មានគម្រោងសាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកតម្លៃ១០០លានដុល្លារ
យោងតាមមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលចង់សាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកតម្លៃ១០០លានដុល្លារតាមទន្លេធំៗមួយរបស់ប្រទេសកម្ពុជា ហើយកំពុងងាកទៅរកប្រទេសជប៉ុនឲ្យចេញប្រាក់ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីការពារបរិស្ថាននិងទាក់ទាញទេសចរ។
ក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសគម្រោងនេះ ដែលលោកបានមានប្រសាសន៍ថា ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំនៅឯអគារការិយាល័យរបស់លោកជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yamada Sohiko ជាស្ថាបត្យករនិងជាអ្នករៀបចំគម្រោងអភិវឌ្ឍ។
ការបង្ហោះនោះបាននិយាយថា "អាងពិព័រណ៍ត្រីនេះ គឺមិនត្រឹមតែទាក់ទាញទេសចរណ៍ទេ គឺនឹងផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។ ការបង្ហោះបាននិយាយថា មជ្ឈមណ្ឌលនេះក៏អភិវឌ្ឈនិងចែកចាយវិធីសាស្ត្រសម្រាប់សហគមន៍នេសាទក្នុងការចិញ្ចឹមប្រភេទត្រីខុសៗគ្នា និងមានសុខភាពល្អដែរ។
ការបង្ហោះបាននិយាយថា "យើងរំពឹងថា អាងពិព័រណ៍ត្រីទឹកសាបនៅកម្ពុជាអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន" បន្ទាប់ពីប្រាសាទអង្គរវត្តដែលស្ថិតក្នុងចំណោមកន្លែងទាក់ទាញទេសចរនៅកម្ពុជា។
លោក ហ៊ុន សែន បានអំពាវនាវឲ្យបង្កើតគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឲ្យ"សិក្សាអំពីទីតាំង និងផលប៉ះពាល់នានាឲ្យបានច្បាស់លាស់ ដើម្បីជំរុញគម្រោងខាងលើនេះ ឲ្យចេញជារូបរាងប្រកបដោយជោគជ័យដែលជាមរតកសម្រាប់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូល"។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងត្រូវការដីប្រហែល១០ទៅ២០ហិកតាតាមដងទន្លេមេគង្គ ឬទន្លេសាប ឬកន្លែងដែលវាប្រសព្វគ្នា ដើម្បីសាងសង់អាងត្រីពិព័រណ៍ ដែលនឹងបញ្ជាក់ពីពូជត្រីទន្លេចម្រុះនៅក្នុងប្រទេស។
លោក សាខុន បាននិយាយថា លោក Fumiaki ដំបូងឡើយបានលើកឡើងពីគំនិតនេះប្រាប់លោកប្រហែល៤ខែមុន ដោយស្នើថា អាងនេះស្ថិតក្នុងជ្រោយចង្វា ក្នុងក្រុងភ្នំពេញនៅពីមុខសណ្ឋាគារសុខា។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានរៀបរាប់ពីអាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកថាត្រូវកសាងឡើងស្ទើរតែពីកញ្ចក់ទាំងអស់ ដែលទេសចរ និងអ្នកស្រាវជ្រាវនឹងអាចចូលដល់តាមទ្វារក្រោមដី។ ទោះជាយ៉ាងក្តី លោករដ្ឋមន្ត្រីបានប្រយ័ត្នប្រយែងនឹងហានិភ័យនៃការសាងសង់អាងបែបហ្នឹងនៅត្រង់កន្លែងដែលមានទន្លេធំៗនៅក្នុងប្រទេសប្រសព្វមុខគ្នា។
លោកបាននិយាយថា "ខ្ញុំឃើញថា ទីតាំងគឺមានលក្ខណៈស្មុគ្រស្មាញ ព្រោះ...គម្រោងអាចប៉ះពាល់ចរន្តទឹក ដែលមានន័យថា ទឹកអាចហូរយឺតពីទន្លេសាប ហើយបន្ទាប់មកកម្ពស់ទឹកទន្លេសាបអាចទាប"។
លោក សាខុន បាននិយាយថា ការប្រឈមមួយទៀតនឹងត្រូវសម្អាតទឹកនៅជុំវិញអាងពិព័រណ៍ចញ្ចឹមត្រី។ លោកបានមានប្រសាសន៍ថា "លុយត្រូវការច្រើនណាស់ ដើម្បីសម្អាតទឹកនៃដីល្បាប់ ដែលខ្ពស់ណាស់ទៅហើយ"។
ភាពស្មុគ្រស្មាញផ្នែកបរិស្ថានគួបផ្សំជាមួយរយៈពេលរង់ចាំដ៏យូរ ដើម្បីទទួលបានថវិកាអាចមានន័យថា ពី៤ទៅ១០ឆ្នាំទៀត ទើបការសាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីចាប់ផ្តើម។ លោកបាននិយាយថា " ទោះជាយ៉ាងនេះក្តី ប្រសិនបើរដ្ឋាភិបាលជប៉ុនពិតជាប្តេជ្ញាចិត្តជួយយើង ខ្ញុំគិតថា វានឹងត្រូវការយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីចាប់ផ្តើមគម្រោង"។
