Saturday, August 10, 2019

ទស្សនៈ

ឯកអគ្គរដ្ឋទូត៖ សាលា​​​អន្តរ​​​ជាតិ​​​នៅ​​​​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​ភ្ជាប់​​​ទៅនឹង​​​​ក្រុម​​​រៀបចំ​​​​ផែន​​​ការ​​​​​​រដ្ឋ​​​ប្រហារ​​​នៅ​​​តួក​​​គី​​​

កាលពីម្សិលមិញឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសកម្ពុជាបានចោទប្រកាន់ថា សាលាអន្តរជាតិឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញកំពុងត្រូវបានគ្រប់គ្រងដោយ "អង្គការភេរវកម្ម" ដែលនៅពីក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីសប្តាហ៍មុននៅក្នុងប្រទេសតួកគី ដែលជាហេតុនាំឲ្យសាលានេះគំរាមចាត់វិធានការផ្លូវច្បាប់ភ្លាមៗ។ ថ្លែងអំឡុងសន្និសីទកាសែតមួយនៅស្ថានទូតតួកគី លោកឯកអគ្គរដ្ឋទូត អីលហាន កេម៉ាល់ ទុក (Ilhan Kenmal Tug) បានលើកឡើងថា លោកកំពុងស្នើឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាមត្តេយ្យ សាលាបឋម និងអនុវិទ្យាល័យរបស់សាលាអន្តរជាតិហ្សាម៉ាន់ ព្រមទាំាងសាកលវិទ្យាល័យហ្សាម៉ាន់ ផងដែរ។ លោកបានមានប្រសាសន៍ថា "យើងបានទាក់ទងយ៉ាងដិតដល់ជាមួយរដ្ឋាភិបាលកម្ពុជាហើយដោយសារតែមានកិច្ចសហការលើគ្រប់វិស័យនោះ ខ្ញុំជឿថារដ្ឋាភិបាលកម្ពុជានឹងចូលរួមសហការ"។ ការមិនទុកចិត្តរបស់ឯកអគ្គរដ្ឋទូតរូបនេះលើសាលាហ្សាម៉ាន់ កើតចេញពីទំនាក់ទំនងរបស់សាលានេះជាមួយលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) បព្វជិតជនជាតិតួកគីដ៏ចម្រូងចម្រាសមួយរូបដែលអាជ្ញាធរក្រុងអង់ការ៉ាចាត់ទុកថា ជាភេរវករនោះ។ អ្នកគាំទ្របព្វជិតរូបនេះបានប្រកាសរក្សាសាសនា អុិស្លាមទំនើប និងសន្តិភាពនិយម ហើយបានបង្កើតសាលាទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០០៨ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបា៉ាន់ប្រមាណថា ចលនាហ្គូឡេន មានអ្នកគាំទ្រ ៥លាននាក់ក្នុងប្រទេសតួកគី ហើយគ្រប់គ្រងបណ្តាញសាលារៀនចំនួន៨០០នៅទូទាំងពិភពលោក។ យោងតាមរដ្ឋាភិបាលតួកគីបានឲ្យដឹងថា អ្នកគាំទ្រលោក ហ្វេទុឡា ហ្គូឡេន បានប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងប្រទេសតួកគីកាលពីយប់ថ្ងៃសុក្រ...

ចិន​​​ជួយ​​​៥៣៨​​​លាន​​​ដុល្លារ​​​ក្រោយ​​​ពីជំនួប​​​​​​​​​សាមគ្គី​​​សមុទ្ទ​​​ចិន​​​ខាង​​​ត្បូង​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសកាលពីម្សិលមិញថា ប្រទេសចិននឹងផ្តល់ឲ្យកម្ពុជានូវជំនួយជាងពាក់កណ្តាលប៊ិលលានដុល្លារ គឺមានរយៈពេលមិនដល់មួយសប្តាហ៍ផង ក្រោយពីកម្ពុជាជាថ្មីម្តងទៀតបានបដិសេធមិនគាំទ្រសេចក្តីថ្លែងការណ៍អាស៊ានដែលរិះគន់ការទាមទាររបស់ក្រុងប៉េកាំងយកសមុទ្ទចិនខាងត្បូង។ ជំនួយនេះដែលជាជំនួយឥតសំណងដ៏ធំបំផុតដល់ប្រទេសនេះ គឺធ្វើឡើងក្រោយពីការចេញសាលក្រមនៅឯតុលាការក្រុងឡាអេ ដែលច្រានចោលការទាមទារយកទាំងស្រុងរបស់ប្រទេសចិនទៅលើទឹកដីក្នុងសមុទ្ទចិនខាងត្បូង។ ដែនទឹកនោះក៏ត្រូវទាមទារដោយប្រទេសហ្វីលីពីន វៀតណាម និងប្រទេសផ្សេងទៀតដែរ ហើយរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍និយាយថា កម្ពុជាបានដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យខូចដល់សេចក្តីថ្លែងការណ៍ដែលគាំទ្រសាលក្រម។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុកថា នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាន បានព្រមឲ្យថវិកាក្នុងអំឡុងពេលកិច្ចប្រជុំក្នុងក្រុងអូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ដែលនៅទីនោះលោកកំពុងតែចូលរួមក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១១។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "នាយករដ្ឋមន្ត្រីចិនបានប្រកាសផ្តល់ជំនួយឥតសំណងឲ្យកម្ពុជាចំនួន៣៦០០លានយន់ ប្រហាក់ប្រហែលជិត៦០០លានដុល្លារអាមេរិកសម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ដល់២០១៨។ តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ៣,៦ទ្រីលានយន់អាចស្មើនឹង៥៣៨លានដុល្លារ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "តាមសំណូមពររបស់ខ្ញុំ មិត្តចិនបានយល់ព្រមផ្តល់ថវិកាសម្រាប់ដំណើរការបោះឆ្នោត ដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដូចជា ស្រះទឹក អណ្តូងទឹក ដែលជាផលប្រយោជន៏សម្រាប់ប្រជាជនយើង"។ ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីសេចក្តីថ្លែងការណ៍នាថ្ងៃទី៩ ខែកក្កដាដោយក្រសួងការបរទេស ដែលអះអាងជាថ្មីថា ប្រទេសចិននិងប្រទេសហ្វីលីពីនគួរដោះស្រាយជម្លោះទឹកដីដោយទ្វេភាគី ដោយមិនមានការលូកដៃពាក់ព័ន្ធពីរដ្ឋបរទេសផ្សេងទេ។ សេចក្តីថ្លែងការណ៍និយាយថា "កម្ពុជាយល់ថា បណ្តឹងរបស់ប្រទេសហ្វីលីពីន គឺដើម្បីសុំឲ្យតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ដោះស្រាយជម្លោះរបស់ខ្លួនជាមួយប្រទេសចិន ហើយដែលដំណើរការនេះមិនពាក់ព័ន្ធជាមួយរដ្ឋទាំងអស់ជាសមាជិកអាស៊ានឡើយ"។ សេចក្តីថ្លែងការណ៍និយាយថា "ដោយហេតុនេះ កម្ពុជានឹងមិនចូលរួមក្នុងការបញ្ចេញជំហរណាមួយចំពោះសាលដីកាតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ ដែលនឹងធ្វើការសម្រេចលើវិវាទរវាងប្រទេសហ្វីលីពីន និងប្រទេសចិននោះឡើយ"។ កាលពីថ្ងៃព្រហស្បតិ៍ រ៉យទ័របានរាយការណ៍ថា សមាជិកអាស៊ានបានខកខានមិនបានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍គាំទ្រសាលដីការបស់តុលាការទេ។ វាមិនមែនជាលើកទីមួយទេដែលប្រទេសកម្ពុជាបានកាន់ជើងប្រទេសចិនក្នុងជម្លោះទាំងឡាយដែលតទល់នឹងប្រទេសអាស៊ានភាគច្រើន។ សារព័ត៌មានអន្តរជាតិបានរាយការណ៍ថា ប្រទេសកម្ពុជាបានធ្វើឲ្យរាំងស្ទះដល់សេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយដែលគាំទ្រប្រទេសហ្វីលីពីនក្នុងខែមិថុនា។ ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ កម្ពុជាបានបញ្ចប់ការកាន់តំណែងរបស់ខ្លួន ដោយមិនបានចេញសេចក្តីថ្លែងការណ៍រួម ក្រោយពីបដិសេធមិនអនុញ្ញាតឲ្យមានការរៀបរ៉ាប់ពីវិវាទកំពុងបន្តកើតមាននៅក្នុងសមុទ្ទចិនខាងត្បូង ដោយនាំឲ្យមានការសន្និដ្ឋានថា ការគាំទ្ររបស់កម្ពុជាត្រូវទិញបានដោយជំនួយសប្បុរសធម៌ចិន។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា លោកមិនបានដឹងពីមូលហេតុនៅពីក្រោយកញ្ចប់ជំនួយ៦០០លានដុល្លាររបស់ចិនទេ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបានសួរថា "មែនហើយ ចុះហេតុអ្វីក៏លោកមិនបញ្ជាក់ជាមួយប្រទេសចិន?”។ លោក ស៊ីផាន បាននិយាយថា ការដល់ពេលផ្តល់ជំនួយ គឺគាប់ជួនគ្នាប៉ុណ្ណោះ។ លោកបាននិយាយថា "វាអាចថ្ងៃនេះ វាអាចថ្ងៃស្អែក។ យើងត្រូវការប្រាក់។ ប្រសិនបើសហរដ្ឋអាមេរិកឲ្យលុយយើង យើងយក។ សហភាពអឺរ៉ុបឲ្យលុយយើង យើងក៏យកដែរ"។ អ្នកផ្សេងទៀតក៏កាន់តែមានមន្ទិល។ លោក អៀន ស្តូរី អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានការសិក្សាអាស៊ីអាគ្នេយ៍ក្នុងប្រទេសសឹង្ហបុរីបាននិយាយថា "នៅកម្ពុជា ជំនួយសេដ្ឋកិច្ចទិញបានឥទ្ធិពលនយោបាយចិន"។ លោក ស្តូរី បានសរសេរក្នុងសារអ៊ីម៉េលកាលពីថ្ងៃសុក្រថា "ប្រទេសចិនប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យខូចដល់ឯកភាពអាស៊ានច្រើនលើកហើយ។ ដោយធ្វើតាមបង្គាប់ចិននៅក្នុងអាស៊ាន ប្រទេសកម្ពុជាត្រូវទទួលបានអំណោយសប្បុរសសេដ្ឋកិច្ច។ ប៉ុន្តែខ្លួនពិតជាមិនធ្វើឲ្យមានប្រជាប្រិយភាពជាមួយសមាជិកអាស៊ានទេ"។ លោក ធីទីណាន ពង្សស៊ុតធិរាក់ នាយកវិទ្យាស្ថានសន្តិសុខនិងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យជូឡាឡុងកន ក្នុងក្រុងបាងកកបាននិយាយថា ជំនួយទទួលបានក្នុងពេលដែលមានការបង្ក្រាបដែលឃើញបុគ្គលិកសិទ្ធិមនុស្សត្រូវជាប់ពន្ធនាគារ ហើយរងការរិះគន់ពីម្ចាស់ជំនួយបស្ចិមប្រទេស ដូចជាសហភាពអឺរ៉ុបជាដើម។ ពង្សស៊ុតធិរាក់ បានសរសេរកាលពីថ្ងៃសុក្រថា "ជំនួយថ្មីនេះនឹងឃើញថាជាផ្នែកនិងកញ្ចប់នៃបក្ខពួកនិងឥទ្ធិពលរបស់ប្រទេសចិនទៅលើប្រទេសកម្ពុជានៅពេលមួយ ក្នុងពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិចំពោះការរំលោភសិទ្ធិមនុស្សឥតលាក់លៀម និងនិន្នាការផ្តាច់ការ"។ លោកបាននិយាយថា "កាលណាកម្ពុជាកាន់តែនៅដាច់ពីគេឯងនិងឯកោពីសហគមន៍អន្តរជាតិដែលគ្របដណ្តប់ដោយបស្ចិមប្រទេសនោះ ប្រទេសចិនក៏កាន់តែបញ្ជូនជំនួយសប្បុរសនិងជំនួយសេដ្ឋកិច្ចកាន់តែច្រើនដែរ"។ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្របក្សប្រឆាំងព្រួយបារម្ភថា ជំនួយនឹងមិនផ្តល់ឲ្យដោយតម្លាភាពទេ។ អ្នកស្រី សុខហួរ បាននិយាយថា "ខ្ញុំក៏ឮដែរថា នឹងយកទៅធ្វើអណ្តូងនិងស្រះទឹក ដែលគណបក្សកាន់អំណាចប្រើប្រាស់ដើម្បីទាក់ទាញអ្នកបោះឆ្នោតតាមរយៈអំណោយ។ ជាទូទៅ កម្ចីនិងជំនួយពីប្រទេសចិន វាពិបាកនឹងទទួលបានកំណត់ត្រានិងឃ្លាំមើលដោយមានគណនេយ្យភាពណាស់"។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា លោកមិនបានដឹងថា ក្នុងចំនួនទឹកប្រាក់៦០០លានដុល្លារ តើមានលុយប៉ុន្មាននឹងប្រើសម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខទេ។ លោក ពុទ្ធា បាននិយាយកាលពីថ្ងៃសុក្រថា "ប្រសិនបើប្រទេសណាចង់ជួយដំណើរការបោះឆ្នោត ដោយមិនមានលក្ខខណ្ឌណាដែលអាចប៉ះពាល់ដល់អព្យាក្រិតភាពនោះ គ.ជ.ប.នឹងពិចារណាទទួលយក ដើម្បីឲ្យប្រាកដថា ដំណើរការបោះឆ្នោតនឹងទទួលយកបានដោយភាគីពាក់ព័ន្ធទាំងអស់"។ លោកនាយករដ្ឋមន្ត្រីបានបដិសេធដដែលៗចំពោះការអះអាងថា ជំនួយចិនបានប៉ះពាល់ដល់អធិបតេយ្យភាព ហើយបានកោតសរសើរគោលនយោបាយមិនលូកដៃរបស់ម្ចាស់អំណោយទាក់ទងនឹងសិទ្ធិមនុស្ស អំពើពុករលួយនិងបញ្ហាផ្សេងទៀតដែលតែងតែលើកឡើងដដែលៗដោយម្ចាស់ជំនួយបស្ចិមប្រទេស។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងឆ្នាំ២០១២ថា "កម្ពុជាមិនមែនជាទំនិញដែលគេទិញបានទេ គឺជារដ្ឋអធិបតេយ្យ និងជាសមាជិកទទួលខុសត្រូវរបស់អាស៊ាន"។ ក្រោយពីនាយករដ្ឋមន្ត្រីចិន លោក វ៉េន ជាប៉ាវ បានផ្តល់ជំនួយដល់កម្ពុជាចំនួន៦០០លានដុល្លារក្នុងឆ្នាំ២០០៦ លោក ហ៊ុន សែន បានពន្យល់ពីការចូលចិត្តជំនួយចិន។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅពេលនោះថា "ចិននិយាយតិច តែធ្វើច្រើន"៕    

