Simon Lewis
រឿងក្តីទាមទារសិទ្ធិគ្រប់គ្រងក្រុមហ៊ុនកាំកូស៊ីធី ជាប់គាំងនៅឯតុលាការក្រុងភ្នំពេញ
យោងតាមសំណុំរឿង របស់តុលាការដែលទទួលបាន កាលពីម្សិលមិញបានឲ្យដឹងថា ទីភ្នាក់ងាររដ្ឋាភិបាលកូរេ៉ខាងត្បូង និងវិនិយោគិនកូរ៉េ របស់ក្រុមហ៊ុនកាំកូស៊ីធី (CamkoCity)កំពុងប្តឹងគ្នានៅសាលាដំបូងរាជធានីភ្នំពេញក្នុងការទាមទារកម្មសិទ្ធិ កាន់កាប់គម្រោងអភិវឌ្ឍន៍ភូមិគ្រិះ ដែលទើបសង់បានពាក់កណ្តាល នៅក្នុងខណ្ឌឫស្សីកែវ។ បន្ទាប់ពីការដួលរលំរបស់ធនាគារ Busan Saving Bank ដោយសាររឿងអាស្រូវលួចបន្លំ កាលពីជាងមួយឆ្នាំកន្លងមកនេះ បានប៉ះពាល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗពីរ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់មូលនិធិដោយធនាគារនេះ គឺគម្រោងសាងសង់កាំកូស៊ីធី និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលមានទឹកប្រាក់១ពាន់លានដុល្លារ។ ភាគច្រើននៃគម្រោងកាំកូសុីធីត្រូវបានសង់រួចតែមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែមានអតិថិជនខ្លះ បានចូលទៅរស់នៅ ក្នុងប្លុកផ្ទះល្វែងខ្ពស់រួចហើយ។ នៅពេលធនាគារ Busan Saving Bank បានរាយការណ៍អំពីការក្ស័យធន ក្រុមហ៊ុនសាជីវកម្មធានាប្រាក់តម្កល់របស់កូរេ៉ (KDIC) ដែលជាទីភ្នាក់ងាររដ្ឋាភិបាលនេះ បានចេញមុខជួយស្រោចស្រង់គម្រោងនេះ។ ពេលនេះ KDICកំពុងតែព្យាយាមទាមទារយកប្រាក់ ដែលធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជាមកវិញ ដោយចោទប្រកាន់ធនាគារBusanថា បានខ្ចីតាមរយៈវិធីបោកប្រាស់។ កាលពីខែមុន លោកលីសាងហូ (LeeSang-ho) អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនWorld City ដែលជាក្រុមហ៊ុននៅពីក្រោយការអភិវឌ្ឍគម្រោងកាំកូ សុីធី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ នៅក្នុងទីក្រុងសេអ៊ូល ពីបទឆបោកប្រាក់កម្ចីពីធនាគារ...
អាថ៌កំបាំងជុំវិញការដោះដូរដីធ្លីរាប់លានដុល្លារនៅខេត្តសៀមរាប
នៅខាងក្នុងបរិវេណនៃអគារសាលាខេត្តសៀមរាបចាស់កាត់របងដែកពណ៌ខៀវ អ្នកបោសសម្អាតផ្លូវក្នុងក្រុងនិងគ្រួសាររបស់ខ្លួនកំពុងអង្គុយនៅលើទីតាំងដែលធ្លាប់ជាអគាររដ្ឋាភិបាលពោរពេញទៅដោយមន្ត្រីរាជការដ៏មមាញឹក។ នៅផ្លូវទល់មុខនោះ អតីតមន្ទីរអភិវឌ្ឍជនបទឃើញនៅសល់តែសំណង់អគារទទេ ដោយបរិវេណជុំវិញនោះបានក្លាយជាកន្លែងលក់បាយសាច់ជ្រូកឲ្យក្រុមអ្នកលេងអុកដែលញៀនបារី។ ទិដ្ឋភាពនៅលើដីនេះធ្វើឲ្យគេនឹកឃើញដល់ជីវភាពរស់នៅតាមទីជនបទ។ ប៉ុន្តែ នេះជាដីដែលស្ថិតក្នុងចំណោមដីមានទីតាំងនៅចំកន្លែងល្អបំផុតនិងមានតម្លៃបំផុតក្នុងខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍មានភ្ញៀវទេសចរមកទស្សនាច្រើនបំផុតក្នុងប្រទេសកម្ពុជា។ ហើយដីនៅក្នុងខេត្តនេះទៀតសោតគឺមិនថោកសោះឡើយ។ ចំណែកដីដែលធ្លាប់ជាទីតាំងសាលាខេត្តចាស់នេះក៏ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរដីដ៏ធំបំផុតដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា។ ការដោះដូរក្នុងខែមីនា ឆ្នាំ២០១០នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន J&R អាហរ័ណ នីហរ័ណ និងសំណង់ (J&R Improt, Export and Construction Company) ដែលគេមិនសូវស្គាល់ បានទទួលកិច្ចសន្យាសាងសង់អគារការិយាល័យថ្មីចំនួន៦០ឲ្យសាលាខេត្ត នៅលើដីទំហំ៤២ហិកតា ក្នុងឃុំអំពិលដាច់ស្រយាល។...
