សមត្ថកិច្ចបន្ដតាមចាប់ខ្លួនក្រុមចោរ ដែលបានលួចសម្លៀកបំពាក់ចេញពីកុងតឺន័រ សម្រាប់នាំចេញ
អ្នកនាំពាក្យកងរាជអាវុធហត្ថបាននិយាយកាលពីម្សិលមិញថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងតាមរកចាប់ខ្លួនជនល្មើសថែមទៀត ដែលគេសង្ស័យថាស្ថិតក្នុងក្រុមមួយដែលមានការរៀបចំក្នុងការលួចសម្លៀកបំពាក់នៅក្នុងកុងតឺន័រដឹកឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។
កាលពីថ្ងៃសៅរ៍ ទាហានកងយោធពលខេមរភូមិន្ទចំនួនបីនាក់ និងស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន នៅពេលពួកគេកំពុងលួចយកកេសដាក់សម្លៀកបំពាក់ពីកុងតឺន័រ ដាក់ទៅក្នុងរថយន្តពីរគ្រឿងនៅក្នុងខេត្តកំពង់ស្ពឺ។
ឈ្មោះ សុខ ណាវ អាយុ២៧ឆ្នាំ គឹម ឈាង អាយុ២៥ឆ្នាំ សាំង សារស់ អាយុ២៤ឆ្នាំនិងឈ្មោះ ពៅ អូន អាយុ៤១ឆ្នាំ ដែលត្រូវបានជួលឲ្យចាំមើលទំនិញ ដែលលួចបាននោះកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ ពួកគេត្រូវបានគេឃើញកំពុងតែដាក់កេស ដែលភាគច្រើន
ដាក់សុទ្ធតែខោខូវប៊យ និងអាវយឺត ដែលដឹកទៅសហរដ្ឋអាមេរិក និងមានតម្លៃប្រមាណ១០០.០០០ដុល្លារ។
លោក វរសេនីយ៍ឯក ខេង ទីតូ...
សកម្មជនប្រឆាំងនឹងការបណ្តេញចេញនាំគ្នាធ្វើពិធីដាក់បណ្ដាសាឲ្យមន្ត្រីតុលាការវិនាសអន្តរាយ
កាលពីម្សិលមិញ ប្រជាពលរដ្ឋចំនួនប្រហែល៥០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា និងមកពីសហគមន៍ថ្មគោល រាជធានីភ្នំពេញបានប្រមូលផ្តុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពញ ដើម្បីធ្វើពិធីបាចអំបិល និងម្ទេសដាក់បណ្ដាសាមន្ត្រីតុលាការ ដែលពួកគាត់យល់ថា បានផ្តន្ទាទោសអ្នកស្រី យ៉ម បុប្ផា សកម្មជនប្រឆាំងនឹងការបណ្ដេញចេញនៅសហគមន៍បឹងកក់ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំកាលពីសប្តាហ៍មុន។
អ្នកស្រី យ៉ម បុប្ផា អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋ និងជាសកម្មជនដ៏ល្បីនៅសហគមន៍បឹងកក់ត្រូវបានសាលាដំបូងកាត់ឲ្យជាប់ទោសកាលពីថ្ងៃព្រហស្បតិ៍ពីបទវាយដំអ្នករត់រ៉ឺម៉កម៉ូតូពីរនាក់ កាលពីខែសីហា។ ប្តីរបស់អ្នកស្រីគឺលោក លួស សាខន ក៏ត្រូវបានតុលាការកាត់ឲ្យជាប់ទោសផងដែរ ប៉ុន្តែ ត្រូវបានព្យួរទោសរយៈពេលបីឆ្នាំ។
មេធាវីរបស់អ្នកស្រី យ៉ម បុប្ផា បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា លោកនឹងប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការនេះ ដែលក្រុមអង្គការសិទិ្ធមនុស្សនានាបានហៅការសម្រេចនេះថា ជាការប៉ុនប៉ងដើម្បីបំភិតបំភ័យក្រុមអ្នកតវ៉ា។
កាលពីម្សិលមិញ នៅប្រហែលម៉ោង៩ព្រឹក ក្រុមអ្នកគាំទ្រអ្នកស្រី យ៉ម បុប្ផា បានបាច
អំបិល និងម្ទេស...
អ្នកបើកបរស្រវឹងស្រាបើករថយន្តបុកក្មេងស្លាប់បួននាក់ និងរងរបួសប្រាំនាក់នៅក្នុងខេត្តសៀមរាប
នគរបាលបានឲ្យដឹងថា កុមារបួននាក់ត្រូវបានរថយន្តបុកស្លាប់ និងកុមារប្រាំនាក់ទៀតរងរបួសកាលពីយប់ថ្ងៃអាទិត្យ ពេលដែលអ្នកបើកបរស្រវឹងស្រាម្នាក់បើករថយន្តទៅបុកពួកគេ ខណៈពេលពួកគេដើរតាមផ្លូវ នៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។
លោក ញៀ ភី អធិការរងនគរបាលស្រុកវ៉ារិន បានមានប្រសាសន៍ថា អ្នកបើករថយន្តដែលស្រវឹងស្រានោះបានបើកបុកក្មេងៗ ដែលមានអាយុចន្លោះពី១០ឆ្នាំទៅ១៤ឆ្នាំ ពេលដែលពួកគេកំពុងដើរទៅផ្ទះនៅម៉ោងប្រហែល១០យប់។
នគរបាលបានចាប់ខ្លួនអ្នកបើករថយន្តឈ្មោះ ម៉េង ប៊ុនធាង អាយុ៣០ឆ្នាំដែលបានអះអាងថា ខ្លួនមិនបានឃើញក្មេងៗដើរនៅតាមចិញ្ចើមផ្លូវពេលយប់ងងឹតនោះទេ។
ក្នុងឧបទ្ទវហេតុមួយទៀតនៅក្នុងខេត្តកំពង់ធំឯណោះវិញ បុរសអាយុ៤៧ឆ្នាំម្នាក់បានស្លាប់នៅយប់ថ្ងៃអាទិត្យ ពេលដែលរថ យន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិ មុនី បានបុកម៉ូតូរបស់គាត់ ក្នុងស្រុកបារាយណ៍ខណៈដែលរថយន្ដនោះព្យាយាម វ៉ាម៉ូតូនេះ។
លោក សាន តាល អធិការស្រុកបារាយណ៍ថ្លែងថា “ រថយន្តទេសចរណ៍នេះបានកិនចំក្បាលរបស់គាត់ធ្វើឲ្យគាត់ស្លាប់ភ្លាមតែម្តង”។
លោកបន្ថែមថា អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្ទាប់ពីឧបទ្ទវហេតុនេះ។
ក្រមហ៊ុន រិទ្ធិ មុនី និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុនផារា៉មោ៉នអង្គរ បានជាប់ពាក់ព័ន្ធនឹងគ្រោះ
ថ្នាក់ប្រាំពីរលើកដែលក្នុងនោះមានមនុស្សស្លាប់ប្រាំពីរនាក់...
