កសិករ​ដាំ​ស្វាយ​កែវ​រមៀតនៅ​ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង​ជួប​វិបត្តិ​គ្មាន​ទីផ្សារ​

កសិករ​ដាំ​ស្វាយកែវ​រមៀត​នៅ​ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង​ដែល​ជួប​វិបត្តិ​គ្មាន​ទីផ្សារ​ បាន​យក​ស្វាយ​របស់​ខ្លួន​​ជា​ច្រើន​តោន​មក​ចាក់​ចោល​នៅ​មាត់​ផ្លូវ​និង​បេះ​ទម្លាក់​គរ​ទុក​នៅ​ក្រោម​ដើម។​

រូប​ភាព​កសិករ​ចាក់​ស្វាយ​ចោល​នេះ​ត្រូវ​គេ​បង្ហោះ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ព្រោង​ព្រាត​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ។​

កសិករ​ដែល​ជួប​បញ្ហា​នេះ​បាន​លើក​ឡើង​ថា​ ពួក​គេ​សម្រេច​ចាក់​ស្វាយ​ចោល​និង​បេះ​គរ​ទុក​ក្រោម​ដើម​ដូច្នេះ​ដោយ​សារ​ឈ្មួញ​ទិញ​តែ​ផ្លែស្វាយ​ធំៗ ​និង​ក្នុង​តម្លៃ​ទាប​ ​គឺ១​គីឡូ​បាន​តែ​៣០០​រៀល​ប៉ុណ្ណោះ។​

រី​ឯ​អ្នក​ជំនាញ​មក​ពី​ក្រសួង​កសិកម្ម​និង​មន្ត្រី​ជំនាញ​មក​ពី​សមាគមន៍​​ស្វាយ​លើក​ឡើង​ថា​ ការ​ជួប​បញ្ហា​របស់​កសិករ​បែប​នេះ​អាច​មក​ពី​ការ​ដាំ​ដុះ​របស់​កសិករ​មិន​ត្រូវ​តាម​ស្តង់ដារ​ ឬដោយ​ការ​បាញ់​ថ្នាំ​គីមី​ដែល​ហាម​ឃាត់។​ ប៉ុន្តែទោះ​បែប​នេះ​ក្តី​គេនៅ​មិន​ទាន់​ឃើញ​ក្រសួង​ពាក់​ព័ន្ធ​ចុះ​អន្តរាគមន៍​ជួយ​កសិករ​ដែល​ជួប​បញ្ហា​នេះ​នៅ​ឡើយ​ទេ។​ សារព័​ត៌មាន​ក្នុង​ស្រុក​បាន​ដក​ស្រង​សម្តី​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ លោក​ហ៊ាន វណ្ណហន​ចុះផ្សាយ​ថា​ សកម្ម​ភាព​របស់​កសិករ​ចាក់​ស្វាយ​ចោល​នេះ​ជា​ការ​បំផ្លាញ​ខ្លួន​ឯង។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​យ៉ង សាំងកុមារ​ ដែល​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​កសិកម្ម​យល់​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក​ហ៊ាន វណ្ណហន​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​រូប​នេះ​ មិន​បាន​ជួយ​អ្វី​ដល់​កសិករ​នោះ​ឡើយ។​

លោក​បន្ត​ថា​ ក្នុង​នាម​ជា​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ លោក​ត្រូវតែ​ធានា​អំពី​ការ​រក​ទីផ្សារ​ និង​ដោះស្រាយ​វិបត្តិ​​ ទើប​ប្រសើរ​ជាង។​ ជាង​នេះ​ទៅ​ទៀត ​លោក​យ៉ង សាំងកុមារ​បាន​ទាមទារ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដើម្បី​ជួយ​ទប់​ទល់​វិបត្តិ​តម្លៃ​កសិផល​ធ្លាក់​ចុះ​ ហើយ​ថា ​បញ្ហា​នេះ​ក្រសួង​កសិកម្ម​នៅ​មិនទាន់​បាន​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.