ក្រុងប៉េកាំងដកថយមួយជំហ៊ាន បន្ទាប់ពីអូស្ត្រាលីប្រកាសទទួល​យកជនភៀសខ្លួនហុងកុង

នៅទីបំផុត លោកស្រី ខារីឡាំ អភិបាលក្រុងហុងកុងដែលលើកបន្តុបដោយ ក្រុងប៉េកាំង បានសម្រេច ដកត្រឡប់ទៅវិញនូវសេចក្ដីព្រាងច្បាប់ ស្ដីពីបត្យាប័នជនជាប់ចោទ នាំខ្លួនយកទៅជំនុំជម្រះក្ដី នៅក្រុងប៉េកាំង បន្ទាប់ពីពលរដ្ឋក្រុងហុងកុង រាប់លាននាក់ ធ្វើបាតុកម្មទាំងយប់ ទាំងថ្ងៃជិត៣ខែ ប្រឆាំងនឹងច្បាប់ដ៏ចម្រូងចម្រាស់មួយនេះ។

តាមការចុះផ្សាយរបស់គេហទំព័រ Daily Mail ដែលស្រង់បន្តពី សារព័ត៌មាន ហុងកុង The South China Morning គឺអ្នកស្រីខារីឡាំ បានដកជាផ្លូវការហើយ នូវសេចក្ដីព្រាងច្បាប់នេះ។ អ្នកស្រីបានធ្វើសេចក្ដីប្រកាសដូច្នេះ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយអ្នកតាក់តែងច្បាប់និង គណៈប្រតិភូមួយចំនួនមកពីសភាជាតិប្រជាជនចិន។

សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ គឺជាដើមចម នាំអោយពលរដ្ឋក្រុងហុងកុងទាំងប្រុសទាំងស្រី ជាពិសេស គឺនិស្សិតសាកលវិទ្យា          ល័យ ចេញមុខខ្លាំងជាងគេ ដឹកនាំធ្វើបាតុកម្ម។ អំឡុងនៃការធ្វើបាតុកម្មនេះ នាំអោយប៉ូលិសបង្ក្រាប ហើយចាប់ខ្លួនបាតុករយ៉ាងតិចជាង ១ពាន់ ១៨០នាក់។

ទោះជាបែបនេះក្ដី ពលរដ្ឋហុងកុង ដែលធ្លាប់រស់នៅជាមួយអាណានិគមអង់គ្លេស ជាង១០០ឆ្នាំ មិនបានរាថយឡើយ គឺពួកគេកាន់តែសាមគ្គីគ្នា ធ្វើការតវ៉ា ដោយបិទផ្លូវ និងឡោមព័ន្ធ ព្រលានយន្តហោះ និងស្ថានីយរថភ្លើងដែលជាកាត់ផ្ដាច់ សរសៃឈាមសេដ្ឋកិច្ចរបស់ក្រុងហុងកុង។

បាតុករ បានហៅសេចក្ដីព្រាងច្បាប់នេះថា ជាការវាយប្រហារលើសេរីភាពរបស់ពលរដ្ឋហុងកុង ហើយជ្រៀតជ្រែក ចូលដែនយុត្តាធិការរបស់ប្រព័ន្ធតុលាការ ដែលបានកំណត់ដោយកិច្ចព្រមព្រៀង នៅឆ្នាំ១៩៩៧។

កិច្ចព្រមព្រៀងនេះ ចែងថា ក្រុងប៉េកាង យល់ព្រមផ្ដល់សិទិ្ធគ្រប់គ្រាន់ លើប្រព័ន្ធតុលាការរហូតដល់ឆ្នាំ ២០៤៧ ទើបកិច្ចព្រមព្រៀងនេះ អស់សុពលភាព។ ទោះជាយ៉ាងណាក៏ដោយ ក្រុងហុងកុង បច្ចុប្បន្ននេះ អនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ដែលចិនប៉េកាំង ត្រួតពិនិត្យ លើសន្តិសុខ និងរដ្ឋបាល។ ប៉ុន្តែ តាមរយៈការតវ៉ារបស់ពលរដ្ឋក្រុងហុងកុង ត្រូវមើលឃើញថា គោលនយោបាយនេះ មិនអាចអនុវត្តបានឡើយសម្រាប់ដែនដីហុងកុងដែលធ្លាប់រស់នៅក្រោម ប្រព័ន្ធសេរីនិយម និងប្រជាធិបតេយ្យ។

ទោះជា អ្នកស្រី ខារីឡាំប្រកាស ថាសេចក្ដីព្រាងច្បាប់នេះស្លាប់ទៅហើយក្ដី ប៉ុន្តែមេដឹកនាំបាតុកម្ម ដូចជាយុវជន Joshua Wong ដែលអាជ្ញាធរបានចាប់ខ្លួននោះ បានសរសេរក្នុងហ្វេសបុករបស់លោកថា ការដកសេចក្ដីព្រាងច្បាប់នេះ វាយឺតពេលទៅហើយ។ លោក ថាបាតុកម្មនៅតែបន្តគឺរហូតមានការចាកចេញពីតំណែងរបស់អ្នកស្រី ខារីឡាំ។

តែយ៉ាងណា ការដកថយមួយជំហ៊ាន របស់ក្រុងប៉េកាំង ក៏ចំពេល សិស្សសាលា វិទ្យាល័យ អនុវិទ្យាល័យ បានបិទទ្វារសាលារៀន ហើយមក ចូលរួមធ្វើបាតុកម្ម ដែលមើលទៅ ធ្វើអោយក្រុងប៉េកាំង កាន់តែឈឺក្បាលហើយលំបាកក្នុងការបង្រ្កាប។ បន្ថែមពីនេះទៀត អាមេរិក សហភាពអឺរ៉ុប និងប្រទេសG-7 បានគំរាមដាក់ទណ្ឌកម្មលើប្រទេសចិន ប្រសិនបើពួកគេហ៊ាននាំគ្នាបង្រ្កាបបាតុករ។

ចំណែក នាយករដ្ឋន្ត្រីនៃប្រទេសអូស្ត្រាលី Scott Morrison បានប្រកាសទទួលយកពលរដ្ឋទីក្រុងហុងកុង មករស់នៅលើទឹកដី អូស្ត្រាលី ដែលគោលការណ៍នេះមើលទៅរឹតតែធ្វើអោយចិន អាម៉ាស់ជាខ្លាំងចំពោះមុខពលរដ្ឋរបស់ខ្លួន ដែលពួកគេមិនអាចរស់នៅជាមួយខ្លួនបាននោះ។ យ៉ាងណាក៏ដោយ លោកបានបន្តទទូចអោយមេដឹកនាំចិនព្យាយាមអត់ធ្មត់ ហើយស្វែងរកដំណោះស្រាយសមរម្យជាមួយនឹងក្រុមបាតុករ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.