មេព្រហ្មទណ្ឌក្រុងបាវិតត្រូវក្រសួងហៅមកសួរពីបទបាញ់កម្មការិនី
ក្រសួងមហាផ្ទៃបានសាកសួរមន្ត្រីនគរបាលក្រុងបាវិតមួយរូបកាលពីម្សិលមិញ
ជុំវិញការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងករណីបាញ់ប្រហារនៅតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងដែលបានធ្វើឲ្យស្ត្រីបីនាក់រងរបួសធ្ងន់ នេះបើតាមការលើកឡើងពីមន្ត្រីនគរបាលរូបនេះ។
ការបាញ់ប្រហារមនុស្សបីនាក់នេះបានកើតឡើងកាលពីថ្ងៃទី២០ខែកុម្ភៈ បន្ទាប់
ពីការតវ៉ារបស់កម្មករកម្មការិនីនៅខាងក្រៅរោងចក្រផលិតស្បែកជើងឲ្យក្រុមហ៊ុនសម្លៀកបំពាក់កីឡាពូម៉ា របស់អាល្លឺម៉ង់បានប្រែក្លាយជាហិង្សា។សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរាយការណ៍ថា លោក ឈូក បណ្ឌិត ដែលពេលនោះជាអភិបាលក្រុងបាវិត បានបាញ់ទៅលើបាតុករមួយក្រុមនៅខាងមុខរោងចក្រផលិតស្បែកជើងកៅវ៉េ ជាអង្គហេតុមួយដែលក្រោយមកក្រសួងមហាផ្ទៃបានទាមទារឲ្យមានការស៊ើបអង្កេត។
តែទោះជាយ៉ាងណា សាលាដំបូងខេត្តស្វាយរៀង បានដកការចោទប្រកាន់ទាំងអស់លើលោក ឈូក បណ្ឌិត កាលពីដើមខែនេះ រីឯលោក ស ចន្ថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងបាវិត ត្រូវបានចោទប្រកាន់ពីបទ "បង្ករបួសស្នាមដោយអចេតនា" ថ្វីបើលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសជាសាធារណៈកាលពីខែមីនាថាលោក ឈូក បណ្ឌិត គឺជាជនសង្ស័យតែម្នាក់គត់ក្នុងករណីបាញ់ប្រហារនេះក្តី។
លោក ស ចន្ថា បានបដិសេធម្តងហើយម្តងទៀតថា លោកមិនបានជាប់ពាក់ព័ន្ធទេ។យោងតាមលោក ស ចន្ថា បានឲ្យដឹងថា មន្ត្រីក្រសួងមហាផ្ទៃ បានទូរស័ព្ទហៅលោកទៅសាកសួរកាលពីម្សិលមិញ ដើម្បីបញ្ជាក់ថា ហេតុអ្វីបានជាសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់លោក។
លោក ស ចន្ថា មានប្រសាសន៍ថា "មូលហេតុដែលក្រសួងមហាផ្ទៃទូរស័ព្ទហៅខ្ញុំទៅសាកសួរ គឺដោយសារតែពួកគេមិនជឿថា វាជាការពិតទាក់ទិននឹងបទចោទប្រកាន់ខ្ញុំ"។
លោកបានបន្តថា លោក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃជាអ្នកសាកសួរលោក។
លោក ស ចន្ថា មានប្រសាសន៍ថា "ក្រសួងមហាផ្ទៃបានសាកសួរខ្ញុំថា តើខ្ញុំបានធ្វើអ្វីខ្លះ ហើយខ្ញុំនៅឯណាអំឡុងពេលមានការបាញ់ប្រហារកាលពីខែកុម្ភៈ។ខ្ញុំបានឆ្លើយថា ខ្ញុំមិនពាក់ព័ន្ធក្នុងករណីបាញ់ប្រហារនេះទេ ហើយខ្ញុំមិនបានស្ថិតនៅខាងមុខរោងចក្រកៅវ៉េឡើយ។គឺពេលនោះ ខ្ញុំនៅជិតរោងចក្រសេកូ(Sheiko)។ ខ្ញុំមិនបានកាន់កាំភ្លើងទេនៅថ្ងៃនោះ ពីព្រោះលោកស្នងការខេត្តបានប្រាប់ពួកយើងកុំឲ្យយកទៅតាមខ្លួន"។
លោក ប៉ែន វិបុល និងឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ការសាកសួរលោក ស ចន្ថា កើតមានមួយថ្ងៃបន្ទាប់ពីលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថា លោកបានប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងក្នុងការមិនចោទប្រកាន់លោក ឈូក បណ្ឌិត។
