រដ្ឋាភិបាលណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា

រដ្ឋាភិបាលលោកហ៊ុន សែន នៅថ្ងៃពុធ ទី០៤ ខែកញ្ញានេះ បានចេញសារាចរណែនាំមួយ ស្តីពី វិធានការទប់ទល់គ្រោះទឹកជំនន់ ដោយបានប្រាប់ទៅអាជ្ញាធរទាំងអស់ និងពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជុំវិញស្ថានភាពទឹកជំនន់នៅកម្ពុជា។

ក្នុងសារាចរនោះ បញ្ជាក់ថាកម្ពុជា បានទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដោយសារមានព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀងធ្លាក់ យ៉ាងគំហុកមកលើខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា

ប្រភពដដែលបញ្ជាក់ថា ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ

រដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ នានា ព្រមទាំងអាយុជីវិតរបស់ពលរដ្ឋតែម្តង។

ការណែនាំនេះ ស្របពេលក្រសួងធនធានទឹក និងឧតុនិយមព្យាករថាយ៉ាងយូរត្រឹមថ្ងៃទី ១០កញ្ញា ម្រិតទឹកទន្លេមេគង្គផ្នែកខាងលើដែលមានខេត្តមួយចំនួន ដូចជាខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងមានទឹកហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន។

រីឯ កម្ពស់ទឹកទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប នឹងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នផងដែរ។ លើសពីនេះ ស្ថានភាពទឹកនៅតាមបណ្តាស្ទឹង ព្រែកមួយចំនួន នឹងកើនឡើងជាបន្តបន្ទាប់៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.