នគរបាលកំពុងស្វែងរកជនសង្ស័យទី៣ម្នាក់ទៀតពាក់ព័ន្ធការឆបោក និងក្លែងឯកសារ
កាលពីម្សិលមិញ នគរបាលបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតស្វែងរកជនសង្ស័យទី៣ដែលបានជាប់ពាក់ព័ន្ធក្នុងករណីឆបោក និងក្លែងបន្លំឯកសារពាក់ព័ន្ធកិច្ចព្រមព្រៀងរុករករ៉ែ ដែលនៅក្នុងនោះ ពាណិជ្ជករជនជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់កំពុងឃុំខ្លួនរង់ចាំការកាត់ក្តីរួចហើយ។ កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ ឈ្មោះ អាល់ រមណី អាយុ៤១ឆ្នាំជាប្រធានក្រុមហ៊ុន ACICA និងឈ្មោះ ជីន ម៉ុងស៊ើន អាយុ៤៥ឆ្នាំជាជនជាតិចិនពីបទឆបោក និងប្រើប្រាស់ឯកសារក្លែងក្លាយ បន្ទាប់ពីអ្នកដាក់ពាក្យបណ្តឹងអនាមិកម្នាក់បានអះអាងថា ពួកគេបានបាត់បង់ប្រាក់ ចំនួន៨១០.០០០ដុល្លារសហរដ្ឋអាមេរិកទៅលើអ្នកទាំងពីរនេះក្នុងកិច្ចព្រមព្រៀងមួយដើម្បីទិញអាជ្ញាប័ណ្ណរុករករ៉ែនៅក្នុងខេត្តមណ្ឌលគិរី។ លោក លួ សុខា...
មន្រ្តីនគរបាលកម្ពុជាទទួលការហ្វឹកហ្វឺនជំនាញពិសេស ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់
មន្ត្រីកម្ពុជាបានឈានដល់ទីបញ្ចប់នៃកម្មវិធីបំពាក់បំប៉នជំនាញមានរយៈពេលមួយឆ្នាំ ដែលដឹកនាំដោយមន្ត្រីបរទេសអំពីវិធីសាស្ដ្រក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុស្របពេលមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិដែលថា ប្រទេសកម្ពុជា ជា ប្រ ទេសងាយរងគ្រោះដោយសារជនលាងលុយកខ្វក់ និងជនផ្ដល់ហិរញ្ញវត្ថុដល់ភេរវកម្ម។ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃច័ន្ទ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ និងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានលើកឡើងថា មន្ត្រីនគរបាលកម្ពុជាជាច្រើនរូបបានទទួលនូវវគ្គបំពាក់បំប៉នជំនាញស៊ើបអង្កេតទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ខ្ពស់ ដើម្បីលុបបំបាត់ការលាងលុយកខ្វក់ និងប្រឆាំងការផ្ដល់ហិរញ្ញវត្ថុដល់ភេរវកម្ម។ សេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា “ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក មន្ត្រិនគរបាលប្រឆាំងភេរវកម្មចំនួន៦០នាក់បានទទួលនូវវគ្គបំពាក់បំប៉នជំនាញស៊ើបអង្កេតថ្នាក់មូលដ្ឋាន និងថ្នាក់ខ្ពស់ពាក់ព័ន្ធនឹងការប្រឆាំង ការលាងលុយកខ្វក់ ព្រមទាំងប្រឆាំងនឹងការផ្ដល់ហិរញ្ញវត្ថុដល់ភេរវកម្ម” ដោយបន្ថែមថា មន្ត្រីនគរបាលដែលត្រូវបានជ្រើសរើសទាំងនោះត្រូវបានបំពាក់បំប៉នជំនាញពិសេស ដើម្បីបន្តបំពាក់បំប៉នដល់មន្ត្រីនគរបាលផ្សេងទៀត។ សេចក្តីថ្លែងការណ៍នោះបានដកស្រង់សម្ដីគណៈប្រតិភូប្រឹក្សាយោបល់សហភាពអឺរ៉ុប...
នៅប្រទេសជប៉ុន ក្ដីស្រមៃនៃការវិនិយោគនៅកម្ពុជាធ្វើឲ្យខាតបង់
មន្ត្រីស្ថានទូតជប៉ុន មួយរូបបានអះអាងកាលពីម្សិលមិញថា នគរបាលនៅក្នុងប្រទេសជប៉ុនកំពុងស៊ើបអង្កេតករណីឆបោកមួយចំនួន ដែលក្នុងនោះបណ្តាវិនិយោគិនបានខាតបង់ប្រាក់រាប់មឺុនដុល្លារនៅក្នុងគម្រោងអចលទ្រព្យក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន បានធ្វើសេចក្ដីរាយការណ៍អំពីនិន្នាការកើនឡើងនៃមនុស្សចាស់ភាគច្រើនដែលត្រូវគេបោកបញ្ឆោតឲ្យប្រគល់ប្រាក់ឲ្យទៅភ្នាក់ងារបោកប្រាស់ ដែលបានសន្យាថានឹងផ្តល់ប្រាក់ចំណេញខ្ពស់ ប្រសិនបើពួកគាត់វិនិយោគទៅលើអគារខុនដូ នៅក្នុងប្រទេសកម្ពុជា។ កាលពីថ្ងៃសៅរ៍ សេចក្តីរាយការណ៍មួយនៅលើគេហទំព័ររបស់ស្ថានីយទូរទស្សន៍ NHK ដែលជាស្ថានីយទូរទស្សន៍រដ្ឋរបស់ជប៉ុនបានលើកឡើងថា ករណីមួយដែលនគរបាលនៅក្នុងប្រទេសជប៉ុន កំពុងស៊ើបអង្កេត មនុស្សជាង៦០០នាក់បានចាញ់បោកភ្នាក់ងារមួយ ដោយអ្នកខ្លះបានខាតបង់ប្រាក់រហូតដល់ទៅ៥០.០០០ដុល្លារ។ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារព័ត៌មាន ខ្យូដូ ញូស ក៏បានធ្វើសេចក្ដីរាយការណ៍ដែរថា មជ្ឈមណ្ឌលជាតិកិច្ចការអតិថិជន (National Consumer Affairs Center) របស់ប្រទេសជប៉ុនបានព្រមានថា ផែនការឆបោកបែបនេះបានកើនឡើង។ ទីភ្នាក់ងារព័ត៌មាននេះបានធ្វើសេចក្ដីរាយការណ៍ថា “មជ្ឈមណ្ឌលនេះទទួលបាន១.