ទោះបីជាលោកកោតសរសើរចំពោះចំណាត់ការនេះក្តី ក៏លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលកំពុងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះទាំងនេះនិងដែលបានសម្ភាសសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះ បានមានប្រសាសន៍ថា ការបន្តមានសេរីភាពរបស់លោក ឈូក បណ្ឌិត គឺជាការគំរាមកំហែងចំពោះសាក្សីណាដែលអាចឡើងផ្តល់សក្ខីកម្មដាក់បន្ទុកលោក។
លោក មឿន តុលា បានមានប្រសាសន៍ថា "មានដំណើរការមិនត្រឹមត្រូវជាច្រើននៅក្នុងសំណុំរឿងនេះ។យើងស្វាគមន៍ ប្រសិនបើអគ្គព្រះរាជអាជ្ញារូបនេះសម្រេចចាត់ការសំណុំរឿងនេះបន្ត និងចង់នាំខ្លួនលោក ឈូក បណ្ឌិត ឡើងសវនាការនោះ។ប៉ុន្តែពេលនេះគាត់នៅមានសេរីភាពនៅឡើយ ហើយសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក សុទ្ធតែភ័យខ្លាចក្នុងការផ្តល់សក្ខីកម្មដល់តុលាការ"៕
ប្រែសម្រួលដោយ តែម សុខុម
កម្មកររោងចក្រកាត់ដេរជួបជុំគ្នានៅសួនសេរីភាពក្នុងរាជធានីភ្នំពេញដើម្បីតវ៉ាទាមទារប្រាក់ខែខ្ពស់ជាងមុន
កាលពីម្សិលមិញកម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណជាង២០០នាក់បានជួបជុំគ្នានៅសួនសេរីភាពដើម្បីតវ៉ាសុំដំឡើងប្រាក់ខែ មុនពេលដង្ហែក្បួនឆ្ពោះទៅសួនមុខវត្តបទុម និងរដ្ឋសភា។
លោករ៉ុងឈុនប្រធានសម្ពន្ធសហជីពកម្ពុជាដែលដឹកនាំការតវ៉ានេះបានមានប្រសាសន៍ថាកម្មកររោងចក្រកាត់ដេរមកពីរោងចក្រចំនួនបីគឺ រោងចក្រខេមបូហែនសាំ(Cambo Handsome) រោងចក្របេសវ័ន (Best One) និងរោងចក្រយ៉ាងហ្វុង (Yang Fong) បានស្នើសុំប្រាក់ខែ១៥០ដុល្លារជំនួសប្រាក់ខែបច្ចុប្បន្នដែលបានត្រឹមតែ៦១ដុល្លារនោះ។
លោករ៉ុងឈុនបានមានប្រសាសន៍ថា “ថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះដើម្បីទាមទារប្រាក់ខែសម្រាប់កម្មករឲ្យបានខ្ពស់ជាងមុនព្រោះប្រាក់ខែ៦១ដុល្លារមិនអាចធ្វើឲ្យកម្មកររស់បានសមរម្យទេ”។ លោកបានបន្ថែមថា រោងចក្រមិនអើពេើចំពោះញត្ដិដែលយើងបានដាក់ជូនទេ”។
អ្នកស្រី ស៊ាងសុភាអាយុ៣៦ឆ្នាំកម្មការិនីមកពីរោងចក្រយ៉ាងហ្វុង បាននិយាយថា “យើងត្រូវការប្រាក់ខែសមរម្យ គឺចំនួន១៥០ដុល្លារក្នុងមួយខែព្រោះថាប្រាក់ខែបច្ចុប្បន្ន៦១ដុល្លារមិនគ្រប់សម្រាប់ថ្លៃជួលបន្ទប់ និងថ្លៃអាហារផង ហើយតម្លៃជួលបន្ទប់ និងអាហារឡើងថ្លៃរហូត”។អ្នកស្រីបានបន្ថែមថាអ្នកស្រីខំធ្វើការថែមម៉ោងជាច្រើនម៉ោង ប៉ុន្ដែ ទទួលបានប្រាក់តែ១៤០ដុល្លារប៉ុណ្ណោះ។
ក្រោមការឃ្លាំមើលរបស់មន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលនិងកងរាជអាវុធហត្ថជាង២០០នាក់កម្មករបានដង្ហែឆ្ពោះទៅសួនវត្តបទុមដើម្បីដាក់ញត្ដិស្នើសុំដំឡើងប្រាក់ខែទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី...