ចំពោះជំនួយ១០០លានដុល្លារដែលប្រទេសកម្ពុជាសង្ឃឹមថានឹងទទួលបាន លោកបាននិយាយថា "តាមបទពិសោធខ្ញុំ វាមិនងាយស្រួលទេ ក្នុងការស្នើសុំជំនួយពីប្រទេសជប៉ុន"។
លោក រ៉ូស ស៊ីនក្លៃ នាយកកម្មវិធីសមាគមអភិរក្សសត្វព្រៃបាននិយាយថា លោកមិនបានដឹងពីគម្រោងនេះទេ ប៉ុន្តែថា ការធ្វើអ្វីមួយដែលរួមចំណែកក្នុងការបង្កើនការយល់ដឹងពីសត្វសមុទ្ទចម្រុះក្នុងប្រទេសនឹងជាជំហានវិជ្ជមាន។
លោកបាននិយាយថា "ត្រីទឹកសាបនៅកម្ពុជាអស្ចារ្យណាស់ ពោលគឺវាមានបរិស្ថានជីវៈចម្រុះច្រើនបំផុតនៅលើផែនដីនេះ។ ការបើកអាងពិព័រណ៍ដែលពលរដ្ឋខ្មែរ និងអ្នកផ្សេងទៀតអាចមកសិក្សាអំពី....ជីវៈចម្រុះសំបូរបែបនៅទីនេះតាមពិតទៅជារឿងល្អ"៕ (រាយការណ៍បន្ថែមដោយ Hannah Hawkins)
ធនាគារពិភពលោកនឹងបន្តផ្តល់មូលនិធិឡើងវិញដល់កម្ពុជា
ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីថ្មីក្នុងទឹកប្រាក់១៣០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលែងបង្កកកម្ចីដែលមានប្រសិទ្ធភាពចាប់តាំងពី២០១១ ជាការតវ៉ានឹងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខិតបង្ខំដោយរដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានធនាគារឲ្យដឹងថា ក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុងវ៉ាស៊ីនតោន គណៈនាយកប្រតិបត្តិធនាគារពិភពលោកបានយល់ព្រមលើកំណត់ចូលរួមប្រទេសសម្រាប់កម្ពុជាដែលសុំឲ្យផ្តល់កម្ចីសម្បទានជាទឹកប្រាក់១៣០លានដុល្លារក្នុងគម្រោងបួន ដែលរួមទាំងទឹកប្រាក់២៥លានដុល្លារសម្រាប់ដំណាក់ការទីពីរនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។
សេចក្តីសម្រេចនេះគឺជាការលែងបង្កកកម្ចីដែលបានអនុវត្តចាប់តាំងពីខែសីហា ឆ្នាំ២០១១ ដែលនៅពេលនោះធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការផ្តល់មូលនិធិថ្មីទៀតហើយ ដោយសារតែតវ៉ានឹងការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំពីសំណាក់រដ្ឋាភិបាលទៅលើពលរដ្ឋប្រមាណ៣០០០គ្រួសារនៅតំបន់បឹងកក់នៅក្នុងក្រុងភ្នំពេញ ក្នុងពេលដែលមានគម្រោងធនាគារផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកភូមិនៅទីនោះ។
មូលនិធិដែលបានមកពីសមាគមអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោកគឺរួមមានទឹកប្រាក់៣០លានដុល្លារសម្រាប់ចំណាយលើការបង្កើនសេវាថែទាំសុខភាព ១៥លានដុល្លារសម្រាប់កែលម្អស្ថានភាពផ្លូវទឹក និង៦០លានដុល្លារសម្រាប់កែលម្អផ្លូវថ្នល់គឺបន្ថែមលើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍ ធនាគារបាននិយាយថា ខ្លួនបានសម្រេចចិត្តចាប់ផ្តើមផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីមានការពិភាក្សាដ៏ទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជា រួមទាំងមន្ត្រីរដ្ឋាភិបាល "សង្គមស៊ីវិលជាតិនិងអន្តរជាតិ វិស័យឯកជននិងពាណិជ្ជកម្ម ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងទីភ្នាក់ងារសហប្រជាជាតិ"។
យោងតាមអ្នកស្រី ចូស៊ីលីន មេដាឡូ នាយកគោលនយោបាយនៅគម្រោងគណនេយ្យភាពអន្តរជាតិឲ្យដឹងថា លោក ម៉ាតធូ ម៉ាកហ្គា នាយកប្រតិបត្តិអាមេរិកនៃធនាគារពិភពលោក គឺបានបោះឆ្នោតអនុបវាទ។
