កម្លាំង​រាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ​នឹង​បញ្ជូន​ខ្លួន​បុរស​ ដែល​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ទៅ​តុលាការ​

កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ​​មន្ត្រី​ជំនាញ​របស់​ខ្លួន​កំពុង​សាកសួរ​ជន​សង្ស័យ​ឈ្មោះ​ឡោ ប៊ុនភ័ក្ត្រ ​ជា​បុគ្គលិក​បើក​បរ​នៅ​ក្រុមហ៊ុន​មួយ​ ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅស្ត្រី​ម្នាក់​កាល​ពី​ថ្ងៃ​ទី៩​ខែ​មេសា​ហើយ។​ ក្រុម​អាជ្ញាធរ​ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ​សមត្ថ​កិច្ច​នឹង​បញ្ជូន​ខ្លួន​ជន​នោះ​​ទៅ​តុលាការ​ក្រុង​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។​

កម្លាំង​កងរាជ​អាវុធ​ហត្ថ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ​ឡោ ប៊ុនភ័ក្ត្រ​ ដែល​បាន​ប្រើ​អំពើ​ហិង្សា ​ដោយ​ទះ​កំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​ទៅ​លើ​ថ្នល់​ កាល​ពីថ្ងៃ​អង្គារ​កន្លង​មក។​

ទំព័រ​ហ្វេសប៊ុក​របស់​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១១​មេសា​នេះ​បាន​ឱ្យ​ដឹង​ថា ​កម្លាំង​ជំនាញ​របស់​កងរាជ​អាវុធ​ហត្ថ​បាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ឈ្មោះ​​ឡោ ប៊ុនភ័ក្ត្រ​ថា​ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​ ប៉ុន្តែ​សមត្ថ​កិច្ច​មិន​បាន​បញ្ជាក់​​ថា ​ជា​ក្រុម​ហ៊ុន​អ្វី​នោះ​ទេ។​

បន្ទាប់ពី​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ ​មេ​បញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​លោក​រ័ត្ន ស្រ៊ាង​បាន​ស្នើ​ទៅ​ក្រុម​ហ៊ុន​ឲ្យ​ជន​នោះ​ចេញ​មុខ​ទទួល​ខុស​ត្រូវ។ ​ពីរ​ថ្ងៃ​ក្រោយ​មក ​ក្រុមហ៊ុន​នោះ​បាន​នាំ​ជន​សង្ស័យ​ឈ្មោះ​ឡោ ប៊ុនភ័ក្ត្រ​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ដល់​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្តង។​​

កាលពី​ថ្ងៃ​ម្សិលមិញ​វីដេអូ​មួយ ​ដែលបាន​ចែក​ចាយ​នៅលើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​បាន​បង្ហាញ​ពី​ហេតុ​ការណ៍​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​កើត​ឡើង​កាលពី​ថ្ងៃទី​៩ ​ខែ​មេសា ​ នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៣៦ ​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូនពេញ។​

វីដេអូ​នោះ​បាន​បង្ហាញ​ពី​សកម្ម​ភាព​ទំនាស់​ពាក្យ​សម្តី​រវាង​ជន​សង្ស័យ​ លោក​ឡោ ប៊ុនភ័ក្ត្រ​ចុះ​ពី​រថយន្ត​ទំនើប​មួយ​គ្រឿង​ ចូល​ទៅ​កាន់​កន្លែង​លក់​ថ្នាំពេទ្យ​មួយ​កន្លែង​ ជាមួយ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពីរ​នាក់​ដែល​ដើរ​នៅ​តាម​ដង​ផ្លូវ។​  ក្រោយ​ប្រកែក​គ្នា​ជន​សង្ស័យ​រូប​នោះ​ក៏​ដើរ​ចេញ​ពី​កន្លែង​លក់​ថ្នាំពេទ្យ​ មក​វាយ​មួយ​កំផ្លៀង​ទៅលើ​ស្ត្រី​ម្នាក់​ដែល​ប្រកែក​គ្នា​នោះ​បណ្តាល​ឱ្យ​ដួល​មួយ​ជំហរ​ទៅលើ​ថ្នល់​តែ​ម្តង។ ​ក្រោយ​អំពើ​ហិង្សា​នេះ ​បុរស​ដដែល​ក៏​បាន​បើក​រថយន្ត​ចេញ​ទៅ​បាត់​តែ​ម្តង។ ​ចំណែក​ស្រី្ត​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.