ្ឋ​​​លេខា​​​ធិការ​​​មួយ​​​រូប​​​ទៀត​​​នៅ​​​ក្រសួង​​​ការងារ ដែល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​ម្សិល​​​​មិញ​​​ថា អនុស្សរណៈ​​​​​​នៃ​​​ការ​​​យោគ​​​យល់​​​នេះ​​​នឹង​​​ត្រូវ​​​ចុះ​​​ហត្ថលេខា​​​នៅ​​​ដំណាច់​​​ខែ​​​កក្កដា​​​។ លោក​​​ អូស្មាន់ ហាស្សាន់ បាន​​​មាន​​​ប្រសាសន៍​​​ថា "រឿង​​​សំខាន់​​​គឺថា យើង​​​មាន​​​ច្បាប់​​​ដែល​​​ធានា​​​ការ​​​ពារ​​​សុវត្ថិភាព​​​របស់​​​ពួកគេ​​​។ យើង​​​នឹង​​​បង្កើត​​​ប្រព័ន្ធ​​​មួយ​​​ដើម្បី​​​ឲ្យ​​​យើង​​​អាច​​​ស្រាវ​​​ជ្រាវ​​​រក​​​អាស​​​យ​​​ដ្ឋាន​​​របស់​​​ពួកគេបាន​​​​​​តាម​​​រយៈ​​​ក្រុមហ៊ុន​​​ដែល​​​ពួកគេ​​​ទៅ​​​"។ លោក​​​ស្រី​​​ លី វីជុតា ប្រធាន​​​អង្គការ​​​ LSCW ដែល​​​ធ្លាប់​​​បាន​​​ដោះស្រាយ​​​ករណី​​​ស្ត្រី​​​កម្ពុជាបម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះ​​​ ដែល​​​បាន​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ជាច្រើន​​​​​​ បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​កន្លង​​​មក​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​ដែល​​​មិន​​​បាន​​​​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​ដល់​​​​​​ស្ត្រី​​​បម្រើការ​​​ងារ​​​តាម​​​ផ្ទះ​​​នោះ​​​ នៅ​​​តែ​​​ធ្វើ​​​ឲ្យ​​​លោក​​​ស្រី​​​ព្រួយ​​​បារម្ភ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ជឿ​​​ថា ប្រសិន​​​បើ​​​យើង​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​ទ្វេ​​​ភាគី ឬ​​​MoU​​​ រវាង​​​កម្ពុជា និង​​ម៉ាឡេស៊ី​​​ វា​​​ប្រហែល​​​ជា​​​មាន​​​វិធី​​​វិជ្ជ​​​មាន​​​ខ្លះ ដើម្បី​​​ការ​​​ពារ​​​ និង​​​ជួយ​​​ដល់​​​ស្ត្រី​​​បម្រើការ​​​ងារ​​​តាម​​​ផ្ទះ​​​។​​​ទោះជា​​​យ៉ាងណា វា​​​អាស្រ័យ​​​លើ​​​ខ្លឹម​​​សារ​​​នៃ​​​​​​ MoU​​​ នោះ​​​ដែល​​​ខ្ញុំ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​បំផុត​​​"។ លោកស្រី មាន​​​ប្រសាសន៍​​​ថា  លោកស្រី​​​សង្ឃឹម​​​ថា​​​ រដ្ឋាភិបាល​​​នឹង​​​ជួយ​​​នាំ​​​ខ្លួន​​​ស្ត្រី​​​​​​បាត់​​​ខ្លួន​​​ទាំង​​​១៤​​​នាក់ ដែល​​​លោកស្រី​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​រក​​​នៅ​​​ឡើយ ​​​មកកាន់​​​​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ មុន​​​ពេល​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្មីៗ​​​ណា​​​មួយ​​​។ លោកស្រី​​​បន្ត​​​ថា "យើង​​​គិត​​​ថា ​​​ករណី​​​ស្ត្រី​​​បម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទ​​​ះ​​​ទាំ​​ង​​​អស់​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​សិន​​​ មុន​​​ពេល​​​បញ្ជូន​​​​​​ស្ត្រី​​​បម្រើ​​​ការងារ​​​តាម​​​ផ្ទះ​​​ផ្សេង​​ៗ​​​ទៀត​​​"៕សុខុម​​​​​​ ​​​​​​​​​​

​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ពីរនាក់​នឹង​​​ត្រូវ​​​បញ្ជូន​​​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​លើកឡើង​កាលពី​ម្សិលមិញថា ស្ត្រី​ខ្មែរ​ពីរនាក់​ដែលត្រូវបាន​ជួញដូរ​ទៅធ្វើការ​ជា​ស្ត្រី​បម្រើការ​តាមផ្ទះក្នុង​ប្រទេស​ម៉ាឡេ​ស៊ីនោះ នឹងត្រូវ​បញ្ជូន​មក​ប្រទេស​កម្ពុជាវិញនៅ​ថ្ងៃអង្គារ​បន្ទាប់ពី​អាជ្ញាធរ​ក្នុង​​ប្រទេស​ម៉ាឡេស៊ី​​បាន​ជួយ​សង្គ្រោះ​ពួកគេ​ពី​ការ​រំលោភបំពាន​របស់និយោជក​។ បើទោះជាព័ត៌មាន​លម្អិតស្តីពី​ការ​ជួញដូរ​ពួកគេ​និង​ទំហំនៃការ​រំលោភបំពាន​មិន​ទាន់ដឹង​ក៏ដោយ ក៏​លោក កុយ គួង បាន​មាន​ប្រសាសន៍ថា ស្ត្រីទាំង​ពីរនាក់ឈ្មោះ សៀម ស្រីង៉ាម មកពីខេត្ត​កំពង់ចាម និង​ ឆយ រុនផែន មកពី​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​ពីសប្តាហ៍មុន ហើយ​ត្រូវ​​បាន​បញ្ជូន​មក​កាន់ស្ថាន​ទូត​​កម្ពុជា​ប្រចាំ​ទីក្រុង​គូឡាឡាំពួ។​​ លោក​បាន​មានប្រសាសន៍ថា "​អាជ្ញាធរ​ម៉ាឡេស៊ីបាន​ជួយ​សង្គ្រោះ​ពួកគេ​ទាំងពីរនាក់​​​ ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ជូនទៅ​ឲ្យ​ក្រុមមន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី"។ លោក​បានបន្ថែម​ថា អង្គការ​អន្ត​រជាតិ​ទេសន្ត​រប្រវេសន៍នឹង​ជួយ​រៀប​ចំ​ឲ្យ​ស្ត្រី​ទាំង​ពីរនាក់​នេះ​ធ្វើ​ដំណើរតាម​យន្តហោះ​មក​ប្រទេស​កម្ពុជាវិញ។...

