Opinion

លោក​ហ៊ុន សែន​បដិសេធ​ការ​ចរចា​នយោបាយ​ ក្រោយ​ការ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ​

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា​ កុំ​មាន​ការ​យល់​ច្រឡំ​ ឬ​បក​ស្រាយ​ខុស​ ដោយ​លោក​ពន្យល់​ថា​ កម្មវិធី​ហូប​នំបញ្ចុក​សាមគ្គី​ជាតិ​ជា​ទ្រង់​ទ្រាយ​ធំ​នេះ​គឺ​ដើម្បី​បង្ហាញ​សាមគ្គី​ជាតិ ​និង​ឯកភាព​ជាតិ​ប៉ុណ្ណោះ​ ប៉ុន្តែ​គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​នៅ​ពី​ក្រោយ​ពិធី​ហូប​នំ​បញ្ចុក​នេះ​ឡើយ។​

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ជូន​និស្សិត​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ ​ លោក​ហ៊ុន សែន​បញ្ជាក់​ថា ​ ការ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​ដ៏ធំ​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ​មិថុនា​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រកាន់​បក្ស​នយោបាយ​ឡើយ​ ប៉ុន្តែ​លោក​បដិសេធ​ថា ​គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​ឡើយ។​

ទោះជា​យ៉ាង​ណា​លោក​ណែនាំ​ឲ្យ​សមាជិក​គណបក្ស​របស់​លោក​និង​ពលរដ្ឋ​ទូទៅ​ចូល​រួម​ពិធី​ហូប​នំ​បញ្ចុក​ ដែល​លោកនិយាយ​ថា​ ជា​ការ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​ និង​ឯកភាព​ជាតិ​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​ទ្រង់​ទ្រាយ​ធំ​នៅចុង​សប្តាហ៍​នេះ​ ដោយ​គ្មាន​ការ​ប្រកាន់​គណបក្ស​នយោបាយ។​

លោក​ហ៊ុន សែន​ប្រកាស​ដូច្នេះ​​ក្រោយ​ពេល​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​បាន​ណែនាំ​ឲ្យ​អ្នក​គាំទ្រ​លោក​ចូលរួម​ពិធី​ហូប​នំ​បញ្ចុក​ជា​ទ្រង់​ទ្រាយ​ធំ ​នៅថ្ងៃ​ទី​៩​មិថុនា​ដើម្បី​បង្ហាញ​ភាតរ​ភាព​ក្នុង​នាម​មហា​គ្រួសារ​ខ្មែរ។​

សកម្ម​ភាព​ហូប​នំ​បញ្ចុក​របស់​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​កន្លង​មក​ តែង​ទទួល​រង​ការ​រារាំង​ និង​សួរ​នាំ​ពី​សំណាក់​អាជ្ញាធរ​លោក​ហ៊ុន សែន។​

ជាក់​ស្តែង​សកម្ម​ភាព​ហូប​នំ​បញ្ចុក​របស់​អតីត​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ​នៅ​ឃុំ​ពាម​ប្រធ្នោះ ​ស្រុកកោះ​សូទិន​ ខេត្ត​កំពង់ចាម​ នៅ​ថ្ងៃ​នេះ​ក៏រង​ការ​រំខាន​ និង​បញ្ជា​ឱ្យ​ផ្អាក​សកម្ម​ភាព​ហូប​ចុក​នោះ​ដែរ។​

វីដេអូ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ បង្ហាញ​សកម្ម​ភាព​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាម​ប្រធ្នោះ ​លោក​ហេង ប៊ុនថន​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅផ្ទះ​អតីត​មេឃុំ​ពាម​ប្រធ្នោះ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សេក សណ្តាប់​ ដោយ​ប្រាប់​ឱ្យ​ម្ចាស់​ផ្ទះ​រំសាយ​ការ​ជួប​ជុំ​នេះ​ ក្រោម​ហេតុផល​ថា​ អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​មិន​បាន​សុំ​ច្បាប់​ហូប​នំ​បញ្ចុក​ពី​អាជ្ញាធរ​ជា​មុន។​

យ៉ាង​នេះ​ក្តី ​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​ហូប​នំ​បញ្ចុក ​រហូត​ដល់​ចប់​ ទោះបីជា​មាន​ការ​សួរ​នាំ​និង​ប្រាប់​ឱ្យ​បញ្ឈប់​សកម្ម​ភាព​នៅ​ព្រឹក​នេះ​ក្តី ​ដោយ​ពួក​គេ​អះអាង​ថា ​ពួកគេ​មិន​បាន​ធ្វើ​ខុស​ច្បាប់ ​ហើយ​ប្រមុខ​ដឹក​នាំ​លោក​ហ៊ុន សែន​ក៏​បាន​ប្រកាស​ឱ្យ​ពល​រដ្ឋ​ទូទាំង​ប្រទេស​នាំ​គ្នា​ហូប​នំ​បញ្ចុក​សាមគ្គី​ទៀត​ផង។​

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា​លី ស្រីស្រស់​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​ហូប​នំ​បញ្ចុក​ផ្សះផ្សា​ជាតិ​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ​ ប្រសិន​បើ​ក្រុម​មួយ​ហូប​ដោយ​សប្បាយ​ចិត្ត​គ្មាន​ការ​សួរ​នាំ ​ខណៈ​ក្រុម​ម្ខាង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​សួរនាំ​គ្រប់​ពេល​ទទួល​ទាន​នោះ។​
កញ្ញា​បន្ត​ថា ​ការ​ផ្សះផ្សា​ជាតិ​វា​មិនមែន​អាស្រ័យ​លើ​ការ​ហូប​នំ​បញ្ចុក​នោះ​ទេ​ តែ​ការ​សាមគ្គី​ជាតិ​ឬ​ការ​ផ្សះផ្សា​ជាតិ​ត្រូវ​ការ​ឆន្ទៈ​ និង​កាយ​វិការ​អាធ្យាស្រ័យ​គ្នា​ពិត​ប្រាកដ​រវាង​អ្នក​នយោបាយ​នឹង​អ្នក​នយោបាយ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.