ក្នុង​រយៈ​ពេល​១០​ខែ​ឆ្នាំ​២០១៨​ ក្រុម​សម្អាត​មីន​នៅ​កម្ពុជា​បាន​រក​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​៣​ម៉ឺន​គ្រាប់​

មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​​មីន​កម្ពុជា​(CMAC)​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​១០​ ខែ ឆ្នាំ​២០១៨​  ​CMAC​បាន​សម្អាត​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ៣ ​ម៉ឺន​គ្រាប់ ចេញ​ពី​ផ្ទៃដី​ជាង​​៧៥​គីឡូម៉ែត្រ​ការ៉េ។​

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា​(CMAC) ​លោក​ ហេង រតនា​ បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រតិបត្ដិការ​ឆមាស​ទី​​២ ​ឆ្នាំ​២០១៨ ​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជាកា​លពី​ថ្ងៃ​ច័ន្ទ​ថា  ​CMAC​មាន​ផែនការ​ធ្វើ​ការ​បោស​សម្អាត  ​UXOs ​ឲ្យ​សម្រេច​បាន​១១៦​គីឡូម៉ែត្រ​ការ៉េ​លើ​ដី​ដែល​​មាន​មីន​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​១០​ខែ​កន្លង​មក​នេះ​ក្រុម​របស់​លោក​បោស​សម្អាត​បាន​តែ ​៧៥​ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ។ ​ទោះជាយ៉ាង​ណាក៏​ដោយ ​លោក​រំពឹង​ថា​ ក្នុង​រយៈ​ពេល​២​ខែ​ទៀត​ លោក​នឹង​សម្រេច​ឲ្យ​បាន​ដល់​គោលដៅ​ទាំង​មូល។​

លោក​បន្ត​ថា ​ការ​ងារ​បោស​សម្អាត​មីន​របស់​ស៊ីម៉ាក់​ក្នុង​រដូវ​វស្សា​មាន​ការ​ធ្លាក់​ចុះ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ពិបាក​ធ្វើ​ដំណើរ ​ប៉ុន្ដែ​នៅ​អំឡុង​ខែ​១០​ និង​ខែ​១២​នេះ​នឹង​អំណោយផ​ល​ល្អ​​ឡើង​វិញ។​

របាយ​ការណ៍​ចុង​ក្រោយ​របស់ ​CMAC​បង្ហាញ​ថា​ ក្រុម​នេះ​បាន​រំដោះ​ដី​ដែល​មាន​មីន​ឲ្យ​ពលរដ្ឋ​បាន​ប្រមាណ​ជាង​១​ពាន់​៥០០​​គីឡូម៉ែត្រ​ការ៉េ ​ឬ​ស្មើ​នឹង​ប្រមាណ​ជាង​១​​ម៉ឺន​ហិកតា។ ​លោក ​ហេង រតនា​អះអាង​ ផ្ទៃ​ដី​ដែល​ក្រុម​របស់​លោក​រំដោះ​បាន ​នោះ​ បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​​កំពុង​យក​ទៅ​ប្រើប្រាស់ ​និង​បង្ក​បង្កើន​ផល៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.