អ្នកស្រី មេដាឡូ បានសរសេរក្នុងសារអ៊ីម៉េលថា "យើងបានទទួលព័ត៌មានបច្ចុប្បន្នភាពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា គេនឹងចេញសេចក្តីថ្លែងការណ៍នៅសប្តាហ៍ក្រោយ" ទាក់ទងនឹងសេចក្តីសម្រេចមិនបោះឆ្នោតលើគម្រោងនេះ។រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិធំបំផុតរបស់ធនាគារពិភពលោក។
ស្ថានទូតសហរដ្ឋអាមេរិកបានបង្វែរសំណួរទៅទីស្នាក់ការសហរដ្ឋអាមេរិករបស់ធនាគារពិភពលោកដែលមិនអាចទាក់ទងបានទេ។
អ្នកស្រី ណាលី ភីឡូក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ បានហៅការសម្រេចនេះថា "ប្លែក" ដោយសារតែរដ្ឋាភិបាលចាប់ខ្លួនបុគ្គលិកសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងនាពេលថ្មីៗនេះ។
អ្នកស្រី ភីឡូក បានមានប្រសាសន៍ថា "ប្រការដែលធនាគារពិភពលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយមានប្រាក់ចំនួនច្រើននៅពេលនេះ គឺនឹងស្ទើរតែផ្តល់ឲ្យរដ្ឋាភិបាលនូវភ្លើងខៀវដែលគេអាចធ្វើអ្វីៗទៅបាន"
អង្គការលីកាដូរិះគន់យ៉ាងខ្លាំងលើដំណាក់ការទីមួយមានទឹកប្រាក់១៣លានដុល្លារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានបង្កើតសម្បទានដីសង្គមកិច្ច៨កន្លែងសម្រាប់ពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ។ ការស្ទង់នាឆ្នាំ២០១៥ដោយអង្គការនេះបានរកឃើញថា គ្រួសារជាច្រើនបានបោះបង់ចោលទីតាំងរបស់ខ្លួន ដោយសារតែដីគ្មានជីជាតិ ឈ្លោះគ្នាដណ្តើមកម្មសិទ្ធិ និងកង្វះហេដ្ឋារចនាសម្ពន្ធដែលគេសន្យាធ្វើឲ្យ។
ធនាគារពិភពលោកបាននិយាយថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ គឺនឹងពង្រីកទៅដល់១៤សហគមន៍។
សេចក្តីថ្លែងការណ៍បាននិយាយថា "គ្រួសារជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកមុន"។ សេចក្តីថ្លែងការណ៍មិនបាននិយាយថា ហេតុអ្វីបានជាធនាគារពិភពលោកជ្រើសរើសពេលនេះ ដើម្បីចាប់ផ្តើមឲ្យកម្ពុជាខ្ចីឡើងវិញនោះទេ។ អតីតអ្នកភូមិបឹងកក់រាប់រយនាក់និយាយថា ពួកគេមិនទាន់បានទទួលសំណងគ្រប់គ្រាន់ចំពោះការបណ្តេញចេញពីដីធ្លីទេ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាដែលបានហៅការសម្រេចនេះថា "គួរឲ្យអាម៉ាស់"ចំពោះធនាគារនេះ បានមានប្រសាសន៍ថា "ចំពោះអ្នកដែលត្រូវបណ្តេញចេញរួចហើយ គេនៅតែរង់ចាំការគាំទ្រពីធនាគារពិភពលោក"។
លោកបាននិយាយថា "ធនាគារត្រូវតែគោរពការប្តេជ្ញាចិត្តរបស់ខ្លួន"។
អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ដ៏លេចធ្លោ បាននិយាយថា អ្នកស្រីខកចិត្តយ៉ាងខ្លាំងនឹងសេចក្តីសម្រេចរបស់ធនាគារ។ អ្នកស្រីបានសន្យានឹងតវ៉ានៅមុខការិយាល័យធនាគារពិភពលោកក្នុងក្រុងភ្នំពេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែការបំពានការសន្យាដែលអ្នកស្រីនិយាយថា ធនាគារនេះបានសន្យាចំពោះអ្នកដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋានថាមិនឲ្យបន្តការផ្តល់មូលនិធិទេ រហូតទាល់តែពួកគេទទួលបានសំណងពេញជាមុនសិន។
អ្នកស្រី វន្នី បាននិយាយថា "ជាអកុសល វាបង្ហាញឲ្យយើងឃើញថា ធនាគារពិភពលោកគឺមិនខុសគ្នានឹងរដ្ឋាភិបាលទេ ពីព្រោះខ្លួនតែងតែបំពានការសន្យារបស់ខ្លួនដែលធ្វើឡើងចំពោះសហគមន៍ដែលប៉ះពាល់។ ធនាគារនេះគ្រាន់តែគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនសំខាន់ជាងពលរដ្ឋដែលប៉ះពាល់ទៅទៀត"។
ទោះជាយ៉ាងនេះក្តី ធនាគារពិភពលោកបាននិយាយក្នុងសារអ៊ីម៉េលយប់ថ្ងៃសុក្រថា មានវឌ្ឍនភាពបានធ្វើឡើង ដើម្បីធានាថាគ្រួសារទាំងអស់នៅក្នុងតំបន់នោះគឺទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលនាំឲ្យមានការសម្រេចចិត្តទាក់ទងឡើងវិញជាមួយកម្ពុជា។
