គ្រួសារ​របស់​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាពយន្ត​«ម្តាយខ្ញុំលក់ខ្ញុំ»​ប្តេជ្ញា​ធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​រុស្ស៊ី​រាល់​ថ្ងៃពុធ​

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​ដែល​ជា​អ្នក​បក​ប្រែឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​គឺ​អ្នកស្រី​ឡុង គឹមហ៊ាង​អះអាង​ថា ​តំណាង​របស់​ស្ថានទូត​រុស្ស៊ី​មិន​បាន​ចេញ​មក​ជួប​អ្នកស្រី​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​ប្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​នោះ​ទេ។​

ការ​អះអាង​របស់​អ្នកស្រី​ឡុង គឹមហ៊ាង​ធ្វើ​ឡើង​ក្រោយពី​ក្រុម​របស់​អ្នកស្រី​ស្រែក​តវ៉ា​ទាមទារ​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ជាលើក​ទី​៤​ ហើយ​នៅតែ​គ្មាន​មន្ត្រី​ទូត​ណា​ម្នាក់​ចេញមក​ជួប​ពួកគេ​នោះ​ឡើយ​ ប៉ុន្តែ​មាន​មនុស្ស​ចេញ​មក​ថតរូប​ក្រុម​អ្នក​តវ៉ា។​

អ្នកស្រី​ឡុង គឹមហ៊ាង​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅមុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​អ្នកស្រី​និង​សកម្ម​ជន​ដីធ្លី​ជា​ច្រើន​ទៀត​នឹង​នាំគ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ជារៀង​រាល់​ថ្ងៃពុធ​រហូត​ដល់​មាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​ស្វែង​រក​ការ​ដោះលែង​ប្តី​របស់​អ្នក​ស្រីឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

លោក​រ៉ាត់ រ័ត្នមុនី​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ប្រឈម​ទៅនឹង​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​ការចូល​រួម​ជួយ​ផលិត​ខ្សែភាព​យន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​របស់​ស្ថានីយ៍​ទូរទស្សន៍​Russia Today​ របស់​ប្រទេស​រុស្ស៊ី​ ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ជាការ​ធ្វើ​ឲ្យ ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​ និង​ជា​រឿង​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន។​

ទោះជាយ៉ាង​ណាក៏​ដោយ ​អ្នក​ស្រី​ឡុង គឹមហ៊ាង​អះអាង​ថា​ ប្តី​របស់​អ្នកស្រី​ពុំមាន​កំហុស​ដូចការ​ចោទ​ប្រកាន់​នោះ​ឡើយ​ ពីព្រោះ​ប្តី​របស់​អ្នកស្រី​គ្រាន់តែ​ជា​អ្នក​បកប្រែ​ភាសា​ខ្សែភាព​យន្តឯក​សារ​នេះ​ប៉ុណ្ណោះ ​ហើយ​រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ប្តី​របស់​អ្នក​ស្រី​ឲ្យមាន​សេរីភាព​ឡើង​វិញ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.