ម្ចាស់ផ្ទះជួលនិយាយថា មិត្តប្រុសជាអ្នកជួលផ្ទះល្វែងកន្លែងដែល ’ឃាតកម្មតាមរយៈហ្វេសប៊ុក’ កើតឡើង
ម្ចាស់ផ្ទះជួលនៅតាមផ្លូវលេខ៩៥ក្នុងរាជធានីភ្នំពេញ ជាទីដែលឃាតកម្មដ៏សាហាវលើកញ្ញាឯកបានកើតឡើងកាលពីសប្តាហ៍មុននោះ បាននិយាយថា តាមពិតផ្ទះល្វែងនេះជួលឲ្យមិត្តប្រុសរបស់ស្ត្រីដែលជាប់ចោទពីបទឧក្រិដ្ឋនេះ។ ស៊ុន គីមហេង អាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទធ្វើឃាត លីម ស្រីពៅអាយុ១៩ឆ្នាំ ហើយនគរបាលបញ្ជាក់ថា នាងបានធ្វើសកម្មភាពតែម្នាក់ឯងទេ។ បើទោះជាពីដំបូង នគរបាលបានចាប់ខ្លួនមិត្តប្រុសរបស់ គីមហេង រួមជាមួយបុរសម្នាក់និងស្ត្រីម្នាក់ទៀតក៏ដោយក៏ពួកគេបានដោះលែងអ្នកទាំងបីនោះវិញបន្ទាប់ពីសាកសួរអស់រយៈពេលពីរថ្ងៃ។ គ្រួសារ លីមស្រីពេជ្រ បានចោទថា មានការលាក់កំបាំង ដោយនិយាយថា ពិតជាមានមនុស្សច្រើនជាងម្នាក់ពាក់ព័ន្ធក្នុងផែនការចាប់ជំរិតនិងការធ្វើឃាតនេះ។ លោកហេងសំរេច ជាម្ចាស់ផ្ទះដែលជនសង្ស័យ គីមហេង បានរឹតក លីម ស្រីពេជ្រ មុនពេលយកសាកសពនាងទៅទម្លាក់ចោលក្នុងប្រឡាយមួយនៅខេត្តកំពង់ស្ពឺ បានថ្លែងកាលពីម្សិលមិញថា មិត្តប្រុសរបស់ គីមហេងឈ្មោះ លីម សៀង បានជួលផ្ទះនេះកាលពីខែកញ្ញា មិនមែនជនសង្ស័យអ្នកជួលនោះទេ។ លោកថ្លែងថា អ្នកទាំងពីររស់នៅក្នុងផ្ទះនេះជាមួយស្ត្រីបម្រើម្នាក់ ហើយមិត្តប្រុសរូបនេះជាអ្នកនាំចូលសម្លៀកបំពាក់ពីប្រទេសចិន។គេនិយាយថា គីមហេង បានជួប លីមស្រីពេជ្រតាមហ្វេសប៊ុក ហើយជនរងគ្រោះទៅលេងផ្ទះនៅតាមផ្លូវលេខ៩៥េនះដើម្បីពិភាក្សាពីការរកស៊ីលក់សម្លៀកបំពាក់។ ដំបូង នគរបាលបាននិយាយថា គីមហេងមានជាប់ទាក់ទងជាមួយមនុស្សបីនាក់ទៀតក្នុងការសម្លាប់េនះ ហើយបាននាំទៅរកការចាប់ខ្លួនមនុស្សទាំងនេះទៀត។ ទោះជាយ៉ាងណា ក្រោយមក នគរបាលនិយាយថានាងសារភាពថាបានធ្វើសកម្មភាពនេះតែម្នាក់ឯង។ កាលពីថ្ងៃច័ន្ទ អ្នកជិតខាងនៅក្នុងតំបន់នេះបានរៀបរាប់ថា បានឃើញជនសង្ស័យគីមហេង បើករថយន្តម៉ាកហាយឡិនឌ័រ របស់ខ្លួនចេញចូលផ្ទះ នៅក្នុងតំបន់ដែលសម្បូរអ្នកមាននេះ។ អ្នកជិតខាងម្នាក់ក៏បាននិយាយថាបានឃើញមិត្តប្រុសរបស់ គីមហេង នៅផ្ទះេនះកាលពីថ្ងៃទី២៣ ខែតុលា គឺនៅថ្ងៃ ដែលនគរបាលនិយាយថាលីមស្រីពេជ្រ ត្រូវបានគេសម្លាប់ បន្ទាប់ពីទៅលេងផ្ទះនេះ។ លោក អេង សុភា ប្រធាននគរបាលព្រហ្មទណ្ឌរាជធានី ថ្លែងពីម្សិលមិញថា លោក សៀងត្រូវបានដោះលែង ដោយសារគាត់មិននៅផ្ទះនេះនៅពេលឃាតកម្មនេះកើតឡើង។ អ្នកស្រី ដាដានីដែលជាម្តាយរបស់ លីម ស្រីពេជ្រ បានលើកឡើងម្តងទៀតកាលពីម្សិលមិញថា គ្រួសាររបស់គាត់ជឿថាមានការលាក់កំបាំង។អ្នកស្រីបានមានប្រសាសន៍ថា“ ខ្ញុំនឹងពិភាក្សាជាមួយក្រុមគ្រួសាររបស់ខ្ញុំថាតើត្រូវប្តឹងឲ្យនគរបាលធ្វើការស៊ើបអង្កេតរកជនសង្ស័យផ្សេងទៀតឬយ៉ាងណា”៕ ប្រែសម្រួលដោយចេវប៊ុននី
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាមេដឹកនាំដ៏កំពូលក្នុងចំណោមមេដឹកនាំល្បីៗនៅសតវត្សរ៍ទី២០