ធនាគារបាននិយាយថា "ចំនួនភាគច្រើននៃគ្រួសារនៅសេសសល់ដែលមានសិទ្ធិនៅក្នុងតំបន់បឹងកក់ គឺឥឡូវនេះចរចានិងបានទទួលបណ្ណកម្មសិទ្ធិពីសាលាក្រុងភ្នំពេញ (ការចរចាកំពុងតែបន្តធ្វើក្នុងករណីមួយចំនួន) ចំណែកឯអតីតអ្នកភូមិដែលមានសិទ្ធិផ្សេងទៀតបានជ្រើសរើសយក ហើយបានទទួលប្រាក់ ឬសំណងជាផ្ទះ។ យើងសូមស្វាគមន៍ចំពោះវឌ្ឍនភាពនេះ"៕ (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)
កំពង់ផែស្វយ័តភ្នំពេញ ទទួលបានភ្លើងខៀវក្នុងការចុះបញ្ចីក្នុងទីផ្សារមូលបត្រ
គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់ការអនុញ្ញាតយល់ព្រមជាលើកដំបូងដល់កំពង់ផែស្វយ័តកម្ពុជាក្នុងការលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO) នៅក្នុងទីផ្សារមូលបត្រថ្មោងថ្មីរបស់កម្ពុជា ដែលក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋនេះរំពឹងថា នឹងចូលរួមក្នុងដើមខែធ្នូ។
បើយោគជ័យ កំពង់ផែនេះនឹងក្លាយជាក្រុមហ៊ុនទី៣ហើយ ដែលចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រដែលបើកដំណើរការបានរយៈពេលបីឆ្នាំកន្លះមកហើយ។
ការអនុញ្ញាតយល់ព្រមរបស់គណៈកម្មការមូលបត្រកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី៧ ខែតុលា មានន័យថា ក្រុមហ៊ុននេះអាចចាប់ផ្តើមកត់ត្រាពីតម្រូវការអតិថិជនរបស់ខ្លួនដែលចង់ទិញភាគហ៊ុន ដើម្បីកំណត់ចំនួនភាគហ៊ុនឲ្យបានជាក់លាក់សម្រាប់លក់នៅលើទីផ្សារភាគហ៊ុន និងតម្លៃដំបូង។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការនេះមានខ្លឹមសារដូច្នេះថា " មានការរៀបចំកិច្ចប្រជុំមួយដើម្បីអនុញ្ញាតជាគោលការណ៍នូវសំណើសុំលក់ភាគហ៊ុនជាសាធារណៈរបស់កំពង់ផែស្វយ័ត បន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធ ការផ្តល់មតិយោបល់ និងរបាយការណ៍ផ្លូវការ"។
លោក ហ៊ី បាវី ប្រធានកំពង់ផែនេះបានលើកឡើងថា ការកត់ត្រាពីតម្រូវការរបស់អតិថិជនដែលចង់ទិញភាគហ៊ុនអាចធ្វើឡើងចន្លោះពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា...
តម្លៃជ័រកៅស៊ូកម្ពុជាកើនឡើង ខណៈការផ្គត់ផ្គង់ទៅកាន់ពិភពលោកមានការធ្លាក់ចុះ
ក្រុមមន្ត្រី និងអ្នកផ្គត់ផ្គង់ជ័រកៅស៊ូបានឲ្យដឹងកាលពីម្សិលមិញថា តម្លៃជ័រកៅស៊ូធម្មជាតិកម្ពុជាបានកើនឡើងប្រហែល២០ភាគរយកាលពីខែមុន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារអ្នកផ្គត់ផ្គង់ធំៗលើពិភពលោកកាត់បន្ថយការផ្គត់ផ្គង់របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។
លោក ប៉ុល សុខា ប្រធាននាយកដ្ឋានកៅស៊ូនៅក្រសួងកសិកម្មបានមានប្រសាសន៍ថា "តម្លៃបានឡើងថ្លៃដោយសារអ្នកផ្គត់ផ្គង់ធំៗនៅទូទាំងពិភពលោកបានចាត់វិធានការទប់ទល់នឹងការធ្លាក់ថ្លៃនៅក្នុងទីផ្សារពិភពលោកជាពិសេសប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី"។
លោក សុខា បានលើកឡើងទៀតថា ប្រទេសទាំងនោះបានផ្តល់ឧបត្ថម្ភធនដល់កសិករដាំកៅស៊ូរបស់ខ្លួនជាផ្នែកនៃកម្មវិធីមួយដើម្បីកាត់បន្ថយការដាំកៅស៊ូ ក្នុងគោលបំណងកាត់បន្ថយការផ្គត់ផ្គង់ និងដើម្បីធ្វើឲ្យតម្លៃជ័រកៅស៊ូឡើងថ្លៃឡើងវិញ។
លោក ហេង ស្រេង នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញកៅស៊ូក្នុងស្រុក Long Sreng International Co.Ltd., បានលើកឡើងថា តម្លៃនាំចេញបានកើនឡើងពី១.៣៥០ដុល្លារក្នុង១តោនកាលពីខែឧសភាឆ្នាំ២០១៤ ដល់១.៦៥០ដុល្លារក្នុង១តោនកាលពីខែមុន។