សាលា​​​រៀន​​​និង​​​សាកល​​​វិទ្យាល័យ​​​ឯក​​​ជន​​​ប្រឈម​​​នឹង​​​បញ្ញត្តិ​​​​​​កាន់​​​តែ​​​តឹង​​​រុឹង

លោក​​​ សន សេង​​​ហុក ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​នីតិកម្ម​​​នៃ​​​ក្រសួង​​​អប់រំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អនុក្រឹត្យ​​​ស្ដីពីការ​​​រៀ​​​បចំ​​​ និង​​​ការ​​​គ្រប់​​​គ្រង​​​សាលា​​​ឯកជន​​​ និង​​​អនុក្រឹត្យ​​​ស្ដីពី​​​ការ​​​ចាត់​​ជា​​​ប្រភេទ​​​នៃ​​​សាលា​​​ឯកជន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​គ្រឹះ​​​ស្ថាន​​​អប់រំ​​​ជាច្រើន​​​ដើម្បី​​​សុំយោបល់​​​មុនពេល​​​ក្រសួង​​​បញ្ចប់​​​សេចក្ដីព្រាង​​​អនុក្រឹត្យទាំងនេះ​​​ ហើយបញ្ជូនទៅ​​​ឲ្យ​​​ទីស្ដីការ​​​​​​គណៈរដ្ឋមន្ត្រី។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​ប្រមូល​​​យោបល់​​​ពី​​​សាលា​​​ឯកជន​​​ និង​​គ្រឹះ​​​ស្ថាន​​​អប់រំជាន់​​​ខ្ពស់​នានា​​។ យើង​​​នឹង​​​យក​​​យោបល់ទំាងអស់​​​បញ្ចូលគ្នា​​​ ហើយ​​​ពិនិត្យ​​​មើល​​​ថា តើ​​​យើង​​​ត្រូវ​​​ធ្វើ​​​ដូចម្ដេច"។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ឆ្លើយ​​​តប​​​នឹង​​​ត្រូវ​​​​​​បញ្ជូនទៅ​​​ឲ្យ​​​ក្រសួង​​​ត្រឹម​​​​​​ថ្ងៃ​​​ទី២០ ខែមិថុនា។ លោក សេងហុក បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ចំណោម​​​ទិស​​​ដៅ​​​សំខាន់ៗ​​​នៃ​​​អនុក្រឹត្យ​​​នេះ​​​ គឺ​​​ដើម្បី​​​កំណត់​​​វិធាន​​​សម្រាប់​​​គ្រប់​​​គ្រង​​​ចំនួននិស្សិត​​​ ដែល​​​អាច​​​ចុះឈ្មោះ​​​ចូលរៀន​​​នៅ​​​ក្នុង​​​គ្រឹះ​​​ស្ថាន​​​អប់រំ​​​ផ្អែក​​​តាម​​​ទំហំ និ​​​ង​​​ចំនួនបុគ្គលិក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឧទាហរណ៍​​​ដូច​​​ជា ប្រសិនបើ​​​សាលា​​​នោះមាន​​​ទំហំ​​​១.៩៩១​​​ម៉ែ​​ត្រក្រឡា សាលា​​​នោះ​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​និស្សិត​​​តែ​​​១៥០​​​នាក់​​​ប៉ុណ្ណោះ។ ប្រសិន​​​បើ​​​ម្ចាស់​​​សាលា​​​ចង់​​​បាន​​​និស្សិត​​​បន្ថែម​​​ សាលា​​​ត្រូវ​​​បង្កើន​​​ទំហំ​​​បីឬបួន​​​ដង​​​ទៅ​​​តាម​​​ចំនួន​​​សិស្សនិស្សិត។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​សាកល​​​វិទ្យាល័យ​​​មួយ​​​ចំនួន​​​ដែល​​​មាន​​​តែ​​​មួយ​​​អគារ​​​ ហើយ​​​ហៅថា ជាសាកលវិទ្យាល័យដែរ​​​។ ហើយ​​​ក៏មាន​​​សាលា​​​ដែល​​​មាន​​​ទីធ្លា​​​ធំ​​​ ប៉ុន្តែ​​​មិនមាន​​​ធនធាន​​​មនុស្ស​​​គ្រប់គ្រាន់"។ សេចក្ដី​​​ព្រាង​​​អនុក្រឹត្យនេះ​​​ក៏តម្រូវ​​​ឲ្យសាលា​​​តម្កល់​​​ប្រាក់​​​មួយ​​​ចំនួន​​​ជាមួយ​​​ក្រសួង​​​អប់រំ​​​ផង​​​ដែរ ក្រែង​​​លោ​​​អ្នក​​​ដឹកនាំ​​​ក្ស័យ​​​ធន​​​ឬរត់គេច​​​ខ្លួន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ពីមុន​​​ មាន​​​ម្ចាស់​​​សាលា​​​រត់​​​ចោល​​​សាលា​​​បន្ទាប់ពី​​​ប្រមូល​​​លុយ​​​ពី​​​និស្សិត​​​រួចហើយ​​​។ សេចក្ដី​​​ព្រាង​​​អនុក្រឹត្យ​​​នេះ ក៏តម្រូវ​​​ឲ្យ​​ម្ចាស់​​​សាលា​​​តម្កល់លុយ​​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​ ដូច្នេះ​​​ក្រសួង​​​អាច​​​ស​​​ង​​​លុយ​​​ទៅ​​​ឲ្យ​​​និស្សិត​​​វិញ និង​​ដោះស្រាយ​​​បញ្ហា​​​"។ អនុក្រឹត្យ​​​ទាំងពីរ​​​ក៏​​​ផ្ដល់​​​អំណាច​​​ថែមទៀត​​​ដល់​​​ក្រសួង​​​ឲ្យ​​​រៀប​​​ចំ​​​ និង​​​កំណត់​​​ប្រភេទ​​​សាលា​​​ទៅ​​​តាមទំហំ​​​ និង​​​ចំនួន​​​និស្សិត​​​ផង​​​ដែរ​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "សាលា​​​នឹង​​​ត្រូវ​​​ជូន​​​ដំណឹង​​អំពីការ​​​កំណត់​​ប្រភេទ​​​ និង​​​​​​ត្រូវ​​​ហៅ​​​ថា ជា​​​វិទ្យាល័​​​យ​​​ឬសាលា​​​មត្តេយ្យ​​​អាស្រ័យ​​​លើ​​​បេសកកម្ម​​​របស់ពួកគេ​​​"។ នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ មាន​​​សាលា​​​ឯកជន​​​ជាង​​​២៣០​​​សាលា​​​៕ គឹមហឿន​​​​​​​​​​​​​  