៣១២សំណួរពីអតិថិជនចន្លោះពីខែតុលា ឆ្នាំ២០១១ដល់ដើមខែនេះ ដែលបានលើកឡើងថា ពួកគាត់ត្រូវបានគេបោកបញ្ឆោតឲ្យវិនិយោគលើអចលនទ្រព្យនៅកម្ពុជា”។ លោក យូស៊ីហ៊ីរ៉ុ ហ៊ីហ្គុឈិ (Yoshihiro Higuchi) អនុប្រធានបេសកកម្មនៅស្ថានទូតជប៉ុន ប្រចាំរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីឆបោកមួយចំនួនដែលពាក់ព័ន្ធនឹងអចលនទ្រព្យនៅកម្ពុជា កំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោក ហ៊ីហ្គុឈិ បានលើកឡើងតាមអ៊ីម៉េលថា ស្ថានទូតជប៉ុនដឹងថា “ករណីវិនិយោគទាំងនេះនៅកម្ពុជា អាចនឹងត្រូវស៊ើបអង្កេត ប៉ុន្តែយើងចង់ចៀសវាងមិនធ្វើអត្ថាធិប្បាយអំពីករណីទាំងនេះទេ ពីព្រោះករណីទាំងនេះនគរបាលជប៉ុន កំពុងស៊ើបអង្កេតនៅឡើយ”។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើអាជ្ញាធរកម្ពុជា ដឹងពីករណីបែបនេះដែរឬយ៉ាងណាទេ។ ការកើនឡើងករណីឆបោកកើតមានឡើងស្របពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើន ដោយតម្លៃនៃគម្រោងសាងសង់ដែលត្រូវបានអនុម័តរួចបានកើនឡើងដល់២,១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១២ ពោលគឺខ្ពស់ជាង៧២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១។ ប្រទេសកម្ពុជា ក៏ទទួលបានរំហូរវិនិយោគិនជប៉ុន ច្រើនដែរក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយក្រុមហ៊ុនធំៗមួយចំនួនបង្កើតរោងចក្រនៅក្នុងវិស័យបច្ចេកវិទ្យាដូចជារោងចក្រផលិតគ្រឿងផ្គុំប៉ាណ្ណូនាឡិកា រថយន្តជាដើម។ កាលពីខែមុន ធនាគារមីហ៊្សូហុ (Mizuho Bank) របស់ប្រទេសជប៉ុន បានបង្កើតការិយាល័យតំណាងមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់ប្រឹក្សាដល់វិនិយោគិនជប៉ុន។ លោក តាកេស៊ី ហ៊្វូគូអ៊ី (Takeshi Fukui) តំណាងជាន់ខ្ពស់របស់ធនាគារ Mizuho Bank ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ផែនការបោកប្រាស់មនុស្សចាស់ជនជាតិជប៉ុន ដែលពួកគាត់ជាច្រើនជាអ្នកមាន បានកើតមានជាទូទៅ។ ប្រទេសកម្ពុជា ដែលមានប្រព័ន្ធនិយ័តកម្មខ្សោយ ជាកន្លែងដ៏ល្អសម្រាប់ធ្វើសកម្មភាពបោកប្រាស់បែបនេះ។ លោកបានមានប្រសាសន៍ថា “អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺជាផលល្អមួយសម្រាប់សកម្មភាពបែបនេះ។ ប្រទេសកម្ពុជា ថ្មីសម្រាប់ប្រជាជនជប៉ុន ហើយខ្វះព័ត៌មាននៅក្នុងប្រទេសជប៉ុន ដូច្នេះប្រជាជនជប៉ុន ទំនងជាជឿលើព័ត៌មានវិនិយោគល្អៗ ”។ លោកបានមានប្រសាសន៍ថា ខណៈពេលភ្នាក់ងារបោកប្រាស់ទាំងនោះជាធម្មតាគ្មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានោះ ពួកគេគ្រាន់តែមកកម្ពុជា ដើម្បីប្រមូលភ័ស្ដុតាង ហើយថតរូបអមជាមួយឯកសារក្លែងបន្លំដើម្បីលក់គម្រោងវិនិយោគទាំងនោះ។
លោកបានមានប្រសាសន៍ថា “មនុស្សកំពុងសម្លឹងរកអ្វីមួយនៅតំបន់នេះ។ ប្រទេសកម្ពុជា ជាកន្លែងដែលពួកគេមានក្ដីស្រមៃស្រពេចស្រពិល ដូច្នេះពួកគេក៏ជឿវា”៕ ប្រែសម្រួលដោយ តែម សុខុម
តុលាការចោទប្រកាន់ពាណិជ្ជករពីរនាក់ពីបទឆបោកពាក់ព័ន្ធការរុករករ៉ែ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ប្រធានក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយដែលជាជនជាតិខ្មែរ និងពាណិជ្ជករជនជាតិចិនម្នាក់ទៀតពីបទឆបោកនិងក្លែងបន្លំឯកសារសាធារណៈ។ លោក អាល់ រមណី អាយុ៤១ឆ្នាំនិងលោក ជីន ម៉ុងស៊ីន អាយុ៤៥ឆ្នាំជាជនជាតិចិនត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកដាក់ពាក្យបណ្តឹងអនាមិកម្នាក់បាននិយាយថា ពួកគេទាំងពីរនាក់បានប្រើប្រាស់ឯកសារក្លែង ក្លាយ រួមមានការក្លែងហត្ថលេខាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបោកប្រាស់យកប្រាក់ពីដៃគូម្នាក់ចំនួន៨១០.០០០ដុល្លារក្នុងកិច្ចព្រមព្រៀងមួយដើម្បីទទួលបានអាជ្ញាប័ណ្ណរុករករែ៉នៅក្នុងខេត្តមណ្ឌលគិរី។ ក្រុមហ៊ុន ACICA ជាក្រុមហ៊ុនដែលមានលោក អាល់ រមណី ជាប្រធាននោះ កាលពីម្សិលមិញបានព្យាយាមដកខ្លួនចេញពីរឿងក្តីនេះ ដោយក្រុមហ៊ុនលើកឡើងថា លោកធ្វើការងារនេះដោយខ្លួនឯងនៅក្នុងកិច្ចព្រមព្រៀងរុករករ៉ែនេះ។ លោក...
