លោកហ៊ុន សែន និងមហាធា បានពិភាក្សាគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង

ថ្នាក់ដឹកនាំកម្ពុជាលោក ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត់ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនជុំវិញទំនាក់ទំនងទ្វេរភាគីកម្ពុជា-ម៉ាឡេស៊ី ពិសេសបញ្ហាសេដ្ឋកិច្ច និងកិច្ចប្រតិបត្តិការរួមគ្នាក្នុងនាមជាប្រទេសសមាជិកសមាគម អាស៊ានជាមួយគ្នា។ 

ក្រៅពីកិច្ចពិភាក្សាអំពីបញ្ហាប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកគ្នាអំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងផងដែរ។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះ បានឱ្យដឹងថាជំនួបរវាងលោក និងលោក មហាធា មហាម៉ាត់ គឺភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងពិភពលោក ដោយថាជាការយកចិត្តទុកដាក់ និងជាកង្វល់រួមគ្នា។ ប្រភពដដែលបន្តថា អ្វីដែលសំខាន់នោះគឺ បញ្ហាកិច្ចសហប្រតិបត្តិការក្នុងរង្វង់រដ្ឋជាសមាជិកអាស៊ាន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងតែម្តង។

យ៉ាងនេះក្តី លោកហ៊ុន សែន មិនបានប្រាប់លម្អិតអំពីការជជែកគ្នាជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ។ 

បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហារស៊ើបរបស់ពិភពលោកបច្ចុប្បន្ន ហើយជាបញ្ហាប្រឈមមុខដាក់គ្នារវាងបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ជាមួយប្រទេសចិន។ 

បញ្ហាសមុទ្រចិនខាងត្បូងនេះ ក៏ធ្វើឱ្យរដ្ឋជាសមាជិកអាស៊ានកន្លងមកមើលមុខគ្នាមិនចំផងដែរ ពិសេសនៅពេលកិច្ចប្រជុំអាស៊ានរួម ដែលតម្រូវឱ្យរដ្ឋទាំងអស់ចេញសេចក្តីថ្លែងការណ៍រួមគ្នាអំពីបញ្ហានេះ ប៉ុន្តែត្រូវបានកម្ពុជាបដិសេធរហូត ដែលធ្វើឱ្យរាំងស្ទះដល់ការចេញសេចក្តីថ្លែងការណ៍រួមម្តងជាពីរដង។ 

បច្ចុប្បន្នចិនកុម្មុយនីស្តបានអះអាងថា ដែនកោះសមុទ្រចិនខាងត្បូង គឺជាដែនកម្មសិទ្ធិរបស់ខ្លួនជាច្រើនទសវត្សណាស់មកហើយ ខណៈរដ្ឋជាសមាជិកអាស៊ាន ចំនួន៤ទៀត ដូចជាវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន ក៏បានអះអាងថាជាចំណែកនៃដែនទឹករបស់ខ្លួន ផងដែរនោះ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.