កម្ពុជាបានសម្រេចទិញថាមពលអគ្គិសនីពីប្រទេសឡាវកម្លាំង ពី ២៣០គីឡូវ៉ុល ទៅ៥០០គីឡូវ៉ុល

រដ្ឋាភិបាល​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ ​បាន​ព្រម​ព្រៀង​ទិញ​ថាមពល ​អគ្គិសនី​ពី​ប្រទេស​ឡាវ​ ដែល​នៅ​ជាប់​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា​ក្នុង​មាន​ថាមពល​ប្រហែល​៥​រយ​គីឡូវ៉ុល។​

ការ​សម្រេច​​ទិញ​ថាមពល​អគ្គិសនី​​ពី​ប្រទេស​ឡាវ​នេះ ​ធ្វើ​ឡើង​ក្នុង​ពេល​លោក​ហ៊ុន សែន ​និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ នៅ​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ ​តាម​ការ​អញ្ជើញ​ពី​នាយក​រដ្ឋមន្ត្រី​ឡាវ ​លោក​ថង​លួន ស៊ីសូលីត។​

ភាគី​ទាំងពីរ​ក៏បាន​ព្រម​ព្រៀង​គ្នា​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ រួមមាន​ ការ​ធ្វើ​បត្យាប័ន​ក្នុង​ការ​ដោះដូរ​អ្នក​ទោស ​កិច្ច​ព្រមព្រៀង​លើ ​វិស័យ​អប់រំ អនុស្ស​រណៈ​​នៃ​ការ​យោគ​យល់​គ្នា ​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ​និង​សិល្បៈ ​និង​អនុស្សរណៈ​ស្ដីពី​ការ​ខ្ចី​សត្វ​ដំរី​សម្រាប់​ការ​បង្ហាញ​សិល្បៈ ​និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​នៅ​សួនសត្វ​សាហ្វារី ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថែម​ទៀត។​

ជាង​នេះទៅ ​លោក​ហ៊ុន សែន ​និង ​លោក​ថងលូន​ ស៊ីសូលីត​ យល់​ព្រម​ជាមួយ​​គ្នា​ប្រគល់​ភារៈ​កិច្ច​ឲ្យ​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ ​ការងារ​បច្ចេក​ទេស​ក្នុង​បញ្ហា​បោះ​បង្គោល​ព្រំដែន​ដើម្បី​ផ្ញើ​ទៅ​ប្រធានាធិបតី​បារាំង ​លោក​ម៉ាក្រុង ឲ្យ​ជួយ​ផ្ដល់​ផែន​ទី​បោន​ខ្នាត​១​លើ​១០០​ពាន់​ ដើម្បី​ឈាន​ទៅ​រកកា​រ​បញ្ចប់​បញ្ហា​ជម្លោះ​ព្រំដែន​ រវាង​ប្រទេស​ទាំងពីរ​នៅពេល​ខាង​មុខ។​

ភាគីទាំង​ពីរ​ក៏​បាន​ព្រម​ព្រៀង​គ្នា​លើ​ចំណុច​សំខាន់​ចំនួន​បី​ ទី​១ ​គឺ​គ្មាន​វត្តមាន​កងទ័ព​នៃ​ប្រទេស​នៅ​តំបន់​​អូរតាង៉ាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ ​ទី​២​ គឺ​គ្មាន​ប្រជាជន​ធ្វើ​អាជីវ​កម្ម​នៅ​ទីនោះ​ ហើយ​ទី​៣​ យោធា​នៃប្រទេស​ទាំងពីរ​ត្រូវតែ​ធ្វើ​រួមគ្នា ​រួម​ទាំង​លើក​គោក ​ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ ក្នុង​ការ​ចុះ​ល្បាត​ផ្សេងៗ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.