Opinion

លោក​សម រង្ស៊ី​ប្រាប់​ឱ្យ​ពលរដ្ឋ​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ហ៊ុន សែន​ ប្រសិន​បើ​មិន​ព្រម​ដោះលែង​លោក​កឹម សុខា​

ថ្លែង​ពីទី​ក្រុង​ព្រុចហ្សែល​ប្រទេស​បែលហ្សិក​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ ​ជា​ពិសេស​កម្មករ​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ហ៊ុន សែន​ប្រសិន​បើ​លោក​មិន​ព្រម​ដោះលែង​លោក​កឹម សុខា​និង​មិន​ព្រម​ឱ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ​ដែល​​បណ្តោយ​ឱ្យ​  កម្ពុជា​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ពី​អន្តរជាតិ ​តាម​រយៈ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​​ជា​ជំហាន​ដំបូង​នោះ។​

អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដដែល​បាន​ប្រកាស​ថ្កោល​ទោស​ លោក​ហ៊ុន សែន ​ប្រសិន​បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​អឺរ៉ុប​មែន​នោះ។​ ថ្លែង​តាម​រយៈ​វីដេអូ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ ​លោក​សម រង្ស៊ី​បាន​រុញ​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ​ប្រសិន​បើ​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA ​នោះ។ ​​

លោក​សម រង្ស៊ី​បន្ត​ថា  ​ដើម្បី​រក្សា​ប្រព័ន្ធ​EBA​ និង​ធានា​ការងារ​ជូន​កម្មករ​នោះ ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​គ្រាន់​តែ​អនុវត្ត​ការងារ​ងាយៗ​​មួយ​ចំនួន ​ដូច​ជា​ដោះលែង​ប្រធាន​គណប​ក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​និង​បើក​ផ្លូវ​ឱ្យ​គណបក្ស​នេះ​រស់​ឡើង​វិញ​ ដោយ​បើក​លំហូរ​ប្រជា​ធិបតេយ្យ​និង​គោព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ។ ​

លោក​បន្ថែម​ថា ​ប្រសិន​បើ​លោក​ហ៊ុន សែន​មិន​ព្រម​ធ្វើតាម​សំណើ​របស់​អឺរ៉ុប​ទេ​គឺ​លោក​ហ៊ុន សែន​ហ្នឹង​ហើយ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​បញ្ហា​ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​ការងារ​និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក។ ​យ៉ាង​ណាក៏​ដោយ​ កាល​ពី​ពេល​កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ព្រមាន​ហើយ​ថា​ ប្រសិន​បើ​មាន​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​មែន​នោះ ​លោក​នឹង​សម្លាប់​ក្រុម​ប្រឆាំង​ឱ្យ​អស់​ ដោយ​មិនចាំ​បាច់​និយាយ​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ទៀត​នោះ​ឡើយ។​

លើស​ពី​នេះ​ទៅ​ទៀត ​លោក​បាន​ព្រមាន​ទៀត​ថា​ ក្រុម​បក្ស​ប្រឆាំង​ហ៊ាន​ងើប​មួយ ​វាយ​មួយ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​នេះ​មាន​កម្លាំង​រៀបចំ​បណ្តាញ​ខ្លួន​ចូល​រួម​បោះ​ឆ្នោត​ឆ្នាំ​២០២២​និង​២០២៣​ នោះ​ឡើយ​ ក្រោម​ហេតុផល​នៃ​ការ​អនុវត្ត​ច្បាប់។​ 

មិនតែ​ប៉ុណ្ណោះ​លោក​បាន​ប្រកាស​ពី​កំណែ​ទម្រង់​របស់​ខ្លួន​ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ពី​សំណាក់​អន្តរ​ជាតិ​ផង​ដែរ​ ដោយ​លោក​អះអាង​ថា​ មិន​សុខចិត្ត​អោន​ក្បាល​ដាក់​បរទេស​ជា​ថ្នូរ​នឹង​បញ្ហា​សេដ្ឋ​កិច្ច​នោះ​ឡើយ។​

ទោះបីជា​យ៉ាង​នេះ​ក្តី ​អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​បាន​លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ដោយ​ចោទ​ជា​សំណួរ​ថា​ តើ​លោក​ហ៊ុន សែន​ ឆ្លាត​ ឬ​ឆោត​ល្ងង់​ ពាក់ព័ន្ធ​រឿង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប?​

លោក​ថា​ បញ្ហា​ដែល​កំពុង​តែ​បន្ត​កើត​មាន​គឺ​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ដាក់​សម្ពាធ​លើ​របប​ផ្ដាច់ការ​របស់​លោក​ហ៊ុន សែន​ឲ្យ​ប្រែ​ដំណើរ​កម្ពុជា​ត្រឡប់​ទៅកាន់​ប្រជា​ធិបតេយ្យ​វិញ ​បើ​ពុំ​នោះ​ទេ​ នយោបាយ​ក្តោប​ក្តាប់​អំណាច​របស់​លោក​ហ៊ុន សែន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ករណី​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​អត្ថ​ប្រយោជន៍​EBA ​របស់​អឺរ៉ុប​និង​GSP​របស់​​អាមេរិក​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​នេះ​បាន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​សរុប​ខ្ទង់​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​​

លោក​ថា​ មេ​ដឹកនាំ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ រួមមាន​វៀតណាម​ជាដើម​នោះ​គេ​កំពុង​ទាញ​ផល​ប្រយោជន៍​ពី​ពាណិជ្ជ​កម្ម​ជា​មួយ​អឺរ៉ុប​និង​អាមេរិក​ ដោយ​ឡែក​លោក​ថា ​កម្សត់​អ្វីតែ​កម្ពុជា​ត្រូវ​លោក​ហ៊ុន សែន​អួត​អំពី​សេដ្ឋ​កិច្ច​របៀប​យោធា​ ដោយ​អូស​កម្ពុជា​ទី​ណាត់​ទីណែង​ក្នុង​ល្បែង​នយោបាយ​គាត់​យក​ប្រទេស​ជាតិ​និង​ប្រជា​រាស្ត្រ​ជា​ឧបករណ៍​ការពារ​អំណាច​ផ្ដាច់​ការ​និង ​មហា​ពុករលួយ។​

លោក​មើល​ឃើញ​ថា​ ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​ដើម្បី​តែ​អំណាច​អញ ​ខ្លួន​ឯង​ ហើយ​កំពុងតែ​អូសទាញ​កម្ពុជា​ទៅ​រក​ការ​បាត់​បង់​ប្រយោជន៍​ពាន់​លាន​ដុល្លារ​​ពី​EBA​និង​GSP​ផង​ដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.