លោក ជា សាយីម ប្រធានសមាគមអភិវឌ្ឍន៍ជ័រកៅស៊ូគ្រួសារមេម៉ត់នៅក្នុងខេត្តត្បូងឃ្មុំបានលើកឡើងថា តម្លៃជ័រកៅស៊ូក្រាស់ក៏កើនឡើងចាប់ពី៦០០រៀលក្នុងមួយគីឡូក្រាម កាលពីខែឧសភាឆ្នាំ២០១៤ដល់២.៥០០រៀលក្នុងមួយគីឡូក្រាម កាលពីខែមុនផងដែរ។
លោកបានមានប្រសាសន៍ថា "ឥឡូវនេះពួកគាត់ អាចជួលកម្មករខ្លះៗឲ្យត្រឡប់មកធ្វើការនៅចម្ការរបស់ពួកគេវិញបានហើយ ព្រោះតម្លៃបានឡើងថ្លៃវិញហើយ"៕ស៊ុយឈាង
វិនិយោគផ្ទាល់ពីបរទេសគ្មានការកើនឡើងកាលពីឆ្នាំមុន
ក្រោយជំនួបជាមួយគណៈកម្មការបរិស្ថាន និងអភិវឌ្ឍន៍ជនបទនៃរដ្ឋសភាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា ប្រទេសកម្ពុជាទទួលបានវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ៤ពាន់លានដុល្លារកាលពីឆ្នាំមុន ពោលគឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៣។
លោក សុខចិន្តា សោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋសភាក្រោយជំនួបបិទទ្វារថា បណ្តាវិនិយោគិនចិនបានបោះទុនច្រើនជាងគេបំផុតកាលពីឆ្នាំមុន បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន។
លោកបានក្រើនរំឭកថា ការចូលរបស់កម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅដំណាច់ឆ្នាំនេះ នឹងបង្កើនការប្រកួតប្រជែងដណ្តើមយកវិនិយោគទុនបរទេស។
លោកបានមានប្រសាសន៍ទៀតថា "គ្រប់ប្រទេសទាំងអស់នៅក្នុងអាស៊ានចង់ទាក់ទាញការវិនិយោគឲ្យបានកាត់តែច្រើនពីប្រទេសផ្សេងៗ ហើយមានកត្តាជាច្រើនដែលអាចទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិន រួមមានប្រាក់ឈ្នួលអប្បបរមា តម្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន ការជួលដី ។ល។"។
ទោះជាយ៉ាងណា លោក ប៉ុល ហំម តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការបរិស្ថាននៃរដ្ឋសភា បានថ្លែងទៅកាន់អ្នកយកព័ត៌មានថា ពេលខ្លះគម្រោងវិនិយោគបរទេសបានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា "ឧទាហរណ៍ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង អាចទទួលបានការងារធ្វើនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ានហាតាន ក្នុងក្រុងបាវិត ប៉ុន្តែ ក្រុមហ៊ុន7NG បានធ្វើផ្លូវកាត់ដីរបស់ប្រជាពលរដ្ឋ"៕សុខុម
កំណើននាំចេញសម្លៀកបំពាក់បង្អង់ល្បឿននៅក្នុងឆ្នាំ២០១៤
ការនាំចេញសម្លៀកបំពាក់របស់ប្រទេសកម្ពុជា បានកើនឡើងប្រមាណ៤ភាគរយនៅក្នុងឆ្នាំ២០១៤ដល់៥,៧៥ពាន់លានដុល្លារ ពោលគឺតិចជាងឆ្ងាយណាស់បើប្រៀបធៀបនឹងការកើនឡើង២០ភាគរយនៅក្នុងការនាំចេញសម្លៀកបំពាក់កាលពីឆ្នាំ២០១៣ ប៉ុន្តែវាផ្ទុយពីការព្យាករប្រកបដោយទុទិដ្ឋិនិយមបំផុតដែលរំពឹងថា ការនាំចេញប្រាកដជានឹងធ្លាក់ចុះ។
ការបង្អង់ល្បឿននៅក្នុងកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជា អមជាមួយវិស័យកសិកម្ម វិស័យសំណង់ និងវិស័យទេសចរណ៍
ប្រហែលជាមានផលប៉ះពាល់ខ្លាំងលើកំណើនសរុប។ ឧស្សាហកម្មនេះផ្តល់ការងារដល់កម្មករប្រមាណ៦០០.០០០នាក់ ដោយស្មើនឹង៨០ភាគយនៃការនាំចេញសរុបរបស់កម្ពុជា និងរួមចំណែកមួយភាគបីនៃផលិតផលក្នុងស្រុកសរុប (GDP)។
តួលេខថ្មីបានពីនាយកដ្ឋានត្រួតពិនិត្យការនាំចូលនាំចេញនៃក្រសួងពាណិជ្ជកម្មនេះ មិនបានបែងចែកការនាំចេញដាច់ពីគ្នាតាមគោលដៅទេ។ តែទោះជាយ៉ាងណា សម្លៀកបំពាក់ភាគច្រើនដែលកម្ពុជា នាំចេញទៅបរទេស គឺឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប។