ការរំលោភបំពានកម្មករចំណាកស្រុកនិងទូកនេសាទ ត្រូវបានពិភាក្សានៅកិច្ចប្រជុំថៃ-កម្ពុជា
លោក ហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសបានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយកាលពីថ្ងៃសុក្រ បន្ទាប់ពីអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃគណៈកម្មាធិការរួមកម្ពុជា-ថៃក្នុងទីក្រុងបាងកក ដែលក្នុងអំឡុងកិច្ចប្រជំុនោះ លោកបានពិភាក្សាអំពីបញ្ហាកម្មករចំណាកស្រុកខុសច្បាប់ ជាមួយសមភាគីថៃរបស់លោក គឺលោក ស៊ូរ៉ាពង់ តូវិចាកឆៃគល់។
យោងតាមសេចក្តីប្រកាសរួមមួយចេញដោយលោករដ្ឋមន្ត្រីទាំងពីរបានឲ្យដឹងថាលោកទាំងពីរបានព្រមព្រៀងសហការគ្នាដើម្បីកាត់បន្ថយការជួញដូរកម្មករចំណាកស្រុកឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលមួយនៅក្នុងប្រទេសថៃ ជាទីដែលកម្មករចំណាកស្រុកត្រូវគេជួញដូរអាចទទួលជំនួយ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
លោក ណាំហុង ក៏បានថ្លែងអំណរគុណដល់ប្រទេសថៃផងដែរ ចំពោះការចេញអត្តសញ្ញាណប័ណ្ណដល់កម្មករកម្ពុជាប្រមាណ១៦០.០០០នាក់ ដើម្បីឲ្យពួកគេមានឋានៈស្របច្បាប់។ លោក ស៊ូរ៉ាពង់ បានប្រាប់លោកហោណាំហុង ថា រដ្ឋាភិបាលថៃនឹងប្រឹងប្រែងបង្ក្រាបក្រុមហ៊ុនអាហារសមុទ្រដែលជួញដូរ និងរំលោភបំពានកម្មករ។
លោកស៊ូរ៉ាពង់ បន្ថែមថា “ រដ្ឋាភិបាលថៃបានបញ្ជាឲ្យក្រុមហ៊ុនវេចខ្ចប់អាហារសមុទ្រទាំងអស់ឈប់ទិញអាហារសមុទ្រពីក្រុមហ៊ុនទាំងឡាយណាដែលធ្វើទារុណកម្មកម្មករ”នេះបើយោងតាមសេចក្តីប្រកាសនេះ។
នៅឯកិច្ចប្រជុំនោះផងដែរ ប្រទេសកម្ពុជាបានស្នើឲ្យប្រគល់រូបបដិមាខ្មែរចំនួន១១អង្គដែលតាំងនៅក្នុងសារមន្ទីរថៃដែលគេជឿថា ត្រូវបានយកចេញពីប្រទេសកម្ពុជាដោយខុសច្បាប់។ប្រទេសថៃបានយល់ព្រមប្រគល់រូបបដិមានេះវិញបន្ទាប់ពីរដ្ឋាភិបាលរាជធានីភ្នំពេញបញ្ជូនឯកសារបញ្ជាក់អំពីប្រភពដើមរបស់រូបបដិមាមកឲ្យរដ្ឋាភិបាលក្រុងបាងកក៕
ប្រែសម្រួលដោយចេវប៊ុននី
សាលាឧទ្ធរណ៍ច្រានចោលការសម្រេចដកការចោទប្រកាន់លើអតីតអភិបាលក្រុងបាវិត
អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានដាក់បណ្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង ក្នុងការដកការចោទប្រកាន់លើអតីតអភិបាលក្រុងបាវិតដែលជាជនសង្ស័យដ៏សំខាន់ម្នាក់ក្នុងករណីបាញ់កម្មការិនីបីនាក់ឲ្យរងរបួសធ្ងន់។
កាលពីម្សិលមិញលោកអ៊ុកសាវុធអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍មានប្រសាសន៍ថាលោកបានដាក់ពាក្យបណ្តឹងជំទាស់កាលពីថ្ងៃទី២១ខែធ្នូគឺបីថ្ងៃបន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀងបានសម្រេច ដកការចោទប្រកាន់លើលោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិត។កាលពីដំបូងលោកឈូកបណ្ឌិតត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាម “ ដោយអចេតនា” ចំពោះការជាប់ពាក់ព័ន្ធរបស់លោកក្នុងករណីបាញ់ប្រហារអំឡុងការតវ៉ាមួយនៅខាងក្រៅរោងចក្រផលិតស្បែកជើងផ្គត់ផ្គង់ឲ្យក្រុមហ៊ុនពូម៉ាដែលជាក្រុមហ៊ុនផលិតសំលៀកបំពាក់កីឡាប្រទេសអាល្លឺម៉ង់ កាលពីខែកុម្ភៈ។
លោកសាវុធបានមានប្រសាសន៍បន្តថា “ យើងបានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីសាលាដំបូងខេត្តបានសម្រេចដកការចោទប្រកាន់លើករណីបាញ់កម្មការិនីបីនាក់ កាលពីថ្ងៃទី២១ខែធ្នូ ប៉ុន្តែមិនមានអ្នកយកព័ត៌មានណាម្នាក់បានសួរខ្ញុំអំពីករណីនេះទេ”។
លោកមានប្រសាសន៍បន្តថា “ យើងកំពុងយករឿងក្តីរបស់លោក ឈូកបណ្ឌិត មកជំនុំជម្រះក្តី នៅសាលាឧទ្ធរណ៍ដើម្បីស្វែងរកយុត្តិធម៌ឲ្យកម្មការិនីរងគ្រោះទាំងបីនាក់”នោះ ហើយលោកបានបដិសេធមិននិយាយបញ្ជាក់បន្ថែមទៀតទេ។ លោកហឹុងប៊ុនជាព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់កាលពីម្សិលមិញថាសាលាឧទ្ធរណ៍នឹងបន្តជំនុំជម្រះរឿងក្តីលោកឈូកបណ្ឌិត។
