កម្លាំង​ទ័ព​ប្រទេស​ជិត​ខាង​កម្ពុជា​គឺ​ប្រទេស​វៀតណាម​

យោង​តាម​ការ​ស្រាវជ្រាវ​ពី​គេហ​ទំព័រ​Global Fire Power​ពី​ឆ្នាំ​២០១៧​ ដល់​ឆ្នាំ​២០១៩ ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ មាន​ពល​រដ្ឋ​ជាង​ ៩៦​លាន​នាក់។​  រដ្ឋាភិបាល​ក្រុង​ហាណូយ​ ចាយ​ថវិកា​សម្រាប់​ការពារ​ជាតិ​ចំនួន​ជិត​៣​ពាន់​៤​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ ក្នុង​ចំណោម​ប្រទេស​មាន​កម្លាំង​ទ័ព​១៣៦​ក្នុង​ពិភព​លោក​វៀតណាម​ ជាប់​លំដាប់​លេខ​២០។​

១. ​កម្លាំងទ័ព

– មាន​មនុស្ស​ពេញ​កម្លាំង​ចំនួន​ជិត​៥១​លាន​នាក់​

– មាន​មនុស្ស​អាច​ធ្វើ​ទាហាន​បាន​ចំនួន​ជិត​៤២​លាន​នាក់​

– មាន​មនុស្ស​គ្រប់​អាយុ​បម្រើ​ជាតិ​មួយ​ឆ្នាំៗ​ចំនួន​ជាង​១​លាន​៦​សែន​នាក់​

– មាន​ទាហាន​សរុប​ចំនួន​ជិត​៥លាន​៥​សែន​នាក់​

– មាន​ទាហាន​សកម្ម​ចំនួន​ជិត​៥​សែន​នាក់​

– មាន​ទាហាន​បម្រុង​ជាង​៥​លាន​នាក់​

២. ​យុទ្ធ​ភណ្ឌ​ទ័ព​អាកាស​

– មាន​យន្តហោះ​គ្រប់​ប្រភេទ​សរុប​២៨៣​គ្រឿង​

– មាន​យន្ត​ហោះ​ប្រយុទ្ធ​៧៦​គ្រឿង​

– មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​៧៦​គ្រឿង​

– មាន​យន្តហោះ​ដឹក​ជញ្ជូន​១៦៥​គ្រឿង​

– មាន​យន្តហោះ​បង្ហាត់​ហ្វឹកហ្វឺន​២៨​គ្រឿង​

– មាន​ឧទ្ធម្ភាគ​ចក្រ ​ឬ​កន្ទុមរុយ​សរុប​១៣៩​គ្រឿង​

– មាន​ឧទ្ធម្ភាគ​ចក្រ​វាយ​ប្រហារ​២៥​គ្រឿង​

៣.  យុទ្ធ​ភណ្ឌ​ទ័ពជើង​គោក​

– មានរថ​ក្រោះ​ចម្បាំង​ធុនធ្ងន់​ចំនួន​ជាង​១​ពាន់​៥​រយ​គ្រឿង

– មាន​រថពាស​ដែក​ចំនួន​ជាង​៣​ពាន់​គ្រឿង​

– មាន​កាំភ្លើង​ធំ​ផ្ទុក​រថក្រោះ​ចំនួន​ជាង​៥០០​គ្រឿង​

– មាន​កាំភ្លើង​ធំ​សណ្តោង​ចំនួន​ជាង​២​ពាន់​គ្រឿង​

– មាន​រថយន្ត​ផ្ទុក​កាំជ្រួច ​ឬ មីស៊ីល​ធុន​បេអឹម−២១​ជាង​១​ពាន់​គ្រឿង

៤. យុទ្ធភណ្ឌ​ទ័ពជើង​ទឹក​

– មាន​នាវា​ចម្បាំង​គ្រប់​ធុន​ចំនួន​៦៥​គ្រឿង​

– គ្មាន​នាវា​ផ្ទុក​យន្តហោះ​

– មាន​នាវា​ចម្បាំង​ធុនតូច​ចំនួន​១៤​គ្រឿង​

– មាន​នាវា​ប្រដាប់​អាវុធ​អមក្បួន​ដឹក​ជញ្ជូន​ចំនួន​៩​គ្រឿង​

– គ្មាន​នាវា​កម្ទេច​

– មាននាវាមុជទឹកចំនួន ៦គ្រឿង

– មាន​នាវា​ល្បាត​ចំនួន ២៥​គ្រឿង​