តួលេខនាំចេញប្រចាំត្រីមាសបានបង្ហាញពីកំណើនរឹងមាំកាលពីឆ្នាំមុន ប៉ុន្តែបានបង្អង់ល្បឿនបន្តិចម្តងៗ នៅពេលផលប៉ះពាល់នៃការធ្លាក់ចុះការបញ្ជាទិញពីក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិបានចាប់ផ្តើមប៉ះពាល់ដល់រោងចក្រ។ អ្នកទិញជាច្រើនបានចាប់ផ្តើមកាត់បន្ថយការបញ្ជាទិញរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ក្រោយពីកម្មករបានធ្វើកូដកម្មយ៉ាងច្រើនមិនធ្លាប់មានជុំវិញប្រាក់ខែ អត្ថប្រយោជន៍ និងការរំលោភការងារកាលពីឆ្នាំ២០១៣។
ស្ថានភាពចលាចលនេះបានកើតមានឡើងកាលពីខែធ្នូឆ្នាំ០១៣ នៅពេលក្រសួងការងារបានច្រានចោលការទាមទារប្រាក់ខែគោលរបស់សហជីព និងឈានដល់ការបញ្ចប់ដោយបង្ហូរឈាមនៅខែ បន្ទាប់ក្រោយពីកងរាជអាវុធហត្ថបានបាញ់ប្រហារទៅលើក្រុមកម្មករដែលកំពុងធ្វើការតវ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់បាត់បង់ជីវិត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួលេខថ្មីនេះទេ ពីព្រោះលោកមិនទាន់បានឃើញ។ លោកបានបង្វែរសំណួរទៅលោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលមិនអាចទាក់ទងបាន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានព្យាករថា ការនាំចេញសរុបនឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០១៤។ លោក កែន លូ អគ្គលេខាធិការសមាគមនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួលេខថ្មីបំផុតបានពីនាយកដ្ឋានត្រួតពិនិត្យការនាំចូលនាំចេញនេះទេ ដោយលោកសុខចិត្តរង់ចាំតួលេខដំណាច់ឆ្នាំពីនាយកដ្ឋានមួយទៀតនៅក្រសួងពាណិជ្ជកម្មដែលលោករំពឹងថានឹងទទួលបានក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា លោករំពឹងថា តួលេខនឹងកាន់តែអាក្រក់ជាងនេះទៅទៀតនៅឆ្នាំនេះ។ លោកលើកឡើងថា "ខ្ញុំគិតថា នៅក្នុងឆ្នាំ២០១៥ យើងនឹងមើលឃើញកំណើនអវិជ្ជមាន។ សំណួរសួរថា តើមានប៉ុន្មាន"។
ខណៈរោងចក្រជាច្រើនបានបញ្ចេញប្រតិកម្មរួចទៅហើយចំពោះការធ្លាក់ចុះការបញ្ជាទិញតាមរយៈការកាត់បន្ថយវេនធ្វើការបន្ថែមម៉ោង លោក កែន លូ បានមានប្រសាសន៍ថា ការបិទរោងចក្រ និងការផ្អាកការងារកម្មករជាបណ្តោះអាសន្ន ទំនងជានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យនេះត្រឹមខែឧសភា។
ខណៈកូដកម្មបានធ្លាក់ចុះជាងមួយភាគបួននៅក្នុងឆ្នាំ២០១៤តាមការគណនារបស់ GMAC លោក កែន លូ បានមានប្រសាសន៍ថា អ្នកទិញទំនងជាមិនសប្បាយចិត្តប៉ុន្មានទេចំពោះការធ្លាក់ចុះនេះ។ ការដំឡើង២៨ភាគរយលើប្រាក់ខែគោលក្នុងវិស័យកាត់ដេរ ក៏បានចូលជាធរមានដែរកាលពីខែមករា។
លោកមានប្រសាសន៍ថា "យើងនៅតែមើលឃើញកូដកម្មភ្លាមៗមួយរំពេច យើងនៅតែមើលឃើញបាតុកម្មហិង្សា យើងនៅតែត្រូវការការអនុវត្តច្បាប់បន្ថែមទៀត"។
សហជីពនិយាយថា កូដកម្មជាច្រើនក្នុងចំណោមកូដកម្មទាំងនោះដែលរោងចក្រយល់ថា ខុសច្បាប់ តាមពិតបានគោរពច្បាប់ការងារត្រឹមត្រូវ។ សហជីពចោទប្រកាន់និយោជកជាច្រើនពាក់ព័ន្ធនឹងការបណ្ដេញតំណាងរបស់ខ្លួនចេញដោយសារតែសកម្មភាពសហជីពស្របច្បាប់ ហើយចោទពួកគេថាបានឃុបឃិតជាមួយរដ្ឋាភិបាលដើម្បីរារាំងការដាក់ពាក្យសុំបង្កើតសាខារបស់ខ្លួន៕សុខុម
សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាប្រហែលជាត្រូវការដើមទុនពីធនាគារ និងរដ្ឋាភិបាល
សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា មានគម្រោងខ្ចីដើមទុនយ៉ាងហោចណាស់៤០០.០០០ដុល្លារសម្រាប់យុទ្ធនាការទីផ្សារអន្តរជាតិ ប្រសិនបើខ្លួនប្រមូលប្រាក់មិនបានចំនួន៧៧៧.០០០ដុល្លារតាមការគ្រោងទុកសម្រាប់គម្រោងនេះតាមរយៈការដាក់តម្លៃនាំចេញលើសមាជិករបស់ខ្លួនទេនោះ នេះបើយោងតាមប្រធានសហព័ន្ធនេះបានលើកឡើងកាលពីថ្ងៃសុក្រ នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា។
