លោក​ហ៊ុន សែន​ថា ​មិន​អាច​ធ្វើ​ឱ្យ​ប្រាក់​រៀល​មាន​តម្លៃ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន​ទេ ​

លោក​ហ៊ុន សែន​អះអាង​ថា​ លោក​មិន​អាច​ឱ្យ​តម្លៃ​រូបិយប័ណ្ណ​ប្រាក់​រៀល​ខ្មែរ​ មាន​តម្លៃ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន​នោះ​ទេ​ ដោយ​ថា​ វានឹង​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​វិយោគ​ទុន​នៅ​ក្នុង​ស្រុក។​

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​សារ​មន្ទីរ​សេដ្ឋ​កិច្ច ​និង​រូបិយ​វត្ថុ​ ព្រះ​ស្រី​ឦសាន​វរ្ម័ន​ នៅ​ព្រឹក​នេះ​  លោក​ហ៊ុន សែន​បញ្ជាក់​ថា​ រូបិយ​ប័ណ្ណ​កម្ពុជា​មិន​សូវ​ចុះ​ថោក​ច្រើន​នោះ​ឡើយ​ ហើយ​ថា ខែ​ប្រាក់​រៀល​ចុះ​ថោក​គឺ​នៅ​ខែ​សីហា​និង​ខែ​កញ្ញា។​

លោក​បន្ត​ថា ​រដ្ឋាភិបាល​ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រាក់​រៀល​ខ្មែរ​មាន​តម្លៃ​ខ្ពស់​ពេក​នោះ​ដែរ​ ព្រោះ​ថា​ កម្មករ​និយោគ​ជិត​នៅ​កម្ពុជា​ប្រមាណ​១​លាន​នាក់​ទទួល​បាន​ប្រាក់​បៀរ​វត្សរ៍​ជាសាច់​ប្រាក់​ដុល្លារ​ដូច្នេះ​កាល​ណា​ប្រាក់​រៀល​មាន​តម្លៃ​ខ្ពស់​ពេក​នឹង​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ទុន​មិន​ខាន។ ​ លោក​បន្ថែម​ថា​ ការ​បើក​ទូលាយ​ក្នុង​ការ​ចរាចរ​រូបិយ​ប័ណ្ណ​បរទេស​នៅ​កម្ពុជា​ច្រើន​គឺជា​ការ​សម្រួល​ដល់​ពលរដ្ឋ​និង​ក្រុម​អ្នក​វិនិយោគ​ទុន​។​

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅម៉ុងហៃ​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា ​លោក​យល់​ស្រប​ជា​មួយ​លោក​ហ៊ុន សែន​ប៉ុន្តែ​លោក​ថា​ កម្ពុជា​នឹង​ត្រូវ​ការ​ពេល​វេលា​យូរ​ក្នុង​ការ​ចាយ​លុយ​រៀល​សុទ្ធ​ខណៈ​ក្រុម​អ្នក​រក​ស៊ី​ធំៗ​នៅ​មិន​ទាន់​ទុក​ចិត្ត​លុយ​រៀល​របស់​ខ្មែរ​នៅ​ឡើយ។​

ធនាគារ​ជាតិ​នៅ​ថ្ងៃ​នេះ​ឱ្យ​ដឹង​ថា​ អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​តម្លៃ​៤០២០​រៀល​ស្មើ​នឹង​១​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​  នៅ​ពេល​ប្រាក់​រៀល​ខ្មែរ​ចុះ​ថោក​គឺ​អាច​មាន​តម្លៃ​៣៨០០​ឬ​៣៩០០​រៀល​អាច​ប្តូរ​បាន​១​ដុល្លារ​អាមេរិក។​

កាលពី​សម័យ​សង្គម​រាស្ត្រ​និយម​នា​ទស​វត្ស​១៩៥០​និង​១៩៦០​ តម្លៃ​ប្រាក់​រៀល​ខ្មែរ​គឺ​មាន​តម្លៃ​ខ្ពស់​ហើយ​គេ​ក៏​សង្កេត​ឃើញ​ថា​ សេដ្ឋ​កិច្ច​កម្ពុជា​ក៏​មាន​ការ​រីក​ចម្រើន​ខ្ពស់​ នា​ដើម​សម័យ​នោះ​ផង​ដែរ។​ ប៉ុន្តែ​ក្រោយ​មក​ សេដ្ឋ​កិច្ច​ខ្មែរ​នា​ចុង​សម័យ​នោះ​ចាប់​ផ្តើម​ជួប​វិបត្តិ​ តម្លៃ​ប្រាក់​រៀល​ក៏​ចាប់​ផ្តើម​ចុះ​ថោក​ឬ​បាត់​បង់​តម្លៃ​តែ​ម្តង៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.