ឧត្តមសេនីយ៍ សារ៉ាត់ អវត្តមាន​នៅ​ពេល​សវនាការ​រឿង​ឃាតកម្ម​ចាប់​ផ្តើម

អតីតឧត្តមសេនីយ៍យោធា ថោង សារ៉ាត់ ដែលមានភាគហ៊ុនរកស៊ីច្រើន មិនបានមានវត្តមានទេកាលពីថ្ងៃសុក្រ នៅពេលដែលសវនាការរឿងឃាតកម្មដែលគេរង់ចាំយ៉ាងយូរបានចាប់ផ្តើមនៅតុលាការក្រុងភ្នំពេញ។ លោករងការចោទប្រកាន់ពីបទធ្វើឃាតឧកញ៉ា អុឹង ម៉េងជឺ នៅក្រៅហាងលក់ផ្លែឈើមួយកន្លែង កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៤។ អង្គរក្សផ្ទាល់ម្នាក់របស់លោកតាមចោទថាបានបាញ់សម្លាប់ផ្ទាល់ដៃ។ អង្គរក្សបីនាក់ផ្សេងទៀតកំពុងត្រូវ ជំនុំជម្រះក្នុងនាមជាអ្នករួមគំនិតធ្វើឃាតកម្មនេះ ដែលថតបានដោយកាមេរ៉ាសន្តិសុខនៅខាងក្រៅហាងនោះ។ លោក អុឹង ម៉េងជឺ ត្រូវបានគេបាញ់ចំ៦គ្រាប់ នៅពេលលោកចុះពីរថយន្តឡិចស៊ិសរបស់លោក។ លោក សារ៉ាត់ អាយុ៣៨ឆ្នាំ ត្រូវបានគេកំណត់ថាជាជនសង្ស័យសំខាន់ក្នុងឃាតកម្មនេះនៅថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៤...