ខ្ញុំបានជួបព្រះមហាក្សត្រ នរោត្តមសីហនុជាលើកដំបូងតាមរយៈប្រធានាធិបតីឥណ្ឌូណេសុី លោក ស៊ូកាណូ (Sukarno) នៅក្នុងឆ្នាំ១៩៦៣ ហើយខ្ញុំបានជួបលោកប្រធានាធិបតីរូបនេះនៅដើមឆ្នាំនោះដែរ ក្នុងហាងលក់វត្ថុបុរាណមួយ នៅក្នុងសណ្ឋាគារអីុមភើរៀល (Imperial Hotel) ដែលជាសណ្ឋាគារបុរាណមួយនៅទីក្រុងតូក្យូ។ ក្រោយមក បន្ទាប់ពីខ្ញុំបានមកដល់ទីក្រុងតូក្យូបន្តិច ខ្ញុំបានចូលធ្វើការឲ្យទស្សនាវដ្តីញូវស៍វីក (Newsweek) ខណៈដែលខ្ញុំមិនទាន់មានបទពិសោធច្រើនខាងយកព័ត៌មាននៅឡើយនោះ ខ្ញុំមានការភាន់ច្រឡំដោយសាររឿងមួយ ដែលហួសពីលទ្ធភាព និងការរំពឹងទុករបស់ខ្ញុំ។ កាលពេលនោះប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី គឺប្រុងផ្ទុះសង្គ្រាមជាមួយគ្នា ដោយសារគោលនយោបាយ “ ការប្រឈមមុខគ្នា” របស់លោក ស៊ូកាណូ ហើយទាំងលោក ស៊ូកាណូនិងនាយករដ្ឋមន្ត្រីម៉ាឡេសុីលោកទុនគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman )កំពុងចូលរួមកិច្ចប្រជុំមួយនៅទីក្រុងតូក្យូដែលអាចជួយដោះស្រាយបញ្ហាបានតិចតួច។ ខ្ញុំត្រូវបានចាត់តាំងឲ្យសរសេរអត្ថបទព័ត៌មាន អំពីកិច្ចប្រជុំនោះ ហើយដើម្បីឲ្យយល់កាន់តែច្បាស់ពីបញ្ហានោះខ្ញុំបានចំណាយពេលពេញមួយថ្ងៃ ដើម្បីព្យាយាមដើរតាមលោកស៊ូកាណូ និងលោក ទុនគូ។ លោក ទុនគូ បានលះបង់ពេលវេលាយ៉ាងច្រើនរបស់លោកដើម្បីបន់ស្រន់នៅក្នុងព្រះវិហារមួយ។ចំណែកឯលោក ស៊ូកាណូ វិញ បានចំណាយពេលដើរទិញទំនិញតាមហាង ទៅមើលភាពយន្ត ចេញទៅជួបស្រីៗដោយស្ងាត់ៗ ហើយនៅទីនោះតែងតែមានពិធីជប់លៀងយ៉ាងធំ ដែលមានស្រីកំដរភ្ញៀវនៅពេលយប់ និងនៅតាមផ្ទះផងដែរ។ លោក ស៊ូកាណូ ត្រូវបានការពារយ៉ាងតឹងរឹុងដោយក្រុមសន្តិសុខ ប៉ុន្តែ នៅព្រឹកថ្ងៃមួយ ខ្ញុំអាចចូលបានទៅក្នុងហាងលក់វត្ថុបុរាណនៅក្នុងសណ្ឋាគារ អុីមភើរៀលដែលលោកតែងតែស្នាក់នៅ ហើយបានមើលគាត់ព្យាយាមតថ្លៃបដិមាបុរាណតូចៗ ដែលលោកពេញចិត្ត។ដោយមានមន្ត្រីរបស់លោកជាច្រើន ព្រមទាំងបុក្គលិក និងមន្រ្តីស្ថានទូតផងបានសម្លឹងមើលលោក ស៊ូកាណូ ចង្អុលម្ចាស់ហាង ហើយនិយាយថា “ខ្ញុំជាប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី ខ្ញុំចង់ឲ្យចុះថ្លៃ៥០ភាគរយ”។ នៅពេលខ្ញុំកំពុងកត់ត្រាសម្តីលោក ស៊ូកាណូ បានឈប់រួចសម្លឹងនិងចង្អុល មកខ្ញុំ ដោយចង់ដឹងថាតើខ្ញុំជាអ្នកណា និងកំពុងធ្វើអ្វីនៅទីនោះ។ ខ្ញុំបានឆ្លើយតបថា ខ្ញុំជាអ្នកយកព័ត៌មានឲ្យទស្សនាវដ្តីញូវស៍វីក ហើយខ្ញុំត្រូវបានចាត់តាំងឲ្យសរសេរអត្ថបទព័ត៌មានអំពីការធ្វើទស្សនកិច្ចរបស់លោកនៅទីក្រុងតូក្យូនេះ។ នៅពេលមនុស្សពីរនាក់របស់លោកកៀកខ្ញុំជាប់ លោកមានប្រសាសន៍ថា “ ខ្ញុំមិនចូលចិត្តទស្សនាវដ្តីញូវស៍វីកទេ ពួកគេផ្សព្វផ្សាយព័ត៌មានមិនពិតទេ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ប៉ុន្តែ... ខ្ញុំចូលចិត្តលោក”។ បន្ទាប់មក លោកបានបញ្ជាឲ្យមនុស្សរបស់លោកលែងខ្ញុំ។លោកបានសុំសៀវភៅកត់ត្រារបស់ខ្ញុំហើយសរសេរថា “ ខ្ញុំចូលចិត្តលោក...” និងបានចុះហត្ថលេខាក្នុងសៀវភៅនោះទៀតផងដែរ។ នៅទីនោះយើងនិយាយលេងសើចជាមួយគ្នាថែមទៀត ហើយខ្ញុំបានប្រាប់លោកថា...