លោកប៊ុនជាបានមានប្រសាសន៍បន្តថា “ ក្រឡាបញ្ជីរបស់យើងនឹងផ្ទេរសំណុំរឿងលោកឈូកបណ្ឌិតទៅសាលាឧទ្ធរណ៍នៅថ្ងៃទី២ខែមករាឆ្នាំ២០១៣”។ ការផ្លាស់ប្តូរមកសាលាឧទ្ធរណ៍នេះមិនជាប់ទាក់ទងនឹងពាក្យបណ្តឹងប្តឹងឧទ្ធរណ៍របស់ជនរងគ្រោះទាំងបីនាក់ជំទាស់នឹងសេចក្តីសម្រេចដកការចោទប្រកាន់របស់សាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃទី១៩ខែធ្នូនោះទេ ហើយការសម្រេចនេះបានបណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សនិងអ្នកសង្កេតការណ៍អន្តរជាតិ។
យោងតាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថាលោកឈូកបណ្ឌិតដែលពេលនោះជាអភិបាលក្រុងបាវិតបានបាញ់ទៅលើក្រុមអ្នកតវ៉ាអំឡុងការតវ៉ាមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ហើយបានធ្វើឲ្យកម្មការិនីបីនាក់រងរបួស។លោក ឈូក បណ្ឌិត មិនដែលត្រូវបានចាប់ខ្លួនទេ ហើយជនរងគ្រោះទាំងបីនាក់ ត្រូវបានគេរាយការណ៍ថា មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់ រួមទាំងឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន ផងដែរបានទៅជួបពួកគេហើយបានស្នើសុំឲ្យពួកគេកុំដាក់ពាក្យបណ្តឹងប្តឹងលោក ឈូកបណ្ឌិតជាថ្នូរនឹងប្រាក់ឬ អំណោយ។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា ការដែលអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍កាន់កាប់សំណុំរឿងបន្តគឺជា“ រឿងមិនធម្មតា” ឡើយប៉ុន្តែករណីនេះអាចធ្វើទៅបានដោយសារសំណុំរឿងធំបែបនេះត្រូវតម្រូវឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយលោកបានបញ្ជាក់ថាការសម្រេចរបស់លោកអ៊ុកសាវុធដើម្បីប្តឹងឧទ្ធរណ៍នេះអាចនាំឲ្យមានការស៊ើបអង្កេតករណីនេះឡើងវិញ។
លោកសុកសំអឿនបានមានប្រសាសន៍បន្ថែមថា “ សាលាឧទ្ធរណ៍ប្រហែលជានឹងកោះហៅសាក្សីមកសាកសួរម្តងទៀតដើម្បីស្វែងរកការពិតដោយលោកបន្ថែមថា ការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ដោយសារសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានភ្ជាប់ករណីបាញ់ប្រហារនេះទៅនឹងលោកឈូកបណ្ឌិត។
លោកថ្លែងបន្តថា“ ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឲ្យមានករណីបែបនេះកើតឡើងនោះប្រជាពលរដ្ឋនឹងបាត់បង់ជំនឿលើរដ្ឋាភិបាល ជាពិសេសអំឡុងពេលបោះឆ្នោតហើយសហគមន៍អន្តរជាតិក៏កំពុងតែឃ្លាំមើលករណីនេះផងដែរ។ នេះជាករណីនយោបាយ។យើងដឹងថា លោកឈូកបណ្ឌិតជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ ដូច្នេះហើយបានជាមេដឹកនាំកំពូលៗត្រូវតែយកចិត្តទុកដាក់ នឹងរឿងក្តីនេះ”។
លោកស្រី ស្រីបុត្រចរិយាមេធាវីការពារកម្មការិនីរងគ្រោះទាំងបីនាក់ បានសរសើរសាលាឧទ្ធរណ៍ចំពោះការបន្តរឿងក្តីនេះ។ លោកស្រីបុត្រចរិយា...
ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងបានកើនឡើងដល់៥៩៦លាន
លោក គី ប៊ុងមូន (Ki Bong-moon) អ្នកគ្រប់គ្រងទូទៅរបស់អង្គភាពពាណិជ្ជកម្ម និងវិនិយោគនៅឯមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (Asean-Korea) ដែលជាស្ថានប័នមួយរបស់រដ្ឋាភិបាលឲ្យដឹងតាមអុីម៉េលថា ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០១២នេះមានទំហំទឹកប្រាក់ចំនួន៥៩៦លានដុល្លារ បើធៀបនឹងចំនួន៤២៨លានដុល្លារនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
លោក គី ប៊ុងមូន បានបង្ហាញថា ការកើនឡើងចំនួន៣៩,២ភាគរយគឺខាងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា ដោយក្រណាត់រួមចំណែកច្រើនជាងគេបង្អស់នៃការនាំចូលរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា ហើយផលិតផលសម្លៀកបំពាក់គឺជាការនាំចេញលំដាប់ថ្នាក់ទី១របស់ប្រទេសកម្ពុជាទៅកាន់កូរ៉េខាងត្បូង។
