ព្យួរ​ការងារ​មន្ត្រី​នគរបាល​ម្នាក់​ពី​បទ​ពុក​រលួយ​ក្នុងករណី​ចែក​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​រតនគិរី​

នគរ​បាល​ និង​អ្នក​ភូមិ​បាន​លើក​ឡើង​កាល​​ពី​ម្សិលមិញ​ថា មន្ត្រី​នគរ​បាល​ម្នាក់​ក្នុង​ខេត្ត​​រតនគិរី​ ត្រូវ​បាន​ព្យួរ​ការ​ងារ​បណ្ដោះ​អាសន្ន ចំពោះ​ការ​​ទារ​ប្រាក់​ពី​អ្នក​ភូមិ​មុន​ពេល​ដាក់​ឈ្មោះ​ពួក​គេទៅ​​​ក្នុង​បញ្ជី​ឈ្មោះ​​​ប្រជាជន​ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ នៅ​ក្នុង​​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន។

លោក​ រ៉ូម៉ាស់មឿនតំណាង​សហគមន៍​បាន​និយាយ​ថា​ និស្សិត​ស្ម័គ្រ​ចិត្ត​សរុប​​ចំនួន​១.១០០​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​វាស់​វែង​ដីឲ​្យ​អ្នក​ភូមិ​ ដែល​បាន​រស់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ និង​នៅ​លើដី​សម្បទាន​សេដ្ឋកិច្ច​។ប៉ុន្ដែមន្ត្រី​នគរបាល​​ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ​ ​ទាម​ទារ​ប្រាក់​ពី​​អ្នក​​ភូមិ​ជនជាតិ​ភាគ​តិច​ចារ៉ាយ​ មុន​ពេលយល់​​ព្រម​ដាក់​ឈ្មោះ​​ពួក​គេ​​ក្នុង​បញ្ជី​មួយ​ ដែល​​នឹង​​ត្រូវ​ប្រគល់ទៅ​ឲ្យ​​​និស្សិត​ស្ម័គ្រ​ចិត្ត​។

លោក​ មឿន មាន​ប្រ​សាសន៍​ថា លោកឡុង​ អុីម នាយប៉ុស្ដិ៍​​​រង​ឃុំសោមធំ បាន​ទារ​ប្រាក់ចំនួន​៥.០០០​រៀល​ក្នុង​មួយគ្រួសារ​​ពី​ប្រ​ជា​ពលរដ្ឋ​ចំនួន​​១៥៧​គ្រួសារដែល​បាន​រស់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​​ ដោយប្រាប់​ពួក​គាត់​ថាខ្លួន​ត្រូវ​ការ​ប្រាក់​នេះ​ ដើម្បី​​វាស់​វែង​ដី​ជាលើក​ដំបូង​​​មុន​ពេល​​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​មក​ដល់​​តំបន់នេះ​។

លោកមឿនបាន​និយាយ​បន្ដ​ថា “ នាយ​ប៉ុស្ដិ៍​រង​​​​ឃុំលោក​ ឡុងអុីមបាន​តម្រូវ​ឲ្យ​អ្នក​ភូមិ​បង់​ប្រាក់​មួយ​គ្រួសារចំនួន​​​៥.០០០​រៀល​ឲ្យ​គាត់​ ដើម្បី​​រៀប​ចំ​បញ្ជី​​ស្ថិតិ​ដីធ្លី​សម្រាប់​គ្រួសារ​នីមួយៗ​”។

លោក រ៉ាយ រ៉ៃ ស្នង​ការ​នគរបាល​ខេត្ត​រតនគិរីបាន​ថ្លែង​ថាលោកអុីមត្រូវ​បាន​នាំ​មក​អធិការដ្ឋាន​​នគរបាល​ស្រុក​ ដើម្បី​សាក​សួរ​ កាល​ពី​ថ្ងៃ​អាទិត្យ​ អំពី​ការ​​ចោទ​ប្រកាន់​​ទាំង​នេះ។ លោករៃ៉បាន​មានប្រសាសន៍​​​បន្ដថា “ ខ្ញុំ​ និង​មន្ត្រី​របស់​ខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ជំរិត​ទារ​ប្រាក់​​ពី​អ្នកភូមិ​ ហើយ​យើង​បាននាំ​គាត់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ធ្វើការ​សាកសួរ​ពី​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​” លោក​បន្ថែម​ថាលោកអុីមនឹង​ត្រូវ​ព្យួរ​ពីការ​ងារ​របស់​គាត់​ជា​ច្រើន​ខែ​។

