កម្ពុជា-ចិន​នឹង​ធ្វើ​លំហាត់​សម​យុទ្ធ​យោធា​រួម​គ្នា​នៅខែ​មីនា​២០១៩​ ខាង​មុខ​

កម្ពុជា​និង​ចិន​គ្រោង​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ដែល​មាន​ឈ្មោះ​ថា ​​នាគមាស​ឆ្នាំ​២០១៩​ក្រោម​ប្រធាន​បទ​ប្រឆាំង​ភេរវកម្ម​ និង​ជួយ​ដល់​វិស័យ​មនុស្ស​ធម៌។​​

សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ​ នៅ​ទីលាន​​បាញ់​គ្រាប់​ពិត​ហ៊ុន សែន​ជុំគិរី​ ដែល​ស្ថិត​នៅ​ស្រុក​ជុំគិរី​ ខេត្ត​កំពត​ ដោយ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ។​ ​

គំរោង​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ចិន​បាន​សម្រេច​ឡើង​នៅ​ជំនួប​រវាង​លោក​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេបញ្ជាការង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ជាមួយ​ភាគី​ចិន​ ដែល​ដឹកនាំ​ដោយ​លោក​សេង យុនឡៃ​(SHENG YUNLAI) ​នាយ​រង​សេនាធិការ​កងទ័ព​ជើង​គោក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​កាលពី​ថ្ងៃ​ច័ន្ទ។​

ភាគី​កម្ពុជា​អះអាងថា​ សម​យុទ្ធ​នាគមាស​ឆ្នាំ​២០១៩​ធ្វើឡើង​ក្នុង​បុព្វ​ហេតុ​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ កាន់តែ​ជិត​ស្និទ​នឹង​គ្នា​បន្ថែម​ទៀត​ក្នុង​បេសក​កម្ម​ការងារ​រួម​គ្នា។​

កន្លង​មក​កម្ពុជា ​និង​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​នាគមាស​ចំនួន​២​ លើក​រួច​មក​ហើយ ​គឺលើក​ទីមួយ​នៅ​ឆ្នាំ​២០១៦​ក្រោម​ប្រធាន​បទ​ ​ការជួយ​សង្គ្រោះ​មហន្តរាយ ​និង​មនុស្ស​ធម៌​និង​លើក​ទីពីរ​នៅចុង​ខែ​មីនា​ឆ្នាំ ​២០១៨​ នេះ​ ក្រោម​ប្រធាន​បទ​ ​ប្រឆាំង​អំពើ​ភេរវ​កម្ម ​និង​ការងារ​មនុស្សធម៌។​

វិស័យ​យោធា​កម្ពុជា ​និង​ចិន​ត្រូវ​គេមើល​ឃើញ​ថា​ កាន់តែ​មាន​ភាព​ជិត​ស្និទ​ជាង​មហា​អំណាច​អាមេរិក។​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​បោះបង់​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​មួយ​អាមេរិក​ក្រោយពី​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​បាន​ជះលុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​និង​សន្យា​ការពារ​ការ​គ្រប់គ្រង​អំណាច​របស់​លោក​ហ៊ុន សែន៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.