លោកបានឲ្យដឹងដូច្នេះថា “ ក្រុមហ៊ុនកាត់ដេរជាច្រើនរបស់កូរ៉េខាងត្បូង កំពុងបង្កើនវិនិយោគទុនរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា ដោយសារបរិស្ថានពាណិជ្ជកម្មក្នុងប្រទេសចិនកំពុងតែមានការប្រែប្រួល ដូចជាតម្លៃកម្លាំងពលកម្មជាដើម”។
លោកបានបន្តទៀតថា ការនាំចេញច្រើនលំដាប់ថ្នាក់ទី២របស់ប្រទេសកម្ពុជាទៅកូរ៉េខាងត្បូងគឺជ័រកៅស៊ូ ហើយបន្ទាប់មកមានត្រី និងផលិតផលសមុទ្រជាដើម។ លោកបានបន្ថែមទៀតថា ផលិតកម្មកសិកម្មមួយចំនួនរបស់ប្រទេសកម្ពុជា ដូចជា ដំឡូងមី និងដំឡូងជ្វាជាដើមក៏អាចមានការកើនឡើងផងដែរនៅពេលខាងមុខ ដោយសារកង្វះការផ្គត់ផ្គង់ផលិតផលទាំងនេះពីប្រទេសចិន៕
ប្រែសម្រួលដោយ ហួង កុកទៀន
គណបក្សប្រឆាំងស្នើឲ្យមានការកាត់បន្ថយបំណុលថ្មីនៅក្នុងច្បាប់ថវិកាជាតិឆ្នាំ២០១៣
គណបក្ស សម រង្ស៊ី បានស្នើឲ្យសភាជាតិកាត់បន្ថយ៧៥ភាគរយនៃទំហំបំណុលថ្មីដែលរាជរដ្ឋាភិបាលអាចទទួលបាននាឆ្នាំក្រោយ ក្រោមសេចក្តីព្រាងច្បាប់ចុងក្រោយស្តីពីថវិកាជាតិឆ្នាំ២០១៣។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានផ្ញើលិខិតស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានមានប្រសាសន៍ថា បំណុលសាធារណៈនៅក្នុងប្រទេសកម្ពុជា មានទំហំធំរួចស្រាប់ហើយ ពោលគឺមានប្រហែល១០ពាន់លានដុល្លារ ឬ៧៧ភាគរយនៃផលិតផលក្នុងស្រុកសរុប(ជីឌីភី) កាលពីឆ្នាំមុន។ ដើម្បីឲ្យទំហំបំណុលជាតិស្ថិតក្នុងទំហំមួយដែលសមស្របជាងមុន គណបក្ស សម រង្ស៊ី បានឲ្យដឹងថា បំណុលអប្បបរិមាចំនួន២០០លានដុល្លារ គួរតែអនុញ្ញាតឲ្យទទួលបាន នាឆ្នាំក្រោយ ប្រសើរជាង៨០០លានដុល្លារ ដែលត្រូវបានស្នើឡើងនៅក្នុងសេចក្តីព្រាងគម្រោងថវិកានេះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ ចំនួនទឹកប្រាក់នេះច្រើនពេក ដូច្នេះ យើងចង់ឲ្យពួកគេបញ្ចុះចំនួនទឹកប្រាក់នេះ មក២០០លានដុល្លារ ដោយសារតែបំណុលដែលរដ្ឋាភិបាលជំពាក់ប្រទេសផ្សេងៗនោះមានចំនួនច្រើនស្រាប់ហើយ។ ក្នុងអត្រា ៨០ភាគរយ នៃជីឌីភី យើងជឿថា វាមិនចាំបាច់សម្រាប់រដ្ឋាភិបាល ដែលត្រូវបង្កើនចំនួនប្រាក់កម្ចីថ្មីៗទេ”។
សេចក្តីព្រាងគម្រោងថវិកា ដែលបច្បុបន្ន កំពុងរង់ចាំសេចក្តីអនុម័តពីរដ្ឋសភា មានសេចក្តីអំពាវនាវឲ្យរដ្ឋាភិបាលចំណាយជាងបីពាន់លានដុល្លារ ក្នុងឆ្នាំ២០១៣ ដែលជាទំហំចំណាយកើនឡើងពី២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១២។ ដោយសារតែទំហំបំណុលរបស់ប្រទេសកម្ពុជាកើនឡើងជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ សេដ្ឋវិទូ និងអង្គការអន្តរជាតិនានា ដូចជាធនាគារពិភពលោក(WorldBank, WB) និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (InternationalMonetaryFund, IMF) ជាដើម បានក្រើនរំឭកថា ទោះបីជាទំហំបំណុលសាធារណៈ បច្ចុប្បន្ន មានលំនឹងក៏ដោយ នៅតែមានហានិភ័យខ្វះលទ្ធភាពសងក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះដែរ។
ធនាគារពិភពលោក និងអង្គការ IMF បានឲ្យដឹងកាលពីខែកញ្ញាថា កំណើននៃទំហំទឹកប្រាក់កម្ចីរបស់រដ្ឋាភិបាល ក្នុងរយៈពេល១០ឆ្នាំខាងមុខ អាចនឹងកាត់បន្ថយសមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការបញ្ចេញប្រតិកម្មទប់ទល់វិបត្តិសេដ្ឋកិច្ចនានា ដែលអាចកើតឡើងក្នុងពេលអនាគត។ អង្គការទាំងនេះក៏បានឲ្យដឹងថា ការគ្រប់គ្រងមិនត្រឹមត្រូវលើគម្រោងកសាង-ប្រតិបត្តិការ-ផ្ទេរ ដែលមានទ្រង់ទ្រាយធំដូចជា គម្រោងទំនប់វារីអគ្គិសនី ដែលអាចបណ្តាលឲ្យមានការខាតបង់ក្នុងវិស័យវិនិយោគដែលមានទំហំស្មើនឹង៥ភាគរយនៃជីឌីភី ខណៈដែលវិបត្តិប្រព័ន្ធធនាគារអាចជំរុញឲ្យមានការខាតបង់ប្រហែល១០ភាគរយនៃផលិតផលក្នុងស្រុកសរុប។