កាលពីថ្ងៃច័ន្ទ សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា បានបោះឆ្នោតតម្រូវឲ្យសមាជិករបស់ខ្លួនបង់ថ្លៃនាំចេញ០,៥០ដុល្លារសម្រាប់អង្ករសគ្រាប់វែងមួយតោន និងមួយដុល្លារសម្រាប់អង្ករក្រអូបមួយតោនដើម្បីប្រមូលមូលនិធិសម្រាប់ណែនាំអប់រំដល់ប្រជាកសិករនៅក្នុងប្រទេស និងធ្វើយុទ្ធនាការទីផ្សារអង្ករកម្ពុជានៅបរទេស។
ប៉ុន្តែ កាលពីថ្ងៃសុក្រ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា ហាក់ដូចជាមានមន្ទិលថា សហព័ន្ធនេះប្រហែលជាមិនអាចប្រមូលប្រាក់គ្រប់ទេតាមរយៈតម្លៃនាំចេញតែមួយមុខ។ លោកមានប្រសាសន៍ថា "ចំនួនប្រាក់ដែលយើងរំពឹងទទួលបានពីប្រភពនេះ មានត្រឹមប្រហែល៣០០.០០០ដុល្លារប៉ុណ្ណោះបើផ្អែកលើតួលេខនាំចេញអង្ករដែលយើងមាន"។
កាលពីឆ្នាំមុន ការនាំចេញអង្ករបានឡើងដល់៣៨៧.០៦១តោន។លោក សុខ ពុទ្ធីវុធ បានមានប្រសាសន៍ថា សហព័ន្ធប្រហែលជាត្រូវងាកទៅពឹងធនាគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ឬរដ្ឋាភិបាល ដើម្បីចេញថ្លៃចំណាយនេះ ឬប្រហែលជាអាចងាកទៅពឹងបរទេសទៀតផង។
លោកបានលើកឡើងបន្តថា "យើងនឹងខ្ចីប្រាក់នេះ។ ខ្ញុំគិតថា មានប្រភពមូលនិធិបីរួមមានទី១ឥណទាននៅក្នុងប្រទេសដូចជាធនាគារពាណិជ្ជកម្ម ធនាគារ RDB និងក្រសួងហិរញ្ញវត្ថុ ហើយទី២ ឥណទានក្រៅប្រទេសរួមមានអង្គការធំៗជាដើម។ ទី៣គឺការវិនិយោគរួមរវាងក្រុមហ៊ុនក្នុងស្រុក និងបរទេស។ នេះក៏ជាប្រភពមូលនិធិមួយដែរ"។
នៅក្នុងសន្និសីទកាលពីថ្ងៃសុក្រដដែលនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម នឹងខ្ចីឥណទានចំនួន៣០០លានដុល្លារពីប្រទេសចិន ដើម្បីសាងសង់ឃ្លាំង និងឡចំនួន៤០សម្រាប់កសិករសម្ងួតស្រូវរបស់ពួកគាត់។
លោកបានមានប្រសាសន៍ថា "យើងនឹងចុះហត្ថលេខា ជាមួយធនាគារ China Exim Bank នៅពេលឆាប់ៗ ជាមួយថ្នាក់ដឹកនាំមកពីក្រសួងហិរញ្ញវត្ថុ"។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ចំណាត់ការនេះនឹងជួយបញ្ចៀសរំហូរស្រូវចេញទៅប្រទេសជិតខាងដូចជា ថៃ និងវៀតណាមជាដើម។
កង្វះទុនឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាបានធ្វើឲ្យកសិករគ្មានលទ្ធភាពកែច្នៃអង្កររបស់ខ្លួននៅក្នុងប្រទេសសម្រាប់ការនាំចេញជាយូរមកហើយ មានន័យថា ពួកគាត់បាត់បង់តម្លៃបន្ថែមលើដំណាំស្រូវរបស់ពួកគាត់ ហើយជាញឹកញាប់ពួកគាត់បានរងសម្ពាធពីឈ្មួញបរទេសឲ្យទទួលយកតម្លៃថោក៕សុខុម
សហព័ន្ធស្រូវអង្ករកម្ពុជាបោះឆ្នោតនិងសម្រេចលើតម្លៃនាំចេញ
យោងតាម លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលទើបបង្កើតថ្មីៗបានបោះឆ្នោតកាលពីថ្ងៃច័ន្ទតម្រូវឲ្យសមាជិករបស់ខ្លួនបង់តម្លៃនាំចេញ០,៥ដុល្លារក្នុងអង្ករមួយតោនសម្រាប់អង្ករគ្រាប់វែង និង ១ដុល្លារក្នុងមួយតោនសម្រាប់អង្ករគ្រាប់បាក់ ដើម្បីប្រមូលប្រាក់យកទៅអប់រំកសិករ និងជំរុញទីផ្សារអង្ករខ្មែរនៅបរទេស។
លោកបានមានប្រសាសន៍ថា តម្លៃនេះអនុវត្តចំពោះអង្ករគ្រាប់វែងនិងអង្ករគ្រាប់បាក់។ លោកបានឲ្យដឹងទៀតថា "នៅទីបញ្ចប់ សមាជិករបស់យើងបានសម្រេចលើតម្លៃនេះ។ បន្ទាប់ពីនេះទៅ យើងនឹងរៀបចំផែនការនិងកម្មវិធីផ្សេងៗ"។ លោកបានមានប្រសាសន៍ថា សហព័ន្ធស្រូវអង្ករកម្ពុជាត្រូវការប្រាក់៧៧៧.០០០ដុល្លារដើម្បីអនុវត្ត "ផែនការសកម្មភាព" របស់ខ្លួន ដែលរួមមានទាំងការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ការជំរុញឲ្យមានការជ្រើសរើសពូជស្រូវ...
