សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បាន​រក​ឃើញ​សារធាតុ​គីមី​ក្នុង​ត្រីងៀត ​និង​អាហារ​ក្រៀម​មួយ​ចំនួន​

សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​រក​ឃើញ​សារធាតុ​គីមី​ បូរ៉ាក់​ នៅ​លើ​ងៀតត្រី​បបែល​ និង​ងៀត​ត្រីផ្ទោង​ខូច​គុណភាព​ដាក់លក់​តាម​ទីផ្សារ។​ ក្រុម​សមត្ថកិច្ច​បាន​ដក​ហូត​អាហារ​ក្រៀម​ទាំង​នោះ​យក​ទៅ​ដុត​កម្ទេច​ចោល។​

ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​ លោក​ផឹង និល​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័តមាន​ថា ​ក្រុម​របស់​លោក​បាន​រក​ឃើញ​សារ​ធាតុ​គីមី​ប៉ូរាក់​ ដាក់​ក្នុង​ងៀត​ត្រី​បបែល​ចំនួន​២១​គីឡូក្រាម ​និង​ងៀតត្រី​ផ្ទោង​ ៧០​គីឡូក្រាម​ដែល​ខូច​គុណភាព។ ​ប្រធាន​សាខា​កាំកុងត្រូល​រូប​នេះ​ឲ្យដឹង​ទៀត​ថា​អ្នក​បរិភោគ​អាហារ​ក្រៀម​ដែល​មាន​សារធាតុ​គីមី​បូរ៉ាក់​នេះ ​នាំឲ្យ​ខូច​ក្រពះ ​ពោះវៀន ​ក្រលៀន ​អាច​បង្ក​ទៅ​ជា​មហារីក​និង​ធ្វើឲ្យ​បែក​ឈាម​តាម​រោម​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង។​

លោក​បន្ត​ថា ​មន្ត្រី​ជំនាញ​របស់​លោក​បាន​ពិនិត្យ​មុខ​ទំនិញ​ជាច្រើន​ ដោយ​បាន​ផ្តោត​សំខាន់​ទៅ​លើ​បន្លែ​ ផ្លែ​ឈើ ​ត្រី​ សាច់ ​គ្រឿង​ឧបភោគ​បរិភោគ​ប្រចាំ​ថ្ងៃ ​ហើយ​បាន​ណែនាំ​ដល់​អ្នក​លក់​ត្រូវ​ឈប់​​ដាក់លក់​ជា​បន្ទាន់​ រាល់​ប្រភេទ​ងៀត​បបែល​ដែល​ផ្ទុក​សារធាតុ​គីមី។​

លោក​ក៏​បាន​អំពាវ​ដល់​ពលរដ្ឋ​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​ការ​បរិភោគ​ចំណី​អាហារ​ ត្រូវ​ពិនិត្យ​មើល​ស្លាកសញ្ញា ​ការ​បរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​និង​ត្រូវ​ចូល​រួម​លើក​កម្ពស់​សុខុមាល​ភាព​ទាំង​អស់​គ្នា។​

កាលពី​ចុង​ខែ​វិច្ឆិកា ​មន្រ្តី​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​ក៏​បាន​រក​ឃើញ​ទឹក​ដោះគោ​ហួសកាល​បរិច្ឆេទ​ប្រើប្រាស់​ជា​ច្រើន​កំប៉ុង​ និង​មីស្រាត​គ្មាន​សំបក​ វេច​ខ្ចប់​ត្រឹមត្រូវ​ដែល​​ផលិត​នៅ​ប្រទេស​វៀតណាម​ជាច្រើន​ថែម​ទៀត។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនិញ​ ឬម្ហូប​អាហារ​ហួសកាល​បរិច្ឆេទ​នេះ​ ក្រុមអ្នក​ឃ្លាំ​មើល​ខាង​ផ្នែក​ចំណី​អាហារ​និយាយ​ថា ​ទំនិញ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​មិន​ត្រឹម​តែ​កំពុង​ដាក់​លក់នៅ​តាម​ទីផ្សារ​ក្នុង​ទីជនបទ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​សូម្បីតែ​នៅតាម​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ភ្នំពេញ​ដូច​ជា​ផ្សារអ៊ីអន​ Eon Mall ​ក៏មាន​ដាក់​លក់​ទំនិញ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​រាប់​មិន​អស់​ដែរ​ ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​សុខភាព​របស់​មនុស្ស ​ ខណៈ​ពលរដ្ឋ​ខ្មែរជា​ច្រើន​នៅខ្វះ​ការ​យល់​ដឹង​អំពី​កាល​បរិច្ឆេទ​ប្រើប្រាស់​លើ​ផលិត​ផល​នៅតាម​ទីផ្សារ​នោះ៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.