រដ្ឋសភារបស់លោកហ៊ុន សែនកំពុងពន្លឿនការផ្តល់សិទ្ធិនយោបាយដល់ក្រុមមន្រ្តីបក្សប្រឆាំងជាង១០០នាក់ឡើងវិញ

រដ្ឋសភាបាន​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់ ស្ដីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)​ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទៅ​គណៈ កម្មការ​ជំនាញ​នៃ​រដ្ឋសភា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ​ធ្នូ​ដើម្បី​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ឡើង​វិញ។​

គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​កាលពី​ថ្ងៃ​ទី​​៥ ​ខែ​ធ្នូ ​ប្រកាស​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​វិសោធន​កម្ម ​មាត្រា​៤៥​ថ្មី ​(ស្ទួន) ​ត្រូវ​បាន​ប្រគល់​ឲ្យ​គណៈ​កម្មការ​ជំនាញ​ចំនួន​២​គឺ​គណៈ​កម្មការ​នីតិកម្ម ​និង​គណៈកម្មការ​មហាផ្ទៃ ​ដើម្បី​ពិនិត្យ​ហើយ​ត្រូវ​ធ្វើ​របាយ​ការណ៍​មក​ឲ្យ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ។

ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣​ ធ្នូ​ អះអាង​ថា ​ រដ្ឋ​សភា​កំពុង​ធ្វើ​វិសោធន​កម្ម​ច្បាប់ ផ្ដល់​សិទ្ធិ​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ធ្វើ​​នយោបាយ​​ឡើង​វិញ​សម្រាប់​​ក្រុម​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នឹង​ចលនា​ផ្តួល​រំលំ​​រដ្ឋាភិ​បាល។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក​ម៉ែន ណាត​បាន​ប្រាប់​កាសែត ​ The Cambodia Daily​តាម​ទូរ​ស័ព្ទ​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​អាច​នឹង​លើក​លែង​ទណ្ឌកម្ម​នយោបាយ​ដល់​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​តិច​ជាង​១០០​នាក់ ​ដោយ​សារ​អ្នក​ទាំង​នោះ​មិន​បាន​ចូលរួម​ ជាមួយ​ចលនា​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី។​

លោក​ម៉ែន​ ណាត​ បន្ត​ថា​ ក្រោយពី​ក្រុម​មន្រ្តី​របស់​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សិទ្ធិ​នយោបាយ​ហើយ ​ពួកគេ​ត្រូវតែ​បន្ត​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ និង​ផ្តល់​សុពល​ភាព​ដល់​ក្រុម​មន្រ្តី​ក្រុម​ប្រឹក្សាឃុំ​សង្កាត់របស់ ​បក្ស​ប្រឆាំង​ឡើង​វិញ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.