លោក ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមិនទាន់ត្រៀមខ្លួនស្វាគមន៍ថាមពលនុយក្លេអ៊ែរទេ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបដិសេធថាមិនបានផ្តល់ភ្លើងខៀវឲ្យប្រទេសជិតខាងមួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរផលិតអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ទេ។លោកមានប្រសាសន៍ថាវាគ្រោះថ្នាក់ពេក។ លោកហ៊ុនសែនបានបញ្ជាក់ពីគោលជំហររបស់លោកបែបនេះអំឡុងពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំ ដែលនៅទីនោះលោកបានថ្លែងប្រាប់អ្នកចូលរួមថា កម្ពុជា មិនទាន់ត្រៀមខ្លួនទទួលស្វាគមន៍ការវិនិយោគបែបនេះទេ។ លោក ហ៊ុនសែន បានមានប្រសាសន៍ថា “ មានការយល់ច្រឡំខ្លះពីសំណាក់ប្រទេសជិតខាងរបស់យើងដែលនិយាយថា ខ្ញុំបានអនុញ្ញាតឲ្យពួកគេសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងខេត្តកោះកុង ប៉ុន្តែខ្ញុំមិនបានអនុញ្ញាតទេ”។ លោកបន្តថា “ ប្រទេសជិតខាងមានសិទ្ធិសម្តែងក្តីព្រួយបារម្ភរបស់ខ្លួន ពីព្រោះប្រសិនបើវាផ្ទុះឡើងនោះ មិនមែនមានតែប្រទេសកម្ពុជាទេដែលរងគ្រោះ ប៉ុន្តែប្រទេសនៅក្នុងតំបន់ក៏រងគ្រោះដែរ”។ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍សំដៅដល់ប្រទេសឥណ្ឌូណេស៊ីដែលខ្វះថាមពលនុយក្លេអ៊ែរថា “ ខ្ញុំមិនដែលអនុញ្ញាតឲ្យសាងសង់រោងចក្របែបនេះទេ ពីព្រោះកម្ពុជា គ្មានសមត្ថភាពឈាន សូម្បីប្រទេសឥណ្ឌូណេស៊ីក៏មិនអាចធ្វើបានដែរ”។ លោកបានបន្ថែមថា ទោះជាយ៉ាងណា កម្ពុជាមិនបដិសេធថាមពលនុយក្លេអ៊ែរទាំងស្រុងទេ។លោកបានបញ្ជាក់ថា មានវគ្គសិក្សាវិស្វកម្មនុយក្លេអ៊ែរមួយនៅសាកលវិទ្យាល័យបាត់ដំបង។ លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលនិងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថាក្រុមហ៊ុនមួយរបស់ថៃ កន្លងមកធ្លាប់បានធ្វើសំណើសុំការអនុញ្ញាតធ្វើការសិក្សាបឋមអំពីលទ្ធភាពនៃការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ប៉ុន្តែ លោកសុំមិនបញ្ចេញឈ្មោះក្រុមហ៊ុននោះទេ។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុលបានមានប្រសាសន៍ថា “ កាលពីប្រហែលពីរឆ្នាំមុនក្រុមហ៊ុនមួយរបស់ថៃបានស្នើសុំការអនុញ្ញាតធ្វើការសិក្សា ប៉ុន្តែ សម្តេចហ៊ុនសែនបានមានប្រសាសន៍ថា កម្ពុជាមិនទាន់ឈាន់ដល់កម្រិតសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនោះទេ”។ កាលពីពីរសប្តាហ៍មុន សកម្មជនប្រឆាំងនុយក្លអ៊ែរនៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា មានតម្លាភាពជាងនេះចំពោះផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងខេត្តកោះកុង ដោយអះអាងថាការទទួលយកគម្រោងបែបនេះក្នុងប្រទេសកម្ពុជា វាមានគ្រោះថ្នាក់ខ្លាំងណាស់។ ទាំងប្រទេសវៀតណាម និងប្រទេសថៃ សុទ្ធតែមិនទាន់មានរោងចក្រថាមពលនុយក្លេអ៊ែរដូចគ្នា ប៉ុន្តែ ប្រទេសទាំងពីរនេះបាននិយាយថា ខ្លួនមានបំណងចង់ឲ្យរោងចក្រថាមពលបែបនេះដំណើរការឲ្យបានមុនឆ្នាំ២០២០៕ ប្រែសម្រួលដោយតែមសុខុម
រដ្ឋមន្ត្រីអះអាងថា លោក សម រង្ស៊ី លេងល្បិចនយោបាយអំឡុងពេលព្រះមហាវីរក្សត្រសោយទិវង្គត
កាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងនៅឯសន្និសីទសារព័ត៌មានមួយថា សេចក្ដីអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដើម្បីអនុញ្ញាតឲ្យរូបលោកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការរំខាន ដើម្បីសម្ដែងការគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪ នរោត្ដម សីហនុ គឺមិនពិតប្រាកដនោះទេ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វាស្រេចតែលើលោក សម រង្ស៊ី ដែលរស់នៅបែបនិរទេសខ្លួនឯងនៅក្នុងទីក្រុងប៉ារីសទេដែលត្រូវសម្រេចថា តើខ្លួនគួរតែប្រឈមនឹងហានិភ័យនៃការវិលត្រឡប់មកវិញ ឬអត់នោះ សេចក្ដីអំពាវនាវសុំឲ្យធានាដល់សុវត្ថិភាពរបស់លោកគឺគ្រាន់តែជាកលល្បិចនយោបាយ ដើម្បីបិទបាំងខ្លួនឯងជាជនរងគ្រោះដោយសាររដ្ឋាភិបាលប៉ុណ្ណោះ។ លោក កាញារីទ្ធ មានប្រសាសន៍បន្ថែមទៀតថា “ លោកមិនដែលចង់វិលត្រឡប់មកវិញពិតប្រាកដនោះទេ លោកសរសេរលិខិតទាំងនោះដើម្បីធ្វើឲ្យសាធារណជនភាន់ច្រឡំ។ លោកនិយាយថា លោកមិនអាចមកបានវិញទេដោយសារតែសម្ពាធរបស់រដ្ឋាភិបាលលើរូបលោក”។ លោកសមរង្ស៊ីដែលប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ពីបទផ្ដល់ព័ត៌មានមិនពិត បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងពីបទញុះញង់នោះ បានផ្ញើលិខិតមករដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យរូបលោកបានវិលត្រឡប់មកមួយរយៈចាប់តាំងពីសម្ដេចឪ នរោត្ដម សីហនុ សោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ។ លិខិតទាំងអស់របស់លោក សម រង្ស៊ី ដែលផ្ញើមករដ្ឋាភិបាលទាំងប៉ុន្មាន ដើម្បីសុំការអនុញ្ញាតឲ្យបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ត្រូវបានបញ្ជូនត្រឡប់ទៅវិញទាំងអស់ដោយគ្មានចម្លើយ។ កាលពីថ្ងៃសុក្រ លោក កាញារីទ្ធ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនអាចសម្រេចតាមសំណើរបស់លោក សមរង្ស៊ី បានដោយសារតែសម្ដីវាយប្រហារកាលពីមុនរបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះមកលើរូបលោកដោយលោកកត់សម្គាល់ថាម្ដងនោះលោកបានហៅលោក ហ៊ុន សែន ថា “ អាយ៉ង”។ ទោះយ៉ាងណាលោកកាញារីទ្ធបានថ្លែងកាលពីម្សិលមិញថា តាមពិតលោកនាយករដ្ឋមន្ត្រីមិនដែលបានទាត់ចោលជាផ្លូវការ នូវសំណើសុំចូលស្រុកវិញ ដោយសុវត្ថិភាពរបស់លោក សម រង្ស៊ី នោះទេ។ លោក កាញារីទ្ធ បន្ថែមថា លិខិតរបស់លោក សម រង្ស៊ី ត្រូវបានទាត់ចោល និងបញ្ជូនត្រឡប់ទៅគណបក្សខ្លួនវិញបន្ទាប់ពីគណបក្ស សម រង្ស៊ី បានដាក់លិខិតនោះមកទីស្ដីការគណៈរដ្ឋមន្ត្រី។ ប៉ុន្ដែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលជំទាស់នឹងការវិលត្រឡប់របស់លោក សម រង្ស៊ី ដើម្បីបានមកគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪនោះទេ”។ លោក កាញារីទ្ធ បានបន្ថែមដោយមិននិយាយថា តើពេលត្រឡប់មកវិញលោកសម រង្ស៊ី នឹងត្រូវចាប់ខ្លួនឬអត់នោះទេដោយលោក មានប្រសាសន៍ថា “ លោកបានចាកចេញទៅដោយខ្លួនឯង ប្រសិនបើលោក ចង់វិលត្រឡប់វិញ ឬអត់នោះ វាស្រេចតែលោកទេ។គ្មាននរណាម្នាក់ឃាត់លោកទេ”។ អង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្រ ព្រមទាំងមេដឹកនាំគណបក្សប្រឆាំងរូបនេះ និយាយថាការចោទប្រកាន់ដែលនាំឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារធ្ងន់នោះ គឺជារឿងបញ្ហានយោបាយ ដែលរៀបចំឡើង ដើម្បីបំបិទមាត់អ្នករិះគន់ និងគូប្រជែងរបស់រដ្ឋាភិបាលក្នុងពេលបោះឆ្នោត។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី មានប្រសាសន៍ថា លោកសម រង្ស៊ី គ្រាន់តែចង់មកក្នុងរយៈពេលខ្លី ដើម្បីសម្ដែងការគោរពរបស់ខ្លួនចំពោះសម្ដេចឪ អំឡុងពេលបូជាក្នុងខែកុម្ភៈ។ លោកសុវណ្ណបានមានប្រសាសន៍ថា “ លោកសមរង្ស៊ីបានសុំវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធប្រហែលពីរម៉ោងប៉ុុណ្ណោះ។លោកពិតជាចង់សម្ដែងការគោរពជាចុងក្រោយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់។ លោកក៏ធ្លាប់ដង្ហែព្រះមហាក្សត្រជាច្រើនឆ្នាំមកហើយដែរ”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
ពាណិជ្ជករមានអារម្មណ៍តានតឹងដោយសារតែការបិទកំណាត់ផ្លូវលេខ១៩ខាងក្រោយព្រះបរមរាជវាំង
ម្ចាស់ហាងនៅតាមកំណាត់ផ្លូវលេខ១៩ខាងក្រោយព្រះបរមរាជវាំងបាននិយាយកាលពីម្សិលមិញថា ពួកគេកំពុងតស៊ូបន្ដបើកហាងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានបិទផ្លូវនេះរយៈពេលបីខែ ដើម្បីកាន់មរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ លោក ហ្វីលីព វីកម៉ែន (Philippe Weeckmans) អគ្គនាយកភោជនីយដ្ឋានអូភិនវាញ (Open Wine Restaurant) មានប្រសាសន៍ថា “យើងមិនអាចរស់នៅដោយរបៀបនេះបានទេ។ យើងមិនប្រាកដថាតើយើងអាចបន្ដបើករបៀបនេះរហូតផុតរយៈពេលបីខែនេះឬអត់នោះទេ”។ លោកវីកម៉ែនបានដាក់សញ្ញានៅលើរបាំងបិទផ្លូវរបស់នរគបាល ព្រមទាំងបានផ្ញើអុីម៉េលប្រាប់អតិថិជនថា ភោជនីយដ្ឋាននៅតែបន្តបើកដដែល។លោកមានប្រសាសន៍ ថា“ជាធម្មតាយើងមានអតិថិជនពី៦០នាក់ទៅ៧០នាក់ក្នុងមួយថ្ងៃ។ពេលនេះយើងមានត្រឹមតែ២០នាក់ប៉ុណ្ណោះ។យើងបាត់បង់ប្រាក់ចំណូល៦០ភាគរយ ចាប់តាំងពីបិទផ្លូវនេះមក ”។ លោកជួនសុវណ្ណស្នងការនរគបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាកំណាត់ផ្លូវលេខ១៩ដែលជាធម្មតាមមាញឹកនោះមានភោជនីយដ្ឋាន និងហាងជាង១០តាំងនៅម្ខាងផ្លូវ សម្រាប់បម្រើអតិថិជនក្នុងមូលដ្ឋាននិងភ្ញៀវទេសចរ។ ចំណែកម្ខាងទៀតគឺជាជញ្ជាំងរបងព្រះបរមរាជវាំង ហើយអាជ្ញាធរបានបិទផ្លូវនេះដោយសារតែការបារម្ភអំពីបញ្ហាសន្ដិសុខ និង “ការរំខានដល់ដំណើរការនៃព្រះរាជពិធីកាន់មរណទុក្ខ”។ លោកមានប្រសាសន៍កាលពីម្សិលមិញថា“យើងនឹងបិទផ្លូវនេះរហូតដល់ពិធីបូជាព្រះបរមសពចប់សព្វគ្រប់ ”។ កំណាត់ផ្លូវប្រាំមួយទៅប្រាំពីរកំណាត់នៅជំុវិញព្រះរាជវាំងត្រូវបានបិទ កាលពីថ្ងៃទី១៧ខែតុលារួមទាំងកំណាត់ផ្លូវលេខ១៩ផងដែរ ដើម្បីកាត់បន្ថយសំឡេងរំខានអំឡុងពេលកាន់ទុក្ខប្រាំពីរថ្ងៃ។ផ្លូវដទៃទៀតបានបើកឲ្យប្រើប្រាស់វិញហើយ លើកលែងតែកំណាត់ផ្លូវលេខ១៩ និងមួយចំណែកនៃកំណាត់ផ្លូវលេខ២៤០ នៅជាប់នឹងព្រះបរមរាជវាំង និងឧទ្យានវត្តបទុម ដែលនៅទីនោះពុំមានការប្រកបរបរអ្វីច្រើនទេ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោប្រធានខុទ្ទកាល័យសម្ដេចឪបានមានព្រះបន្ទូលថា សួនច្បារក្នុងព្រះបរមរាជវាំង និងដំណាក់របស់ព្រះវររាជមាតាស្ថិតនៅកៀករបងព្រះបរមរាជវាំងជាប់នឹងកំណាត់ផ្លូវលេខ១៩។ ព្រះអង្គម្ចាស់ ធម្មិកោបានមានព្រះបន្ទូលដោយមិនលម្អិតថា...
ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញម្នាក់ ត្រូវបានចាប់ខ្លួន
មន្ត្រីតុលាការ និងមន្ត្រីនគរបាលបាននិយាយថា សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានចោទប្រកាន់ក្រឡាបញ្ជីរបស់ខ្លួនម្នាក់ពីបទរំលោភសេចក្តីទុកចិត្ត បន្ទាប់ពីបានទទួលយកប្រាក់ចំនួន២៥០.០០០ដុល្លារ ជាថ្នូរដើម្បីជួយសម្រួលដំណើរការរឿងក្តីឲ្យបានលឿនដោយ “ គ្មានបញ្ហា”។ លោកលីសុផាណ្ណាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកគ្រួចបូរ័ត្នជាក្រឡាបញ្ជីម្នាក់របស់លោកចៅក្រម លីលឹមម៉េងត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ ខណៈពេលលោកកំពុងជប់លៀងជាមួយនឹងមិត្តភក្តិនៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។ លោកសុផាណ្ណាមានប្រសាសន៍បន្តថា “ យើងបានចោទប្រកាន់លោកគ្រួចបូរ័ត្ន ក្រឡាបញ្ជី់នៅសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភសេចក្តីទុកចិត្តពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន២៥០.០០០ដុល្លារ”។ លោកបានមានប្រសាសន៍បន្តថា“ ស៊ិនវិសាលបានសម្រេចបញ្ជូនជនសង្ស័យរូបនេះទៅឃុំខ្លួនបណ្តោះអាសន្ននៅឯពន្ធនាគារព្រៃសរួចហើយប៉ុន្តែ យើងមិនទាន់ដឹងថា សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការសំណុំរឿងនេះ នៅពេលណានោះទេ”។ លោកសុងលីប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញរូបនេះ ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោកផងដែរ ។ ទាំងលោក ស្នងការនគរបាលរាជធានីភ្នំពេញ ឬលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញមិនបានផ្តល់ព័ត៌មានលម្អិតថែមទៀតអំពីករណីនេះបានទេ។ លោកចៅខេនជាក្រឡាបញ្ជីម្នាក់ទៀតរបស់លោកចៅក្រម លីលឹមម៉េងបានមានប្រសាសន៍ថាលោកបូរ័ត្ន ជាប់សង្ស័យថាបានទារប្រាក់ចំនួន២៥០.០០០ដុល្លារពីចុងចោទម្នាក់ ដើម្បីជាថ្នូរនឹងការជួយពន្លឿនការដោះស្រាយរឿងក្តី កុំឲ្យមានការពន្យារពេល។ លោកបន្តថា “ ខ្ញុំបានឮថាលោកគ្រួចបូរ័ត្នបានធ្វើការជាមួយដើមចោទនិងចុងចោទ ហើយគាត់បានសុំឲ្យចុងចោទបង់ប្រាក់ ដើម្បីជៀសវាងកុំឲ្យមានបញ្ហា”។ លោកមានប្រសាសន៍បន្តថា“ក្រោយមកភាគីទាំងពីរ បានសម្រុះសម្រួលគ្នា ហើយបានដកពាក្យបណ្តឹងរបស់ខ្លួនវិញ។ពួកគេក្រោយមកបានមកសុំដកប្រាក់ពី វិញ ប៉ុន្តែប្រាក់របស់ពួកគេត្រូវចាយអស់ហើយ”។ លោកចៅខេនមិនបានប្រាប់ឈ្មោះអ្នកទាំងនោះ ដែលមានជាប់ពាក់ពន្ធក្នុងការសូកប្រាក់យ៉ាងច្រើនឲ្យទៅក្រឡាបញ្ជីនោះទេ ប៉ុន្តែលោកគ្រាន់តែមានប្រសាសន៍ថា មានពាក្យបណ្តឹងអំពីវិវាទក្នុងការរកស៊ីមួយ បានប្តឹងមកសាលាដំបូងកាលពីឆ្នាំ២០១១ហើយបានបង់ប្រាក់តម្កល់នៅគ្រានោះ។ ក្រឡាបញ្ជីនៅទូទាំងប្រទេសកម្ពុជាធ្លាប់ទទួលរងការចោទប្រកាន់ជាយូរមកហើយពីបទរំលោភអំណាចរបស់ខ្លួនដោយទទួលប្រាក់សំណូក...
