តុលាការ​សម្រេច​ឃុំខ្លួន​លោក​គិត ធាង​បង​ប្រុស​របស់​លោក​គិត ម៉េង​

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ឧកញ៉ា ​គិត​ ធាង​ម្ចាស់​ក្លឹប​កម្សាន្ត​Rock​ជា​បណ្ដោះ​អាសន្ន​ពី​បទ​ចាត់​ចែង​ សម្រួល​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ​និង​បទ​សម​គំនិត​ក្រោយ​ពី​លោក​គិត ធាង​ ត្រូវ​បាន​សាក​សួរ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​រួច។​

ក្លឹប​កម្សាន្ត​Rock​ជា​កម្ម​សិទ្ធិ​របស់​លោក​លោក​ឧកញ៉ា​គិត ធាង​ ដែល​ជា​បង​ប្រុស​របស់​លោក​ឧកញ៉ា​គិត ម៉េង​ ប្រធាន​ក្រុមហ៊ុន​Royal Group​ ដែល​ក្តោប​ក្តាប់​លើ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដៃ​Mobitel ​ក្រុមហ៊ុន​ទូរ​ទស្សន៍ ​CTN ​ទូរ​ទស្សន៍​CNC ទូរ​ទស្សន៍MyTV ទូរ​ទស្សន៍​One TV ​និងក្រុម​ហ៊ុន​ជាច្រើន​ទៀត។​ ទោះជា​យ៉ាង​ណា​ក៏ដោយ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​អះអាង​ថា ​លោក​ឧកញ៉ា​គិត ម៉េង​ដែល​ត្រូវ​ជាប្អូន​ប្រុស​របស់​លោក​គិត ធាង​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ​ឡើយ។​​

កាលពី​ម្សិលមិញ​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​លោក​គិត ធេង​ប៉ុន្មាន​ម៉ោង​ក្រោយពី​លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មេ​ខ្លោង​ជួញដូរ​គ្រឿង​ញៀន ​នៅ​ក្លឹប​កម្សាន្ត​Rock​បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​បង្ក្រាប​នឹង​រឹបអូស​គ្រឿង​ប្រហែល​៥០​គីឡូក្រាម​ ហើយ​ឃាត់​ខ្លួន​មនុស្ស​ជាង​៣​រយ​នាក់​ កាលពី​ខែ​កុម្ភៈ។​

លោក​ហ៊ុន សែន​ព្រមាន​ថា​ ក្រសួង​មហា​ផ្ទៃ​នឹង​បន្ត​ចាត់​វិធាន​ការ​​លើ​បញ្ហា​នេះ​ហើយ​តុលាការ​ត្រូវតែ​ប្រាកដ​ថា​ ក្លឹប​កម្សាន្ត​មួយនេះ​នឹង​មិន​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​បាន​ឡើយ។ ​ លោក​បន្ត​ថា​ សម្រាប់​ក្លឹប​កម្សាន្ត​មួយ​នេះ​ត្រូវ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​ស្វែង​រក​មេ​ខ្លោង​ដែលនៅ​ក្រោយ​​ការ​ជួញដូរ​គ្រឿង​ញៀន​ទាំង​នេះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.