កម្ពុជា​រំពឹង​ថា ​នឹង​នាំចេក​ទៅ​ទីផ្សារ​ប្រទេស​ចិន​ជាង​២​ម៉ឺនតោន​ក្នុង​ឆ្នាំ​២០១៩​នេះ​

ពេល​នេះ​ចេក​កម្ពុជា​មាន​ទីផ្សារ​ធំមួយ​គឺ​ប្រទេស​ចិន។​ព័ត៌មាន​អំពី​ការ​នាំ​ចេក​ចេញ​នេះ​កើត​ឡើង​ក្រោយពី​កម្ពុជា​បាន​ចរចារ​នីតិវិធី​បែបបទ​ ឯកសារ​ចាំបាច់​ សំខាន់ៗ​ទាំង​ច្បាប់ ​និង​បច្ចេកទេស​ជាពិសេស​ឯកសារ​អនាម័យ​ជាមួយ​ភាគី​ចិន​មុន​ឈាន​ទៅ​ចុះ​ហត្ថលេខា​លើ​អនុស្សរណ:​នៃ​ការ​យោគ​យល់​គ្នា​កាលពី​ថ្ងៃ​ទី​២​ខែ​សីហា​ឆ្នាំ​២០១៨។ ​

ហ្វេសប៊ុក​ក្រសួង​កសិកម្ម​ដែល​ចុះ​ផ្សាយ​នៅថ្ងៃ​ទី​១០​ខែ​ឧសភា​បាន​ដក​ស្រង់​សម្តី​អគ្គនាយក​ក្រុម​ហ៊ុន​លោក​ឧកញ៉ា​ផែ ហុកឈួន​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​វេច​ខ្ចប់​និង​នាំចេញ​ផ្លែ​ចេក​អំបូង​លឿង​ស្រស់​របស់​ក្រុម​ហ៊ុន​ឡងមេត​អេហ្រ្គី​ដែល​នាំ​ចេក​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។  ​ហ្វេសប៊ុកចុះ​ផ្សាយ​ថា ​ការ​ដាំ​ចេក​សម្រាប់​នាំ​ចេញ​គឺ​ធ្វើ​ឡើង​លើ​ផ្ទៃ​ដី​សរុប​១​ពាន់​ហិចតា ​ដែល​ត្រូវ​ប្រើប្រាស់​ទុន​វិនិយោគ​ជាង​៣២​លាន​ដុល្លារ។​

ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ទៀត​ថា​ សព្វ​ថ្ងៃ​ក្រុមហ៊ុន​មាន​ផ្ទៃដី​ជាង​៤០០​ហិចតា ​ក្នុង​ខេត្ត​កំពត​ ហើយ​កំពុង​ប្រមូល​ផល​វេច​ខ្ចប់​ និង​ដំណើរការ​​នាំ​ចេញ​ដោយ​សង្ឃឹម​ថា​ ក្នុង​ឆ្នាំ​២០១៩ ​ចេក​ស្រស់​ប្រមាណ​ជាង​២​ម៉ឺន​ ២​សែន​តោន​នឹង​ត្រូវ​ធ្វើការ​នាំចេញ​នៅ​ឆ្នាំ​នេះ ​ហើយ​នៅ​ឆ្នាំ​២០២០​ កម្ពុជា​រំពឹង​ថា​ តួលេខ​នាំចេក​ចេញ​​នឹង​កើន​ឡើង​ដល់​ទៅ​ជាង​៣​ម៉ឺន​តោន។​

ទន្ទឹមនឹង​នេះ ​ក្រុមហ៊ុន​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ជាង​៨០០​នាក់​ហើយ​ឆ្នាំ​២០២០​ត្រូវ​ការ​ពលកម្ម​បន្ថែម​ជាង​១០០០​នាក់​ទៀត៕​​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.