មន្ត្រី​កងរាជ​អាវុធ​ហត្ថម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​

សមត្ថ​កិច្ច​របស់​ក្រសួង​មហា​ផ្ទៃ​បាន​ចាប់​ខ្លួន​ មន្ត្រី​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ​ហោ​រ៉ាពិណាត​ពីបទ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​ដើម្បី​កសាង​សំណុំ​រឿង​មុន​នឹង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

នាយ​រង​ការិយាល័យ​ហិរញ្ញ​វត្ថុ​​នៃ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ហោ រ៉ាពិណាត​និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​កាល​ពី​ម្សិលមិញ ​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ។​

កាលពី​ពេល​ថ្មីៗ​នេះ​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​បាន​ដាស់​តឿន​មន្ត្រី​មាន​សមត្ថ​កិច្ច​ទាំងអស់​ឱ្យ​ដក​ខ្លួន​ចេញ​ពី​បទ​ល្មើស​គ្រឿង​ញៀន​ ដោយ​ថា​ ប្រសិន​បើ​អាជ្ញាធរ​មាន​ជាប់​ពាក់​ព័ន្ធ​ជន​ល្មើស​គ្រឿង​ញៀន​​នោះ​ អាជ្ញាធរ​ធ្វើការ​បង្ក្រាប​មិន​មាន​ប្រសិទ្ធ​ភាព​ ហើយ​លោក​ក៏បាន​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត​ ឱ្យ​សមត្ថ​កិច្ច​វែក​មុខ​រក​មេ​ខ្លោង​ធំៗ​ និង​ជន​ពាក់​ព័ន្ធ​ទាំង​ឡាយ​មក​ផ្តន្ទាទោស​ ដើម្បី​ឱ្យ​ការ​បង្ក្រាប​គ្រឿង​ញៀន​មាន​ប្រសិទ្ធភាព។​

គេហ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ដឹង​ថា ​ការ​បង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​១០​ខែ​មេសា​នេះ ​មាន​ចំនួន​១៧​ករណី ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៣៨​នាក់​ ក្នុង​នោះ​ស្រី​២​នាក់។ ​ក្នុង​ចំណោម​ជន​សង្ស័យ​ឃាត់ខ្លួន​ទាំង​៣៨​នាក់​មាន​មុខ​សញ្ញា​ជួញដូរ​គ្រឿង​ញៀន​ចំនួន​២៥​នាក់​ និង​អ្នក​ប្រើ​ប្រាស់​១៣​នាក់ ។​

រយៈ​ពេល​៣​ខែ​ដើម​ឆ្នាំ​២០១៩​នេះ ​សមត្ថ​កិច្ច​​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន​២០៣៣​ករណី​ និង​ឃាត់​មនុស្ស​ចំនួន​៤៣៩៩​នាក់​ ក្នុង​នោះ​ស្រី​ជាង​៣​រយ​នាក់​(៣៧២)​ជន​បរ​ទេស​១០៤​នាក់​ ដោយ​សមត្ថ​កិច្ច​បាន​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត​១​រយ​គីឡូក្រាម​ ព្រមទាំង​កញ្ឆា​ក្រៀម​ចំនួន​ជិត​៣​ម៉ឺន​ដើម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.