ព្រះសង្ឃមួយអង្គត្រូវគំរាមបណ្តេញចេញពីវត្តចំពោះការចូលរួមគណបក្សប្រឆាំង
មន្ត្រីសង្ឃបានបញ្ជាក់កាលពីម្សិលមិញថា ព្រះសង្ឃមួយអង្គត្រូវបានបណ្តេញចេញពីវត្តធំមួយនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីព្រះសង្ឃអង្គនោះបាននិមន្តទៅចូលរួមការជួបជុំគ្នារបស់គណបក្សប្រឆាំងកាលពីថ្ងៃច័ន្ទ។ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានអំពីការបណ្តេញចេញនេះ មន្ត្រីសង្ឃគង់នៅវត្តបទុមវតីក្នុងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យព្រះតេជគុណ វឿង សំណាង ព្រះជន្ម២៨ព្រះវស្សា គង់នៅវត្តនេះដដែល ប៉ុន្តែ ត្រូវមានលក្ខខណ្ឌថា ព្រះអង្គមិនចូលរួមការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិទៀតឡើយ។ ព្រះសង្ឃជាធម្មតាមានវត្តមានជាប្រចាំនៅតាមកន្លែងជួបជុំរបស់គណបក្សប្រឆាំង ហើយក៏មានព្រះអង្គខ្លះបានទៅចូលរួមផងដែរកាលពីថ្ងៃច័ន្ទ ដែលនៅពេលនោះមានមនុស្សជាង១០.០០០នាក់បានជួបជុំគ្នាដោយសន្តិវិធីនៅសួនសេរីភាព ដែលជាការជួបជុំគ្នាដ៏ធំបំផុតចាប់តាំងពីការបោះឆ្នោតជាតិមក។ បន្ទាប់ពីនិមន្តមកពីចូលរួមការជួបជំគ្នានេះនៅម៉ោងប្រហែល៧យប់ថ្ងៃច័ន្ទ ព្រះតេជគុណ វឿង សំណាង បានមានសង្ឃដីកាថា ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តបទុមបានបណ្តេញព្រះអង្គចេញពីកុដិលេខ២៥។ ទោះជាយ៉ាងណា ព្រះតេជគុណ ឃឹម សន បានប្តូរព្រះទ័យវិញ បន្ទាប់ពីស្ថានីយ វិទ្យុមួយបានផ្សាយព័ត៌មានអំពីការបណ្តេញព្រះសង្ឃអង្គនេះ។ ព្រះតេជគុណ វឿង សំណាង ដែលជានិស្សិតរដ្ឋបាលនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានសង្ឃដីកាថា “ព្រះចៅអធិការវត្តអាត្មាបានទូរស័ព្ទហៅអាត្មាឲ្យត្រឡប់មកវិញ បន្ទាប់ពីអាត្មាបានចាកចេញពីកុដិនោះរួចហើយ កាលពីព្រឹកម្សិលមិញ”។ ព្រះតេជគុណបានមានសង្ឃដីកាថា ព្រះចៅអធិការវត្តបានប្រាប់ព្រះអង្គថា ព្រះអង្គអាចគង់នៅវត្តនេះបានក្រោមលក្ខខណ្ឌថា ព្រះអង្គមិនចូលរួមការជួបជុំគ្នារបស់គណបក្សនយោបាយណាមួយទៀតឡើយ។ ព្រះតេជគុណ វឿង សំណាង មានសង្ឃដីកាថា “អាត្មានឹងនៅតែចូលរួមប្រសិន បើមានបាតុកម្មណាមួយកើតមាននៅពេលអនាគត ពីព្រោះយើងត្រូវការសេរីភាពក្នុងការបញ្ចេញមតិ”។ ព្រះអង្គបានបន្ថែមថា បើសិនជាចាំបាច់ ព្រះអង្គនឹងចាកចេញពីវត្តនេះ ដើម្បីអាចចូលរួមការជួបជុំគ្នាទៀត។ ព្រះអង្គបានមានសង្ឃដីកាថា “ដូច្នេះយើងមិនអាចនៅតែអត់ធ្មត់បានទេនៅពេលដែលមានការបិទសិទ្ធិរស់នៅរបស់យើង និងសិទ្ធិបញ្ចេញមតិរបស់យើងនោះ”។ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ថ្កោលទោសចំពោះការគំរាមទៅលើព្រះតេជគុណ វឿង សំណាង ដោយបានលើកឡើងថា ការបណ្តេញព្រះអង្គចេញពីវត្តមានន័យថា ព្រះអង្គមិនអាចសិក្សារៀនសូត្រ និងមានកន្លែងស្នាក់នៅទៀតផង។ ព្រះតេជគុណ ឃឹម សន បានបដិសេធថា មិនដែលមានការបង្ខំឲ្យព្រះតេជគុណ វឿង សំណាងនិមន្តចេញពីវត្តនោះទេ។ ព្រះអង្គបានមានសង្ឃដីកាថា “យើងមិនបានបណ្តេញព្រះតេជគុណ វឿង សំណាងទេ ប៉ុន្តែ ព្រះអង្គចាកចេញដោយខ្លួនឯង បន្ទាប់ពីអាត្មាសួរព្រះអង្គពីមូលហេតុដែលព្រះអង្គទៅចូលរួមការជួបជុំគ្នានេះ។ អាត្មាធ្លាប់បានណែនាំព្រះសង្ឃទាំងអស់ឲ្យគង់នៅស្ងៀមស្ងាត់ និងណែនាំមិនឲ្យព្រះសង្ឃទៅចូលរួមការធ្វើបាតុកម្មរបស់គណបក្សណាមួយឡើយ”។ ព្រះតេជគុណ ឡុង សុភាព មេកុដិលេខ២៥បានមានសង្ឃដីកាថា បញ្ហានេះត្រូវបានដោះស្រាយរួចហើយ។ ព្រះអង្គបានមានសង្ឃដីកាថា “យើងចង់បណ្តេញព្រះអង្គ ពីព្រោះព្រះអង្គបានចូលរួមការជួបជុំគ្នា ប៉ុន្តែ ឥឡូវនេះយើង បានដោះស្រាយរួចហើយ។ យើងបានដោះស្រាយបញ្ហានេះនៅព្រឹកមិញនេះ។ អាត្មាបាននាំព្រះតេជគុណ វឿង សំណាង ទៅជួបព្រះចៅអធិការវត្ត