ជនសង្ស័យ​​​និយាយ​​​មុននឹង​​​មាន​​​ឃាតកម្ម​​​លើ​​​ កែម ឡី៖ ខ្ញុំ​​​ជា​​​ទាហាន

ស្រុកអង្គរជុំ ខេត្តសៀមរាប - កាលពីចុងសប្តាហ៍មុន អ៊ំ អឿង បានទទួលការហៅទូរស័ព្ទពីមិត្តរបស់គាត់ឈ្មោះ អឿត អាង។ មានរយៈពេលប្រហែល១០ថ្ងៃចាប់តាំងពីលោក អាង បានចាកចេញពីភូមិដ៏ស្ងាត់ជ្រងំនេះក្នុងខេត្តសៀមរាប។ អង្គុយនៅខាងក្រៅផ្ទះមិត្តភក្តិរបស់គាត់បន្ទាប់ពីសម្ភាសដោយនគរបាល លោក អឿង បាននិយាយថា  "ខ្ញុំបាន សួរគាត់ ឯងមានការងារអីធ្វើ?” គាត់និយាយថា គាត់ធ្វើទាហាននៅភ្នំពេញ"។ បុរសរូបនេះនិយាយថា លោក អាង ដូចជាមានជំនឿចិត្ត អ៊ីចឹង បុរសរូបនេះក៏និយាយលេងសើចនឹងគាត់ ដោយសុំឲ្យគាត់រកការងារឲ្យធ្វើផង។ បុរសរូបនេះនិយាយថា "ខ្ញុំបានប្រាប់គាត់ថា ឯងមានការងារនិងប្រាក់ខែ រកឲ្យគ្នាផង"។ បន្ទាប់មកទូរស័ព្ទបានដាច់។ បុរសរូបនេះបានព្យាយាមហៅត្រឡប់ទៅវិញ ប៉ុន្តែ ទូរស័ព្ទមិនចូលសោះ។ ក្រោយមកបុរសរូបនេះបានឃើញលោក អាង នៅតាមកញ្ចក់ទូរទស្សន៍ ដែលគេបង្ហាញឲ្យអ្នកកាសែតថតកាលពីរសៀលថ្ងៃអាទិត្យ ក្រោយពីត្រូវចាប់ខ្លួនទាក់ទងនឹងការបាញ់សម្លាប់លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពនៅព្រឹកនោះ។ យោងតាមប៉ូលិស លោក អាង បានចូលទៅក្នុងហាងមួយនៅឯស្ថានីយសាំងកាល់តិច នៅកាច់ជ្រុងមហាវិថីមុនីវង្ស និងម៉ៅសេងទុង ហើយក៏បាញ់ពីរគ្រប់ មួយគ្រប់ចំក្បាល កែម ឡី និងមួយគ្រប់ទៀតចំទ្រូង។ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនពីកន្លែងកើតហេតុដោយថ្មើរជើង ហើយក៏ត្រូវដេញតាមដោយនគរបាលនិងប្រជាពលរដ្ឋនៅក្បែរផ្សារអុីអន។ ខ្មាន់កាំភ្លើងរូបនេះត្រូវគេចោមវាយបែកឈាម មុននឹងនគរបាលទាញចេញពីហ្វូងមនុស្ស។ បុរសរូបនេះបានប្រាប់ថាឈ្មោះ ជួប សម្លាប់ ហើយក៏មានវីដេអូដែលនិយាយសារភាពបានបង្ហោះតាមអុីនធើណិតក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការចាប់ខ្លួន។ លោក អឿង បាននិយាយថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយស្គាល់បុរសម្នាក់ដែលសារភាពថាបានសម្លាប់ ដែលមជ្ឈដ្ឋានភាគច្រើនជឿថាជាឃាតកម្មនយោបាយ។ បុរសរូបនេះបាននិយាយថា "ពេលខ្ញុំឃើញគាត់ ខ្ញុំតក់ស្លុតណាស់ ព្រោះវាទៅទីនោះដើម្បីសម្លាប់គាត់ វាមិនស្គាល់ កែម ឡី ទេ។ វានិយាយថា វាគ្រាន់តែធ្វើទាហាននៅភ្នំពេញប៉ុណ្ណោះ"។ លោក អឿង បាននិយាយថា ដំបូងគាត់បានជួបលោក អាង វ័យ៤៣ឆ្នាំក្នុងឆ្នាំ១៩៨៨ នៅពេលដែលពួកគេធ្វើជាកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយវៀតណាម។ អ្នកទាំងពីរជួបគ្នាយូរៗម្តងក្នុងអំឡុងពេល២០ឆ្នាំក្រោយពីពួកគេឈប់ធ្វើទាហាន ប៉ុន្តែ បានបាត់ការទាក់ទងគ្នាមួយរយៈ នៅពេលដែលលោក អាង ទៅរកការងារធ្វើនៅប្រទេសថៃ។ លោក អាង បានវិលមកខេត្តវិញបីឆ្នាំកន្លងមកហើយ ហើយបានបួសជាព្រះសង្ឃដោយគង់នៅវត្តចំនួនបីមុននឹងសឹក។ លោក អឿង បាននិយាយថា លោកបានជួបអតីតមិត្តរួមអាវុធរូបនេះម្តងទៀតនៅពេលដែលលោក អាង ធ្វើការជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាល ជាអង្គការអភិវឌ្ឍនិងការពារបរិស្ថាន។ នៅក្នុងផ្ទះរបស់លោក អាង គាត់បានបង្ហាញឲ្យអ្នកយកព័ត៌មានឃើញសៀវភៅមួយដែលមានស្លាកសញ្ញាអង្គការ និងរូបថតរបស់លោក អាង ពាក់ស្បង់ចីវរ។ តំណាងអង្គការនេះមិនអាចទាក់ទងបានទេ។ រាល់អ្នកភូមិដែលបានសម្ភាសនៅក្នុងភូមិនគរភាស ដែលឡោមព័ទ្ធទៅដោយវាលស្រែខៀវខ្ចីស្រស់បំព្រង បាននិយាយថា ពួកគេតក់ស្លុតពេលឃើញអ្នកជិតខាងដ៏ស្រគត់ស្រគំរបស់គេដែលគេចោទថា ជាប់ពាក់ព័ន្ធក្នុងឃាតកម្មដ៏លេចធ្លោបំផុត ចាប់តាំងពីមានឃាតកម្មទៅលើលោក ជា វិជ្ជា មេដឹកនាំសហជីពក្នុងឆ្នាំ២០០៤។ និយាយនៅខាងក្រោមផ្ទះរបស់ខ្លួន អ្នកស្រី ហឿម ហ៊ត់ វ័យ៤៥ឆ្នាំ ដែលនិយាយថា ជាប្រពន្ធរបស់លោក អាង ទោះបីជាអ្នកទាំងពីរមិនបានរៀបការជាផ្លូវការក៏ដោយ បាននិយាយថា ប្តីរបស់គាត់ហាក់ដូចជាធម្មតានៅពេលគាត់បានប្រាប់អ្នកស្រីថា គាត់ទៅលេងមិត្តភក្តិជិតស្និទ្ធម្នាក់នៅភ្នំពេញ។ អ្នកស្រី ហ៊ត់ បាននិយាយថា "ពេលចុងក្រោយដែលខ្ញុំឃើញគាត់ គាត់បាននិយាយថា គាត់ទៅជួបប្អូនធម៌នៅភ្នំពេញ។ ខ្ញុំមិនចាំច្បាស់ទេ ប៉ុន្តែប្រហែល១០ថ្ងៃមុន"។ អ្នកស្រីបាននិយាយថា "ពេលគាត់ទៅដល់ភ្នំពេញ គាត់បានទូរស័ព្ទមកខ្ញុំ ហើយក៏សួរខ្ញុំថា ខ្ញុំហូបបាយហើយនៅ។ គាត់ដូចជាធម្មតា ដូចគ្មានអ្វីប្លែកសោះ។ គាត់ឈប់ទូរស័ព្ទមកខ្ញុំនៅថ្ងៃទី១០" គឺចំថ្ងៃដែល កែម ឡី ត្រូវគេបាញ់សម្លាប់។ អ្នកស្រី ហ៊ត់ បាននិយាយថា អ្នកស្រីប្រឹងគិតថា ហេតុអ្វីប្តីអ្នកស្រីបាញ់សម្លាប់អ្នកវិភាគនយោបាយនោះ ព្រោះអ្នកស្រីមិនជឿថា ពួកគេស្គាល់គ្នាទេ។ លោក អាង អះអាងថា បានសម្លាប់លោក កែម ឡី ដោយសារតែជំពាក់ប្រាក់ ៣.០០០ដុល្លារដែលអ្នកវិភាគរូបនេះមិនព្រមសង។ អ្នកស្រីបាននិយាយថា "ខ្ញុំព្រួយចិត្តណាស់ ខ្ញុំមិនជឿថា គាត់ធ្វើបែបនេះសោះ។ ខ្ញុំមើលចិត្តគាត់មិនធ្លុះទេ។ ពេលគាត់នៅផ្ទះ គាត់មិនទាំងហ៊ានសម្លាប់មាន់ផង"។ អ្នកស្រីបាននិយាយថា "គាត់មិនស្គាល់ កែម ឡី ទេ ហើយក៏មិនដែលនិយាយអំពីឈ្មោះ កែម ឡី ដែរ"។ អ្នកជិតខាងនិងសាច់ញាតិផ្សេងទៀតបានអះអាងដូចគ្នាដែរ ដោយនិយាយថា លោក អាង រស់រាយនៅក្នុងភូមិ ហើយតែងតែជួយអ្នកជិតខាង ដោយចិត្តមេត្តា ឬតាមរយៈអង្គការក្រៅរដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី ចៅអធិការវត្តដែលលោក អាង បានស្នាក់នៅពីឆ្នាំ២០១៣ដល់ឆ្នាំ ២០១៥ បានរ៉ាយរាប់រឿងរ៉ាវខុសស្រឡះទាក់ទងនឹងឃាតកររូបនេះ។ ព្រះតេជគុណ ណៃ នឿន អធិការវត្តជុំកំពរ ក្នុងឃុំដូនពេង មានសង្ឃដីកាថា "ចរិតគាត់អាក្រក់ណាស់"។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ទាស់ទែងគ្នានឹងថ្នាក់ដឹកនាំវត្តដ៏តូចមួយនេះប្រហែលមួយឆ្នាំកន្លះ ដែលកើតឡើងដោយសារតែលោក អាង យកបច្ច័យដែលប្រមូលបានពីអ្នកភូមិដាក់ហោប៉ៅនោះ លោក អាង បានចាកចេញទៅនៅចុងឆ្នាំ២០១៤។ ព្រះតេជគុណ ណៃ នឿន បានមានសង្ឃដីកាថា "គាត់តែងតែទៅប្រមូលបច្ច័យពីអ្នកស្រុក ហើយចាយវាយសម្រាប់ខ្លួនឯង ដូចជាកាតទូរស័ព្ទជាដើម"។ មានចម្ងាយប្រហែល១៥គីឡូម៉ែត្រស្ថិតនៅជើងភ្នំមានព្រៃក្រាស់នៅក្នុងឃុំគោកដូងដាច់ស្រយាល ព្រះតេជគុណ តោ ញិល ព្រះជន្ម២៦ឆ្នាំ នៅវត្តពើងតានន្ទ បានចាត់ទុកលោក អាង ថា ជាមនុស្សចរិតកោងកាច។ យោងតាមព្រះតេជគុណ តោ ញិល បន្ទាប់ពីមកដល់ក្នុងខែមេសា ឆ្នាំ២០១៤ លោក អាង បានវាយលោកនេន ហើយគំរាមបាញ់ព្រះសង្ឃអង្គណាដែលហ៊ានផ្សឹកគាត់ក្នុងពេលគាត់នៅវត្តរយៈពេល១៨ខែ។ ព្រះតេជគុណ តោ ញិល បានមានសង្ឃដីកាក្នុងពេលឈរក្នុងចំណោមព្រះសង្ឃនិងអ្នកភូមិផ្សេងទៀតថា "គាត់និយាយថា បើហ៊ានផ្សឹក អាត្មានឹងបាញ់ឲ្យងាប់។ គាត់បាននិយាយថា គាត់ធ្លាប់ធ្វើទាហាន ហើយបើត្រូវបាញ់ គឺបាញ់ហើយ"។ សួរថាតើព្រះតេជគុណចាត់ទុកការគំរាមរបស់លោក អាង ថាធ្ងន់ធ្ងរប៉ុណ្ណានោះ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ព្រះអង្គមិនដឹងថាត្រូវគិតយ៉ាងម៉េចទេ។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "យើងគិតថា ៥០ភាគរយគាត់អាចធ្វើអ៊ីចឹង"។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "គាត់មិនប្រើហិង្សាច្រើនទេ ប៉ុន្តែគាត់គំរាមគេឯង ហើយជួនកាលវាយលោកនេន។ គាត់វាយព្រះសង្ឃនឹងរំពាត់ នឹងក្បាលមេក្រូ នៅពេលដែលលោកនេនមិនស្តាប់គាត់"។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា លោក អាង ក៏បានប្រាប់ព្រះសង្ឃផ្សេងទៀតថា គាត់មានទំនាក់ទំនងជាមួយមនុស្សសក្តិខ្ពស់នៅក្នុងយោធានិងនគរបាល។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "គាត់ធ្លាប់និយាយថា គាត់ស្គាល់មេបញ្ជាការធំៗនិងស្នងការប៉ូលិសនៅភ្នំពេញ"។ ព្រះតេជគុណបានបញ្ជាក់ថា គ្មាននរណាដេញដោលសួរឈ្មោះអ្នកធំនោះទេ។ លោក ជុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ឈ្មោះ អឿត អាង មិនមាននៅក្នុងបញ្ជីយោធាទេ។ ជាការចម្លែក តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក អាង ពីបទឃាតកម្មគិតទុកជាមុននៅសប្តាហ៍នេះដោយប្រើឈ្មោះ ជួប សម្លាប់ ដែលជាឈ្មោះហៅក្រៅ និងមានអាយុ៣៨ឆ្នាំ។ ត្រឡប់មកភូមិនគរភាសវិញ ម្តាយរបស់លោក អាងឈ្មោះ ឯក តាប់ វ័យ៦៤ឆ្នាំ បាននិយាយថា អ្នកស្រីប្រឹងនឹករកអ្វីដែលកូនគាត់បានធ្វើ។ អ្នកស្រី តាប់ បាននិយាយថា "ខ្ញុំគិតថា ចុះមេ៉ចបានវាធ្វើអ៊ីចឹង? ពេលនៅទីនេះ វាមិនដែលធ្វើអ៊ីចឹងទេ"។ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីបានជួបកូនចុងក្រោយក្នុងខែឧសភា នៅពេលដែលកូនមកលេងគាត់ ហើយឲ្យលុយគាត់ខ្លះ។ អ្នកស្រីបាននិយាយថា "គេគិតថា ប្រហែលមានគេបញ្ជាវាឲ្យធ្វើអ៊ីចឹងហើយ។ ខ្ញុំមិនដែលបង្រៀនវាឲ្យធ្វើអ៊ីចឹងទេ។ ខ្ញុំគិតថា បើគេមិនបញ្ជាវាឲ្យធ្វើអ៊ីចឹងទេ វាមិនធ្វើទេ"។ ព្រះតេជគុណ តោ ញិល ជឿថា លោក អាង អាចសម្លាប់មនុស្ស ប៉ុន្តែ បានយល់ស្របថា គាត់ធ្វើតាមបញ្ជាគេ។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "អាត្មាជឿថា គាត់ជាឃាតករ ព្រោះ គាត់តែងតែនិយាយថា បើគេប្រឆាំងនឹងគាត់ គាត់នឹងបាញ់។ គាត់បាននិយាយថា នៅពេលគាត់ធ្វើជាទាហាន គាត់គោរពតែមេប៉ុណ្ណោះពេលបញ្ជាឲ្យធ្វើអ្វីមួយ។ ពេលបញ្ជា គាត់តែងតែធ្វើតាម"៕  

