រដ្ឋាភិបាល​ប្តេជ្ញា​ជា​ថ្មី​ទៀត​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធ​ភាព​

គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សៅ សុខា​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ប្តេជ្ញា​ជាថ្មី​ម្តង​ទៀត​ថា​ នឹង​ការពារ​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធ​ភាព​នៅ​ឆ្នាំ​២០១៩​នេះ។​

ការ​ប្តេជា្ញចិត្ត​ជាថ្មី​របស់​លោក​សៅ សុខា​ធ្វើឡើង​នៅក្នុង​កិច្ច​ប្រជុំ​ការងារ​របស់​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​ ដោយ​មាន​ការ​ចូលរួម​ពី​អភិបាល​ខេត្ត​ និង​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​មួយ​ចំនួន។​

លោក​សៅ សុខា​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធ​ភាព​ប្រឆាំង​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ការ​ដឹក​ជញ្ជូន​ឈើ​ការ​ធ្វើ​អាជីវកម្ម​ឈើ​ដោយ​ខុសច្បាប់​ ការ​បាញ់​ ឬ​ចាប់​សត្វ​ព្រៃ ​ការ​ធ្វើ​អាជីវកម្ម​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ ​ការ​កាប់​ទន្ទ្រាន​ និង​កាន់​កាប់​ដី​របស់​រដ្ឋ​ ព្រម​ទាំង​ការ​រុករក​រ៉ែ​ដោយ​ខុស​ច្បាប់​ នៅ​ទូទាំង​ប្រទេស​។​

ជាង​នេះទៅ​ទៀត​លោក​ក៏​បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ និង​ជន​ដែល​នៅពី​ក្រោយ​ខ្នង​នៃ​បទ​ល្មើស​ដើម្បី​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធីច្បាប់។​

ប៉ុន្តែ​ក្រុម​អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​ចំនួន​អះអាង​ថា​ ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​សៅ សុខា​អាចជា​ការ​ប្តេជ្ញា​ខ្យល់ពី​ព្រោះ​បទ​ល្មើស​ព្រៃ​ឈើ​នៅតែ​កើត​ឡើង​ឥត​ឈប់​ឈរ។​ មិន​តែ​ប៉ុណ្ណោះ​ ក្រុម​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ​ធំៗ ​ដែល​ធ្លាប់​ត្រូវ​បាន​លោក​ហ៊ុន សែន​ចង្អុល​ចំឈ្មោះ​ ដូ​ច​ជា​ ឧកញ៉ា​លីម ប៊ុណ្ណា ​ហៅ​​ខ្នា ​ឧកញ៉ា​ស៊ឹង សំអុល​ហៅ​អុល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​នោះ ​នៅតែ​អាច​រួច​ខ្លួន​ដដែល។​

ក្រៅពី​ឧកញ៉ា​ទាំង​នេះ ​ក៏មាន​ឧកញ៉ា​និង​មន្ត្រី​គ្រាក់ៗ​ នៅក្បែរ​លោក​ហ៊ុន សែន​ជាច្រើន​ទៀត ​ដែល​ធ្លាប់​មាន​ឈ្មោះ​ក្នុង​ទំព័រ​កាសែត​ក្នុង​ស្រុក​ និង​ក្រៅស្រុក ​ព្រម​ទាំង​មាន​ឈ្មោះ​ក្នុង​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​អន្តរជាតិ​ទៀត​ផង​ ដូច​ជា​ឧកញ៉ា​ទ្រី ភាព ​ឧកញ៉ា​ថៃ និង​សែ​ស្រឡាយ​របស់​លោក​ហ៊ុន សែន​មួយ​ចំនួន​ទៀត។​

របាយ​ការណ៍​អន្តរជាតិ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា​ អ្នក​ដែល​កាង​ឬ ​ការពារ​ឱ្យ​ឈ្មួញ​រក​ស៊ីឈើ ​ឬ​ឈ្មួញ​រ៉ុក​រក​រ៉ែ​ភាគ​ច្រើន​ជា​ក្រុម​យោធា ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅថ្នាក់​ជាតិ ​និង​ថ្នាក់​ខេត្ត​តែ​ម្តង។​

កាលពី​ឆ្នាំ​២០១៦​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​សម្រេច​បង្កើត​គណៈ​កម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ដោយ​មាន​លោក​សៅ សុខា​ជា​ប្រធាន។ ​ក្រោយ​ការ​បង្កើត​ភ្លាម​ គណៈ​កម្មការ​នេះ​ចាប់​បាន​ឈើ​ប្រណិត​ជាង​៧​ម៉ឺន​ម៉ែត្រ​គូប​ នៅតាម​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា​លីម ប៊ុណ្ណា​ហៅ​ខ្នា ​នៅ​ឃុំដារ​ ស្រុក​មេមត់។​ ចំណែក​ឈើជា​ច្រើន​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​លោក​ទ្រី ភាព​ ក្រុម​ហ៊ុនចិន​ និង​ក្រុមហ៊ុន​វៀតណាម​ជា​ដើម៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.