អ្នក​បើក​រថយន្ត​ធុន​ធំ​ដាក់​របាំង​ផ្លូវ​ដើម្បី​តវ៉ា​បទប្បញ្ញត្តិ​ផ្ទុក​ទម្ងន់

ក្រុម​មន្ត្រី​បាន​និយាយ​ថា អ្នក​បើក​រថយន្ត​ធុន​ធំ​ជាង​៨០​នាក់​បាន​ប្រើ​រថយន្ត​របស់​ខ្លួន​បិទ​កំណាត់​ផ្លូវ​ជា​បណ្តោះ​អាសន្ន​ក្នុង​ខេត្ត​ស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ជា​ការ​តវ៉ា​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់​ពួកគេ​ព្រោះ​ដឹក​លើស​ទម្ងន់។

លោក ប្រាក់ សម្ផស្ស មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ទទួល​បន្ទុក​អនុវត្ត​ច្បាប់​ចរាចរណ៍​​លើ​ផ្លូវ​ជាតិ​លេខ​៧​អា​បាន​និយាយ​ថា រថយន្ត​ធុន​ធំ ដែល​ដឹក​ដំឡូងមី​ទៅ​ប្រទេស​វៀតណាម បាន​ឈប់​នៅ​កន្លែង​ថ្លឹង​ក្នុង​ក្រុង​ស្ទឹងត្រែង​នៅ​ម៉ោង​ប្រហែល​៤​និង​៣០​នាទី ហើយ​ត្រូវ​គេ​រក​ឃើញ​ថា​ផ្ទុក​លើស​ទម្ងន់។

លោក សម្ផស្ស បាន​និយាយ​ថា “អ្នក​បើក​រថយន្ត​មិន​ព្រម​រើ​ទំនិញ​លើស​ទម្ងន់​ចេញ ឬ​បង់​ប្រាក់​២៥​ដុល្លារ​ក្នុង​ទំនិញ​លើស​ទម្ងន់​មួយ​តោន។ បន្ទាប់មក​ពួកគេ​បាន​បង្កើត​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ដ៏​ធំ នៅ​ពេល​ដែល​ពួកគេ​បិទ​ផ្លូវ​ជាតិ​លេខ​៧អា​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក”។

លោក​បាន​និយាយ​ថា អ្នក​បើកបរ​៧០​នាក់​បាន​ដឹក​ទំនិញ​ដែល​លើស​សមត្ថភាព​រថយន្ត​ផ្ទុក​ពី​១០​ទៅ​២០​តោន។

លោក ស គឹមណាត ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ស្ទឹងត្រែង បាន​និយាយ​ថា ក្រុម​មន្ត្រី ក្នុង​នោះ​មាន​លោក លោក មុំ សារឿន ជា​អភិបាលខេត្ត​ស្ទឹងត្រែង​ផង បាន​មក​ដល់​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ដើម្បី​ចរចា​ជាមួយ​អ្នក​បើកបរ។

“យើង​បាន​សម្របសម្រួល​ជាមួយ​ពួកគាត់ និង​បាន​ណែនាំ​ពួកគាត់​ឲ្យ​ឈប់​ដាក់​ទំនិញ​លើស​ទម្ងន់។ ការ​ចរចា​មាន​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង”។

ឈូក កុម៉ល់ អធិការក្រុង​ស្ទឹងត្រែង បាន​និយាយ​ថា អភិបាល​ក្រុង​អនុញ្ញាត​ឲ្យ​អ្នក​បើក​រថយន្ត​បន្ត​ដំណើរ ប៉ុន្តែ​មាន​ផែនការ​ជួប​ជាមួយ​ពួកគេ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ឲ្យ​ពួកគេ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​ផ្ទុក​លើស​ទម្ងន់​ទៀត។

លោក ឈូក កុម៉ល់ បាន​និយាយ​ថា “នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​អ្នក​បើកបរ​រថយន្ត​ដឹក​ដំឡូង​មី​បាន​បើក​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​កាត់​តាម​តំបន់​នេះ”។ លោក​បាន​បន្ថែម​ថា រថយន្ត​ដឹក​ធ្ងន់​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ស្ពាន។

តំណាង​អ្នក​បើក​រថយន្ត​ធុន​ធ្ងន់​ទាំង​នេះ​មិន​អាច​ទាក់ទង​បាន​ទេ។

ការ​តវ៉ា​នៅ​ខេត្ត​ស្ទឹងត្រែង​ជា​ការ​តវ៉ា​ថ្មី​បំផុត​របស់​អ្នក​បើក​រថយន្ត​ធុន​ធំ​ដោយ​ជោគជ័យ ដោយ​ប្រើ​រថយន្ត​របស់​ពួកគេ​ដើម្បី​បញ្ចៀស​ការ​ខិតខំ​បង្ខំ​ឲ្យ​ពួកគេ​អនុវត្ត​តាម។

កាលពី​ខែ​ធ្នូ ម្ចាស់​រថយន្ត​ធុន​ធំ​ចង្កូត​ស្តាំ​៤០០​នាក់​បាន​បិទ​ផ្លូវ​ជាតិ​ជំុវិញ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​ចរាចរណ៍​មមាញឹក ដើម្បី​តវ៉ា​ច្បាប់​ដែល​តម្រូវ​ឲ្យ​ពួកគេ​កែ​ចង្កូត​រថយន្ត​របស់​ខ្លួន ហើយ​នៅ​ទី​បញ្ចប់​សមត្ថកិច្ច​ក៏​យល់​ព្រម​ឲ្យ​អ្នក​បើក​រថយន្ត​បង់​ពន្ធ ប៉ុន្តែ​មិន​កែ​ចង្កូត​​​រថយន្ត​របស់​គេ​ទេ៕និត

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.