នាវា​ចម្បាំង​​របស់​ជប៉ុន​ពីរ​គ្រឿង​នឹង​មក​ចូល​ចត​នៅ​កម្ពុជា​នៅចុង​ខែ​កុម្ភៈ​

ក្រោយពី​នាវា​ចម្បាំង​​របស់​ចិន​ចំនួន​បីគ្រឿង​ចូល​ចត​ក្នុង​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ​កាលពី​ខែ​មករា​កន្លង​ទៅ ​នាវា​ជប៉ុន​២​គ្រឿង​នឹង​ចូល​ចត​នៅ​កម្ពុជា​នៅចុង​ខែ​កុម្ភៈ​នេះ​វិញ​ម្តង។​

នាវា​កង​ទ័ព​ជើង​ទឹក​​របស់​ជប៉ុន​ចំនួន ​២ ​គ្រឿង​នឹង​ចូល​ចត​​នៅ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ​រយៈពេល​ ៤ ​ថ្ងៃ​​នា​ចុង​ខែ​នេះ​​ ដើម្បី​ពង្រឹង​មិត្ត​ភាព​​រវាង​យោធា​ជប៉ុន​និង​កម្ពុជា។​

សេចក្តី​​ប្រកាស​ព័ត៌​មាន​របស់​​ស្ថានទូត​ជប៉ុន​ប្រចំា​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ពេល​ថ្មីៗ​នេះឲ្យ​ដឹង​ថា​ នាវា​ចម្បាំង​ចំនួន​ ២​ គ្រឿង​​របស់ ​​ជប៉ុន​ដែល​មាន​ឈ្មោះ​ថា  ​ ​សេតូយុគិ និង​ ស៊ីម៉ាយុគិ​ នឹង​មក​ធ្វើ​ទស្សនកិច្ច​​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​ ២៥ ​ដល់ ​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩​នេះ។​

សេចក្តី​​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ​វត្តមាន​នាវា​ចម្បាំង​របស់​ជប៉ុន​ពីរ​គ្រឿង​មក​កាន់​ប្រទេស​កម្ពុជា​នេះ​ធ្វើឡើង​ក្នុងគោ​ល​បំណង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​​រវាង​ប្រទេស​​ជប៉ុន​និង​កម្ពុជា​  និង​ដើម្បី​ផ្តល់​​ឱកា​ស​​ឲ្យ​កម្មសិក្សា​ការី​ចំនួន​ជាង​១​រយ​នាក់​ ​ដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា​​ បាន​ស្វែង​យល់​អំពី​វប្បធម៌​ និង​វិស័យ​យោធា​នៅ​កម្ពុជា។​

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា​ វត្តមាន​នៃ​កងទ័ព​ជើងទឹក​របស់​ជប៉ុន​ដែល​នឹង​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ចុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ​គឺ​ដើម្បី​បង្ហាញ​ថា​ ជប៉ុន​ក៏មាន​ផល​ប្រយោជន៍​យុទ្ធសាស្រ្ត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​នៅ​សមុទ្រ​ចិន​ភាគខាង​ត្បូង ​ហើយ​ក៏​ចង់​បញ្ជាក់​ថា  ​ជប៉ុន​ក៏​មាន​ពាក់ព័ន្ធ​ក្នុង​ភូមិ​សាស្រ្ត​នយោបាយ​ក្នុង​តំបន់​អាស៊ី​នេះ ​ដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.