អាល្លឺម៉ង់​រំឭករដ្ឋាភិបាលលោក​ហ៊ុន សែនថា កម្ពុជាមិនពិបាកកែលម្អបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយដើម្បីរក្សា EBA

រដ្ឋាភិបាល​ក្រុង​Berlin​បាន​រំឭក​ថា ​កម្ពុជា​មិន​ពិបាក​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ​ ដើម្បី​រក្សា​បាន​ជំនួយ​និង​EBA។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​អាច​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ទៅ​តាម​ច្បាប់​អន្តរជាតិ​បាន​ត្រឹមត្រូវ​ នោះ​កម្ពុជា​នឹង​អាច​រក្សា​បាន​នូវ​ជំនួយ​នានា​ និង​ការ​អនុ​គ្រោះ​ខាង​ពាណិជ្ជ​កម្ម​ពី​សហ​ភាព​អឺរ៉ុប​ឬ​ហៅ​ថា ​EBA​ថែម​ទៀត។​ជាង​នេះ​ទៅ​ទៀត​ មន្ត្រី​ជាន់ខ្ពស់​អាល្លឺម៉ង់​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ​ អាល្លឺម៉ង់​បាន​ផ្ដល់​កម្ចី​ជិត​ ៩០​លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅទី​ជន​បទ​ក្នុង​ប្រទេស​កម្ពុជា។​

ជាង​នេះ​ទៅ​ទៀត​ អាល្លឺម៉ង់​ក៏​បាន​ផ្ដល់​ជំនួយ​ទំហំ​ ជាង​៥៤​លាន​ដុល្លារ​ និង​ជាង​ ១១​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​គម្រោង​លុប​បំបាត់​ភាព​ក្រីក្រ​ផង​ដែរ។​ រដ្ឋលេខាធិការ​ក្រសួង​សហ​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ជា​សមាជិក​សហ​ព័ន្ធ​អាល្លឺម៉ង់​ លោក​Nobert BARTHLE ​បាន​ជំរុញ​ឲ្យ​របប​លោក​ហ៊ុន សែន​ងាកទៅ​គោរព​សិទ្ធិ​មនុស្ស ​និង​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហ​ប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​ពីរ។​

ការ​រំឭក​របស់​អាល្លឺម៉ង​ពីការ​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​ដើម្បី​រក្សា​បាន​ជំនួយ​ និង​ EBA​នៅ​ពេល​នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ ដែល​ប្រទេស​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​មួយ​នេះ​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា។​ ចំណែក​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ក៏​ធ្លាប់​រំឭក​បែប​នេះ​ដែរ ​ប៉ុន្តែ​មេ​ដឹក​នាំ​ខ្មែរ​ហាក់​មិន​បង្ហាញ​ការ​ចាប់​អារម្មណ៍​កែ​លម្អ​នោះ​ទេ ​ហើយ​ថែម​ទាំង​និយាយ​ផ្គើន​ ឲ្យ​អន្តរជាតិ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ថែម​ទៀត​ផង។​

ប្រព័ន្ធ​«អនុ​គ្រោះ​ពន្ធ​ទំនិញ​គ្រប់​មុខ​លើក​លែង​គ្រឿង​សព្វាវុធ»​ហៅ​កាត់​ថា ​EBA ធ្វើឲ្យ​កម្ពុជា​បាន​រួច​ផុត​ពី​កាតព្វ​កិច្ច​ពន្ធ​ជិត​៧​រយ​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំៗ​ចំពោះ​ទំនិញ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប។ ​កាលពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​នេះ​ សហភាព​អឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដែល​ឈាន​ទៅ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ បន្ទាប់​ពី​រក​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ បញ្ហា​សិទ្ធិ​មនុស្ស ​និង​នីតិរដ្ឋ​នៅ​ក្នុង​រយៈ​ពេល​ ១៨​ខែ​ចុង​ក្រោយ​មក​នេះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.