ក្រុម​តំណាង​រាស្រ្ត​នៃ​រដ្ឋ​សភា​ឯកបក្ស​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ស្តីពី​ គណបក្ស​នយោបាយ​

ក្រុម​តំណាង​រាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​ចំនួន​៨៧​រូប​ ស្នើ ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​គណបក្ស​ នយោបាយ​ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋសភា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ឲ្យ​ដឹង​ថា ​បុគ្គល​ដែល​ត្រូវ​តុលាការ​ សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នឹង​អាច​ទទួល​បាន​វិញ​ នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដោយ​ពេញ​ច្បាប់ ​បន្ទាប់ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាម​ឃាត់​ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលា​កំពូល​ ឬ ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះ​មហា​ក្សត្រ​ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី ​និង​តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។​

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​របប​លោក ​ហ៊ុន សែន​ រំលាយ​ចេញ​ពី​បញ្ជី​នយោបាយ​កាលពី​ចុង​ឆ្នាំ​២០១៧។​ ជាង​នេះទៅ​ទៀត​តុលាការ​កំពូល​របស់​របប​ក្រុង​ភ្នំពេញ​ក៏​បាន​បញ្ជា​ឱ្យមាន​ការ​ហាមឃាត់​ផ្នែក​នយោបាយ​ រយៈ​ពេល​៥​ឆ្នាំ ​ដល់​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ថែម​ទៀត។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​​ថា ​ ​របប​នយោបាយ​ហាក់​មាន​ភាព​ធូរស្រាល​ចុង​ក្រោយ​នេះ អាច​ដោយ​សារ​មាន​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរ​ជាតិ​ ជាពិសេស​សហ​ភាព​អឺរ៉ុប​ដែល​កំពុង​បោះពួយ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ចេញ​ពី​កម្ពុជា​ ខណៈ​របប​លោក​ហ៊ុន សែន ​នៅបន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ផ្ទះ​​នៅឡើយ​នោះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.