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ CPP ទម្លាក់​កំហុស​​​​លើ​ CNRP​ ទាក់​ទិន​ការ​​ធ្វើ​ឃាត​លោក កែម ឡី

ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅស្ថានីយប្រេងឥន្ធនៈ កន្លែងដែលលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ មានការសង្ស័យតិចតួចចំពោះមេខ្លោងនៅពីក្រោយការធ្វើឃាតអ្នករិះគន់គណបក្សប្រជាជនកម្ពុជា មិនសំចៃមាត់ និងដ៏មានប្រជាប្រិយភាពរូបនេះ។ ការធ្វើឃាតនៅទីសាធារណៈទាំងកណ្តាលថ្ងៃចែសនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងករណីវាយប្រហារលើអ្នកផ្សេងៗទៀត ដែលបានចោទសួរអំពីការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាង ៣១ឆ្នាំមកនេះ ហើយប្រជាពលរដ្ឋយ៉ាងច្រើននេះមិនសង្ស័យលើអ្នកណាម្នាក់ផ្សេងទៀតឡើយ។ ទោះជាយ៉ាងណា ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានរៀបរាប់ផ្សេងពីនេះជុំវិញឃាតកម្មនេះ ហើយបែរជាបង្ហាញថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សនេះថាអាចជាពិរុទ្ធជនទៅវិញ។ អត្ថបទមួយស្តីពីការស្លាប់របស់លោក កែម ឡី បង្ហោះតាមគេហទំព័រហ្វ្រេសញូស (Fresh News)...

ភរិយាលោក កែម ឡី ស្វះស្វែង​​ភៀស​​​ខ្លួន​​​​ទៅ​រស់​នៅ​ក្រៅប្រទេស

ភរិយាមេម៉ាយរបស់សពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានបាញ់សម្លាប់បាននិយាយកាលពីម្សិលមិញថា អ្នកស្រីកំពុងស្វែងស្វែងចាកចេញពីប្រទេសកម្ពុជាជាមួយក្រុងគ្រួសាររបស់អ្នកស្រី ដោយសារភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួន ហើយបានទាក់ទងជាមួយតំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីដែលផ្ដល់ការឧបត្ថម្ភដល់ពួកគាត់។ លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពនិងឥតសំចៃត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានដាក់គូទអង្គុយពិសាកាហ្វេពេលព្រឹកនៅស្តាម៉ាតមួយកន្លែងកណ្ដាលរាជធានីភ្នំពេញបានបន្តិចមក។ នគរបាលបានចាប់ខ្លួនខ្មាន់កាំភ្លើងជាប់សង្ស័យម្នាក់បន្តិចក្រោយមក ហើយបុរសរូបនេះបានសារភាពភ្លាមៗចំពោះអំពើឃាតកម្មនោះ ដោយអះអាងថា រូបគេបាញ់សម្លាប់លោក កែម ឡី ដោយសារតែអ្នកវិភាគរូបនេះជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង។ លោក កែម ឡី បានស្លាប់ចោលប្រពន្ធកំពុងមានផ្ទៃ និងកូនប្រុសបួននាក់។ នៅពិធីបុណ្យសពស្វាមីរបស់អ្នកស្រីនៅវត្តចាស់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកស្រី ប៊ូ...