កម្មករ​​​ជិត​​​១០០​​​នាក់​​​ដួល​​​សន្លប់​​​នៅ​​​ឯរោងចក្រ​​​កាត់​​​ដេរ​​​

យោង​​​តាម​​​គណៈគ្រប់​​​គ្រង​​​​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរមួយកន្លែង​​​បាន​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​កាត់​​​ដេរ​​​ប្រមាណ​​​១០០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោងចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ​​​រាជ​ធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​កម្មករ​​​ម្នាក់​​​​​ថប់​​​ដង្ហើម​​​ ហើយ​​​បាន​​​ដួល​​​ទៅ​​​លើ​​​កម្រាល​​​ឥដ្ឋ​​​។ យោង​​​តាម​​​លោក​​​ វ៉ាន់ ឡុង​​​ ប្រធាន​​​បុគ្គលិក​​​នៅ​​​ឯ​​​រោងចក្រ​​​កាត់​​​ដេរ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករដួល​​​សន្លប់​​​ដ៏​​​ច្រើន​​​នេះ​​​បាន​​​ចាប់ផ្ដើម​​​នៅ​​​ម៉ោង​​​ប្រហែល​​​ជា​​​២និង​​​៣០នាទី​​​រសៀល​​​ នៅ​​​ឯរោងចក្រ​​​កាត់​​​ដេរ​​​ Woorie Garment នៅ​​​ពេល​​​​​​កម្មករ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ជឿ​​​ថា មាន​​​​​​​​​​​ជំងឺ​​​តេតាណូស​​​ បាន​​​ដួល​​​សន្លប់​​​។ លោក​​​បាន​​​​​​បន្ត​​​ថា កម្មករ​​ប្រហែល​​​ប្រាំបី​​​នាក់​ទៀត​​​​នៅ​​​ជុំវិញ​​​នាង​​​​​​ពេល​​​នោះ​​​បាន​​​ចាប់​​​ផ្ដើម​​​ដួល​​​សន្លប់​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បន្ទាប់​​​ពី​​​កម្មករ​​​​​​រួម​​​ការងារ​​​បាន​​​ឃើញ​​​នាង​​​ដួល​​​សន្លប់​​​ ពួក​​​គេ​​​ក៏​​​ចាប់​​​ផ្ដើម​​​ភ័យ​​​ស្លន់​​​ស្លោ​​​ ហើយ​​ក៏​​​​ដួល​​​សន្លប់​​​ អ្នក​​​ខ្លះ​​​ស្រែក​​​ហើយ​​​ក៏​​​​​​ដួល​​​សន្លប់​​​។សម្រែក​​​​​​ខ្លាំងៗ​​​បាន​​​ធ្វើឲ្យ​​​កម្មករ​​​ផ្សេង​​​ទៀត​​​នៅ​​​ជុំ​​​វិញ​​​នាង​​​​ស្លន់​ស្លោ"។ លោក​​​ វ៉ាន់ ឡុង បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​នោះ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​បាន​​​ប្រាប់​​​​​​ឲ្យ​​​កម្មករ​​​​​​ចេញ​​​ក្រៅ​​​អគារ​​​ដើម្បី​​​ដក​​​ស្រូប​​​​​​ខ្យល់​​​បរិសុទ្ធ។លោក​​​បាន​​​បន្ត​​​ថា ខណៈ​​​ដែល​​​កម្មករ​​​កំពុង​​​ឈរ​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ អ្នក​​​ដែល​​​ដួល​​​សន្លប់​​​ត្រូវ​​​បាន​​​ដឹក​​​តាម​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ចំនួន​បី​​​គ្រឿង​​​ដែល​​​នៅ​​​រង់ចាំ​​​ទី​​​នោះ​​​ ដោយមានស៊ីរ៉ែន​​​លាន់​រំពង​​​នៅ​​​​កន្លែង​​​កើត​​​ហេតុ​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​កម្មករ​​​១០០នាក់ទៀត​​​ដួល​​​សន្លប់។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា "​​​ពួក​​​គេ​​​ឮ​​​​​​សំឡេង​​​ស៊ីរ៉ែន​​​ បន្ទាប់​​​នោះ​​​ពួក​​​គេ​​​បាន​​​ចាប់​​​ផ្ដើម​​​ដួល​​​សន្លប់​​​ជា​​​បន្ត​​​បន្ទាប់​​​ទៀត។ ពួក​​​គេ​​​ទាំង​​​អស់​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តាម​​​មន្ទីរព្យាបាលរោគ​ផ្សេងៗ​​​គ្នា​​​នៅ​​​ក្បែរ​​​រោងចក្រ​​​នោះ​​​"។ លោក​​​វេជ្ជបណ្ឌិត​​​ សៀង មុនីវុធ​​​ ដែល​​​កំពុង​​​តែ​​​ព្យាបាល​​​កម្មករ​​​ប្រហែល​​​៥០​​​នាក់​​​នៅ​​​មន្ទីរ​ព្យាបាល​រោគ​ សៀង មុនី​​​វុធ ​​​ដែល​​​​​​​​​​​​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​មូលហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​កម្មករ​​​ដួល​​​សន្លប់​​​​​​ច្រើនយ៉ាង​នេះ​​​ទេ​​"។​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ពិត​​​ជា​​​​​​​​​មិន​​​ដឹង​​​មូល​​​ហេតុ​​​​​​ ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ដួល​​​សន្លប់​​​នេះ​​​ទេ​​​។ យើង​​​កំពុង​​​ព្យាបាល​​​ពួក​​​គេ​​​នៅ​​​ឡើយ​​​ ដោយ​​ឲ្យ​​​ថ្នាំ​​​ពួកគេ​​​លេប​​​ និង​​​ព្យួរ​​​​​​សេរ៉ូម"។ លោក​​​ មឿន តុលា ប្រធាន​​​កម្មវិធី​​​សិទ្ធិការងារ​​​នៃ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់សម្រាប់​​​​សហគមន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថានភាព​​​រស់​​​នៅ​​​​​​និង​​​ស្ថានភាព​​​ការងារ​​​មិន​​​ល្អ​​​បាន​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​កាត់​​​ដេរ​​ងាយ​​​នឹង​​​​​​ដួល​​​សន្លប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អាហារ​​​​​​គ្មាន​​​ជីវជាតិ​​​ ​​​ធ្វើ​​​ការ​​​ច្រើន​​​ម៉ោង​​​ បរិស្ថាន​​​មិន​​​ល្អ​ ហើយ​​​ពួក​​​គេ​​​ដេក​​​មិន​​​គ្រប់​​​គ្រាន់​​​ផង​​​ដែរ​​​។​ ដូច្នេះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ឃើញ​​​មនុស្ស​​​ម្នាក់​​​ដួល​​​សន្លប់​​​ វា​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ដួល​​​សន្លប់​​​ដែរ​​​ទៅ​​​"។ លោក​​​ វ៉ាន់ ឡុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា កម្មករ​​​នឹង​​​វិល​​​ត្រឡប់​​​ទៅធ្វើ​ការ​​នៅ​​​រោងចក្រ​​​ Woorie វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​៕ ប៊ុននី  

ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗក្នុង​​​ពិភពលោក​​​​​​ថា ស្ថានភាព​​​ចលាចល​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​កាត់​​​ដេរ​​​ប្រឈម​​​ហានិភ័យ​​​

ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗ​​​ក្នុង​​​ពិភពលោក​​​ ដែល​​​ទទួល​​​បាន​​​ការ​​​ផ្គត់​​​​​ផ្គង់​​​សម្លៀក​​​បំពាក់​​​ពី​​​ប្រទេស​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​រអាក់រអួល​​​ផ្នែក​​​ផ្គត់​​​ផ្គង់​​​និង​​​ប្រតិកម្ម​​​របស់​​​អ្នក​​​ប្រើប្រាស់​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​​ ការ​​​វាយ​​​ដំ និង​​​ការ​​​បាញ់​​​ស្លាប់​​​កម្មករ​​​កាត់​​​ដេរ​​​ អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កំណើន​​​នា​​​ពេល​​​ខាង​​​មុខ​​​ និង​​​ធ្វើឲ្យ​​​ឋានៈ​​​របស់​​​កម្ពុជា​​ក្នុង​​​នាម​​​ជា​​​​​ "ទីផ្សារ​​​​​ផ្គត់​​​ផ្គង់​​​ជា​​​យុទ្ធសាស្ត្រ​​​" ប្រឈម​​​ហានិភ័យ​​​។ ការ​ព្រមាន​​​ខ្លាំងៗ​​​​​ពីសំណាក់​​​​គណៈប្រតិភូ​​​តំណាង​​​ឲ្យ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ និង​​​សហជីព​​​កម្មករ​​​ចំនួន​​​៣០​​​ ដែល​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​កម្ពុជា​​​ រួម​​​មាន​​​ទាំង​​​ក្រុមហ៊ុន​​​ H&M និង​​​ក្រុមហ៊ុន​​​ Levi's ផងដែរ​​​នេះ​​​ កើត​​​មាន​​​ឡើង​​​ ខណៈ​​​ពេល​​​ដែល​​​រោងចក្រ​​​នានា​​​អះអាង​​​ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគ​​​ច្រើន​​​បាន​​​ចាប់​​​ផ្ដើម​កាត់​​​បន្ថយ​​​ការ​​​បញ្ជា​​​ទិញ​​​​​ហើយ​​​។ ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់ ​​​និង​​​សហជីព​​​ទាំង​​​នេះ​​​​​​ធ្វើ​​​ទស្សន​​​កិច្ច​​​នៅ​​​​​​កម្ពុជា ​​​ក្រោយ​​​ពី​​​ពួក​​​គេ​​​បាន​​​មក​​​​​​​​​​​​ទីនេះ​​​ម្តង​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ពោលគឺ​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ក្រោយ​​​ពី​​​កង​រាជអាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ស្លាប់​​​កម្មករ​​​កាត់​​​ដេរ​​​ ដែល​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់។​​​ កម្មករ​​​និង​​​សកម្មជន​​​២៣នាក់​​​​​​ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដែរ​​​ ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​កា​​​រ​​​តវ៉ា​​​ទាំង​​​នោះ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​។ តំណាង​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ និង​​​សហជីព​​​ទាំង​​​នេះ​​​បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​កំពូលៗ​​នៃ​​​​​​ក្រសួង​​​ការងារ​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​បាន​​​​​​ព្រមាន​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​​​​ការណ៍​​​រួម​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ឧស្សាហកម្ម​​​នេះ​​​កំពុង​​​ស្ថិត​​ក្នុង​​​ស្ថានភាព​​​​​​មិន​​ប្រាកដ​​​ប្រជា។​​​ ពួក​​​គេ​​​បាន​​​លើក​​​ឡើង​​​ថា "ដោយ​​​សារ​​​តែ​​​ប្រតិកម្ម​​​របស់​​​អ្នក​​​ប្រើប្រាស់​​​ និង​​​កា​​​រ​​​រអាក់រអួល​​​ផ្នែក​​​ផលិត​​​កម្ម​​​ និង​​​កា​​​រដឹក​​​ជញ្ជូន​​​​​​ដោយសារតែ​​​​​​ស្ថានភាព​​​ចលាចលដែលកំពុង​​​កើត​​​មាន​​​ កម្ពុជា​​​ប្រឈម​​​ហានិភ័យ​​​បាត់​​​បង់​​​ឋានៈ​​​របស់​​​ខ្លួន​​​ជា​​​ទីផ្សារ​​​​​​ផ្គត់ផ្គង់​​​យុទ្ធសាស្ត្រ​​​ រួម​​​ជា​​​មួយ​​​នឹង​​​ផល​​​​​​ប៉ះពាល់​​​លើ​​​​​​ការ​​​វិនិយោគ និង​​​កំណើន​​​នាពេល​​​ខាង​​​មុខ​​​ផង​​​ដែរ"។ ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​​​​រក​​​ចំណូល​​​បាន​​​យ៉ាង​​​ច្រើន​​​រហូត​​​ដល់​​​ទៅ​​​៥ពាន់​​​លាន​​​ដុល្លារ​​​ បន្ថែម​​​ពី​​​លើ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​ (GDP) របស់​​​ប្រទេស​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។  វា​​​មាន​​​ចំនួ​​​នស្មើ​​​នឹ​​​ង​​៨០​​​ភាគ​​​រយ​​​នៃ​​​កា​​​រនាំចេញ​​​ទាំង​​​អស់​​​ពី​​​កម្ពុជា​​​ ដែល​​​មាន​​​​​​ប្រជា​​​ជន​​​សរុប​​​ប្រមាណ​​​១៥​​​លាននាក់​​​ ហើយ​​​ឧស្សាហកម្ម​​​នេះ​​​ផ្ដល់​​​ការងារ​​​ដល់​​​ប្រជាពលរដ្ឋ​​​ជាង​​​៥០០.០០០​​​នាក់។ នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ និង​​​សហ​​​ជីព​​​ទាំង​​​នេះ​​​បានលើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​ប្រាប់​​​រដ្ឋាភិបាល​​​ថា សាល​​​ក្រម​​​តុលាការ​​​ផ្ដន្ទាទោស​​​បុរស​​​ទាំង​​​២៣​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មករា ដែល​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​សុក្រ​​​​​​នេះ​​​ ត្រូវ​​​ផ្អែក​​​លើ​​​ភ័ស្ដុតាង