ហើយព្រះអង្គបានស្នើឲ្យព្រះតេជគុណ វឿង សំណាង សូមទោស និងឲ្យមានសង្ឃដីកាថា ព្រះអង្គនឹងមិននិមន្តទៅចូលរួមការជួបជុំគ្នាទៀត នោះឡើយ”។ នៅពេលសួរថា ហេតុអ្វីបានជាការចូលរួមការជួបជុំគ្នាបណ្តាលឲ្យមានការបណ្តេញព្រះសង្ឃចេញពីវត្តនោះ ព្រះតេជគុណ ឡុង សុភាព មិនអាចឆ្លើយសំណួរបានទេ។ “យោងតាមវិន័យរបស់ព្រះពុទ្ធ ការចូលរួមការតវ៉ា គឺជាអំពើមិនខុសវិន័យទេ។ ប៉ុន្តែ អាត្មាមិនអាចនិយាយច្រើនទៀតទេ”។ លោក ង៉ែត ច័ន្ទបូ ប្រធាននាយកដ្ឋានកិច្ចការសាសនានៅក្រសួងធម្មការ និងសាសនាបាននិយាយថា ព្រះសង្ឃមានសិទ្ធិបោះឆ្នោត ប៉ុន្តែ ព្រះសង្ឃមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការធ្វើបាតុកម្មជាសាធារណៈទេ។ លោកបាននិយាយថា “ខ្ញុំគិតថា ព្រះសង្ឃដែលចូលរួមការធ្វើបាតុកម្ម គឺប្រាសចាកវិន័យសង្ឃ ពីព្រោះវាបណ្តាលឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ”។ ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនព្រះសង្ឃដែលល្បីឈ្មោះនៅកម្ពុជាកាលពីឆ្នាំ២០១១ត្រូវបានបណ្តេញចេញពីវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហាញការគាំទ្រជាសាធារណៈចំពោះប្រជាជនដែលត្រូវបានបណ្តេញចេញពីតំបន់បឹងកក់។ មនុស្សរាប់ពាន់នាក់ត្រូវបានបណ្តេញចេញនៅពេលដែលបឹងនោះត្រូវបានគេបូមខ្សាច់លុប ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយដែលដឹកនាំដោយក្រុមហ៊ុនរបស់ លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។ វត្តនៅទូទាំងប្រទេសត្រូវបានបង្គាប់មិនឲ្យទទួលព្រះតេជគុណ លួន សុវ៉ាត ដែលបន្តចូលរួមការតវ៉ា និងការធ្វើបាតុកម្មប្រឆាំងនឹងការបណ្តេញចេញនានា។ ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកាថា ការគំរាមព្រះតេជគុណ សំណាង មិនពាក់ព័ន្ធនឹងវិន័យព្រះពុទ្ធទេ ប៉ុន្តែ បានបង្ហាញថា ការគ្រប់គ្រងលើសលប់របស់គណបក្សប្រជាជនកម្ពុជាលើស្ថាប័ននានាមានឥទ្ធិពលលើថ្នាក់ដឹកនាំសាសនាក្នុងប្រទេស។ ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកាថា “នេះមិនមែនជាវិន័យព្រះពុទ្ធទេ។ នៅក្នុងវិន័យព្រះពុទ្ធ ព្រះសង្ឃមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្មអហិង្សា។ វិន័យនេះគឺពាក់ព័ន្ធនឹងនយោបាយនៅក្នុងប្រទេសកម្ពុជា។ ព្រះសង្ឃកម្ពុជាទាំងអស់គ្រប់គ្រងដោយនយោបាយ ជាពិសេសគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា៕ ប្រែសម្រួលដោយ មូល គឹមហឿន
ស្ថាប័នច្បាប់អន្តរជាតិអំពាវនាវឲ្យគណៈមេធាវីកម្ពុជា ធានានូវឯករាជ្យភាពរបស់ខ្លួន
គណៈកម្មាធិការក្រុមអ្នកច្បាប់អន្តរជាតិ (International Commission of Jurists ) បានលើកឡើងថា គណៈមេធាវីកម្ពុជាគួរតែពិចារណាពីបទដ្ឋានតឹងរ៉ឹងក្នុងការទទួលសមាជិក ផ្តល់ឪកាសឲ្យមេធាវីទទួលបានវគ្គបណ្តុះបណ្តាលជាប្រចាំ និងបង្កើតគណៈកម្មការវិន័យថ្មីមួយ ដើម្បីធានាឲ្យអ្នកប្រកបវិជ្ជាជីវៈជាមេធាវីនៅក្នុងប្រទេសកម្ពុជាមានឯករាជ្យ។ កាលពីខែមេសា គណៈកម្មាធិការក្រុមអ្នកច្បាប់អន្តរជាតិបានអំពាវនាវឲ្យគណៈមេធាវីកម្ពុជាធ្វើការបញ្ជាក់អំពីភាពមិនច្បាស់លាស់ក្នុងមាត្រា១៧នៃក្រមសីលធម៌ដែលទើបអនុម័តថ្មីៗរបស់ខ្លួន ដែលចែងថា មេធាវីទាំងអស់គួរធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈ ឬនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ “តែក្នុងកិច្ចការពាក់ព័ន្ធតួនាទី និងវិជ្ជាជីវៈរបស់ខ្លួន”។ នៅក្នុងលិខិតចំហមួយចុះថ្ងៃទីសុក្ររបស់លោក សាម ហ្សារីហ្វី (Sam Zarifi) នាយកគណៈកម្មាធិការក្រុមអ្នកច្បាប់អន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ផ្ញើជូនអគ្គលេខាធិការនៃគណៈមេធាវីកម្ពុជា...