សំឡេង​​ដ៏​កម្រ​​មួយ​ត្រូវ​បាន​បំបិទ​ ក្រោយ​ពី​​​លោក​​ កែម ឡី ​​​​ត្រូវ​​ឃាត​ករ​​​ដៃ​ឆៅបាញ់​សម្លាប់​​

ដោយមិននឹកស្មានដល់នៅក្នុងសម័យកាលមួយដែលមនុស្សជាច្រើនជឿថា ការញាំញីចាស់របស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានធ្វើឃាតលែងមានទៅហើយនោះ ស្រាប់តែកើតមានករណីឃាតកម្មលើលោក កែម ឡី បង្កការតក់ស្លុតទូទាំងប្រទេស ខណៈលោកអង្គុយពិសាកាហ្វេម្នាក់ឯងនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។ មិនលើសពី ៣០ នាទីផងក្រោយឃាតករបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះចំនួនពីរគ្រាប់ រូបភាពសាកសពរបស់លោកដែលដេកស្តូកស្តឹងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង បានធ្វើឱ្យគ្រប់និន្នាការនយោបាយសម្ដែងទុក្ខក្រៀមក្រំជាសាធារណៈ។ សម្រាប់មនុស្សជាច្រើន មានទុក្ខក្រៀមក្រំដោយសារតែបុរសវ័យ៤៦ឆ្នាំរូបនេះបានក្លាយជាសំឡេងពន្យល់ហេតុផលដ៏កម្រក្នុងកម្មវិធីវិទ្យុរបស់ពួកគេ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធនយោបាយមួយ ដែលមានអំពើហិង្សា អំពើពុករលួយ និងគ្មានការឆ្លើយតបដែលមានមនុស្សតិចតួចហ៊ានបញ្ចេញដោយសារខ្លាចមានផលវិបាក។ លោក សឺន ស៊ូបែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ក្នុងថ្ងៃទី១ ខែពិធីបុណ្យសពរបស់លោក កែម ឡី ថា “គាត់ត្រូវគេស្គាល់តាមរយៈបទសម្ភាសន៍របស់គាត់តាមវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក (VOA) ហើយគាត់បានរំឭកយើងពីអ្វីដែលកំពុងកើតឡើង នៃស្ថានភាពពិតប្រាកដ”។ លោកបានថ្លែងថា សមត្ថភាពរបស់លោក កែម ឡី ក្នុងការពន្យល់អំពីបញ្ហានយោបាយដែលមានលក្ខណៈស្មុគស្មាញដោយប្រើភាសាសាមញ្ញប្រចាំថ្ងៃ និងដោយមិនលម្អៀង បានធ្វើឱ្យសំឡេងរបស់លោកក្លាយជាកម្លាំងមួយដ៏មានឥទ្ធិពលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈគណបក្សប្រជាជនកម្ពុជា បានព្យាយាមទប់ស្កាត់ការប្រឆាំងដែលកាន់តែកើនឡើង។ លោកបានលើកឡើងទៀតថា...

រដ្ឋាភិបាលនិយាយថា កាសែតបរទេសគំរាមកំហែងស្ថិរភាព

យោងតាមលិខិតអនាមិកមួយដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានដែលមានសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជានិងគាំទ្រដោយអ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា កាសែតបរទេសក្នុងប្រទេសកម្ពុជាជាម៉ាស៊ីនឃោសនារបស់បក្សប្រឆាំង ហើយនឹងប្រឈមផលវិបាកខាងផ្លូវច្បាប់ ប្រសិនបើគេបន្តរំខានស្ថិរភាពក្នុងប្រទេសកម្ពុជា។ លិខិត ដែលមានចំណងជើងថា "ចរិតបំផ្លាញខ្មែរឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដោយសារជនបរទេស"  ត្រូវបាន ផ្សព្វផ្សាយលើគេហទំព័រព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃសុក្ររួមជាមួយនឹងរូបត្លុកឃោសនាណាស៊ី ដែលគេកាត់ត ដែលក្នុងរូបត្លុកនោះស្លាកសញ្ញាកាសែត ខេមបូឌា ដេលី កាសែតភ្នំពេញប៉ុស្តិ៍ និងអង្គការក្លូបល វីតណេស ត្រូវបានដាក់លើមុខនៃមេដឹកនាំសម្ព័ន្ធមិត្រសង្គ្រាមលោកលើកទី២ ដែលហៀបនឹងកាត់កស្ត្រីម្នាក់ដែលគេកំណត់ថា ជា"សន្តិភាព"។ លិខិតនោះបានបន្ទរការអះអាងដែលធ្វើឡើងដោយកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ថ្មីមួយដែលចេញដោយក្រុមប្រឆាំងអំពើពុករលួយមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ហើយត្រូវបានរាយការណ៍ដោយកាសែត ខេមបូឌា ដេលី  កាសែត ភ្នំពេញប៉ុស្តិ៍ និងអង្គភាពព័ត៌មានក្នុងស្រុក និងអន្តរជាតិរាប់សិបទៀតកាលពីថ្ងៃពុធ ។ របាយការណ៍ដែលដាក់ឈ្មោះថា "ការក្តោបក្តាប់យកវិនិយោគនៅកម្ពុជា" ភ្ជាប់ត្រកូលគ្រួសារនេះទៅនឹងក្រុមជំនួញដ៏ធំមួយមានដើមទុនរួមច្រើនជាង២០០លានដុល្លារ។ អង្គការក្លូបល វីតណេស បានអនុញ្ញាតឲ្យអង្គភាពព័ត៌មាននានាចូលមើលព័ត៌មានជាមុនក្រោមលក្ខខណ្ឌថា អង្គភាពព័ត៌មានទាំងនោះស្ថិតក្រោមបម្រាបរហូតដល់ថ្ងៃពុធ  ដែលជាការអនុវត្តស្តង់ដារមួយក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី ហ៊ុន  ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថាជា "ការខិតខំបំផ្លិចបំផ្លាញ"របស់កាសែត ខេមបូឌា ដេលី កាសែត ភ្នំពេញប៉ុស្តិ៍ និងអង្គការក្លូបល វីតណេស ដោយបានចោទអង្គភាពទាំង៣ក្នុងការបង្ហោះហ្វេសប៊ុកមួយថា បានរួមគំនិតបង្ខូចកេរ្តិ៍ឈ្មោះឪពុករបស់លោកស្រីនៅពេលការបោះឆ្នោតជិតមកដល់។ ក្នុងការបង្ហោះរបស់ខ្លួនផ្ទាល់ លោក ហ៊ុន ម៉ានិត កូនប្រុសកណ្តាលរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា សេចក្តីរាយការណ៍ និងអត្ថបទជាបន្តបន្ទាប់គឺ "ជាធម្មតា ពោរពេញដោយកំហុស និងព័ត៌មានមិនពិត" ហើយសរសេរដើម្បី "បង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុនដោយសារតែព័ត៌មានមិនពិត។ លិខិតអនាមិកផ្ញើជូននិពន្ធនាយកដែលផ្សព្វផ្សាយតាមអីុនធឺណិតដោយ Fresh News កាលពីថ្ងៃសុក្រមិនបាននិយាយដល់របាយការណ៍ក្លូបល វីតណេស ដោយផ្ទាល់ទេ ប៉ុន្តែ បានលើកឡើងជាថ្មី ដោយការចោទប្រកាន់លើកាសែតទាំងពីរនេះ  និងបញ្ចេញប្រតិកម្មកាត់តែខ្លាំងថែមទៀត។ លិខិតនោះមានខ្លឹមសារថា "សារព័ត៌មាន ខេមបូឌា ដេលី និងភ្នំពេញប៉ុស្តិ៍ គឺជាសារព័ត៌មានបរទេសដែលតែងតែរិះរកគ្រប់វិធីពិសពុល និងកលល្បិចគ្រប់បែបយ៉ាង ដើម្បីបំផ្លាញសេចក្តីសុខរបស់សម្តេចតេជោ ហ៊ុន សែន "។ លិខិតមានខ្លឹមសារថា "ពួកបរទេសស្បែកសទាំងនេះមិនដែលធ្លាប់បានឆ្លងកាត់របបវាលពិឃាដខ្មែរក្រហមឡើយ ហើយពួកគេក៏មិនដឹងថា ខ្មែរយើងវេទនាខ្លោចផ្សាប៉ុណ្ណាទេនៅក្នុងភ្នក់ភ្លើងសង្គ្រាម ទម្រាំយើងបានរស់រាននិងរីកចម្រើនមកដល់ថ្ងៃនេះ។ កាសែត បរទេសទាំងនេះមានលក្ខណៈបែបឈ្លើយ សរសេរលម្អៀងគាំទ្របក្សប្រឆាំងដោយគ្មានធ្វើការសិក្សាស្រាវជ្រាវរកប្រភពពិតមុននឹងចុះផ្សាយ"។ លិខិតនោះបានបញ្ចប់ថា "កាសែតបរទេសទាំងពីរនេះត្រូវតែកែខ្លួនធ្វើការងារប្រកបដោយក្រមសីលធម៌ខ្ពស់ និងការទទួលខុសត្រូវច្បាស់លាស់ដែលមានប្រយោជន៍ពិតៗសម្រាប់កម្ពុជាទាំងមូល។ បើពុំនោះសោតទេ កម្ពុជាមិនមានជម្រើសអ្វីផ្សេងក្រៅពីចាត់វិធានការតាមច្បាប់ ហើយបញ្ជូនក្រុមអស់លោកចេញពីកម្្ពុជា"។ រូបត្លុកអមមកជាមួយ ដែលជារូបលេចឡើងដំបូងក្នុងការអធិប្បាយលើការបង្ហោះរបស់លោកស្រី ហ៊ុន ម៉ាណា កាលពីថ្ងៃព្រហស្បតិ៍នោះ ប្រើរូបឃោសនាណាស៊ី ដែលមានចំណងជើងថា "ក្នុងនាមមនុស្សជាតិ"។ រូបកំប្លែងដើមបង្ហាញអតីតប្រធានាធិបតីអាមេរិក លោក ហ្វ្រែងគ្លីន រ៉ូសវេល អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក វីនស្តុន ឈឺឈីល  និងអតីតមេដឹកនាំផ្តាច់ការសូវៀត លោក ហ្សូសេប ស្តាលីន ហៀបនឹងកាត់កស្រីក្រមុំម្នាក់លើជ្រញ់សម្គាល់ដោយផ្កាយមានចុងស្រួច៦របស់ជ្វីហ្វ ។ អត្ថបទពីក្រោមរូបភាពលើកឡើងថា ពួកមេដឹកនាំសម្ព័ន្ធមិត្តសម្លាប់សន្តិភាព មិនមែនធ្វើតាមការអះអាងដែលថា ពួកគេតំណាងការសង្គ្រោះមនុស្សជាតិទេ។ ទាក់ទងកាលពីថ្ងៃសុក្រ លោក លឹម ជាវុត្ថា  ស្ថាបនិក និងជានាយកប្រតិបត្តិព័ត៌មាន Fresh News  បាននិយាយថាលិខិតនោះត្រូវបានដាក់ដោយអ្នកអានធម្មតាម្នាក់ហើយថាការចុះផ្សាយលិខិតអនាមិកជាការអនុវត្តស្តង់ដារតាមវេបសាយរបស់លោក។ ដោយបដិសេធថា Fresh News មិនមានការពាក់ព័ន្ធជាផ្លូវការណាមួយជាមួយបក្សកាន់អំណាចនោះ លោក លឹម ជាវុត្ថា បាននិយាយថា "នេះមិនមែនជាចេតនារិះគន់នរណាម្នាក់ទេវាគ្រាន់តែជាព័ត៌មានប៉ុណ្ណោះ"។ ជារឿយៗFresh News ជាអង្គភាពទី១ចុះផ្សាយឯកសាររដ្ឋាភិបាលផ្លូវការហើយជាញឹកញាប់ចុះផ្សាយដោយគ្មានការអត្ថាធិប្បាយទេ។ កាលពីខែឧសភា Fresh News  បានបង្ហោះលិខិតមតិអនាមិកមួយដែលលើកឡើងថា ស្ថានទូតអាមេរិកបានប្រើអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដើម្បីបង្កបដិវត្តន៍។ កាលពីថ្ងៃសុក្រ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក" មិនដឹង" ថា នរណាដាក់លិខិតនោះទេ ប៉ុន្តែ ថា ហេតុផលរបស់អ្នកនិពន្ធត្រឹមត្រូវ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា "លោកជាអ្នកឃោសនា"។ លោកបាននិយាយបន្ថែមថា កាសែត ដេលី និងភ្នំពេញប៉ុស្តិ៍ ជា"ផ្នែកមួយនៃក្រុមប្រឆាំងលោកនាយករដ្ឋមន្ត្រី"។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា កាសែតចាំបាច់ត្រូវពិនិត្យឲ្យប្រយ័ត្នប្រយែងថែមទៀតលើសុក្រឹតភាពនានាមុនពេលចុះផ្សាយ ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់ប្រាប់អំពីភាពមិនត្រឹមត្រូវណាមួយក្នុងអត្ថបទទាក់ទិននឹងសេចក្តីរាយការណ៍របស់អង្គការក្លូបល វីតណេសទេ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា "ប្រសិនបើអ្នកគ្មានវិជ្ជាជីវៈ យើងនឹងចាត់វិធានការលើរឿងហ្នឹង"។ លោកបាននិយាយបន្ថែមថា លោកមានគម្រោងរៀបចំកិច្ចប្រជុំមួយជាមួយអង្គភាពព័ត៌មានក្នុងស្រុកដើម្បី ទប់ស្កាត់ស្ថានការណ៍មិនឲ្យរីកធំ ប៉ុន្តែ បានបដិសេធមិននិយាយថា នឹងពិភាក្សាអំពីរឿងអ្វីទេ។ លោកបានមានប្រសាសន៍ទាំងសើចថា "ខ្ញុំមិនចង់ឲ្យគេសម្លាប់អ្នកនាំសារណាម្នាក់ទេ សំឡាញ់"៕និត

