កម្លាំង​សមត្ថ​កិច្ច​រារាំង​ដើរ​ដង្ហែ​ក្បួន​របស់​ក្រុម​ស្រ្ដី​ថ្ងៃ៨មីនា​

កម្លាំង​សមត្ថ​កិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ​ជាង​២​រយ​នាក់​កាលពី​ព្រឹកមិញ​នេះបាន​នាំ​គ្នា​រារាំង​ក្រុម​ស្រ្ដី​ដែល​មាន​គ្នា​ប្រហែល​៤​រយ​នាក់​មក​ពី​សមាគម​ និង​អង្គការ​សង្គម ​ស៊ីវិល​នានា ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ដើរ​ដង្ហែ​​ក្បួន​ទៅ​ដាក់​នៅ​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨ ​មីនា​នោះ​ទេ។​

ប្រធាន​សហ​ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​ សេវា​កម្ម​អ្នកស្រី​ អ៊ូ ទេពផល្លីន​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ក្រុម​របស់​អ្នកស្រី​មាន​ការ​សោក​ស្ដាយ​ជាខ្លាំង​ចំពោះ​ការ​រារាំង​របស់​សមត្ថកិច្ច​ ដែល​ធ្វើ​ឡើង​ផ្ទុយ​ពី​មាគ៌ា​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។​

អ្នកស្រី​បន្ត​ថា​ ញត្តិ​ដែល​ក្រុម​របស់​អ្នកស្រី​ព្យាយាម​យក​ទៅ​ដាក់​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នោះ​មាន​៧​ចំណុច​ រួមមាន​ការ​ទាមទារ​ឲ្យ​ការ​បង្កើត​មតេយ្យ​ទារក​ដ្ឋាន​ ឬ​សហគមន៍ ​បង្កើត​ជម្រក​សុវត្ថិភាព​សម្រាប់​ស្រ្ដី​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ហិង្សា​ផ្លូវ​ភេទ​លើ​ស្រ្ដី​នៅ​កន្លែង​ការងារ​ កែ​ទម្រង់​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ ​និង​ ពង្រឹង​យន្តការ​ការពារ​ស្រ្ដី​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ ​និង​ការ​ពង្រឹង​យន្ត​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ ស្ដីពី​ការ​កេង​ប្រវ័ញ្ច​ការងារ ​ការ​ជួញដូរ ​និង​​ទាសភាព​សម័យ​ទំនើប​ជា​ដើម៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.