មេដឹកនាំ​ខ្មែរ​នឹង​ទៅ​ទស្សន​កិច្ច​ក្នុង​ប្រទេស​វៀតណាម​អម​ដោយ​មន្រ្តី​ កំពូលៗ​ជាច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​

លោក​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​ក្នុង​ប្រទេស​វៀតណាម ​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​៨​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខនេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ជា​​សាធារណៈ​កាលពី​ថ្ងៃ​ទី​​៤ ​ខែធ្នូ​បាន​ឲ្យដឹង​ថា​ មន្រ្តី​ជាន់ខ្ពស់​ ដែល​អម​ដំណើរ​ជាមួយ​លោក​ហ៊ុន សែន ​រួមមាន​លោក ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​​លោក​ប្រាក់ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​លោក​ វ៉ា គឹមហុង​ ប្រធាន​អាជ្ញាធរ​ជាតិ ​ទទួល​បន្ទុក​កិច្ចការ​ព្រំ​ដែន​​លោក​ ស៊ុន​ ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​មន្រ្តី​កំពូលៗ​របប​​លោក​ជាច្រើន​រូប​ទៀត។​

ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក ​ហ៊ុន សែន ​និង​ក្រុម​មន្រ្តី​កំពូលៗ​ ក្នុង​រដ្ឋបាល​របស់​លោក​នឹង​ធ្វើឡើង​ក្រោយពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ប្រាក់ សុខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ ហាណូយ​ដើម្បី​ជួប​ជាមួយ​លោក​ផាម ប៊ិនមិញ ​រដ្ឋ​មន្រ្តី​ការ​បរទេស​​វៀតណាម​កាលពី​ចុងខែ​វិច្ឆិកា ​​ដោយ​ភាគី​ទាំងពីរ​បាន​ប្រកាស​ប្តេជ្ញា​ថា ​មិន​ឲ្យ​កម្លាំង​អមិត្ត​ណា​មួយ ​ប្រើ​ប្រាស់​ទឹក​ដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង​ ឬ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​នោះ​ឡើយ។​

ទោះជាយ៉ាង​ណាក៏​ ដោយ​រហូត​មក​ទល់​ពេល​នេះ​ កម្ពុជា​ និង​វៀតណាម​ នៅ​មិនទាន់​បាន​បញ្ជាក់​ទេ ​ថា​ តើក្រុម​អ​មិត្ត​នោះជា​នរណា​នៅ​ឡើយ​ឲ្យ​ប្រាកដ​នោះ​ទេ។​

ការ​ប្រកាស​របស់​កម្ពុជា ​និង​វៀតណាម​ធ្វើឡើង​ក្រោយពី​សារ​ព័ត៌មាន​The Asia Timesបាន​ចុះ​ផ្សាយ​ថា ​ កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​ ដោយ​សារ​កម្ពុជា​កំពុង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ចិន​បោះ​ទីតាំង​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.