រដ្ឋាភិបាល​លោក​ហ៊ុន សែន​បើក​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​ និង​សកម្ម​ជនបក្ស​សង្គ្រោះ​ជាតិ​ជាង​មួយ​រយ​នាក់​អាច​ដំណើរ​ការ​វិញ​

រដ្ឋាភិបាល​លោក​ហ៊ុន សែន​កាលពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​២០១៨​ បាន​បើក​ផ្លូវ​ឲ្យ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​បើក​ការិយាល័យ​ដំណើរការ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន ​និង​បើក​ឲ្យអ្នក​នយោបាយ​បក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ កម្ពុជា​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ថា ​រដ្ឋ​សភា​កំពុង​តែ​ពិនិត្យ​លើ​បទ​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​នយោបាយ​ អាច​ចាប់​ផ្តើម​ធ្វើ​នយោបាយ​ឡើង​វិញ​ក្នុង​បុព្វហេតុ​បើក​លំហ​នយោបាយ​និង​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សេរីភាព​សង្គម​ស៊ីវិល។​

សេចក្តី​ថ្លែង​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​​ធ្វើ​ឡើង​ក្រោយពី​សន្និសីទ​របស់​ក្រុម​អ្នក​គាំទ្រ​លោក​សមរង្ស៊ី​ទើប​បញ្ចប់​កិច្ច​ប្រជុំ​របស់​ខ្លួន​ក្នុង​ទី​ក្រុង​Atlanta​​រដ្ឋ ​Georgia​ កាលពី​ថ្ងៃ​ទី២ ​ខែ​ធ្នូ​ដែល​បាន​សម្រេច​​តែងតាំង​លោក​សម រង្ស៊ី​​ជា​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​​សង្គ្រោះ​ជាតិ​នៅ​បរទេស​ឬ​ហៅ​ថា CNRP-Oversea​ ខណៈ​លោក​កឹម សុខា​កំពុង​ជាប់​ឃុំ​នៅ​ឡើយ។ ​លោក​សម រង្ស៊ី​អះអាង​ថា​ លោក​កឹម សុខា​នឹង​ធ្វើ​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ណា​លោក​មាន​សេរីភាព​ឡើង​វិញ។​

ទោះជាយ៉ាង​ណា​ក៏ដោយ ​មេធាវី​របស់​លោក​កឹម សុខា​គឺ​លោក​ចាន់ ចេន​ អះអាង​ថា​ កូន​ក្តី​របស់​លោក​មិន​គាំទ្រ​សន្និសីទ​ពិភពលោក​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និយម​លោក​សម រង្ស៊ី​ កាល​ពីដើម​ខែ​ធ្នូនេះ​ឡើយ។​ ប៉ុន្តែ​លោក​អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​មនុស្ស​ជំនិត​របស់​លោក​សម រង្ស៊ី​​អះអាង​ថា​ ការ​ជំទាស់​របស់​មេធាវី​លោក​កឹម សុខា​មិន​អាច​យក​ជា​ការ​បាន​ ខណៈ​លោក​កឹម សុខា ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ។​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​អេង ឆៃអ៊ាង​នេះ​​លោក​កឹម សុខា​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​អម​ដោយ​រូបភាព​មួយ​សន្លឹក​អង្គុយ​ពិភាក្សា​គ្នា​ជាមួយ​មេ​ធាវី​បីរូប​ នៅផ្ទះ​របស់​លោក​ថា ​លោក​មាន​សិទ្ធិ​ឲ្យ​មេធាវី​របស់​លោក​នាំពាក្យ​និង​បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​ដែល​ជាកូន​ក្ដី​ជាផ្លូវ​ការ​ស្រប​តាម​បញ្ញត្តិ​ច្បាប់។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ​ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចុះ​សម្រុង ​និង​ឯកភាព​ផ្ទៃ​ក្នុង​ជា​ធ្លុង​មួយ​ដ៏​រឹង​មាំទេ​ គណបក្ស​ប្រឆាំង​មួយ​នេះនឹង​នៅតែ​ធ្វើ​នយោបាយ​កំដ​​អំណាច​របស់​លោក​ហ៊ុន សែន​ ហើយ​នៅតែ​ដឹកនាំ​បែប​ចាញ់ៗ​ដដែល៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.