ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សន្យា​សាងសង់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​កំលាំង​១០០​មេហ្គាវ៉ាត់​ដល់​កម្ពុជា​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​សន្យា​សាងសង់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​កំលាំង​១០០​មេ​ហ្គាវ៉ាត់​ដល់​កម្ពុជា​ខណៈ​កម្ពុជា​កំពុង​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ជាពិសេស​នៅ​រដូវ​ប្រាំង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ADB​ចុះថ្ងៃ​ទី​២៤​ខែ​ឧសភា​ឲ្យ​ដឹង​ថា​ADB​បាន​អនុម័ត​ឥណទាន​សម្បទាន​ចំនួន​ជាង​៧​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការ​សាងសង់​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ។ ​គម្រោង​នេះ​ត្រូវ​គេ​រំពឹង​ថា​  នឹង​ជួយ​អភិវឌ្ឍ​ធនធាន​ថាមពល​កកើត​ឡើង​វិញ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​និង​ពង្រីក​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច។ ​សេចក្តី​ប្រកាស​បាន​ឱ្យ​ដឹង​ថា​  កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ​ក៏មាន​ឥណទាន​សម្បទាន​ចំនួន​១១​លាន​ដុល្លារ ​និង​៣​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ឥត​សំណង។​

ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ទទួល​បាន​ពី​មូលនិធិ​យុទ្ធ​សាស្ត្រ​តាម​រយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើង​វិញ។ ​បន្ថែម​ពី​នេះ​ទៀត​ ក៏មាន​ហិរញ្ញប្បទាន​ឥត​សំណង់​សម្រាប់​ជំនួយ​បច្ចេក​ទេស​ចំនួន​៥០​ម៉ឺន​ដុល្លារ​ ដែល​ផ្តល់​ដោយ​មូលនិធិ​e-Asia​និង​ភាពជា​ដៃគូ​ចំណេះ​ដឹង​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថ​ភាព​របស់​អគ្គិសនី​កម្ពុជា​(EDC)​ និង​អាជ្ញាធរ​ជាតិ​អគ្គិសនី​កម្ពុជា​(EAC)​ដែល​ជា​និយ័តករ​អគ្គិសនី​ជាតិ​ អំពី​បច្ចេក​វិទ្យា​អគ្គិសនី​បម្លែង​ពន្លឺ​ទៅ​ជា​ថាមពល​អគ្គិសនី​ និង​ការ​រៀបចំ​ផែនការ​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ។​

ADB​បាន​ជួយ​រៀបចំ​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ​ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​កាណាដា ​និង​សិង្ហបុរី។​

ប្រធាន​ក្រុម​ឯកទេស​ខាង​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់ ​ADB ​លោក​ PradeepTharakan ​បាន​លើក​ឡើង​ថា​  ការ​មាន​ប្រភព​ថាមពល​ដែល​គួរ​ឱ្យ​ជឿជាក់​បែប​នេះ​មាន​និរន្តរភាព​ និង​តម្លៃ​សមរម្យ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ ​អ្នក​ជំនាញ​ថាមពល​អគ្គិសនី​និង​អ្នក​ការពារ​បរិស្ថាន​គាំទ្រ​ការ​បង្កើត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​រដ្ឋ​ពន្លឺ​ព្រះ​អាទិត្យ​នេះ ​ព្រោះ​ថាមពល​នេះ​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ដល់​មនុស្ស​និង​បរិស្ថាន​ហើយ​ចំណែក​អាកាស​ធាតុ​កម្ពុជា​ក៏​អំណោយ​ផល​ដល់​គម្រោង​នេះ​ថែម​ទៀត​ផង។​

ប្រភព​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​សព្វ​ថ្ងៃ​កំពុង​ប្រើ​ប្រាស់​ភាគច្រើន​គឺ​បាន​មក​ពី​វារី​អគ្គិសនី​ ប៉ុន្តែ​អង្គការ​អន្តរ​ជាតិ​តែង​ចេញ​អំពាវនាវ​និង​បង្ហាញ​ក្តី​បារម្ភ​តាម​រយៈ​ការ​ស្រាវជ្រាវ​បង្ហាញ​ភស្តុតាង​ថា ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅលើ​ដង​ទន្លេ​មេគង្គ ​និង​ដៃ​ទន្លេ​មេគង្គ​នឹង​នាំ​ឲ្យ​អន្តរាយ​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​ស្បៀង​អាហារ​ ធនធាន​ត្រី ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ជាង​២១​លាន​នាក់​ព្រម​ទាំង​ការ​អភិរក្ស​សត្វ​ផ្សោត​ និង​ត្រី​ឆ្លាំង​យក្ស​ជាដើម៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.