និង​​​ត្រូវ​​​នាំ​​​ខ្លួនជន​​​ដែល​​​បាន​​​បាញ់​​​ស្លាប់​​​កម្មករ​​​កាត់ដេរ​​​កាលពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា មក​​​ផ្ដន្ទាទោស​​​។  ពួកគេ​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាលមិន​​​គួរ​​​​​​​​ប្រើ​​​ហិង្សា​​​បង្ក្រាបកូដកម្ម និង​​​បាតុកម្ម​​​អហិង្សា​​​ឡើយ​​​ ហើយ​​​គួរ​​​តែ​​​ដក​​​ពាក្យ​​​បណ្ដឹង​​​ប្រឆាំង​​​សហជីពចេញ​​​វិញ​​​។ ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​ក៏​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ជួយ​​​​​​​​​ដល់រដ្ឋាភិបាល ​​​និង​​​រោងចក្រ​​​ផង​​​ដែរ​​​។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ដំឡើង​​​ថ្លៃ​​​​​​សម្លៀក​​​បំពាក់​​​ដែល​​​ពួកគេ​​​ទិញ​​​ពី​​​​​រោងចក្រ​​ដើម្បី​​​ឲ្យ​​​រោង​​​រោងចក្រ​​​មាន​​​លទ្ធ​​​ភាព​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​កម្មករ​​​។ ប៉ុន្តែ​​​បន្ទាប់ពី​​​ជួប​​​ជាមួយ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក​​​ កែន​​​ លូ អគ្គលេខាធិការ​​​សមាគមរោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ហៅកាត់​​​ថា GMAC បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ប្ដេជ្ញា​​​ចិត្ត​​​ជួយ​​​របស់​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​មួយ​​​ចំនួន​​​តូច​​​ គឺ​​​មិន​​​គ្រប់​​​គ្រាន់​​​​​​​​​សម្រាប់​​​ឲ្យ​​​រោង​​​ចក្រ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​លើស​​​ពី​​​១០០​​​ដុល្លារ​​​​​​នា​​​ពេល​​​បច្ចុប្បន្ន​​​បាន​​​ទេ​​​។ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នេះ​​​ លោក​​​ កែន លូ បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា "ប្រសិន​​​បើ​​​យើង​​​ឲ្យ​​​ប្រាក់​​​ខែ​​​កម្ម​​​ករ​​​១៦០​​​ដុល្លារ​​​ ប៉ុន្តែ​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​មិន​​​ឲ្យ​​​យើង​​​ចំនួន​​​ស្នើ​​​គ្នា​​​នេះ​​​ តើ​​​យើង​​​បាន​​​ប្រាក់​​​មក​​​ពី​​​ណា? តើ​​​មាន​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​ប៉ុន្មាន​​​យល់​​​ព្រម ខ្ញុំ​​​មិន​​​ដឹង​​​ទេ ​​​មានតែ​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​៤០ទៅ​​​៥០​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ដែ​​​យល់​​​ព្រម​​​ ហើយ​​​ចុះ​​​អ្នក​​​ផ្សេង​​​ទៀត? ដូច្នេះ​​​តើ​​​យើង​​​ធ្វើ​​​យ៉ាង​​ម៉េច​​​?”។ លោក​​​ កែន លូ បាន​​​មាន​​​ប្រសាសន៍​​​ថា GMAC សូម​​​ស្នើ​​​ឲ្យ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​ដំឡើង​​​ថ្លៃ​​​របស់​​​ខ្លួន​​​ ដែល​​​ខ្លះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ដំឡើង​​​រួច​​​ហើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ខ្លះ​​​និយាយ​​​ថា ពួក​​​គេ​ប្ដេជ្ញាចិត្ត​​​ជួយ​​​កម្ពុជា​​​ ហើយ​​​ខ្លះ​​​ទៀត​​​មិន​​​បាន​​​ផ្ដល់​​​ចម្លើយ​​​ផ្ទាល់​​​ទេ​​​។ ប៉ុន្តែ​​​ដូច​​​ខ្ញុំ​​​លើក​​​ឡើ​​​ងអ៊ីចឹង​​​ ក្រុម​​​នេះ​​​មាន​​​ចំនួន​​​ត្រឹម​​​៥០​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ ដូច្នេះ​​​សូម្បី​​​តែក្នុង​​​ចំណោម​​​៥០ភាគរយ​​​នេះ​​​ក៏​​​មិន​​​យល់​​​ស្រប​​​ទាំង​​​អស់គ្នាផង​​​ ដូច្នេះ​​​ចុះ​​​អ្នក​​​ផ្សេង​​​ទៀត​​​?”