ព្រឹទ្ធសភាអូស្ត្រាលីជំរុញឲ្យមាន ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា
ព្រឹទ្ធសភាអូស្ត្រាលី កាលពីម្សិលមិញ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ប្រកបដោយសេរីនិងយុត្តិធម៌ ដោយមិនមាន“ ការរំលោភបំពានឬការបំភិតបំភ័យ” មកលើលោក សមរង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងរស់នៅបែបនិរទេសខ្លួនក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ។ ការអំពាវនេះកើតមានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសភាសហភាពអឺរ៉ុបបានអនុម័តដំណោះស្រាយរបស់ខ្លួនមួយដោយបានថ្កោលទោសនូវអ្វីដែលខ្លួនបានហៅការផ្តន្ទាទោសលោក សម រង្ស៊ី ថា ជា “រឿងនយោបាយ” ហើយបានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយនូវ “ គុណវិបត្តិដ៏ធំនេះ” ដើម្បីឲ្យគណបក្សប្រឆាំងបានចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ ទាំងប្រទេសអូស្ត្រាលី និងសហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយដ៏ធំសម្រាប់ប្រទេសកម្ពុជា។ ដំណោះស្រាយដែលលើកឡើងដោយព្រឹទ្ធសភាអូស្ត្រាលី បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតដោយសេរី និងយុតិ្តធម៌ នៅឆ្នាំ២០១៣ និងធានាថាគណបក្សប្រឆាំងមានលទ្ធភាពអាចចូលរួមក្នុងការបោះឆ្នោតពេញលក្ខណៈដោយមិនមានការយាយីខាងរាងកាយ ឬការបំភិតបំភ័យតាមផ្លូវតុលាការឬការបំភិតបំភ័យរួមទាំងលោក សម រង្ស៊ី មេដឹកនាំគណបក្ស សម រង្ស៊ី ផ្ទាល់ផងដែរ ដូចអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើកឡើង”។ លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានលើកឡើងក្នុងសេចក្ដីរាយការណ៍របស់លោក ជាចុងក្រោយ ដោយអំពាវនាវឲ្យមានដំណោះស្រាយផ្នែកនយោបាយមួយ ដែលអាចអនុញ្ញាតឲ្យលោក សម រង្ស៊ី “ មានលទ្ធភាពធ្វើនយោបាយពេញលេញនៅក្នុងប្រទេសកម្ពុជា” ហើយលោកបានផ្ដល់អនុសាសន៍ឲ្យមានកំណែទម្រង់ក្នុងប្រព័ន្ធរៀបចំដំណើរការបោះឆ្នោតផងដែរ។ មន្ត្រីរដ្ឋាភិបាលបានច្រានចោលនូវទស្សនរបស់លោក សុរិយា ស៊ូបេឌី ម្ដងហើយម្ដងទៀត ហើយបានទាត់ចោលម្ដងហើយម្ដងទៀតនូវសំណើរបស់លោក សមរង្ស៊ី ក្នុងការសុំវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញដោយមិនមានការចាប់ខ្លួន។ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសលើកដំបូងនៅឆ្នាំ២០១០ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសារលោកបានដកបង្គោលតម្រុយព្រំដែននៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម និងក្រោយមកទៀតត្រូវតុលាការផ្ដន្ទាទោសពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ដែលលោកបានបង្ហោះផែនទីតាមប្រព័ន្ធអុីនធើណិត។ គណបក្ស សម រង្ស៊ី ជាគណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសកម្ពុជាបានគំរាមថា នឹងធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣ខាងមុខបើសិនជាលោក សម រង្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញទេ ហើយបើសិនជារដ្ឋាភិបាលមិនធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតរបស់ខ្លួនទេនោះ ពីព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលម្អៀងទៅគណបក្សកាន់អំណាច។ កាលពីថ្ងៃសុក្រ សភាសហភាពអឺរ៉ុបបានអនុម័តដំណោះស្រាយរបស់ខ្លួននៅទីក្រុងព្រុចសែល ដោយកត់សម្គាល់ថា សហភាពអឺរ៉ុបបានសង្កេតឃើញថា ការបោះឆ្នោតជាតិចុងក្រោយនៅឆ្នាំ២០០៨ គឺមិនមានបទដ្ឋានអន្ដរជាតិទេ។ ដោយឆ្លុះបញ្ចាំងពីទស្សនៈរបស់លោក ស៊ូបេឌី ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការជាមួយគណបក្សប្រឆាំង ដើម្បីឲ្យគណបក្សប្រឆាំងធ្វើសកម្មភាពដោយពេញលេញនៅក្នុងកិច្ចការនយោបាយក្នុងប្រទេសកម្ពុជាហើយអាចចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខបានដោយសេរី៕ ប្រែសម្រួលដោយ ឃិន ណៃ
លោក ហ៊ុន សែន បដិសេធការប្រើឈ្មោះភរិយារបស់លោក និងកាកបាទក្រហមកម្ពុជា ដើម្បីចាប់យកដី