លោកចាន់សុវ៉េតអនុ​ប្រធាន​ផ្នែក​​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​ ​ថ្លែង​​ថា បន្ថែម​លើករណី​នៅ​ក្នុង​ខេត្ត​រតនគិរី​ នេះមន្ត្រី​ស៊ើប​អង្កេត​របស់​លោក​​បាន​ទទួល​​សេច​ក្តី​​រាយការណ៍​​ពី​អំពើ​ពុករលួយ​ស្រដៀង​គ្នា​​នេះ​ពាក់​ព័ន្ធ​​នឹង​កម្មវិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លីក្នុង​ខេត្ត​ក្រចេះ​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោកមាន​ប្រសាសន៍​បន្ដ​ថា “ ខ្ញុំ​បាន​បញ្ជូន​មន្ត្រី​ស៊ើបអង្កេត​របស់​ខ្ញុំ​ទៅ​​កន្លែង​ទាំង​នេះ​ហើយ​ ដើម្បី​ប្រមូល​ព័ត៌មាន​ បន្ទាប់​ពីទទួល​បាន​ព័ត៌មានពី​មន្ត្រី​របស់​ខ្ញុំ​។ខ្ញុំ​គិត​ថាលោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​ គួរ​តែ​ណែនាំ​​មន្ត្រី​ឲ្យ​​ដាក់​ទោស​មន្ត្រី​ទាំង​នេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ពី​ព្រោះ​ពួក​គេ​មិន​ត្រូវ​ជំរិត​ទារ​ប្រាក់​​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ​ឡើយ”។

លោកគៀតច័ន្ទថារិទ្ធអ្នក​នាំពាក្យ​នគរ​បាល​ជាតិ​បាន​ថ្លែងថា ធ្លាប់​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ប្រព្រឹត្ត​បែប​នេះ​​ពី​សំណាក់​​មន្ត្រី​នគរបាល​តាំងពី​មុន​ពេល​​ចាប់​ផ្តើម​​កម្ម​វិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​នេះ​ទៅ​ទៀត​។ លោក​មាន​ប្រសាសន៍​បន្ដ​ថា“ ថ្នាក់​ដឹក​នាំ​របស់​យើង​តែង​តែ​រំឭក​ដល់​មន្ត្រី​នគរបាល​របស់​យើង​មិន​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​​ដូច្នេះ​ទេ។យើង​បាន​បញ្ជាក់​​រួច​ហើយ​​​ពី​​ការ​ប្តេជ្ញា​របស់​យើង​​ថា បើសិន​​ពួក​គេ​​ពាក់​ព័ន្ធ​​ក្នុង​ទង្វើ​​ដូច្នេះ​យើង​នឹង​ចាត់​វិធានការ​ប្រឆាំង​ពួក​គេ​​”។

នៅ​ពេល​សួរ​ថា តើ​មាន​​នគរបាល​ទារ​សំណូក​ពី​អ្នកភូមិ​​ប៉ុន្មាន​ករណី​ ដែល​បាន​រាយ​ការណ៍​នៅក្នុង​កិច្ច​ប្រឹង​ប្រែង​នាពេល​ថ្មីៗ​នេះ​ ដើម្បី​ធ្វើការ​វាស់​វែង​ដីធ្លី ឲ្យ​​អ្នក​ភូមិ​ដែល​ជាប់​ពាក់​ព័ន្ធ​នៅក្នុង​ជម្លោះដី​ធ្លី​​នោះ​ លោកបាន​ឆ្លើយ​ថា “ ខ្ញុំ​មិន​ទទួល​បន្ទុក​​រឿង​នេះ​ទេដូច្នេះ​ខ្ញុំ​មិន​ចាំ​ឡើយប៉ុន្ដែជារៀង​រាល់​​ឆ្នាំនិង​ជារៀង​រាល់​ខែយើង​ទទួល​បាន​​​សេចក្តី​រាយការណ៍​​ជា​ច្រើន ដែល​​ទាក់​ទង​នឹង​ករណី​​បែប​​នេះ​”។ លោកឧត្ដមសេនីយ៍ទោ​ គៀតច័ន្ទ​ថារិទ្ធបាន​ជំរុញឲ្យ​អ្នក​ជួប​ប្រទះ​បញ្ហា​បែប​នេះ​ដាក់​ពាក្យ​បណ្ដឹងទៅ​ស្នង​ការ​​នគរបាល​ខេត្ត​៕

(រាយការណ៍​បន្ថែម​ដោយ Lauren Crothers)

ប្រែសម្រួល​ដោយឃិនណៃ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.