នគរបាល​ចាប់​មនុស្ស​៨​នាក់​ទាក់ទិន​នឹង​ការ​ប្លន់​ហាង​វីង​វេរ​ប្រាក់

នគរបាល​នៅ​ខេត្ត​កណ្តាល​និង​ខេត្ត​កំពង់ចាម​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំបី​នាក់​ចាប់តាំង​ពី​ថ្ងៃ​ពុធ​មក ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​ប្លន់​កន្លែង​ផ្ទេរ​ប្រាក់​វីង​កាលពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ ជា​ការ​ប្លន់​មួយ​ក្នុង​ចំណោម​ការ​ប្លន់​ស្រដៀង​គ្នា​ជាច្រើន​លើក​នា​ពេល​ថ្មីៗ​នេះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

នៅ​ពេល​ប្លន់​នោះ សមត្ថកិច្ច​ក្នុង​ខេត្ត​កណ្តាល​បាន​និយាយ​ថា បុរស​បួន​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​បី​ដើម​និង​ពូថៅ​មួយ បាន​ទម្លាយ​ចូល​ផ្ទះ​ម្ចាស់​ហាង​វីង នៅ​ស្រុក​ខ្សាច់​កណ្តាល វាយ​ធ្វើបាប​កូន​ស្រី​និង​កូន​ប្រសា​ប្រុស​របស់​គាត់ បង្ខំ​ពួកគេ​ឲ្យ​ប្រាប់​កន្លែង​ទុក​ទ្រព្យ​មាន​តម្លៃ​របស់​គ្រួសារ។ ពួកគេ​បាន​និយាយ​ថា ពួក​ចោរ​ប្លន់​យក​បាន​ប្រាក់​៣០.០០០​ដុល្លារ និង​មាស​មាន​តម្លៃ​៦.៥០០​ដុល្លារ។

កាលពី​ថ្ងៃ​អាទិត្យ លោក អីុវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​មាន​ប្រសាសន៍​ថា មេ​ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ និង​បញ្ជូន​ទៅ​តុលាការ។ លោក លឹម សុគន្ធថា ព្រះរាជអាជ្ញា​នៅ​សាលា​ដំបូង​​​ខេត្ត​កណ្តាល បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​ពីរ​កំពុង​ត្រូវ​សាកសួរ​នៅ​ឡើយ។ សមត្ថកិច្ច​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់​បុរស​ទាំងពីរ​នេះ​ទេ ដោយ​និយាយ​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត។

លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា អ្នក​រួម​គំនិត​ប្រាំ​មួយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ ក្នុង​ប្រតិបត្តិការ​ពីរ​ដោយ​ឡែក​ពី​គ្នា​ក្នុង​ខេត្ត​នេះ និង​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ខេត្ត​កណ្តាល ជា​កន្លែង​ដែល​មាន​ឧក្រិដ្ឋកម្ម​បាន​កើត​ឡើង។

លោក​ស្នងការ ប៉ែន រ័ត្ន បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ប្រាំមួយ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​កំពុង​រៀបចំ​ផែនការ​មួយ​លើក​ទៀត​ប្លន់​អាជីវករ​ផ្សារ​ក្នុង​ខេត្ត​កំពង់ចាម។

លោក​ស្នងការ​បាន​មាន​ប្រសាសន៍​ថា “យើង​ទប់ស្កាត់​បាន និង​ចាប់​ខ្លួន​ពួកគេ​បាន​ដោយ​ជោគជ័យ”។

យោង​តាម​លោក ម៉ែន វណ្ណា អភិបាល​ស្រុក​ស្នួល ដែល​មាន​ការ​ប្លន់​បាន​កើត​ឡើង​ឲ្យ​ដឹង​ថា ក្នុង​ករណី​មួយ​ដោយ​ឡែក ជន​ប្រដាប់​អាវុធ​បី​នាក់​បាន​ប្លន់​អ្នក​ទិញ​ដំឡូងមី​ម្នាក់​នៅ​នឹង​ផ្ទះ​របស់​គាត់​ក្នុង​ខេត្ត​ក្រចេះ​កាលពី​យប់​ថ្ងៃ​សៅរ៍ និង​យក​បាន​ប្រាក់​៩០​លាន​រៀល ឬ​ប្រហែល​២២.៥០០​ដុល្លារ។

លោក​បាន​មាន​ប្រសាសន៍​ថា ពាណិជ្ជករ​រូប​នេះ​មិន​បាន​ត្រូវ​របួស​ទេ ហើយ​នគរបាល​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ណា​ម្នាក់​នៅ​ឡើយ៕ និត

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.