Opinion

ILO​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​សុវត្ថិភាព​របស់​កម្ម​ករ​

អង្គការ​ពលកម្ម​អន្តរជាតិ​ILO​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​សុវត្ថិភាព​របស់​កម្មករ​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​បាក់​អគារ​សង្កត់​កម្មករ​សំណង់​ស្លាប់​ក្នុង​ខេត្ត​ព្រះ​សីហនុ​កាលពី​ពេល​ថ្មីៗ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​នៅ​ថ្ងៃ​ទី​២៥​មិថុនា​នេះ ​បាន​សម្តែង​នូវ​ភាព​សោកស​ង្រែង​ចំពោះ​គ្រោះ​ថ្នាក់​ការងារ​ដែល​កើត​មាន​ឡើង​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ ​ហើយ​ច្រើន​នាក់​ទៀត​របួស។ ​ ក្រុម​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការណ៍​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុវត្ថិភាព​និង​សុខភាព​របស់​កម្មករ​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ។​

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ និង​​ភាគី​ពាក់ព័ន្ធ​ថា​ ត្រូវ​មាន​កិច្ច​សហការ​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្តី​ណែនាំ​អំពី​ស្ដង់ដារ​សុខភាព ​និង​សុវត្ថិភាព​​ការងារ ​សុវត្ថិភាព​នៃ​សំណង់​ បង្កើន​ការ​ត្រួត​ពិនិត្យ​កម្លាំង​ពលកម្ម​ និង​លើក​កម្ពស់​សុវត្ថិភាព​ការងារ។​

អង្គការ​ពលកម្ម​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា ​គ្រោះ​ថ្នាក់​ការងារ​កើត​ឡើង​ជាង​២ម៉ឺន​ករណី​ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​បាត់បង់​ជីវិត​ចំនួន​២០០​នាក់ ​ហើយ​ជិត​៣​ពាន់​នាក់​ទៀត​របួស៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.