Opinion

រដ្ឋាភិបាល​ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា​ កម្ពុជា​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ព្យាយាម​ប្រាប់​ទៅ​ប្រតិភូ​សហភាព​អឺរ៉ុប​ថា​ កម្ពុជា​នៅ​តែ​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​របស់​អឺរ៉ុប​បន្ត​ទៀត។​

ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក​ប្រាក់ សុខុន​ជា​មួយ​ប្រតិភូ​អឺរ៉ុប​ ដែល​ដឹក​នាំ​ដោយ​អគ្គ​លេខា​ធិការ​រង​​នៃ​មន្ទីរ​ការ​បរទេស​សហភាព​អឺរ៉ុប លោក​Jean-Christophe Balliard ​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ខែ​មិថុនា​ ភាគី​ទាំង​ពីរ​បាន​​ពិភាក្សា​លើ​ទំនាក់​ទំនង​ការទូត​មួយ​ចំនួន ​ក្នុង​នោះ​ក៏​មាន​ការ​ពិភាក្សា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប ​EBA​ផង​ដែរ។​

ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​លោក​កេត សោផាន់ ​អះអាង​ថា​ ​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ធ្វើ​ការ​ជា​មួយ​អឺរ៉ុប​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ។ ​ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​កម្ពុជា​មិន​អាច​យក​អធិបតេយ្យ​ទៅ​ប្ដូរ​ EBA​បាន​នោះ​ទេ ​​ប៉ុន្តែ​លោក​ថា ​កម្ពុជា​ក៏​ស្នើ​ឲ្យ​ប្រតិភូ​អឺរ៉ុប​ គប្បី​មើល​ឲ្យ​ឃើញ​ពី​ការ​វិវត្ត​ជា​វិជ្ជមាន​ជាក់ស្តែង​របស់​កម្ពុជា​ខ្លះ​ផង។​

ក្នុង​សប្តាហ៍​នេះ ​ទាំង​ប្រតិភូ​អឺរ៉ុប​និង​អាមេរិក​កំពុង​មាន​វត្តមាន​នៅ​ កម្ពុជា​ដើម្បី​បំពេញ​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​របស់​ខ្លួន​ ក្នុង​ការ​សម្រេច​ថា​ នឹង​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA​របស់​អឺរ៉ុប​ និង​GSP​របស់​សហ​រដ្ឋ​អាមេរិក​ នៅ​ពេល​ខាង​មុខ​ ឬ​យ៉ាង​ណា។ ​

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ និង​ GSP​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​ជាមួយ​លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ ​ហើយ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ​បាន​ជួយ​ដល់​កម្ពុជា​នាំ​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក ​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ ​ដែល​មាន​តម្លៃ​ប្រមាណ​ជិត​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​

កាលពីខែ​កុម្ភៈ ​ប្រទេស​មហា​អំណាច​ប្លុក​លោក​សេរី​ បាន​សម្តែង​កង្វល់​ចំពោះ​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ ប៉ុន្តែ​អាមេរិក​ក៏​បាន​បង្ហាញ​ផ្លូវ​ថា​ កម្ពុជា​នឹង​រួច​ផុត​​ពី​បញ្ហា​ប្រឈម​នៃ​ការ​ខាត​បង់​នេះ ​ដោយ​គ្រាន់តែ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​គោរព​សិទ្ធិ​មនុស្ស​តាម​ការ​ចង់​បាន​របស់​ប្លុក​លោក​សេរី​ជា​ការ​ស្រេច៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.