ភាព​​​លេច​​​ធ្លោ​​​និង​​​បដិវត្តន៍​​​​​​​​​នៃ​​​​​​’នារី​​​សង្គ្រោះ​​​’ ធី សុវណ្ណថា

ក្នុងរយៈពេល៦ខែបន្ទាប់ពីការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣ សកម្មជនសង្គ្រោះជាតិវ័យជំទង់ ធី សុវណ្ណថា គឺប្រហែលជាតួអង្គនយោបាយដែលមិនជ្រើសតាំងនិងមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា ដោយក្លាយជាមុខមាត់របស់រូបសណ្ឋាននៃនយោបាយហ្វេសប៊ុកក្នុងប្រទេសនេះ។ រូបភាពនិងវីដេអូនៃសិស្សវិទ្យាល័យវ័យ១៨ឆ្នាំដ៏ទាក់ទាញនេះត្រូវបានបង្ហោះដោយគណបក្សប្រឆាំងទៅលើបណ្តាញសង្គមក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលបង្ហាញភាពប៉ិនប្រសប់អំពីផលប្រយោជន៍នៃការចូលរួមយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ។ ការបង្ហោះមួយក្នុងខែមិថុនា ឆ្នាំ២០១៣ដោយអ្នកចាត់ចែងយុទ្ធនាការប្រចាំក្រុងភ្នំពេញរបស់បក្សសង្គ្រោះជាតិគឺ លោក លី សុវិជ្ជា ដែលនៅជិតរូបថតរបស់កញ្ញា សុវណ្ណថាដែលប្រមូលផ្តុំទង់ជាតិគណបក្សសង្គ្រោះជាតិតូចៗថា "គេដឹងថា នារីសង្គ្រោះជាតិវ័យក្មេងគឺស្អាត ហើយទន់ភ្លន់ នៅពេលដែលលោកអ្នកជួបពួកគេ"។ ក្នុងរយៈពេលប៉ុន្មានខែនៃបាតុកម្ម បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស កញ្ញា សុវណ្ណថាបានជួយដឹកនាំ ដោយអង្គុយលើដំបូលរថយន្ត ឡិចស៊ីស ស៊ូវរបស់នាង ពោលគឺស្រែកពាក្យរបស់គណបក្សប្រឆាំងថា "ហ៊ុន សែន អើយ ចុះចេញទៅ" ទន្ទឹមនឹងនោះក៏ប្រើទូរស័ព្ទស្មាតហ្វូនរបស់នាងថតព័ត៌មានសម្រាប់ទំព័រហ្វេសប៊ុក “I Love Cambodia Hot News II” ដែរ។ វីដេអូឃ្លីបបានជួយបំបែកភាពរឹតត្បិតដ៏តឹងរ៉ឹងរបស់គណបក្សប្រជាជនកម្ពុជាទៅលើបណ្តាញសារព័ត៌មាន ហើយក៏ជួយជំរុញគណបក្សសង្គ្រោះជាតិជិតនឹងទទួលបានជ័យជម្នះ ហើយប្រជាប្រិយភាពនិងភាពក្លាហានរបស់នាងបានធ្វើឲ្យនាងចូលកៀកនឹងមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខាតនៅឯការតវ៉ាដែលបានកើតឡើងនោះ។ កញ្ញា សុវណ្ណថា បានស្រែកទៅកាន់ក្រុមអ្នកតវ៉ាក្នុងខែធ្នូ ឆ្នាំ២០១៣ថា "ហ៊ុន សែន អន់អើយអន់ជាងស្រីទៀត។ បបួលបោះឆ្នោតឡើងវិញ អត់ហ៊ាន។ គាត់ចេញតាមទូរទស្សន៍ហើយសួរ 'តើខ្ញុំធ្វើអីខុស?' ពូមីង សួរតាមត្រង់ អ្នកណាធ្វើឲ្យពូមីងឈឺចាប់?” ហ្វូងមនុស្សបានឆ្លើយថា "ហ៊ុន សែន" ទន្ទឹមនោះកញ្ញា សុវណ្ណថាក៏ថតខ្លួនឯងសម្រាប់វីដេអូមួយទៀតដែរ។ បន្ទាប់មក មួយខែក្រោយពីរដ្ឋាភិបាលក្នុងខែមករា ឆ្នាំ២០១៤បានបង្ក្រាបហិង្សាលើការតវ៉ារបស់គណបក្សសង្គ្រោះជាតិទូទាំងក្រុងភ្នំពេញនោះ កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក សុខា បានចេញសេចក្តីថ្លែងការណ៍មួយបណ្តេញកញ្ញា សុវណ្ណថា ចេញពីបក្ស។ សេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១ ខែកុម្ភៈសរសេរថា "គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា មិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទេ"។ លោក អេង ពន្លក ប្អូនប្រុសរបស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកទំព័រ “I Love Cambodia Hot News II” បាននិយាយប៉ុន្មានថ្ងៃក្រោយមកថា "ខ្ញុំព្រួយបារម្ភ។ ខ្ញុំសង្ស័យថា នាងជាគិញរបស់គណបក្សប្រជាជនកម្ពុជា"។ លោក ពន្លក បានពន្យល់ថា មានភ័ស្តុតាងដែលថា កញ្ញា សុវណ្ណថាជាចារនារីគណបក្សប្រជាជនកម្ពុជា ហើយក៏ជាដៃគូជាសម្ងាត់របស់សកម្មជនគណបក្សប្រជាជនកម្ពុជាលោក ផែ សុវណ្ណារិទ្ធ ដែលក្នុងអំឡុងពេលឃោសនាបោះឆ្នោតបានធ្វើជាគូបដិបក្សសំខាន់របស់នាងនៅលើហ្វេសប៊ុក ហើយក៏ការពារគណបក្សប្រជាជនយ៉ាងប្តូរផ្តាច់ដែរ។ លោក ពន្លក បាននិយាយថា "ខ្ញុំមិនដឹងទេក្នុងពេលអនាគតថា នឹងធ្វើយ៉ាងម៉េចចំពោះប្រជាប្រិយភាពរបស់ សុវណ្ណថា ប៉ុន្តែ...មានសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនគឺព្រួយបារម្ភ"។ លោកបានពន្យល់ថា លោកព្រួយបារម្ភអំពីការនិយាយរិះគន់តាមអ៊ិនធើណិតរវាងកញ្ញា សុវណ្ណថា និងលោក សុវណ្ណារិទ្ធ។ សម្រាប់មនុស្សជាច្រើន ការបណ្តេញចេញជាសាធារណៈទៅលើសិស្សវិទ្យាល័យមានប្រជាប្រិយភាពនៃគណបក្សសង្គ្រោះជាតិ គឺដូចជាការលេងសើច ហើយចំណាប់អារម្មណ៍មិនមានប្រយោជន៍ចំពោះការឆ្លើយតបរបៀបចាស់ទុំរបស់នាងទេ ដោយទទួលយកការបណ្តេញចេញទាំងមិនត្អូញត្អែរ ហើយក៏និយាយថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ។ កញ្ញា សុវណ្ណថា បាននិយាយកាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីការវាយប្រហារជាសាធារណៈកាន់តែច្រើនទៅលើផែនការដែលគេចោទថា ប្រឆាំងគណបក្សសង្គ្រោះជាតិថា "ខ្ញុំគិតថា កញ្ញា មនោវិទ្យា មិនគួរបារម្ភទេ"។ កញ្ញាបាននិយាយថា "អ្វីដែលគាត់និយាយគឺគ្មានភ័ស្តុតាងទេ។ វាមិនល្អសម្រាប់គណបក្សសង្គ្រោះជាតិ ឬសម្រាប់គាត់ទេ"។ វិធានការបែបនេះក៏មានឥទ្ធិពលតិចតួចក្នុងការកាត់បន្ថយប្រជាប្រិយភាពរបស់នាង ហើយនាងបន្តផលិតវីដេអូសម្រាប់អ្នកតាមដានទំព័រហ្វេសប៊ុកជិតកន្លះលាននាក់របស់នាង សូម្បីតែបើកបរទៅកាន់ក្រុងសៀមរាបក្នុងខែវិច្ឆិកា ដើម្បីគាំទ្រលោក រង្ស៊ី បន្ទាប់ពីលោកបាននិយាយថា លោកនឹងធ្វើដំណើរតាមយន្តហោះទៅទីនោះដើម្បីប្រឈមមុខនឹងការគំរាមចាប់ខ្លួនក៏ដោយ។ ប៉ុន្តែ រឿងនេះបានប្រែប្រួលក្នុងខែមីនា នៅពេលដែលមានខ្សែអាត់សំឡេងដែលត្រូវគេចោទថា ធ្វើឡើងរវាងលោក សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្រីស្នេហ៍របស់លោកត្រូវបានបែកធ្លាយនៅលើហ្វេសប៊ុក។ ក្នុងឃ្លិបមួយ បុរសម្នាក់អះអាងថា កញ្ញា សុវណ្ណថា កំពុងប្រើគណបក្សសង្គ្រោះជាតិ ដើម្បីបោកប្រាស់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក។ ជាមួយនិស្សិតសាកលវិទ្យាល័យ ស្រី ចំរើន ដែលធ្វើយុទ្ធនាការបង្ខំឲ្យលោក សុខា ឆ្លើយតបនឹងការចោទប្រកាន់ថា លោកមានស្រីកំណាន់ ឬឲ្យលាលែងចេញពីតំណែងក្នុងគណបក្សសង្គ្រោះជាតិនោះ កញ្ញា សុវណ្ណថា ក៏បានចូលរួមយុទ្ធនាការនោះដែរ។ ចោទប្រកាន់លោក សុខា ថា ជួញដូរផ្លូវភេទ ចំពោះការនាំស្រីស្នេហ៍ទៅក្រុងបាងកក នាងក៏បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទារជំងឺចិត្ត១លានដុល្លារពីបទបរិហារកេរ្តិ៍ទាក់ទងនឹងការនិយាយផ្តោះផ្តងតាមទូរស័ព្ទ ហើយក៏អំពាវនាវឲ្យលោកអនុប្រធានបក្សរូបនេះចុះចេញពីតំណែងដែរ។ កញ្ញា សុវណ្ណថា បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីខែឧសភា ដែលអង្គុយនៅក្បែរលោក ចំរើន ថា "បើបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ មានន័យថា គាំទ្រឲ្យមនុស្សថោកទាប ល្មោភកាម និងគំាទ្រអំពើសាហាយស្មន់"។ កញ្ញា សុវណ្ណថា បាននិយាយពីរបីថ្ងៃក្រោយមកថា "ប្រសិនបើ  ដឹកនាំប្រទេស ឬកាន់តំណែងខ្ពស់ ខ្ញុំគិតថា ប្រទេសជាតិនឹងពោរពេញទៅដោយអំពើអនាចារ។ ប្រសិនបើបក្សគ្មាន កឹម សុខា