មន្ត្រី​កិច្ច​សន្យា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ម្នាក់​ ប្តឹង​មន្ត្រី​នគរបាល​ខណ្ឌ​ដង្កោ​​មួយ​ក្រុម​ករណី​ប្រើ​ហិង្សា​លើ​ខ្លួន​

ក្រោយ​រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ មន្ត្រី​កិច្ច​សន្យា​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​(ACU)​លោក​ឃឹម ខុម​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ។​

លោក​ឃឹម ខុម​បាន​ចោទ​ប្រកាន់​មន្រ្តី​នគរបាល​ខណ្ឌ​ដង្កោ​មួយ​ក្រុម​ មាន​គ្នា​ប្រហែល​៥​ទៅ​៦​នាក់​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​លោក​ដោយ​សារ​តែ​ការ​ច្រឡំ​ក្នុង​សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍។​

ការ​សម្រេច​ប្តឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​មាន​វីដេអូ​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ​ពី​សកម្ម​ភាព​របស់​មន្រ្តី​នគរបាល​ខណ្ឌ​ដង្កោ​មួយ​ក្រុម​ ដែល​​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​លោក​ឃឹម ខុម​ កាល​ពី​យប់​ថ្ងៃ​ទី ​៩​មេសា​ នៅ​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ ​បណ្តាល​ឱ្យមាន​របួស​ធ្ងន់ធ្ងរ។​ បញ្ហា​នេះ​នាំឲ្យ​មាន​ការ​រិះគន់​យ៉ាង​កក្រើក​ពី​មហាជន​ និង​ស្នើ​ទទូច​ឲ្យ​ចាត់​វិធានការ​ តាម​ច្បាប់​ប្រឆាំង​ក្រុម​មន្រ្តី​នគរបាល​ទាំង​នេះ។​

នៅ​ថ្ងៃ​រសៀល ​លោក​ឃឹម ខុម​បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ មន្រ្តី​នគរបាល​ចំនួន៥​នាក់​ក្នុង​នោះ​អធិការ​រង​ខណ្ឌ​ដង្កោ​ម្នាក់​មាន​ឈ្មោះ​នាក់ ណារ៉ូ​និង​មន្រ្តី​នគរបាល​ប៉ុស្តិ៍​ដង្កោ​៤​រូប​ផ្សេង​ទៀត​ សម្រាប់​សកម្មភាព​ប្រើ​អំពើ​ហិង្សា​នេះ​ លោក​ឃឹម ខុម ស្នើ​សុំ​ឲ្យ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់​ធ្ងរ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ចំនួន​៥​ម៉ឺន​ដុល្លារ​ផង​ដែរ។​

ករណី​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថ​កិច្ច​កង​សន្តិសុខ​ទៅលើ​មន្ត្រី​រាជការ​ឬ​សមត្ថ​កិច្ច​ដូច​គ្នា ​ព្រម​ទាំង​ទៅ​លើ​ប្រជាពល​រដ្ឋ​ ជា​ពិសេស​សកម្ម​ជន​ដីធ្លី​ សកម្ម​ជន​បរិស្ថាន​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ជាដើម​ តែង​កើត​ឡើង​ជារឿយៗ។​

ក្រុម​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ដោយសារ​វប្បធម៌​និទណ្ឌ​ភាព​ វប្បធម៌​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​តាម​រយៈ​ការ​តម្លើង​បុណ្យ​ស័ក្តិ​ តួនាទី​នេះ​ហើយ​បាន​ជា​អំពើ​ហិង្សា​តែង​កើត​មាន​ឡើង​មិន​ចេះ​ចប់។​

ជាក់ស្តែង​ករណី​ក្រុម​កង​អង្គ​រក្ស​របស់​លោក​ហ៊ុន សែន​ដែល​បាន​ប្រើ​ប្រាស់អំ​ពើ​​ហិង្សា​ទៅ​លើអ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​២​នាក់​គឺ​ លោក​គង់ សុភា​ និង ​លោក​ញ៉យ ចំរើន​កាល​ពីឆ្នាំ​២០១៥​ តុលាការ​ និង​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចាត់​វិធាន​ដោយ​គ្រាន់តែ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ​ក្រោយ​មក​ក៏​ដោះលែង​វិញ​ ហើយ​តម្លើង​ស័ក្តិយស​ លើស​មុន​ថែម​ទៀត។ ​ករណី​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ​ដែល​បាន​បង្ក្រាប​លើ​សកម្ម​ជន​ដីធ្លី ​បរិស្ថាន ​និង​សកម្ម​សិទ្ធិ​មនុស្ស​ដោយ​ប្រើ​ហិង្សា​រាប់​មិន​អស់​ ពួក​គេ​និង​មេ​របស់​ពួកគេ​មិន​ត្រូវ​បាន​ដក​តំណែង​ឬ ​ផ្តន្ទាទោស​តាម​ច្បាប់​ឡើយ​ ប៉ុន្តែ​មិន​ត្រឹមតែ​បាន​រួច​ខ្លួន​ទេ​ ប៉ុន្តែ​អ្នក​ដែល​ដឹក​នាំ​​កម្លាំង​បង្ក្រាប​លើ​ពល​រដ្ឋ​ក៏​បាន​ឡើង​តំណែង​ទៀត​ផង៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.