ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​កំពុង​បំផ្លាញ​ដំណាំ​ពោត​ជាង​មួយ​ម៉ឺន​ហិកតា​​ក្នុង​ខេត្ត​ចំនួន​៤​

ពេលនេះ​កសិករ​ដាំ​ពោត​កំពុង​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​មួយ​ទៀត​ហើយ​ គឺ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ឈ្មោះ ​Fall Armyworm​ដែល​កំពុង​បំផ្លាញ​ដំណាំ​ពោត​​ជាង​មួយ​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ចំនួន​៤។

មន្រ្តី​ជំនាញ​របស់​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា​ វត្តមាន​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​បាន​រាត​ត្បាត​បំផ្លាញ​ដំណាំ ​ជាពិសេស​ដំណាំ​ពោត​យ៉ាង​លឿន​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​អាកាស​ធាតុក្តៅ។​

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​១៤​ ខែ​មិថុនា​នេះ ​ឲ្យ​ដឹង​ថា​ខេត្ត​ទាំង​បួន​នោះ​រួមមាន​ខេត្ត​បន្ទាយ​មានជ័យ​រង​ការ​ខូចខាត​ដំណាំ​ពោត​ច្រើន​ជាង​គេ​ មាន​រហូត​ទៅ​ដល់​ ជិត​៥​ពាន់​ហិកតា ​ខេត្ត​បាត់ដំបង​ជាង​៣​ពាន់​ហិកតា ​ខេត្ត​ប៉ៃលិន​ប្រហែល​២​ពាន់​​៥​រយ​ហិកតា ​និង​ខេត្ត​ត្បូង​ឃ្មុំ​ចំនួន​៨៥០​ហិកតា។​

រហូត​មក​ទល់​ពេល​នេះ ​ក្រសួង​កសិកម្ម​ បាន​ចាត់​ឱ្យ​មន្រ្តី​ពាក់ព័ន្ធ​រៀប​ចំ​វិធាន​ការ​ទប់​ស្កាត់ ​ស្រាវជ្រាវ​ អង្កេត​ពី​កម្រិត​បំផ្លាញ​របស់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី ​និង​ជំរុញ​វិធាន​ការ​ការពារ​តាម​រាជធានី​ខេត្ត​ទាំងអស់។​​មន្រ្តី​​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ ​ពិសេស​ប្រជា​កសិករ​ត្រូវ​សហការ​ដើម្បី​ទប់ស្កាត់​ និង​កម្ចាត់​ដង្កូវ​ហ្វូង​ឱ្យ​បាន​ទាន់​ពេល​វេលា។​

ក្រសួង​កសិក​កម្ម​បង្ហាញ​ថា ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​ ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​ល្អិត​ចង្រៃ​ចម្បង​ មាន​ដើម​កំណើត​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ដែល​ វា​អាច​ស៊ី​បំផ្លាញ​ដំណាំ ​និង​រុក្ខជាតិ​ជាង​៨០​ប្រភេទ​ ហើយ​ពោត​ជា​ដំណាំ​ដែល​ដង្វូវ​ប្រភេទ​នេះ​ចូល​ចិត្ត។ ​កង្កូវ​ប្រភេទ​នេះ​បាន​ឆ្លង​រាល​ដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដូច​ជា ​អាហ្រ្វិក​កណ្តាល​ អាហ្វ្រិក​ខាង​លិច​អាហ្វ្រិក​ខាង​ត្បូង​រហូត​មក​ដល់​ប្រទេស​ឥណ្ឌា ​ចិន​ ស្រី​លង្កា​ បង់ក្លាដេស​ និង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​គឺ​ថៃ ​មីយ៉ាន់ម៉ា​ និង​ប្រទេស​ឡាវ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.