មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃត្អូញត្អែរ​អំពី​នីតិវិធី​ជំ​នុំ​ជម្រះ​ក្តី​មាន​ភាព​យឺតយ៉ាវ​ដែល​នាំឲ្យ​ចំនួន​អ្នក​ទោស​មិន​មានកា​រថយចុះ

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក ​ស ខេង ​បាន​ត្អូញ​ត្អែរ​ថា​ បញ្ហា​ចំនួន​អ្នក​ជាប់​ឃុំពុំ​មាន​ការ​ថយ​ចុះ​ គឺ​ដោយ​សារ​តែ​ភាព​យឺតយ៉ាវ​នៃ​នីតិវិធី​ក្នុង​ការ​ជម្រះ​ក្តី​នៅ​តុលាការ។​

ការ​អះអាង​របស់​លោក​ ស ខេង​ ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អំពី​តួនាទី​ និង​ភារកិច្ច​របស់​គណៈ​កម្មាធិការ​ជាតិ ​ប្រឆាំង​ទារុណ​កម្ម​ អំពើ​ឃោរឃៅ ​អំពើ​អ​មនុស្ស​ធម៌​ អំពើ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ​

លោក​ ស ខេង​បញ្ជាក់​ថា ​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​អស់​មាន​ទណ្ឌិត​ ជាង​៩​ពាន់​នាក់​ និង​ជាង​២​ម៉ឺន​នាក់​ផ្សេង​ទៀត​ជា​អ្នក​ជាប់​ឃុំ ​មិន​ទាន់​កាត់ទោស ហើយ​​ពួក​គេ​កំពុងរ​ង់ចាំ​នី​តិវិធីតុ​លាការ​នៅ​​ឡើយ។​

លោក​ ហ៊ុន សែន​ កាលពី​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ បាន​យល់​ព្រមឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពីចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ​នៅទូ​ទាំង​ប្រទេស​មានការ​កើនឡើង​ច្រើន​ទៅៗ។​

ការ​យល់​ព្រម​របស់​លោក ​ហ៊ុន សែន ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​កាលពី​ដើម​ខែ​វិច្ឆិកា​ ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ចំនួន​ជន​ជាប់​ឃុំ​កើន​ឡើង​​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់។​

មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត​​ ដែល​តែង​ឃ្លាំមើល​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ពន្ធនាគារ​ ធ្លាប់​ប្រាប់​កាសែត ​The Cambodia Daily​ថា ​លោក​គាំទ្រ​ចំពោះ​គោល​បំណង​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ ​លោក​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ធ្វើ​​ការ​សាងសង់​អាគារ​ពន្ធនាគារ​បន្ថែម​ អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ករណី​បទ​ល្មើស​មជ្ឈឹម​​ស្រាល ​ពន្លឿន​ការ​ជំនុំ​ជំរះ​ និង​បញ្ឈប់​ការ​ឃុំ​ខ្លួន​អ្នកទោស​លើស​រយៈ​ពេល​កំណត់​៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.