– មាន​នាវា​ដោះ ​ឬ ​កម្ទេច​មីន​ក្នុង​ទឹក​ចំនួន​៨​គ្រឿង​

៥. វៀតណាម​ផលិត​ប្រេង​ឥន្ធនៈ​បាន​ជាង​៣​សែន​ធុង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ក្នុង​មួយ​ថ្ងៃ​អស់​ជិត​៤​សែន​២​ម៉ឺន​ធុង។​ វៀតណាម​មាន​ប្រេងកាត​បម្រុង​អាច​បូម​បាន​ប្រមាណ​៤​ពាន់ ៤រយ​លាន​ធុង។ ​ចំពោះ​បំណុល​បរទេស ​វៀតណាម​ជំពាក់​គេ​ជិត​ ៩២​ពាន់​លាន​ដុល្លារ។ ​រូបិយ​វត្ថុ​ជា​ទ្រព្យ​

តម្កល់​ទុក​បម្រុង​ក្រៅ​ប្រទេស ​រួម​ទាំង​មាស​ដុំ ​មាន​តម្លៃ​ជិត​ ៣៩​ពាន់​លាន​ដុល្លារ។

គួរ​រំឭក​ហេតុ​ការណ៍​ក្នុង​ប្រវត្តិ​សាស្រ្ត​មួយ​ថា ​គ្រា​ដែល​យួន​កុម្មុយនិស្ត​បង្កើត​ទ័ព​

ព្រៃ​យួន​ខាង​ជើង−យៀកកុង​ ច្បាំង​ជាមួយ​ទ័ព​អាមេរិកាំង​រយៈ​ពេល​ប្រមាណ​ជាង​១២​ឆ្នាំ​ពី​ឆ្នាំ​១៩៦៣​ដល់​ឆ្នាំ​១៩៧៥​ បណ្តាល​ឲ្យ​ទាហាន​អាមេរិកាំង​ស្លាប់​ប្រមាណ​ជាង​៥​ម៉ឺន​៨​ពាន់​នាក់។​

យោង​តាម​កាសែត​អាមេរិកាំង​Chicago Tribune​ផ្សាយ​ពី​ក្រុង​ព្រៃ​នគរ​ថ្ងៃ​ទី​១​កក្កដា​១៩៨៨ ​ឧត្តមសេនីយ៍​ឯក​ឡេ ខាហ្វីវ​ មេ​បញ្ជាការ​រង​កង​ទ័ព​ប្រជាជន​វៀតណាម​នៅ​កម្ពុជា​ប្រាប់​អ្នក​កាសែត​ថា ​គ្រា​ដែល​ទ័ព​វៀតណាម​វាយ​ឈ្លាន​ពាន​កាន់កាប់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេលជាង​១០​ឆ្នាំ ​ទាហាន​ វៀតណាម​ស្លាប់​នៅ​ស្រុក​ខ្មែរ​មាន​ចំនួន​ជិត​ស្មើ​នឹង​ទាហាន​អាមេរិកាំង​ស្លាប់​នៅ​ស្រុក​យួន។​

ឧត្តម​សេនីយ៍​ឯក ឡេ ខាហ្វីវ​ពោល​ថា៖ ​ពី​ឆ្នាំ​១៩៧៧​មក​ទល់​ឆ្នាំ​១៩៨៨ ​ទាហាន​វៀតណាម​ស្លាប់​លើទឹក​ដី​ខ្មែរ​មាន​ចំនួន​៥​ម៉ឺន​ ៥ពាន់​នាក់​ ហើយ​របួស​៥​ម៉ឺន​៥ពាន់​នាក់​ដែរ។​

ការ​បាត់​បង់ជីវិត​ទាហាន​វៀតណាម​នោះ​កើត​ឡើង​ដោយ​ការ​ប្រឈម​ប្រយុទ្ធ​ជាមួយ​​កងទ័ព​នៃ​ចលនា​តស៊ូ​ខ្មែរ​ទាំង​៣​ភាគី​តាម​បែប​ទ័ពព្រៃ​ គឺ​ចលនា​រាជានិយម​សម្តេច​នរោត្តម​ សីហនុ ​ចលនា​សាធារណរដ្ឋ​និយម​ ដឹកនាំ​ដោយ​លោក​សឺន សាន​​និង​ចលនា​ខ្មែរ​ក្រហម​ ដែល​ក្រោយ​មក​បង្កើត​ជា​រដ្ឋាភិបាល​ត្រី​ភាគី​កម្ពុជា​ប្រជា​ធិតេយ្យ។​

លើក​ក្រោយ​សូម​ជូន​ការ​ប្រៀប​ធៀប​អំពី​កម្លាំង​ទ័ព​ថៃ៕​​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.