ក៏មិនរលាយដែរ"។ ទោះបីជាអ្នកគាំទ្រជាច្រើនបានបកស្រាយយុទ្ធនាការប្រឆាំងនឹងលោក សុខា ថាជាការវាយប្រហារដែលរៀបចំស៊ីសង្វាក់គ្នាបានយ៉ាងល្អិតល្អន់ដោយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏កញ្ញា សុវណ្ណថា បាននិយាយដោយទទូចថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ ហើយរិះគន់មេដឹកនាំរបស់ខ្លួនដោយសារតែព្រួយបារម្ភអំពីកិត្តិនាមរបស់គណបក្ស។ ទោះជាយ៉ាងនេះក្តី ការវាយប្រហារភ្លាមៗទៅលើលោក សុខា នាំឲ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះយ៉ាងគំហុក។ ក្នុងខែឧសភា អតីតអ្នកគាំទ្ររបស់នាងបានធ្វើយុទ្ធនាការដ៏ធំមួយដើម្បីចុច "មិនចូលចិត្ត" លើទំព័រនាង ដែលភ្លាមនោះក៏ត្រូវបានផ្អាក ចំពេលដែលនាងបង្កើនការធ្វើវេទិកាសាធារណៈរបស់អង្គការក្រៅរដ្ឋាភិបាលរបស់នាងតាមខេត្តនានា។ នៅពេលកញ្ញា សុវណ្ណថា បានបើកទំព័រឡើងវិញកាលពីខែមុន ការបង្ហោះសារដែលធ្លាប់តែមានប្រជាប្រិយភាពរបស់នាងបានក្លាយទៅជាវេទិកាតាមអុីនធើណិតសម្រាប់អ្នកគាំទ្រចាស់ៗរបស់នាងក្នុងការប្រកួតប្រជែងប្រើប្រាស់ពាក្យពេចន៍អាសអាភាសបំផុតដើម្បីវាយប្រហារនាងទៅវិញ។ ទោះជាយ៉ាងនេះក្តី ដោយបានធ្វើឲ្យមានកំហឹងដល់បណ្តាញអ្នកគាំទ្រគណបក្សប្រឆាំងដ៏ច្រើនលើសលប់ពេលកន្លងមកនោះ កញ្ញា សុវណ្ណថា ក៏បានមានអ្នកគាំទ្រថ្មីមួយចំនួនដែរស្ថិតនៅផ្នែកម្ខាងនៃគម្លាតនយោបាយ។ ស្ទើរតែពីរឆ្នាំចាប់តាំងពីការអំពាវនាវរបស់នាងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង សកម្មជនរូបនេះបានទទួលការអបអរក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រីដែលបានសរសើរការងារការពារបរិស្ថានរបស់នាងនៅក្នុងតំបន់អារែ៉ង ខេត្តកោះកុង។ លោក ហ៊ុនសែន បានមានប្រសាសន៍ថា "កញ្ញា ធី សុវណ្ណថា ដែលជាអ្នកលេងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុម ធ្វើដំណើរទៅតំបន់អារ៉ែង អ៊ីចឹងអាហ្នឹងជាចលនាជួយការពារមួយ ដូច្នេះជំរុញលើកទឹកចិត្តឱ្យពួកគាត់បន្តទៅ"។ កញ្ញា សុវណ្ណថា បានឆ្លើយតបដោយសរសើរលោកនាយករដ្ឋមន្ត្រីជាសាធារណៈជាលើកដំបូង។ កញ្ញា សុវណ្ណថា បានសរសេរថា "នាងខ្ញុំ ធី សុវណ្ណថា សូមថ្លែងអំណរគុណ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសរសើរនាងខ្ញុំក្នុងការពារព្រៃឈើនៅតំបន់អារ៉ែង"។ កញ្ញាបានសរសេរទៀតថា "នាងខ្ញុំសូមគោរពជូនពរសម្តេចតេជោ និងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ឧបសគ្គ "។ លោក សុវិជ្ជា អ្នកចាត់ចែងយុទ្ធនាការគណបក្សសង្គ្រោះជាតិដែលបាននាំកញ្ញា ធី សុវណ្ណថា ឲ្យចូលបក្សក្នុងឆ្នាំ២០១៣ និងបម្រើការងារជាអគ្គលេខាធិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍ បាននិយាយកាលពីថ្ងៃច័ន្ទថា ដំបូងលោកកត់សម្គាល់ឃើញភាពរឹងរូសរបស់សកម្មជនដែលមានប្រជាប្រិយភាពរូបនេះចំពោះគណបក្សសង្គ្រោះជាតិនៅដើមឆ្នាំ២០១៤។ លោក សុវិជ្ជា បាននិយាយដោយសំដៅទៅលើគណបក្សប្រជាជនកម្ពុជាថា "នាងចាប់ផ្តើមផ្លាស់ប្តូរក្រោយពីនាងមានបញ្ហាជាមួយ កឹម មនោវិទ្យា ហើយក៏ចាប់ផ្តើមទាក់ទង ផែ សុវណ្ណរិទ្ធ។ ផែ សុវណ្ណរិទ្ធ.... ធ្វើការជាមួយ ជា ចំរើន ដែលជាអ្នកនយោបាយជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា"។ លោកបាននិយាយថា "គេបានបង្កើតក្រុមនេះ ដើម្បីធ្វើកិច្ចការខ្លះរួមគ្នាគឺ ជា ចំរើន ស្រី ចំរើន ផែ សុវណ្ណារិទ្ធ និងធី សុវណ្ណថា។ គេធ្វើយុទ្ធនាការរួមគ្នា ដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ និងកឹម សុខា"។ លោក សុវិជ្ជា បានអះអាងថា លោក សុវណ្ណារិទ្ធ និងលោក ស្រី ចំរើន ដែលមានវ័យក្មេងជាងបានជួបគ្នានៅឯសាកលវិទ្យាល័យដែលឥឡូវនេះបានបិទទ្វារទៅហើយរបស់លោក ចំរើន ដែលមានវ័យចំណាស់ជាង មុននឹងការបោះឆ្នោតក្នុងឆ្នាំ២០១៣ ពោលគឺមុននឹងនាំកញ្ញា សុវណ្ណថា ចូលទៅក្នុងក្រុមពួកគេ នៅពេលដែលគណបក្សសង្គ្រោះជាតិបានបណ្តេញនាងចេញ។ នៅតែជិតស្និទ្ធនឹងកញ្ញា សុវណ្ណថា ក្នុងអំឡុងពេលនាងស្ថិតនៅក្នុងគណបក្សសង្គ្រោះជាតិ លោក សុវិជ្ជា បាននិយាយថា ការពន្យល់តែមួយរបស់លោកចំពោះការប្តូរបក្សរបស់នាង គឺការសន្យាថានាងកាន់តែមានឈ្មោះល្បីល្បាញនិងមានទ្រព្យធន។ លោកបាននិយាយថា "នាងចង់បានលុយនិងផលប្រយោជន៍ អ៊ីចឹងទើបនាងទៅគណបក្សប្រជាជនកម្ពុជា។ បញ្ហាដែលបានកើតឡើងជាមួយនាង និង កឹម មនោវិទ្យា គឺជារឿងតូចតាចទេ។ អ្នកអាចពិចារណា វាជាការដោះសាដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ"។ កញ្ញា សុវណ្ណថា ជាយូរមកហើយត្រូវញាំញីដោយសំណួរទាក់ទងនឹងប្រភពនៃទ្រព្យធនរបស់នាង ដោយមានអ្នករិះគន់កត់សម្គាល់លើការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករបស់នាង និងរថយន្តឡិចស៊ីស ស៊ីវថ្មីសន្លាងមួយគ្រឿងរបស់នាង ប៉ុន្តែ នាងតែងតែថា ប្រាក់កាក់ទាំងនោះគឺបានមកពីជំនួញគ្រួសារនាង។ ទំនាក់ទំនងផ្លាស់ប្តូររបស់កញ្ញា សុវណ្ណថា គឺមិនមែនជាបញ្ហាដែលមជ្ឈដ្ឋានភាគច្រើនចង់ពិភាក្សាពេលនេះទេ ដោយកញ្ញា មនោវិទ្យា ជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ គឺចាប់តាំងពីខែតុលា ឆ្នាំ២០១៤មក បានបដិសេធមិននិយាយជាចំហទាក់ទិននឹងសកម្មជននេះទេ។ លោក សុវណ្ណារិទ្ធ ដែលក៏បានជួយដឹកនាំយុទ្ធនាការប្រឆាំងលោក សុខា ដែរ មិនបានឆ្លើយតបនឹងការស្នើសុំធ្វើអត្ថាធិប្បាយទេ។ កញ្ញា សុវណ្ណថា បានបដិសេធមិនឲ្យសម្ភាសពីរដង ដោយចុចបិទទូរស័ព្ទដាក់អ្នកយកព័ត៌មានម្តង ហើយបន្ទាប់មកកំណត់ការសម្ភាសដែលមិនបានកើតមានទេ។ លោក ចំរើន ជានិស្សិតសាកលវិទ្យាល័យវ័យក្មេង ដែលជាអ្នកធ្វើយុទ្ធនាការដ៏លេចធ្លោបំផុតប្រឆាំងលោក សុខា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ ក៏បដិសេធមិនឲ្យសម្ភាសដែរ។ ប៉ុន្តែ និស្សិតរូបនេះ មិនដែលបដិសេធថា ខ្លួនមិនមែនជាមិត្តភក្តិរបស់កញ្ញា សុវណ្ណថា ទេ គឺអ្នកទាំងពីរទាក់ទងគ្នាជាចំហនៅតាមទំព័រហ្វេសប៊ុករបស់គេចាប់តាំងពីដើមឆ្នាំ២០១៤។ លោក ចំរើន បាននិយាយក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី២៥ ខែមីនាថា "ខ្ញុំស្គាល់នាងព្រោះយើងធ្លាប់ចូលរួមក្នុងសកម្មភាពសង្គមជាច្រើនជាមួយនាង។ ពេលណានាងចង់ទៅតំបន់ណាមួយ ឬចែកអំណោយពីមូលនិធិរបស់នាង ឬក៏ចុះទៅព្រំដែន យើងទៅជាមួយគ្នា"។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ ដែលដំបូងឡើយជំទាស់នឹងការបណ្តេញកញ្ញា សុវណ្ណថា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកគ្មានយោបល់ទៅលើរឿងអ្វីដែលនាំឲ្យអតីតសកម្មជនលេចធ្លោរូបនេះងាកទៅរកគណបក្សប្រជាជនកម្ពុជានោះទេ។ លោកបានមានប្រសាសន៍ថា "ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រ។ ទុកឲ្យពលរដ្ឋវិនិច្ឆ័យទៅចុះ គឺអ្នកអាចឃើញប្រតិកម្មនៅលើហ្វេសប៊ុករបស់នាងហើយ"៕      