។ យោង​​​តាមសហជីព Industri ALL Global Union ដែល​​​ចាត់​​​ទុក​​​សហជីព​​​ក្នុង​​​ស្រុក​​​មួយ​​​ចំនួន​​ជា​​​សាខា​​​របស់​​​ខ្លួន​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ក្រុមហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​ក្រុមហ៊ុន​​​សម្លៀក​​​​​​បំពាក់​​ធំៗ ដែល​​​មក​​​កាន់​​​កម្ពុជា នៅ​​​​​​​​​សប្ដាហ៍​​​នេះ​​​ បាន​​​កាត់​​​បន្ថយ​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ពី​​កម្ពុជា​​​៥០​​​ភាគរយ​​​រួច​​​ទៅ​​​ហើយ​​​ ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​កន្លង​​​មកនេះ​​​ ដោយ​​​សារ​​​តែ​​​អស្ថិរភាព​​​​​​និង​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​។ លោក​​​ កែន លូ បាន​​​បញ្ជាក់​​​ថា ពេល​​​នេះ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគច្រើន​​​បាន​​​កាត់​​​បន្ថយ​​​ការ​​​បញ្ជា​​​ទិញ​​​​​​របស់​​ខ្លួន​​​ដោយ​​​សារ​​​តែ​​​ការ​​​ផ្គត់​​​ផ្គង​​​គ្មាន​​​ភាព​​​​​ប្រាកដ​​​ប្រជា និ​​​ង​​​ដោយ​​​សារ​​​ការ​​​​​​​​​ព្រួយបារម្ភ​​​ខ្លាច​​​​​​ប៉ះពាល់​​​ដល់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ពួក​​​គេ​​​។ លោក​​​មាន​​​ប្រសាសន៍​​​​​​ថា "ខ្ញុំ​​​សូម​​​បញ្ជាក់ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគ​​​ច្រើន​​​បាន​​​កាត់​​​បន្ថយ​​​ការបញ្ជា​​​ទិញហើយ​​​។ នៅ​​​ពេល​​​ខ្ញុំ​​​​​​និយាយ​​​ថា ពួក​​​គេ​​​កាត់​​​បន្ថយ ខ្លះ​​​កាត់​​​បន្ថយ​​​តិច​​​ ខ្លះ​​​កាត់​​​​​​បន្ថយ​​​ច្រើន​​​ ប៉ុន្តែ​​​ប្រាកដ​​​ណាស់​​​ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគ​​​ច្រើន​​​បាន​​​កាត់​​​បន្ថយ​​​ហើយ​​​​​​"។ លោក​​​បាន​​​បញ្ជាក់​​​ថា ការ​​​នាំ​​​ចេញ​​​សម្លៀក​​​ពាក់​​​អំឡុង​​​ត្រី​​​មាស​​​ទី១​​​​​​ដើម​​​ឆ្នាំ​​​នេះ​​​​​​បាន​​​ធ្លាក់​​​ចុះ​​​ជិត​​​១៧​​​ភាគ​​​រយ​​​ "ដោយសារ​​​តែ​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​មាន​​​កា​​​រព្រួយ​​​បារម្ភ​​​"។  ទោះ​​​ជា​​​យ៉ាង​​​ណា​​​តួលេខ​​​របស់​​​លោក​​​ខុស​​​​​​គ្នា​​​ខ្លាំ​​​ង​​​ពី​​​តួលេខ​​​របស់​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ ដែល​​​បង្ហាញ​​​ថា​​​ ការ​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​អំឡុង​​​ត្រី​​​មាសទី​​​១បាន​​​កើន​​​ឡើង​​​៧,៤​​​ភាគ​​​រយ​​​​។ យោង​​​តាម​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​សម្រាប់​​​​​​ខែ​​​មេសា​​ក៏​​​បាន​​​កើន​​​ឡើង​​​១៨,៣​​​ភាគ​​​រយ​​​ដែរ​​​។ នៅ​​​ពេល​​​សាកសួរ​​​អំពីភាព​​​ខុស​​​គ្នា​​​នេះ លោក​​​ កែន​​​ លូ បាន​​​មាន​​​ប្រសាសន៍​​​ថា តួលេខ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​​​​ដក​​​ស្រង​​​់ចេញ​​​ពី​​​តួលេខ​​​នាំ​​​ចេញ​​​របស់​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ ប៉ុន្តែ​​​លោក​​​បាន​​​លើក​​​ឡើ​​​ងថា តួលេខ​​​ដែល​​​លោក​​​ផ្ដល់​​​ឲ្យ​​​ប្រហែល​​​ជា​​​មិន​​​ពេញ​​​ទេ​​​។ លោក​​​ កែន​​​ លូ មិន​​​បាន​​​បញ្ចេញ​​​​​​ឈ្មោះ ក្រុមហ៊ុន​​សម្លៀក​​​បំពាក់​​​ដែល​​​បាន​​​កាត់​​បន្ថយ​​​​​​ការ​​​បញ្ជាទិញ​​ ឬក្រុមហ៊ុន​​​ដែល​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ដំ​​​ឡើង​​​ថ្លៃ​​​​​​​​​សម្លៀក​​​បំពាក់​​​ដែល​​​ពួកគេទិញ​​​ដើម្បី​​​​​​ឲ្យ​​​រោង​​​ចក្រ​​​​​​មាន​​​លទ្ធ​​​ភា​​ព​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​នោះ​​​ទេ​​​។ លោក​​​ ជី​​គី រ៉ៃ​​​ណា (Jyrki Raina) អគ្គលេខាធិការ​​សហជីព​​​​​ IndustriALL ដែល​​​បាន​​​មក​​​កាន់​​​​​​កម្ពុជា​​​ នៅ​​​សប្ដាហ៍​​​នេះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោងចក្រ​​​នានា​គួរ​​​តែ​​​​​​សហ​​​ការ​​​គ្នា​​​​​​ដោះ​​​ស្រាយ​​​ទំនាក់​​​ទំនង​ប្រេះ​​​​​​ឆា​​​ក្នុងឧ​​​ស្សាហកម្ម​​​កាត់​​​ដេរ​​​​​។  លោក​​​បានមាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ បន្ទាប់​​​ពី​​​​ជួប​​​​​​ដាច់ដោយ​​​ឡែក​​​ជាមួយ​​​ GMAC សហជីព​​​ក្នុង​​​ស្រុក​​ថា ​​​"សម្រាប់​​​រឿ​​ង​​​នោះ ​​​អស់​​​លោក​​​ត្រូវ​​​កសាង​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​ ហើយ​​​​​​អស់​​​លោក​​​​​​នឹង​​​​​​មិន​​​ទទួលបានការ​​​ជឿ​​​ទុក​​​ចិត្ត​​​ឡើយប្រសិន​​​បើ​​​ GMAC គាំទ្រ​​​សំណុំ​​​រឿង​​​តុលាការ​​​ ដែល​​​​​​មានគោល​​​បំណង​​​បំភិតបំភ័យ​​​កម្មករ​និង​​​មេដឹកនាំ​​​របស់​​​ពួក​​​គេ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "សារ​​​ពី​​​ក្រុមហ៊ុន​​​​​​សម្លៀក​​​បំពាក់​​​ និង​​​សហជីព​​​កម្មករ​​​ពិភពលោក​​​ទាំង​​​នេះ​​​ទៅ​​​កាន់​​ GMAC គឺ​​​ថា ពេល​​​នេះ​​​សូម​​​សហការ​​​គ្នា​​​ ចរចា​​​ជាមួយ​​​សហ​​​ជីព​​​ គិត​​​ពិចារណា​​​រឿង​​​នេះ​​​ឲ្យ​​​បាន​​ហ្មត់​​​ចត់​​​  ព្រោះ​​​ក្រុមហ៊ុន​​​ទាំង​​​នេះ​​​គិត​​​គូរ​​​ខ្លាំង​​​ណាស់​​​អំពី​​​អនាគត​​​របស់​​​ពួក​​​គេ​​​នៅ​​​កម្ពុជា​​​"៕ សុខុម  (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ហ៊ុល រស្មី)​​

សម័យ​​​ដ៏ខ្មៅ​ងងឹតត្រូវបាន​រំឭក​​​ក្នុង​​​ ទិវាចងកំហឹង

របបខ្មែរ​ក្រហម​​ត្រូវបាន​​រំឭក​កាល​ពីម្សិលមិញ​ ជាមួយ​សម្រែក​ដ៏សោក​សង្រេង និង​ការ​​​​សម្ដែង​​​ឡើង​​​វិញ​​​ឲ្យ​​​ដូច​​​ហេតុការណ៍​​​បាញ់សម្លាប់​ពិតៗ​​​យ៉ាង​​​ព្រៃផ្សៃ​​​ ការ​​​ស្រេក​​​ឃ្លាន​​​ និង​​​ការ​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​​​​​ងារ​ហួសកម្លាំង​ និងការ​ប្រហារ​​ជីវិត​ ដែល​​កើតឡើង​ជា​​​ធម្មតា​​​ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ឆ្នាំ​១៩៧៩​នៅក្នុង​ប្រទេស​កម្ពុជា។ "ទិវាចងកំហឹង" ​​ដែល​ត្រូវ​បាន​ធ្វើឡើង​​ជា​​រៀង​​​រាល់ឆ្នាំ​​ ចាប់​តាំង​​​ពីឆ្នាំ​​១៩៨៤ ត្រូវ​បាន​ធ្វើ​ឡើង​​នៅមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​​​ជើង​ឯក ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ និង​​​​មាន​​​ចូល​រួម​ពីសំណាក់​ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីសាលារាជធានី​ប្រហែល​៦០០​អង្គ-នាក់​។ តួសម្តែងម្នាក់​ក្នុងចំណោមតួសម្តែង​បានលើកឡើង​​​នៅក្នុង​សុុន្ទរថាដើម្បី​​​​ចាប់​​​ផ្ដើម​​​ការ​​​សម្ដែង​​​នេះ​​​ថា "ប្រជា​ជនស្លូត​ត្រង់​​ជាង​បីលាននាក់​​បាន​បាត់បង់​អាយុ​ជីវិត​របស់​ខ្លួនដោយ​គ្មាន​កំហុស សង្គម​​ធ្លាក់​ក្នុង​​ភាព​ងងឹត​សែនជ្រៅ​"។ ​ខណៈដែល​អ្នកស្រី​បាន​លើកឡើង​​​ដូច្នេះ​​​ អ្នក​ចូល​រួមខ្លះបាន​ដើរ​​យឺតៗ​​កាត់​ផ្នូរ​ ដែល​សាកសពរាប់​​ពាន់​ ត្រូវ​បាន​គាស់​​ឡើង​ ​បន្ទាប់​​ពី​ការ​ដួល​រលំនៃ​របប​នេះ។ទោះជា​យ៉ាងណា ​​​​​បទភ្លេង​​​រំជួល​​​ចិត្ត​​​បាន​​​បន្លឺ​​​ឡើង​​​ជា​​​សញ្ញា​​​​បង្ហាញថា ការ​សម្តែង​ជិត​​​ចាប់​ផ្តើម​ហើយ​​​។ សិល្បករ​ពាក់អាវ​ខ្មៅ និងបង់​ក​ក្រមា​ក្រហម​...