លោក វ៉ាង យី សម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា
កាលពីម្សិលមិញ អ្នកនាំពាក្យរដ្ឋាភិបាលបានស្វាគមន៍ប្រសាសន៍គាំទ្ររបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនចំពោះគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដែលមានប្រសាសន៍ថា ពួកគេបានបង្ហាញថា ប្រទេសផ្ដល់ជំនួយដ៏ធំដល់ប្រទេសកម្ពុជានេះ ធ្វើជាឧទាហរណ៍ប្រាប់ប្រទេសផ្សេងៗទៀត។ បន្ទាប់ពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃពុធ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោត បើទោះជា ទើបតែប្រកាសលទ្ធផលផ្លូវការបឋម និងនៅមានការខ្វែងគំនិតគ្នាក៏ដោយ ហើយបានលើកឡើ់ងថា ចិននឹងជួយកម្ពុជានៅក្នុងការតតាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។ លោក វ៉ាង យី បានមានប្រសាសន៍អំឡុងសន្និសីទសារព័ត៌មានរួមមួយជាមួយលោក ហោ ណាំហុង ថា “ចិននឹងបន្តគាំទ្រជានិច្ចដល់កម្ពុជាក្នុងការទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ”។ លោកបានមានប្រសាសន៍ថា “ចិននឹងបន្តគាំទ្រជានិច្ចដល់រាជរដ្ឋាភិបាលដើម្បីធានាឲ្យមានស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច...
ភរិយាអភិបាលខេត្តប៉ៃលិនទទួលផលពីកិច្ចព្រមព្រៀងកាស៊ីណូ
ឯកសារនៅទីភ្នាក់ងារនិយ័តករហិរញ្ញវត្ថុអាមេរិកបង្ហាញថា បន្ទាប់ពីមានការរកស៊ីរួមក្នុងទីផ្សារកាស៊ីណូនៅក្នុងប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ ២០១១ ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី (Entertainment Gaming Asia) ដែលជាក្រុមហ៊ុនល្បែងឧបត្ថម្ភដោយក្រុមហ៊ុននៅទីក្រុងម៉ាកាវ បានសន្យាប្រគល់ប្រាក់រាប់សែនដុល្លារទៅឲ្យភរិយារបស់អភិបាលខេត្តប៉ៃលិន ដើម្បីជួលដីសម្រាប់សាងសង់កាស៊ីណូថ្មីមួយ។ ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី គឺជាផ្នែកមួយនៃក្រុមហ៊ុនមែលកូ គ្រុប (Melco Group) នៅក្រុងម៉ាកាវ ប៉ុន្តែ ចុះបញ្ជីនៅអាមេរិក ដូច្នេះហើយត្រូវអនុវត្តតាមច្បាប់អាមេរិក។ ក្រុមហ៊ុននេះបានបើកកាស៊ីណូឌ្រីមវើលប៉ៃលិនជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០១២ ជាកាស៊ីណូមួយដែលមានតុលេងល្បែងផ្ទាល់ចំនួន២៦ និងស្លុតម៉ាស៊ីនចំនួន៥៨គ្រឿងដែលពឹងផ្អែកលើភ្ញៀវថៃដែលឆ្លងដែនចូលមកលេង។ ក្រៅពីកាស៊ីណូឌ្រីមវើលប៉ៃលិន ក្រុមហ៊ុននេះបានបើកកន្លែងលេងស្លុតម៉ាស៊ីនចំនួន៣០០កៅអី នៅក្នុងក្រុងប៉ោយប៉ែតកាលពីខែឧសភា។ ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី ក៏មានគម្រោងបើកកាស៊ីណូមួយទៀតក្នុងខេត្តកំពត ផ្គត់ផ្គង់ស្លុតម៉ាស៊ីនទៅឲ្យកាស៊ីណូផ្សេងទៀតនៅកម្ពុជា និងផលិតកាក់សម្រាប់លេងល្បែងផងដែរ។ យោងតាមឯកសារនៅគណៈកម្មការមូលបត្រ និងទីផ្សារភាគហ៊ុននៅអាមេរិក ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី កាលពីខែឧសភា ឆ្នាំ២០១១ បានចុះហត្ថលេខលើកិច្ចព្រមព្រៀងមួយដើម្បីសាងសង់កាស៊ីណូលើកដំបូងនៅលើដីមួយកន្លែងនៅប៉ៃលិនដែលជួលពីអ្នកស្រី បាន ស្រីមុំ។ អ្នកស្រី បាន ស្រីមុំ គឺជាភរិយារបស់លោក អ៊ី ឈាន ដែលមានតួនាទីជាអភិបាលខេត្តប៉ៃលិនជាងមួយទសវត្សរ៍មកហើយ និងជាអតីតប្រធានកងការពាររបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហម។ អ្នកស្រី ស្រីមុំ គឺជាសមាជិកសភាជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជានៅមណ្ឌលប៉ៃលិន ដែលបានឈ្នះអាសនៈតែមួយគត់ប្រចាំមណ្ឌលនេះនៅក្នុងការបោះឆ្នោតជាតិកាលពីខែមុន។ នៅក្នុងកិច្ចព្រមព្រៀងនោះមានឈ្មោះក្រុមហ៊ុនថ្មីមួយ គឺក្រុមហ៊ុនឌ្រីមវើល ឡេសឺ (ប៉ៃលិន) លីមីតធីត មានប្រធានឈ្មោះ គ្លែរេន ជុង និងអ្នកស្រី ស្រីមុំ និងមាននិយាយពីការបង់ប្រាក់ទៅឲ្យម្ចាស់ដីនេះផង។ យោងតាមកិច្ចព្រមព្រៀងរបស់ភាគហ៊ុននៅគណៈកម្មការមូលបត្រ និងទីផ្សារភាគហ៊ុននៅអាមេរិកកាលពីឆ្នាំ២០១១បង្ហាញថា “ក្រុមហ៊ុនអុីនធើថេនមិន ហ្គេមមីង អាស៊ី នឹងបង់លុយតែមួយដងគត់ទៅឲ្យអ្នកស្រី បាន ស្រីមុំ ចំនួន១៨០.