លោក​ស ខេង​ប្រកាស​ថា​កម្ពុជា​នឹង​មាន​វាសនា​អាក្រក់​ប្រសិន​បើ​ដើរ​ចេញ​ពី​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស ខេង​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ព្រមាន​ថា​ ប្រសិន​បើ​កម្ពុជា​លម្អៀង​ទៅ​ភាគី​ណាមួយ​ ដោយ​ប្រាស​ចាក​ពី​នយោបាយ​អព្យាក្រឹត្យ​ កម្ពុជា​នឹង​ផុង​ខ្លួន​ទៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​និង​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​ទៀត​ផង។​

ការ​ថ្លែង​របស់​លោក​ស ខេង​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​របស់​រដ្ឋ​បាល​ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃ​ម្សិលមិញ។​

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​ បញ្ជាក់​ថា​ កម្ពុជា​នៅតែ​រក្សា​ភាព​អព្យា​ក្រឹត្យ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​ ពិសេស​រវាង​ប្ររទេស​មហា​អំណាច ​ពីព្រោះ​បទ​ពិសោធន៍​ប្រវត្តិ​សាស្រ្ត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រសិន​បើ​កម្ពុជា​លម្អៀង​ទៅភាគី​ណា​មួយ​ដោយ​ប្រាស​ចាក​នយោបាយ​អព្យា​ក្រឹត្យ ​កម្ពុជា​នឹង​ផុង​ខ្លួន​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ហើយ​កាន់តែ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជួប​សង្គ្រាម​រាំង​ជល់​ទៀត​ផង។​
លោក​បន្ថែម​ថា​ គ្រប់​ពេល​ដែល​លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ប្រទេស​ជា​មិត្ត​នានា ​លោក​តែងតែ​សង្កត់​ធ្ងន់​ថា​ កម្ពុជា​ដាច់​ខាត​នឹង​មិន​ដើរ​ចេញ​ពី​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរី​ពហុបក្ស​នោះ​ឡើយ​ ពីព្រោះ​កម្ពុជា​មាន​បទ​ពិសោធន៍​ឆ្អែត​ឆ្អន់​ហើយ​កាល​ពី​អតីត​កាល​ដោយ​សារ​កម្ពុជា​ធ្លាប់​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​នេះ។​​

ជាមួយគ្នា​នេះ ​លោក​ស ខេង​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំងអស់​ត្រូវ​ពង្រឹង​សន្តិភាព​ស្ថិរភាព​នយោបាយ ​ដោយ​ត្រូវ​បន្ត​ខិតខំ​រួម​គ្នា​ថែ​រក្សា​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​រក្សា​ឲ្យបាន​នូវ​បូរណ​ភាព​ទឹកដី។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​គ្នា​ប្រឆាំង​ដាច់​ខាត​នូវ​ការ​ប៉ុនប៉ង​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​តាម​គ្រប់​រូបភាព​ ដោយ​លោក​ទុក​ការ​ងារ​នេះ​ជា​ភារ​កិច្ច​ស្នូល​ទូទាំង​ប្រទេស។​

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អ្នក​ឃ្លាំ​មើល​គោល​នយោបាយ​ជាតិ​និង​អន្តរជាតិ​មើល​ឃើញ​ថា​ កម្ពុជា​កំពុង​បោះ​ពួយ​យ៉ាង​លឿង​ទៅ​រក​ប្រទេស​ចិន​ ហើយ​កំពុង​ទាល់​ចោល​បណ្តា​ប្រទេស​លោក​សេរី​ថែម​ទៀត។ ​ជាក់​ស្តែង​សហភាព​អឺរ៉ុប​ និង​អាមេរិក​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ​ប្រសិន​បើ​កម្ពុជា​មិន​ព្រម​ស្តារ​ប្រជា​ធិបតេយ្យ​និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ទេ​ នោះ​សហគមន៍​អន្តរជាតិ​នឹង​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​តាម​រយៈ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា។​

ប៉ុន្តែ​លោក​ហ៊ុន សែន​តែងតែ​ប្រតិកម្ម​ថា​ ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ណាមួយ​មក​លើ​កម្ពុជា​ជា​ថ្នូរ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ស្តារ​ប្រជា​ធិបតេយ្យ​មែន​នោះ​ លោក​នឹង​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​ឱ្យ​រលាយ​សាប​សូន្យ​បន្ថែម​ទៀត។​

ក្រុម​អ្នក​ឃ្លាំ​មើល​បារម្ភ​ថា ​ទំនាក់​ទំនង​កម្ពុជា-ចិន​ក្នុង​ពេល​បច្ចុប្បន្ន​មិនត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ពួកគេ​ថា​ ទំនាក់​ទំនង​នេះ​នឹង​បង្ក​អសន្តិសុខ​ ព្រម​ទាំង​គំរាម​កំហែង​ដល់​ស្ថិរភាព​នយោបាយ​ក្នុង​តំបន់​ផង​ដែរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.