ព្រះ​មហា​ក្សត្រ​នឹង​យាង​ទៅ​ប្រទេស​វៀតណាម​​ជាមួយ​លោកហ៊ុន សែន​នៅខែ​ធ្នូ​

ព្រះ​ករុណា​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ និង​លោក ​ហ៊ុន សែន​​ នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ នៅ​ខែ​ធ្នូ​ខាងមុខ។​​

ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ឡើង​ក្រោយពី​លោក​ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ជួប​ជាមួយ​លោក​ ផាម ប៊ិនម៉ិញ ​រដ្ឋមន្រ្តី​ការ​បរទេស​វៀតណាម​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​​ទៅកាន់​ទីក្រុង​ហាណូយ​ពីថ្ងៃ​ទី​២៦​ដល់​២៨​​ខែ​វិច្ឆិកា​កន្លង​ទៅ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩​​ខែ​វិច្ឆិកា​​ឲ្យដឹង​ថា ​លោក​ប្រាក់ សុខុន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​វៀតណាម​ង្វៀន សួនហ្វុក​​ដើម្បី​ត្រៀម​ទទួល​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន សែន ​និង​ព្រះ​មហា​ក្សត្រ​នាពេល​ពេល​ខាង​មុខ​នេះ។​

ទោះជា​យ៉ាងណាក៏​ដោយ​ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​មិន​បាន ​បញ្ជាក់​ពេល​វេលា​ជាក់លាក់​ដែល​ប្រមុខ​ដឹកនាំ​របស់​កម្ពុជា​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​នោះ​ឡើយ។​

កាលពី​ថ្ងៃទី​២៧​ ខែ​វិច្ឆិកា ​កម្ពុជា​និង​វៀតណាម​ ប្រកាស​ថា​ ​ខ្លួន​នឹង​មិន​អនុញ្ញាត​មាន​កម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង​ ឬ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​នោះឡើយ​ក្រោយ​ពី​សារ​ព័ត៌មាន​The Asia Times បាន​ចុះ​ផ្សាយ​ថា ​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី ​ដោយសារ​កម្ពុជា​កំពុង​ផ្តល់​លទ្ធភាព​ឲ្យ​​ប្រទេស​ចិន​បោះ​ទីតាំង​មូលដ្ឋាន​​ទ័ពជើង​ទឹក​របស់​ចិន​ក្នុង​ខេត្ត​ ​កោះកុង។​ហើយ​ករណី​មួយទៀត​គឺ​ការ​ជម្លៀស​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់ក្នុង​បឹង​ទន្លេសាប​ឲ្យ​មករស់​នៅលើ​គោក​វិញ ​ដែល​កំពុង​មាន​ការ​តវ៉ា​ខ្លាំង​ពី​សមាគម​វៀតណាម​នៅ​កម្ពុជា​នោះ៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.