០០០ដុល្លារ”។ កិច្ចព្រមព្រៀងនៅខែឧសភា ឆ្នាំ២០១១នេះ ក៏ចែងដែរថា អ្នកស្រី ស្រីមុំ នឹងទទួលបានភាគហ៊ុន៤៥ភាគរយពីប្រាក់ចំណេញរបស់កាស៊ីណូនេះ។ ប៉ុន្តែ ពីរខែក្រោយពីមានកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី បានប្រកាសថា ភាគីទាំងអស់បានព្រមព្រៀងលើលក្ខខណ្ឌដែលបានកែប្រែ គឺនៅក្នុងនោះអ្នកស្រី ស្រីមុំ នឹងទទួលបានប្រាក់ចំណេញតែ២០ភាគរយប៉ុណ្ណោះ ប៉ុន្តែ បង្កើនថ្លៃជួលដីដល់៥.០០០ដុល្លារក្នុងមួយខែ។ រហូតមកទល់ពេលនេះ ការកាត់បន្ថយភាគហ៊ុនរបស់អ្នកស្រី ស្រីមុំ នៅកាស៊ីណូនេះមានន័យថា ក្រុមហ៊ុននេះមិនទាន់ចំណេញទេ។ ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី បានប្រកាសនៅខែនេះថា ប្រាក់ចំណូលនៅកាស៊ីណូឌ្រីមវើលប៉ៃលិនមិនទាន់ស្មើថ្លៃចំណាយទេ ប៉ុន្តែ បានលើកឡើងថា ខ្លួនមានគម្រោងដកតុលេងល្បែងផ្ទាល់មួយចំនួនចេញពីកាស៊ីណូនេះ ហើយផ្តោតទៅលើក្រុមហ៊ុនដែលមានប្រាក់ចំណូលខ្ពស់ ទើបអាចស្រង់ដើមបានវិញនៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណា យោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសនៅគណៈកម្មការមូលបត្រ និងទីផ្សារភាគហ៊ុន នៅខែនេះ ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី បានបង់ប្រាក់ជាង៥០០.០០០ដុល្លារនៅក្នុងកិច្ចព្រមព្រៀងជួលដីដែលត្រូវបង់ប្រាក់ជាមុនទៅឲ្យអ្នកស្រី ស្រីមុំ រួចហើយសម្រាប់សិទ្ធិជួលដីរបស់អ្នកស្រី។ មិនមានការលើកឡើងថា កិច្ចព្រមព្រៀងជួលដីនេះបំពានច្បាប់ណាមួយនោះទេ។ ប៉ុន្តែ ការចុះបញ្ជីរបស់ក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី នៅគណៈកម្មការមូលបត្រនិងទីផ្សារភាគហ៊ុននេះ មានន័យថា ក្រុមហ៊ុននេះត្រូវអនុវត្តតាមច្បាបរបស់អាមេរិកស្តីពីអំពើពុករលួយនៅបរទេសដែលគេអាចយកមកប្រើប្រាស់ដើម្បីកាត់ទោសក្រុមហ៊ុនណាមួយដែលប្រើប្រាស់ទឹកប្រាក់ដើម្បីទទួលបានការគាំទ្រពីមន្ត្រីនៅក្រៅប្រទេស។ ការណែនាំមួយពីក្រសួងយុត្តិធម៌អាមេរិកទៅអង្គភាពប្រឆាំងអំពើពុករលួយក្រៅប្រទេសរបស់សហរដ្ឋអាមេរិកនិយាយថា “ជាពិសេសច្បាប់ប្រឆាំងអំពើពុករលួយនៅក្រៅប្រទេសនេះចែងពីការប្រគល់ប្រាក់ទៅឲ្យជនណាម្នាក់នៅពេលដែលដឹងថា ប្រាក់ទាំងអស់ ឬផ្នែកណាមួយនៃប្រាក់បែបនេះ ឬវត្ថុមានតម្លៃណាមួយដែលគេសន្យាដោយផ្ទាល់ ឬដោយប្រយោលទៅឲ្យមន្ត្រីបរទេសណាមួយ”។ អ្នកស្រី ត្រាស៊ី ម៉ែងហ្គីនី អនុប្រធានក្រុមហ៊ុនអ៊ីនធើថេនមិន ហ្គេមមីង អាស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងជួលដីនេះទេ។ អ្នកស្រី ម៉ែងហ្គីនី បានលើកឡើងតាមអ៊ីម៉េលថា “យើងមិនមានពេលធ្វើអត្ថាធិប្បាយទេ”។ នៅពេលទាក់ទងនៅសប្ដាហ៍នេះ លោក អ៊ីឈាន បានបញ្ជាក់ថា គ្មានអ្វីខុសឆ្គងចំពោះការជួលដីពីភរិយាគាត់ទេ។ លោកមានប្រសាសន៍ថា “វាជាការត្រឹមត្រូវដែលពួកគេជួលដីពីប្រពន្ធរបស់ខ្ញុំ។ ពួកគេបានជួលដីនេះរយៈពេលពីរឆ្នាំមកហើយ”។ លោកបានមានប្រសាសន៍ថា កាស៊ីណូនេះទទួលបានការអនុម័តយល់ព្រមពេញលេញពីរដ្ឋាភិបាល ហើយលោកគ្មានតួនាទីក្នុងការសម្រេចចេញអាជ្ញាប័ណ្ណនោះទេ។ លោក អ៊ី ឈាន បានមានប្រសាសន៍ថា គ្មានអ្វីមិនសមស្របទេដែលភរិយារបស់អភិបាលខេត្តមានភាគហ៊ុនក្នុងការរកស៊ី។ លោកបានមានប្រសាសន៍ថា “អ្នកស្រីគឺជាអ្នកជំនួញធម្មតាម្នាក់។ គាត់មិនមែនជាមន្ត្រីរាជការទេ”។ លោកបានបន្ថែមថា ដីជួលទៅឲ្យក្រុមហ៊ុនអុីនធើថេនមិន ហ្គេមមីង អាស៊ី នេះគឺជាដីដូនតាដែលអ្នកស្រី ស្រីមុំ កាន់កាប់តាំងពីឆ្នាំ១៩៩៦មក។ កាស៊ីណូនៅប៉ៃលិននេះមិនមែនជាក្រុមហ៊ុនតែមួយដែលចុះបញ្ជីនៅអាមេរិកមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋខ្មែរនោះទេ។ ទីតាំងរបស់កាស៊ីណូឌ្រីមវើលប៉ោយប៉ែតរបស់ក្រុមហ៊ុននេះ ត្រូវបានជួលពីលោក កុក អាន ជាអ្នកជំនួញល្បីឈ្មោះម្នាក់ក្នុងកិច្ចព្រមព្រៀងស្រដៀងគ្នានេះដែល
ផ្ដល់ហ៊ុនចំនួន៤០ភាគរយនៃរំហូរសាច់ប្រាក់ទៅឲ្យលោក កុក អាន ម្ចាស់ក្រោន កាស៊ីណូ (Crown Casino) នៅប៉ោយប៉ែត។ លោក កុក អាន ត្រូវបានចាត់ទុកនៅក្នុងសារទូរលេខសម្ងាត់របស់ស្ថានទូតអាមេរិកដែលវិបសាយវីគីលិក បានបញ្ចេញនោះថាជាស្ដេចល្បែងនៅកម្ពុជា។
ក្រុមហ៊ុនអុីនធើថេនមិន ហ្គេមមីង អាស៊ី មានស្លុតម៉ាស៊ីននៅកាស៊ីណូណាហ្គាវើល ជាកាស៊ីមានអាជ្ញាប័ណ្ណតែមួយគត់នៅក្នុងរាជធានីភ្នំពេញ និងនៅកាស៊ីណូឋានសួគ៌បូកគោក្នុងខេត្តកំពតដែលបានបើកកាលពីឆ្នាំមុន ដោយក្រុមហ៊ុន សូគីមិុច របស់លោក សុខ គង់។ ក្រុមហ៊ុនអ៊ិនធើថេនមិន ហ្គេមមីង អាស៊ី ដែលចុះបញ្ជីនៅ លើទីផ្សារ NASDAQ Capital Market ក្នុងបុរីញូវយ៉កត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន ម៉ែលកូ អ៊ិនធើណេសិនណល ឌីវែលលុបមិន លីមីតធីត ដែលមានលោក ឡូរេន ហូ កូនប្រុសរបស់លោក ស្ដេន លីហូ មហាសេដ្ឋីល្បែងនៅម៉ាកាវ និងហុងកុង ជាប្រធាន។ ក្នុងប្រទេសកម្ពុជា វាជាការធម្មតាដែលភរិយារបស់មន្ត្រីមានភាគហ៊ុននៅក្នុងអាជីវកម្មនានា។ ក្រុមហ៊ុនរ៉ែ អូហ្សិត មីនណើរ៉ល កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីនគរបាលអូស្ត្រាលីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងមួយនៅកម្ពុជាដែលគេសង្ស័យថា បានបំពានច្បាប់ប្រឆាំងអំពើពុករលួយស្រដៀងគ្នានេះ។ក្រុមហ៊ុនរ៉ែ អូហ្សិត មីនណើរ៉ល ដែលកំពុងរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០០៩ បានទិញយកក្រុមហ៊ុនដែលមានដៃគូចម្រុះមួយ ហើយម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននោះ រួមទាំងភរិយារបស់មន្ត្រីនៅក្រសួងឧស្សាហកម្មរ៉ែ និងថាមពលផងដែរ។ ការជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ុនអ៊ិនធើថេនមិន ហ្គេមមីង អាស៊ី ជាមួយលោក អ៊ិឈាន ក៏បង្ហាញពីតួនាទីដ៏មានអំណាចដែលអតីតកម្មាភិបាលខ្មែរក្រហមដ៏ឃោរឃៅនេះបានកាន់កាប់នៅប៉ៃលិន និងដែលត្រូវបានបង្កើតឡើងក្រោយឆ្នាំ១៩៩៦ដែលពេលនោះរដ្ឋាភិបាលក្រុងភ្នំពេញស្រូបយកមនុស្សមួយក្រុមធំពីក្រុមកុម្មុយនីស្ដនេះ។ អនុប្រធានរបស់លោក អ៊ិ ឈាន គឺលោក អៀង វុធ កូនប្រុសរបស់សព អៀង សារី រដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហមដែលត្រូវបាននាំមកកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមុនពេលគាត់ស្លាប់កាលពីខែមីនា។ លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា គេល្បីជាយូរមកហើយថា លោក អ៊ី ឈាន គឺជាកងការពាររបស់ ប៉ុល ពត និងមានសារៈសំខាន់ក្នុងចំណោមកងកម្លាំងខ្មែរក្រហមដែលបានប្រយុទ្ធជាមួយរដ្ឋាភិបាលនៅទសវត្សរ៍ឆ្នាំ១៩៩០ពីភាគពាយព្យនៃប្រទេសកម្ពុជា។
លោក ឆាំង យុ មានប្រសាសន៍ថា “នៅទីបំផុត គាត់បានទៅដល់ទីនោះ។ គាត់បានផ្ដាច់ខ្លួនពី អៀង សារី ”។ លោកបានពន្យល់ថា ការដឹកនាំរបស់លោក អ៊ីឈាន នៅប៉ៃលិន គឺជាផ្នែកមួយនៃការផ្ដាច់ខ្លួនដែលមានកម្មាភិបាល និងទាហានជាន់ខ្ពស់ជាច្រើនចូលរួមជាមួយរដ្ឋាភិបាលនៅក្នុងឆ្នាំ១៩៩៦៕ ប្រែសម្រួលដោយ មូល គឹមហឿន