រដ្ឋាភិបាល​​​ចេញ​​​សេចក្តី​​​ព្រមាន​​​ចុង​​​ក្រោយ​​​​​​ទាក់​​​ទិន​​​ការ​​​ប្រើ​​​ប្រាស់​​​គោរមងារ​​​ ‘សម្តេច​​​’

កាលពីម្សិលមិញ ក្រសួងព័ត៌មានបានចេញសេចក្តីព្រមានចុងក្រោយចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមិនបានហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសម្រាំងកំពូលៗថា "សម្តេច" ខណៈមន្ត្រីក្រសួងម្នាក់បានលើកឡើងថា ការដែលមិនបានប្រើគោរមងារនេះអាចនាំឲ្យមានការបញ្ចប់អាជ្ញាប័ណ្ណ។ អ្នកយកព័ត៌មានត្រូវបានណែនាំជាលើកដំបូងឲ្យចាប់ផ្តើមប្រើគោរមងារនេះដែលបកប្រែសឹងតែមានន័យថា "ឧត្តមបំផុត" កាលពីខែធ្នូ។ នៅក្នុងខែឧសភា ក្រសួងបានលើកឡើងថា ស្ថាប័នសារព័ត៌មានមានពេលរហូតដល់ថ្ងៃទី១ ខែកក្កដា ក្នុងការអនុវត្តតាមការណែនាំនេះ។ កាលពីម្សិលមិញ ក្រសួងបានបង្កើនវោហារសាស្ត្ររបស់ខ្លួននៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដែលមានកម្មវត្ថុថា "សេចក្តីព្រមានចុងក្រោយចំពោះលោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងគេហទំព័រទាំងអស់ដែលមិនទាន់គោរពបានពេញលេញអំពីការប្រើប្រាស់គោរមងារសម្តេច"។ សេចក្តីណែនាំនេះមានខ្លឹមសារថា "ដើម្បី ថែរក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ប្រពៃណីដ៏ល្អរបស់ជាតិ ក្រសួងព័ត៌មានតែងតែជ្រើសរើសយកការចេញសេចក្តីណែនាំ អប់រំអ្នកសារព័ត៌មាន អ្នកបំពេញការងារលើវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជាឲ្យចេះប្រើប្រាស់អំណាចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈផងគោរពច្បាប់ជាតិផង និងគោរពប្រពៃណី ជាតិផង"។ សេចក្តីណែនាំនេះមានខ្លឹមសារបន្តថា "ប៉ុន្តែ ដោយសារប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួនតូចនៅតែសំដែងនូវភាពគគ្លើន អនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអត្ថាធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដ មានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ...

MEDIA FEEDS

ប័ណ្ណសារ

video

កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?