ក្រសួង​មហា​ផ្ទៃ​រក​ឃើញ​ថា​ អត្រា​គ្រោះ​ថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៩ ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៨​

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្រោយពី​បាន​រក​ឃើញ​ថា​ អ្នក​ស្លាប់​និង​របួស​កើន​ឡើង​ដល់​ទៅ​ជាង​៧០%​ លើស​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។​

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​របស់​គណៈ​កម្មាធិការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ កាល​ពី​ម្សិលមិញ​ថា​ មនុស្ស​ដែល​រង​គ្រោះ​ថា្នក់​ចរាចរ​ភាគ​ច្រើន​ប្រើ​ម៉ូតូ​ដែល​មាន​កម្លាំង​១២៥​CC។​ លោក​បន្ត​ថា​ ក្នុង​ចំណោម​មនុស្ស​ចំនួន​ជាង​៥​រយ​នាក់​ យ៉ាង​ហោច​ណាស់​មាន​៣​រយ​នាក់​មិន​ពាក់​មួក​សុវត្ថិ​ភាព។​

របាយ​ការណ៍​ប្រចាំ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​របស់​ក្រសួង​មហា​ផ្ទៃរក​ឃើញ​ថា​ អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ មាន​ជាង​៥​រយ​នាក់​ របួស​មាន​ចំនួន​ជិត​១​ពាន់​៦​រយ​នាក់​ ហើយ​ជិត​៨០%​ជាអ្នក​ប្រើ​ប្រាស់​ទោចក្រ​យានយន្ត។​ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៨​ កន្លង​ទៅ ​ដែល​កាល​នោះ​មាន​អ្នក​ស្លាប់​ជាង​៤​រយ​នាក់​ ហើយ​អ្នក​រង​របួស​មាន​ចំនួន​ជាង​១​ពាន់​២​រយ​នាក់។​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើឲ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ដល់​ទៅ​ជាង​៣០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។​ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា​ គ្រោះ​ថ្នាក់​ចរាចរ​មាន​ការ​កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ដោយ​សារ​តែការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ភាព​ធូរលុង ​និង​អំពើ​ពុក​រលួយ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.