បំណុលនៅកម្ពុជាត្រូវបានរាយការណ៍ថា មានទំហំខុសៗគ្នា។ ខណៈដែលគណបក្សសម រង្ស៊ី បង្ហាញថា ទំហំបំណុលនៅប្រទេសនេះមាន១០ពាន់លានដុល្លារគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច និងអង្គការអន្តរជាតិនានា បានបង្ហាញតួលេខបំណុលក្នុងចន្លោះពីពីរពាន់លានដុល្លារទៅប្រាំពីរពាន់លានដុល្លារ។ អង្គការ IMF បានព្យាករកាលពីខែកុម្ភៈថា ទំហំបំណុលមាន៣,៩៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១២ ខណៈដែលទីភ្នាក់ងារវាយតម្លៃអន្តរជាតិមូឌី (Moody's) បង្ហាញតួលេខបំណុលថា មាន៥,២ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០១០។
ដោយកាត់បន្ថយទំហំបំណុលសម្រាប់ឆ្នាំ២០១៣ផងដែរ គណបក្ស សម រង្ស៊ី ក៏បានអំពាវឲ្យរដ្ឋាភិបាលអនុវត្តតាមការសន្យាថានឹងដំឡើងប្រាក់ឈ្នួលអប្បបរិមា សម្រាប់មន្ត្រីរាជការ និងបង្កើនប្រាក់ចំណូលសាធារណៈដោយដាក់ចេញនូវអត្រាពន្ធខ្ពស់ ចំពោះអាជីវកម្មកាស៊ីណូ និងម្ចាស់ដីសម្បទានសេដ្ឋកិច្ច។
ឧទាហរណ៍ គណបក្ស សម រង្ស៊ី កំពុងតែស្នើឲ្យមានការដាក់ពន្ធ៥០ភាគរយលើប្រាក់ចំណូលពីកាស៊ីណូប្រហែល៦០កន្លែង ដែលបច្ចុប្បន្ន កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ លោក សុន ឆ័យ បានមានប្រសាសន៍ថា អត្រាពន្ធបែបនេះអាចនឹងនាំឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណូលក្នុងទំហំប្រហែលជា៣០០លានដុល្លារ។ គណបក្ស សម រង្ស៊ី ក៏បានស្នើឲ្យមានការដំឡើងពន្ធពីប្រាំដុល្លារក្នុងមួយហិកតាក្នុងមួយឆ្នាំ ដល់១៧ដុល្លារក្នុងមួយហិកតាក្នុងមួយឆ្នាំ លើដីសម្បទានសេដ្ឋកិច្ច។ លោក សុន ឆ័យ មានប្រសាសន៍ថា ចំណូលពន្ធពី២០០លានដុល្លារ ទៅ ៣០០លានដុល្លារ បន្ថែមទៀត អាចកើនឡើងនៅក្នុងថវិកាដោយសារតែការដំឡើងពន្ធបែបនេះ។
លោកបានថ្លែងបន្តទៀតថា ការបន្ថយអំពើពុករលួយនៅតាមបណ្តាក្រសួងរដ្ឋាភិបាល និងការបង្វិលមូលនិធិទាំងនេះទៅក្នុងថវិកាជាតិក៏នឹងបង្កើនចំនួនទឹកប្រាក់នៅក្នុងថវិកាជាតិ ឲ្យកើនឡើងកាន់តែច្រើនថែមទៀត។
សេដ្ឋវិទូភាគច្រើនបានលើកឡើងថា ទំហំបំណុលរបស់ប្រទេសកម្ពុជា គឺជាទំហំថេរ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រាក់កម្ចីដ៏ច្រើនពីប្រទេសចិនត្រូវបានគេនិយាយថា ត្រូវបានផ្តល់ឲ្យប្រទេសកម្ពុជា ក្នុងអត្រាការប្រាក់ខ្ពស់ជាងម្ចាស់ជំនួយផ្សេងៗទៀតយ៉ាងខ្លាំង ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (AsianDevelopmentBank, ADB) ជាដើម។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា (Cambodian Economic Assoication) បានមានប្រសាសន៍ឲ្យដឹងដូច្នេះថា “ ខ្ញុំយល់ថា តាមការពិត ទំហំបំណុលរបស់ប្រទេសកម្ពុជា មិនមានបញ្ហាទេ។ វាតិចពេក”។ លោក សុផល ក៏បានមានប្រសាសន៍បន្ថែមទៀតថា “ ប្រទេសកម្ពុជាត្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀត ហើយមកដល់ដំណាក់កាលនេះ មិនទាន់មានផ្លូវថ្នល់ ស្ពានឬធនធានថាមពលគ្រប់គ្រាន់នៅឡើយទេដូច្នេះ ហើយពិតជាត្រូវការមូលធនច្រើនទៀត ដើម្បីយកមកប្រើប្រាស់ក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះ”ឲ្យបានកាន់តែច្រើនឡើង។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជារូបនេះក៏បានលើកឡើងបន្តទៀតថា “ ទាក់ទងនឹងប្រាក់កម្ចីពីប្រទេសចិន គួរតែមានតម្លាភាពច្រើនជាងមុន ពីព្រោះយើងត្រូវការដឹងលម្អិតបន្ថែមទៀតថា តើប្រាក់ចំនួនប៉ុន្មានដែលកំពុងត្រូវបានខ្ចី និងត្រូវការដឹងអំពីគុណភាព លក្ខខណ្ឌ និងប្រសិទ្ធផល ព្រមទាំងការប្រើប្រាស់ប្រាក់កម្ចីទាំងនេះ”។
ក្នុងអត្រាការប្រាក់ជាមធ្យម២ភាគរយក្នុងមួយឆ្នាំ ប្រទេសចិនបានផ្តល់អត្រាការប្រាក់មិនអនុគ្រោះបំផុត លើប្រាក់កម្ចីដែលខ្លួនបានផ្តល់ឲ្យប្រទេសកម្ពុជា បើធៀបនឹងម្ចាស់ជំនួយសំខាន់ៗផ្សេងៗទៀតដែលបានផ្តល់ប្រាក់កម្ចីដល់ប្រទេសនេះដែរនោះ។ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ បានគិតអត្រាការប្រាក់ជាមធ្យម១,២៣ភាគរយលើប្រាក់កម្ចីរបស់ខ្លួន ខណៈដែលប្រទេសកូរ៉េខាងត្បូង សហភាពអឺរ៉ុប ហៅកាត់ថា EU និងប្រទេសជប៉ុន សុទ្ធតែផ្តល់ប្រាក់កម្ចីដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងអត្រាការប្រាក់០,៥ភាគរយ ឬក៏ក្រោមនេះ។