កំណើនភ្ញៀវទេសចរបង្អង់ល្បឿនមកនៅកម្រិតទាបសម្រាប់រយៈពេលប្រាំឆ្នាំ
យោងតាមតួលេខបឋមដែលក្រសួងទេសចរណ៍បានផ្តល់ឲ្យកាលពីម្សិលមិញ បង្ហាញថាកំណើនភ្ញៀវទេសចរបានបង្អង់ល្បឿនកាលពីឆ្នាំមុនមកនៅកម្រិតទាបបំផុត ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកមក។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរ ដែលមកដល់ប្រទេសកម្ពុជាតាមគ្រប់មធ្យោបាយនៃការធ្វើដំណើរ បានឈានដល់៤,៥លាននាក់កាលពីឆ្នាំមុនដោយកើនឡើងតែ៦,៨ភាគរយប៉ុណ្ណោះពីចំនួន៤,២លាននាក់ក្នុងឆ្នាំ២០១៣។
ប្រទេសកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរប្រចាំឆ្នាំជាមធ្យម១៣,៥ភាគរយចាប់តាំងពីឆ្នាំ២០០៩មក ដែលនៅពេលនោះភ្ញៀវទេសចរបានកើនឡើងតែ១,៧ភាគរយប៉ុណ្ណោះ។
លោក ហូរ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍ក្នុងវិស័យរដ្ឋ និងឯកជន បានមានប្រសាសន៍ថា ឧស្សាហកម្មទេសចរណ៍បានរងផលប៉ះពាល់ខ្លាំងកាលពីដើមឆ្នាំ២០១៤ ដោយសារតែការជាប់គាំងផ្នែកនយោបាយ។
លោកបានមានប្រសាសន៍ទៀតថា "កំណើនយឺតជាងឆ្នាំមុនៗដោយសារតែមានឧបសគ្គមួយចំនួនដូចជាការជាប់គាំងផ្នែកនយោបាយក្រោយពីការបោះឆ្នោតសាកលជាដើម"។ ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា លោករំពឹងទុកថា នៅឆ្នាំនេះនឹងទទួលបានកំណើនប្រហែល១៥ភាគរយ។
កាលពីខែឧសភា មន្ត្រីទេសចរបានជំរុញឲ្យឧស្សាហកម្មបដិសណ្ឋាកិច្ចមួយនេះបង្កើនការខិតខំធ្វើយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរចិន បន្ទាប់ពីចំនួនភ្ញៀវទេសចរធ្លាក់ចុះដោយសារស្ថានភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសថៃ និងបាតុកម្មប្រឆាំងចិននៅក្នុងប្រទេសវៀតណាមកាលពីដើមឆ្នាំ២០១៤។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជាបានមានប្រសាសន៍ថា ថ្វីបើទីផ្សារចិនជាទីផ្សារសំខាន់ដែលក្រុមហ៊ុនអាកាសចរណ៍នានាបានបង្កើនជើងហោះហើរចូលទៅកាន់ប្រទេសនោះក្តី ក៏កម្ពុជាចាំបាច់ត្រូវផ្តោតលើការធានាឲ្យទទួលបានជើងហោះហើរផ្ទាល់ពីប្រទេសផ្សេងៗទៀត ព្រមទាំងផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នានាក្រៅពីប្រាសាទអង្គរវត្តផងដែរ។
លោកបានមានប្រសាសន៍ទៀតថា យើងចង់ឲ្យទេសចរណ៍មិនមែនមកតែពីរយប់ទេ ប៉ុន្តែ យើងចង់ឲ្យពួកគាត់ស្នាក់នៅ១០យប់ ហើយទៅកម្សាន្តកន្លែងផ្សេងៗដូចជាក្រុងព្រះសីហនុ បាត់ដំបង និងកោះរ៉ុងជាដើម។ មានព័ត៌មានមិនគ្រប់គ្រាន់ទេស្តីពីគោលដៅទេសចរណ៍ទាំងនោះ"។
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០១៤ ភ្ញៀវទេសចរវៀតណាមដែលចូលមកទស្សនាមកកម្ពុជា មានចំនួនច្រើនជាងគេបំផុត រហូតដល់ទៅ៨០៣.៥៩១នាក់ ឬស្មើនឹង២០,១ភាគរយនៃភ្ញៀវទេសចរសរុប។
ចំនួនច្រើនបំផុតទី២ គឺភ្ញៀវទេសចរមកពីប្រទេសចិនដែលជាទីផ្សាររីកចម្រើនលឿនបំផុតជាមួយនឹងកំណើន២១,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕សុខុម
ក្រុមហ៊ុនចែកចាយស្រាបៀរមានជម្លោះទាក់ទិននឹងសិទ្ធិលក់ស្រាបៀរហេណឺកេន
ការលក់ចែកចាយជាផ្លូវការនូវស្រាបៀរហេណឺកេន (Heineken) បានបង្កជាជម្លោះរវាងក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ហើយថែមទាំងមានការផ្សាយពាណិជ្ជកម្មពេញទំព័រចុះក្នុងកាសែតក្នុងស្រុកដើម្បីផ្សព្វផ្សាយជម្លោះនេះទៀតផង។
បន្ទាប់ពីក្រុមហ៊ុន អ៊ែតវ៉ូដ (Attwood Import Export, AIE) បានចុះផ្សាយពាណិជ្ជកម្មជាច្រើនលេខនៅខែនេះ អមដោយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលប្រកាសថា ក្រុមហ៊ុនស្រាបៀរកម្ពុជា Cambodia Brewery Ltd. (CBL) បានទទួលសិទ្ធិបន្តពី ក្រុមហ៊ុនAIE ជាអ្នកចែកចាយផ្លូវការក្នុងស្រុកនូវស្រាបៀរហូឡង់នេះហើយនោះ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនកើតទុក្ខមិនសុខចិត្ត ដោយសារគេមិនបានពិភាក្សាជាមួយខ្លួនទាក់ទិននឹងការប្រគល់សិទ្ធិឲ្យនេះ។
ក្រុមហ៊ុននេះបាននិយាយក្នុងសេចក្តីប្រកាសថា "AIE...