ស្ថានទូតអាមេរិកលើកទឹកចិត្តឲ្យនិស្សិតកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងតំណាង Education USA ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីព្រឹកម៉ិញបានបើកវេទិកាថ្នាក់តំបន់ជាលើកដំបូងស្តីពី ការសិក្សានៅសហរដ្ឋអាមេរិក និងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សា។

វេទិកានេះ ផ្តោតទៅលើឱកាសអប់រំ ថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក សម្រាប់និស្សិតកម្ពុជា។ វេទិកានេះក៏ជាឱកាសមួយសម្រាប់និស្សិត ដែលមានចំណាប់អារម្មណ៍ ដើម្បីជួបតំណាងមកពីសាកលវិទ្យាល័យ និងអ្នកអាជីពផ្នែកការអប់រំនៅសហរដ្ឋអាមេរិក។

លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ស្ថានទូតអាមេរិក នៅភ្នំពេញ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា វេទិកានេះមានសារៈសំខាន់ណាស់ដែលសហរដ្ឋអាមេរិក កំពុងខិតខំបង្កើនចំនួនសិស្ស និស្សិតដែលមានបំណងមកសិក្សានៅ សហរដ្ឋអាមេរិក។ លោកបន្តថា ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក មានគុណភាពអប់រំកំរិតខ្ពស់ ការវិភាគលម្អិត វិទ្យាសាស្ត្រ និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី។

Education USA គឺជាបណ្តាញមួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិ ចំនួន៤០០ មជ្ឈមណ្ឌល នៅតាមប្រទេសជាង១៧០ នៅលើពិភពលោក។

បណ្តាញនេះ ផ្សព្វផ្សាយការសិក្សាថ្នាក់ឧត្តមរបស់សហរដ្ឋអាមេរិក ទៅកាន់និស្សិតនៅជុំវិញពិភពលោដោយផ្តល់ព័ត៌មានថ្មីៗ ពេញលេញ និងត្រឹមត្រូវ ស្តីពីឱកាសសិក្សា នៅតាមស្ថាប័នឧត្តម សិក្សាដែលមានការ ទទួលស្គាល់ នៅក្នុងសហរដ្ឋអាមេរិក។

លោកអ្នកនាងអាចស្វែងរកគេហទំព័ររបស់ Education USA តាមរយៈអាស័យដ្ឋាន educationusa.state.gov!

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.