Opinion

លោក​យ៉ែម បុញ្ញឫទ្ធិ​ថា​ការ​ផ្សះផ្សា​ជាតិ​មិន​មែន​ជា​ការ​យក​ខ្មែរ​ណាជា​​សត្រូវ​នោះ​ទេ​

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា​  ការ​ផ្សះផ្សា​ជាតិ​មិនមែន​ជា​ការ​យក​ខ្មែរ​ណា​ជា​សត្រូវ​នោះ​ទេ ​ហើយ​ដើម្បី​ប្រយោជន៍​ជាតិ​ ​កម្ពុជា​ត្រូវ​ការ​មិត្ត​ល្អ​ទាំង​អស់​មិន​ថា ​អាមេរិក​​ចិន​ អឺរ៉ុប​ ជប៉ុន​ ឬ​ប្រទេស​ដទៃ​ទៀត​ឡើយ។​

លោក​យ៉ែម បុញ្ញឫទ្ធិ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ដើម្បី​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ល្អ ​រក្សា​ផល​ចំណេញ​ពី​EBA ​និង​GSP ​ ​កម្ពុជា​ត្រូវ​ស្តារ​ និង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សេរីភាព​ យុត្តិធម៌​សង្គម​ និង​ការ​ដោះ​លែង​លោក​កឹម សុខា។​

ការ​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជាតិ ​ស្តារ​ប្រជា​ធិបតេយ្យ​ និង​ដោះលែង​លោក​កឹម សុខា​នេះ​​ធ្វើ​ឡើង​ខណៈ​គណៈ​ប្រតិភូ​មួយ​ក្រុម​នៃ​តំណាង​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​កំពុង​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧​ ខែ​មិថុនា​ដើម្បី​ស្វែក​ការណ៍​ពិត​មុន​នឹង​សម្រេច​បន្ត​ផ្តល់​ ឬ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA។​

លោក​យ៉ែម បុញ្ញឫទ្ធិ​បាន​រំឭក​ទៀត​ថា ​ក្រៅពី​មន្ត្រី​សហ​ភាព​អឺរ៉ុប​ក៏មាន​វត្ត​មាន​មន្រ្តី​របស់​សហ​រដ្ឋ​អាមេរិក​ និង​មន្រ្តី​ជាន់ខ្ពស់ ​ដែល​ជា​បេសក​ជន​ចិន​២​ពាន់​នាក់​ មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ដែរ។​

ការ​លើក​ឡើង​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បែប​នេះ ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ដែល​បាន​អំពាវ​ឲ្យ​គណៈ​កម្មការ​ពាណិជ្ជ​កម្ម​អឺរ៉ុប​សម្រប​សម្រួល​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​រក្សា​ទុក​EBA សម្រាប់​កម្ពុជា​​ដដែល។​​

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប​គឺ​លោក​អ៊ូច័ន្ទរ័ត្ន ​លោក​ជីវ កក្តា ​លោក​កងគឹមហាក់​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​នេះ​ដោយ​ប្រាប់​ទៅ​អ្នក​ដឹកនាំ​នយោបាយ​គ្រប់​និន្នាការ​គួរ​តែ​ងាក​មក​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ បញ្ហា​ចំពោះ​មុខ​រវាង​ខ្មែរ​និង​ខ្មែរ​ ក្រោម​ម្លប់​នៃ​អង្គ​ព្រះ​មហា​ក្សត្រ ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ រក្សា​ប្រព័ន្ធ​អនុគ្រោះ​EBA ​របស់​អឺរ៉ុប ​GSP​ របស់​អាមេរិក​និង​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ​ឡើង​វិញ។​

ធនាគារ​ពិភព​លោក​បាន​ព្រមាន​ថា ​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​EBA​ នោះ​សេដ្ឋ​កិច្ច​ប្រទេស​នឹង​ជួប​បញ្ហា។ ​​ទិន្នន័យ​ចុង​ក្រោយ​ របស់​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​បង្ហាញ​ថា​ ទំហំ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​តាម​រយៈ​ការ​អនុ​គ្រោះ​ពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​និង​GSP​របស់​សហ​រដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ មាន​ទឹក​ប្រាក់​៩,៥​ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​ជាង​៤៣%​ នៃ​ផល​ទុន​ក្នុង​ស្រុក​សរុប​ (ឬ GDP)។​

នេះ​មាន​ន័យ​ថា​ ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ជាង​១/៣​ ឬ​ ស្ទើរ​តែ​ពាក់​កណ្តាល​លើ​ការ​អនុគ្រោះ​ពន្ធ​ទាំង​នេះ។ ​បើ​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ ​EBA​មែន​នោះ​កម្ពុជា​មិន​ត្រឹមតែ​ខាត​បង់​ប្រាក់​ប្រហែល​៧០០​លាន​ដុល្លារ​ ដែល​ចំណេញ​ពី​ការ​រួច​ពន្ធ​នោះ​ទេ ​ប៉ុន្តែ​កម្ពុជា​នឹង​បាត់បង់​កម្លាំង​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជ​កម្ម​យ៉ាង​សម្បើម ​និង​បង្ក​ជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.