អង្គការ​ពលកម្ម​អន្តរ​ជាតិ​រក​ឃើញ​ថា ​មាន​ការ​គោរព​លក្ខខណ្ឌ​ការងារ​ តាម​រោងចក្រ​ប្រសើរ​ជាង​មុន​

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) រក​ឃើញ​ថា  ​ ការ​គោរព​លក្ខខណ្ឌ​ការងារ​តាម​រោងចក្រ​នៅ​មិន​ទាន់​បាន​៥០%​នៅ​ឡើយ។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០១៨​ ដែល​ចេញ​ផ្សាយ​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ បង្ហាញ​ថា ​ការងារ​​តាម​បណ្តា​រោងចក្រ​ បាន​ប្រសើរ​ឡើង​ពី​៣២% ​មក​ ៤១%។​

របាយ​ការណ៍​ដដែល​វាយ​តម្លៃ​ស្ថានភាព​ការងារ​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៨​ ​នៅ​តាម​រោងចក្រ​ចំនួន​ជាង​៤​រយ។​

ក្រុម​សហ​ជីព​និយាយ​ថា​ លក្ខខណ្ឌ​ការងារ​តាម​រោងចក្រ ​និង​ការ​គោរព​សិទ្ធិ​កម្មករ​ រហូត​មកទល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ​ ដោយ​សារ​នៅ​សល់​ចំណុច​ខ្វះ​ខាត​ជាង​ ៥០%​ទៀត​ ដែល​ត្រូវ​កែ​លំអ​ឲ្យ​បាន​ប្រសើរ​នៅ​តាម​រោងចក្រ​ទាំង​ឡាយ។​

បញ្ហា​ដែល​នៅ​សេស​សល់​ទាំង​នោះ​រួម​មាន ​បរិស្ថាន ​ខ្សល់​ចេញ​ចូល​ក្នុង​រោងចក្រ ​បញ្ហា​សុខភាព​របស់​កម្មករ​នៅ​ក្នុង​រោងចក្រ ​សិទ្ធិ​សេរីភាព​របស់​សហជីព​ដែល​តែ​មាន​ការ​គាប​សង្កត់ ​និង​ការ​គំរាម​កំហែង​ពី​សំណាក់​ថៅកែ​ជា​ដើម៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.