ក្រុម​សហជីព​ឲ្យ​សមត្ថ​កិច្ច​រក​យុត្តិធម៌​សម្រាប់​កុមារី​ដាច់​ដៃស្តាំ​ម្ខាង​ក្នុង​សិប្ប​កម្ម​ឡ​ឥដ្ឋ

ក្រុម​សហជីព​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​​ទៅ​លើ​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​កន្លែង​ដើម្បី​ឲ្យ​មាន​ការ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​កុមារី​ម្នាក់​ដែល​បាន​រង​គ្រោះ​ថ្នាក់​ដាច់​ដៃ​ដាំ​ម្ខាង​ដោយ​សារ​ម៉ាស៊ីន​កិន​ឥដ្ឋ។​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​ខែ​មីនា​កន្លង​ទៅ​ ក្មេង​ស្រី​ម្នាក់​ឈ្មោះ ​ឆេង​ ស្រីភ័ក្រ​ អាយុ​៩​ឆ្នាំ​បាន​រងគ្រោះ​ដាច់ដៃ​ស្តាំ​ត្រឹម​ស្មា​ នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ ស្ថិត​នៅ​ភូមិ​ព្រះ​ប្រសប់​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ដោយ​សារ​ដៃ​របស់​នាង​បាន​ភ្លាត់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កិន​ឥដ្ឋ។​

សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា​ហៅ​កាត់​ថា​ ​BWTUC​ ដែល​កំពុង​ធ្វើការ​ខាង​វិស័យ​សំណង់​និង​សម្ភារៈ​សំណង់​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​សម្តែង​ការ​រន្ធត់​យ៉ាង​ខ្លាំង​ចំពោះ​ហេតុ​ការណ៍​អកុសល​ដែល​បាន​កើត​ឡើង​លើ​កុមារី​រូប​នេះ។​

ក្រុម​នេះ​បាន​ជំរុញ​ឲ្យ​សមត្ថ​កិច្ច ​និង​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​ឲ្យបាន​តឹងរ៉ឹង​ទៅ​លើ​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​នោះ​ជា​បន្ទាន់​ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​គ្រោះ​ថ្នាក់​នេះ ​ហើយ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន។​

ចំណែក​លោក​អាត់ ធន់​ដែល​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​សិប្បកម្ម​កែច្នៃ​កសិកម្ម​ សំណង់​ ដែល​នៅ​តែមាន​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ។ ​លោក​បន្ត​ថា​ ច្បាប់​ការងារ​របស់​កម្ពុជា​បាន​ហាម​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្លាំង​កុមារ​​អាយុ​ក្រោម​១៨​ឆ្នាំ​សម្រាប់​កិច្ចការ​ធ្ងន់​ដែល​អាច​នាំ​ឲ្យមាន​ការ​ប៉ះ​ទង្គិច​ដល់​ភាព​លូត​លាស់​ខាង​បញ្ញា​សា្មរតី​ និង​ការ​លូតលាស់​ខាង​ផ្នែក​រាង​កាយ​នោះ​ឡើយ៕​​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.