កាលពីខែកញ្ញានាឆ្នាំនេះលោក វេនជាប៉ាវ (WenJiabao) នាយករដ្ឋមន្ត្រីនៃសាធារ ណរដ្ឋប្រជាមានិតចិន បានប្រកាសកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីមិនមានលក្ខខណ្ឌជាក់លាក់ចំនួនជាង៥០០លានដុល្លារ អំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ហើយកាលពីខែកុម្ភៈ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន៣០២លានដុល្លារសម្រាប់រយៈពេលបីឆ្នាំជាមួយធនាគារ អុិចផត-អុីមផត
ប៊េង អហ្វ ឆាយណា (Export-Import Bank of China) ដើម្បីយកមកអភិវឌ្ឍគម្រោងប្រព័ន្ធធារាសាស្ត្រនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាក៏ទទួលបានប្រាក់កម្ចីឥតការប្រាក់ចំនួន១,២ពាន់លានដុល្លារ ពីប្រទេសចិន នៅដំណាច់ឆ្នាំ២០០៩ផងដែរ៕
ប្រែសម្រួលដោយ កង សុធា
ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញម្នាក់ ត្រូវបានចាប់ខ្លួន
មន្ត្រីតុលាការ និងមន្ត្រីនគរបាលបាននិយាយថា សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានចោទប្រកាន់ក្រឡាបញ្ជីរបស់ខ្លួនម្នាក់ពីបទរំលោភសេចក្តីទុកចិត្ត បន្ទាប់ពីបានទទួលយកប្រាក់ចំនួន២៥០.០០០ដុល្លារ ជាថ្នូរដើម្បីជួយសម្រួលដំណើរការរឿងក្តីឲ្យបានលឿនដោយ “ គ្មានបញ្ហា”។
លោកលីសុផាណ្ណាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកគ្រួចបូរ័ត្នជាក្រឡាបញ្ជីម្នាក់របស់លោកចៅក្រម លីលឹមម៉េងត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ ខណៈពេលលោកកំពុងជប់លៀងជាមួយនឹងមិត្តភក្តិនៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។
លោកសុផាណ្ណាមានប្រសាសន៍បន្តថា “ យើងបានចោទប្រកាន់លោកគ្រួចបូរ័ត្ន ក្រឡាបញ្ជី់នៅសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភសេចក្តីទុកចិត្តពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន២៥០.០០០ដុល្លារ”។
លោកបានមានប្រសាសន៍បន្តថា“ ស៊ិនវិសាលបានសម្រេចបញ្ជូនជនសង្ស័យរូបនេះទៅឃុំខ្លួនបណ្តោះអាសន្ននៅឯពន្ធនាគារព្រៃសរួចហើយប៉ុន្តែ យើងមិនទាន់ដឹងថា សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការសំណុំរឿងនេះ នៅពេលណានោះទេ”។
លោកសុងលីប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញរូបនេះ ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោកផងដែរ ។
ទាំងលោក ស្នងការនគរបាលរាជធានីភ្នំពេញ ឬលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញមិនបានផ្តល់ព័ត៌មានលម្អិតថែមទៀតអំពីករណីនេះបានទេ។ លោកចៅខេនជាក្រឡាបញ្ជីម្នាក់ទៀតរបស់លោកចៅក្រម លីលឹមម៉េងបានមានប្រសាសន៍ថាលោកបូរ័ត្ន ជាប់សង្ស័យថាបានទារប្រាក់ចំនួន២៥០.០០០ដុល្លារពីចុងចោទម្នាក់ ដើម្បីជាថ្នូរនឹងការជួយពន្លឿនការដោះស្រាយរឿងក្តី កុំឲ្យមានការពន្យារពេល។
លោកបន្តថា “ ខ្ញុំបានឮថាលោកគ្រួចបូរ័ត្នបានធ្វើការជាមួយដើមចោទនិងចុងចោទ ហើយគាត់បានសុំឲ្យចុងចោទបង់ប្រាក់ ដើម្បីជៀសវាងកុំឲ្យមានបញ្ហា”។
លោកមានប្រសាសន៍បន្តថា“ក្រោយមកភាគីទាំងពីរ បានសម្រុះសម្រួលគ្នា ហើយបានដកពាក្យបណ្តឹងរបស់ខ្លួនវិញ។ពួកគេក្រោយមកបានមកសុំដកប្រាក់ពី វិញ ប៉ុន្តែប្រាក់របស់ពួកគេត្រូវចាយអស់ហើយ”។
លោកចៅខេនមិនបានប្រាប់ឈ្មោះអ្នកទាំងនោះ ដែលមានជាប់ពាក់ពន្ធក្នុងការសូកប្រាក់យ៉ាងច្រើនឲ្យទៅក្រឡាបញ្ជីនោះទេ ប៉ុន្តែលោកគ្រាន់តែមានប្រសាសន៍ថា មានពាក្យបណ្តឹងអំពីវិវាទក្នុងការរកស៊ីមួយ បានប្តឹងមកសាលាដំបូងកាលពីឆ្នាំ២០១១ហើយបានបង់ប្រាក់តម្កល់នៅគ្រានោះ។
ក្រឡាបញ្ជីនៅទូទាំងប្រទេសកម្ពុជាធ្លាប់ទទួលរងការចោទប្រកាន់ជាយូរមកហើយពីបទរំលោភអំណាចរបស់ខ្លួនដោយទទួលប្រាក់សំណូក...