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទប្រកាន់បុគ្គលមួយចំនួនដោយមិនបញ្ចេញឈ្មោះ ថា បានប៉ុនប៉ងចាប់យកដីក្នុងខេត្តកំពង់ធំ ដោយប្រើឈ្មោះភរិយារបស់លោក និងបញ្ជាឲ្យកូនប្រុសរបស់លោកស៊ើបអង្កេតដើម្បីផ្ដល់ដីដែលចាប់យកដោយខុសច្បាប់នោះឲ្យប្រជាពលរដ្ឋវិញ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅពេលលោកកំពុងចែកប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាផ្នែកមួយនៃគម្រោងកាត់បន្ថយជម្លោះដីធ្លីក្នុងដីសម្បទានសេដ្ឋកិច្ច និងដីរដ្ឋ។ យោងតាមប្រសាសន៍របស់លោក ហ៊ុន សែន បានឲ្យដឹងថា ជនឥតកេរ្តិ៍ខ្មាសមួយចំនួនបានអះអាងថា លោកជំទាវ ប៊ុនរ៉ានី ភរិយារបស់លោក និងកាកបាទក្រហមកម្ពុជាបានចាប់យកដីនៅក្នុងខេត្តកំពង់ធំ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ ពួកគេបាននិយាយថាប៊ុនរ៉ានី ហ៊ុន សែន មានដី៥០០ហិកតា ក្នុងខេត្តកំពង់ធំ ហើយដីនោះជាដីរបស់កាកបាទក្រហមកម្ពុជា។ ខ្ញុំបានឮពីនិស្សិតថា ពួកគេប្រើប្រាស់ឈ្មោះប៊ុនរ៉ានី ដើម្បីចាប់យកដី ដែលតាមពិតគាត់មិនបានដឹងសោះ”។ លោក ហ៊ុន សែន មិនបានបញ្ជាក់លម្អិតថា នរណាបានធ្វើបែបនោះទេ ហើយក៏មិនបានបញ្ជាក់លម្អិតថា តើដីក្នុងខេត្តកំពង់ធំនោះនៅត្រង់ណាពិតប្រាកដដែរ។ លោកបានចេញបញ្ជាលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោក ដែលចូលរួមក្នុងពិធីនោះដែរឲ្យស៊ើបអង្កេតករណីក្លែងឈ្មោះម្ដាយរបស់ខ្លួន ហើយថា រាល់ដីដែលពាក់ព័ន្ធត្រូវតែប្រគល់ឲ្យទៅគ្រួសារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះវិញ។ លោកបានមានប្រសាសន៍ថា “ ដីនេះត្រូវតែប្រគល់ឲ្យប្រជាពលរដ្ឋ។ ប្រសិនបើពួកគេនិយាយថា ដីនេះជាដីរបស់ ហ៊ុន សែន និងប៊ុនរ៉ានីអ៊ីចឹងគួរឲ្យទៅប្រជាពលរដ្ឋចុះ”។លោកបានកំប្លែងលេងថា “ ប៉ុន្ដែមិនមែនឲ្យផ្ទះរបស់ខ្ញុំនៅជិតវិមានឯករាជ្យ និងនៅក្រុងតាខ្មៅទេ”។ ដោយទាក់ទងបានតាមទូរស័ព្ទ លោក អ៊ុច សំអុន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកនឹងពិនិត្យមើលបញ្ហាដែលអះអាងថា ដីនេះជាដីរបស់លោកជំទាវប៊ុន រ៉ានី ផងដែរ។ លោកស្រី ម៉ែន នារីសុភ័ក្ត្រ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា លោកស្រីមិនបានទទួលព័ត៌មានណាមួយថា សមាគមជាតិកាកបាទក្រហមកម្ពុជាមានដីនៅក្នុងខេត្តកំពង់ធំនោះទេ។ លោក ហ៊ុន សែន ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅក្នុងខែកក្កដា ឆ្នាំ២០១៣ នោះ បានបញ្ជូននិស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់ទៅកាន់តំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា តាំងពីខែឧសភា ដើម្បីវាស់វែងដីនិងចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលកំពុងរស់នៅលើដីមានជម្លោះ។ ការចាប់យកដីពីសំណាក់អ្នកមានអំណាចនិងតាមរយៈសម្បទានដីសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាល ធ្វើឲ្យគណបក្សកំពុងកាន់អំណាចនេះទទួលរងនូវការរិះគន់យ៉ាងខ្លាំង៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
លោក ហ៊ុន សែន ច្រានចោលសំណើរបស់លោក សម រង្ស៊ី សុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ
យោងតាមលោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានច្រានចោលសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង សុំវិលត្រឡប់មកកម្ពុជាវិញ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលយាងចូលទិវង្គតដោយមិនមានការចាប់ខ្លួន។ ក្នុងសារជាអក្សរកាលពីថ្ងៃសុក្រ លោកកាញ្ញារីទ្ធ លើកឡើងថា លោកនាយករដ្ឋមន្ត្រីមិនអាចយល់ព្រមតាមសំណើរបស់លោក សម រង្ស៊ី ដែលកាលពីមុនមេដឹកនាំគណបក្សប្រឆាំងរូបនេះបានរិះគន់លោកបានទេ។ លោកកាញ្ញារីទ្ធ បានសរសេរថា “ សម្ដេចហ៊ុនសែន មានប្រសាសន៍ថា តើ សម្រេចលើសំណើរបស់លោក សមរង្ស៊ី យ៉ាងដូចម្ដេចនៅពេលលោកសម រង្ស៊ី ក្រោយមកបានប្រកាសថា ឈប់ពិភាក្សាជាមួយលោក ហ៊ុនសែន ពីព្រោះ ហ៊ុនសែនគ្រាន់តែជាអាយ៉ងប៉ុណ្ណោះ។លោក សមរង្ស៊ី មានប្រសាសន៍ថា លោកនឹងពិភាក្សាតែជាមួយចៅហ្វាយរបស់លោកហ៊ុនសែនប៉ុណ្ណោះ។ដូច្នោះសូមឲ្យលោក សម រង្ស៊ី តាមបំណងរបស់គាត់ចុះ”។ លោកយឹមសុវណ្ណ អ្នកនាំពាក្សគណបក្សសម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា លោក សម រង្ស៊ី នៅតែមានក្តីសង្ឃឹមចំពោះសំណើរបស់លោក អាចនឹងត្រូវគេពិចារណា។ លោក សុវណ្ណ បានមានប្រសាសន៍បន្តថា “ មិនទាន់មានការឆ្លើយតបជាអវិជ្ជមាននៅឡើយទេ ដូច្នេះយើងនឹងរង់ចាំមើលសិន។យើងនៅមានពេលបីខែទៀត”។ ព្រះបរមសពព្រះមហាវីរក្សត្រ ដែលបានយាងចូលទិវង្គតដោយសារព្រះរោគគាំងបេះដូងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី១៥ ខែតុលានោះ នឹងត្រូវធ្វើព្រះរាជពិធីបូជានៅខែកុម្ភៈឆ្នាំក្រោយនេះ។ លិខិតសំណើរបស់លោក សម រង្ស៊ី បានដាក់ជាលើកដំបូង ហើយត្រូវបានបញ្ជូនត្រឡប់មកស្នាក់ការគណបក្ស សម រង្ស៊ី វិញម្តងហើយម្តងទៀត កាលពីពីរសប្តាហ៍កន្លងមកនេះ។ ដោយប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារ១១ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត ញុះញង់និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈនោះ លោកសម រង្ស៊ី បច្ចុប្បន្ននេះបានរស់នៅនិរទេសខ្លួននៅទីក្រុង ប៉ារីសប្រទេសបារាំង៕ ប្រែសម្រួលដោយឃិនណៃ
មនុស្សបីនាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូមួយគ្រឿងបើកបុកជាមួយរថយន្តក្រុងកាពីតូល
មនុស្សបីនាក់ជិះម៉ូតូមួយគ្រឿងបានស្លាប់កាលពីម្សិលមិញនៅក្នុងខេត្តពោធិ៍សាត់ នៅពេលពួកគេជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តក្រុងមួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន៤៥នាក់នៅលើផ្លូវជាតិលេខ៥ ដែលនេះជាគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងបុកមនុស្សស្លាប់ថ្មីទៀត ដែលមានមនុស្សរាប់សិបនាក់បានស្លាប់ ចាប់តាំងពីដើមឆ្នាំនេះ។ លោកសោម សុផានណាអធិការនគរបាលស្រុកបាកាន មានប្រសាសន៍ថាឈ្មោះភន់ពេញអាយុ១៩ឆ្នាំនិងឈ្មោះ សឿនវ៉េន អាយុ១៨ឆ្នាំ អ្នកទាំងពីរបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយឈ្មោះ មឿនធីអាយុ១៩ឆ្នាំបានស្លាប់ក្រោយនោះបន្តិចនៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកានដោយសាររបួសធ្ងន់ពេក។គ្មាននរណាម្នាក់ ដែលជិះលើរថយន្តក្រុងរងរបួសទេ។ ការបុកគ្នានេះបានកើតឡើងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹកបន្ទាប់ពីម៉ូតូមួយគ្រឿង ដែលសង្ស័យថា បានបត់ចូលក្នុងចំណែកផ្លូវរបស់រថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូលកំពុងធ្វើដំណើរក្នុងទិសដៅចេញពីខេត្តបាត់ដំបងមកកាន់រាជធានីភ្នំពេញ។ បើទោះជារថយន្តក្រុងនេះធ្វើដំណើរលើចំណែកផ្លូវត្រឹមត្រូវនៅពេលការបុកបានកើតឡើងក៏ដោយ ក៏នគរបាលនិយាយថា ពួកគេជឿថា រថយន្តក្រុងនេះបើកលឿនពេក និងបាននិយាយថា អ្នកបើកបររថយន្តបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្ទាប់ពីគ្រោះថ្នាក់នោះ។ លោករស់ចំរើនប្រធាននគរបាលចរាចរខេត្តបានមានប្រសាសន៍ថា “ ខ្ញុំគិតថា រថយន្តក្រុងនេះបើកលឿនពេក ពីព្រោះបន្ទាប់ពីបុករួច រថយន្តនោះបានអូសម៉ូតូប្រវែងជាង៦០ម៉ែត្រពីចំណុចគ្រោះថ្នាក់”។ លោក ចំរើន មានប្រសាសន៍បន្តទៀតថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតអំពីគ្រោះថ្នាក់នេះ និងមិនទាន់ចាត់វិធានការតាមច្បាប់ប្រឆំាងក្រុមហ៊ុនរថយន្តក្រុងចំពោះការបើកលើសល្បឿននោះទេ។ ទោះជាយ៉ាងណា លោកសុផានណាមានប្រសាសន៍ថា អ្នកបើកម៉ូតូក៏មានកំហុសដែរ។លោកបានមានប្រសាសន៍ថា “ ម៉ូតូបានបត់ឆ្វេងចូលក្នុងចំណែកផ្លូវរថយន្តក្រុង។ ពួកគេមិនបានមើលទៅមុខទេ មុនពេលបត់។ រថយន្តក្រុងបុកពួកគេ និងម៉ូតូជាប់ក្រោមរថយន្តក្រុង ព្រមទាំងអូសប្រវែងប្រហែល៦៦ម៉ែត្រ”។ កាលពីក្នុងខែមិថុនា រថយន្តក្រុងកាពីតូលមួយគ្រឿងបានបុករថយន្តយោធាមួយគ្រឿងដោយធ្វើឲ្យមនុស្សស្លាប់ចំនួនប្រាំបីនាក់ និង២១នាក់ទៀតរងរបួសនៅក្នុងខេត្តកំពង់ធំ។ ខែមុននេះ ក្រុមហ៊ុនកាពីតូលត្រូវនគរបាលចាត់ទុកថា ជាក្រុមហ៊ុនទទួលបានលិខិតព្រមានច្រើនជាងគេ ដោយសារបើកបរលើសល្បឿនកំណត់ចាប់តាំងពីដើមឆ្នាំនេះ។ លោកហួសុវណ្ណជំនួយការអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនរថយន្តក្រុងកាពីតូលបានមានប្រសាសន៍ថា លោកជឿថាមិនត្រូវបន្ទោសអ្នកបើកបរក្នុងគ្រោះថ្នាក់នេះទេ។ លោកមានប្រសាសន៍ថា “ ប្រសិនបើអ្នកបើកបររបស់យើងព្យាយាមគេចពីម៉ូតូ រថយន្តក្រុងនេះនឹងរេចង្កូតធ្លាក់ចូលក្នុងវាលស្រែហើយយើងនឹងធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដំណើររបស់យើង”។ យោងតាមតួលេខពីក្រសួងដឹកជញ្ជូនបានឲ្យដឹងថា មនុស្សសរុប៣២នាក់បានស្លាប់ក្នុងគ្រោះថ្នាក់បុកជាមួយរថយន្តក្រុង អំឡុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ៕ ប្រែសម្រួលដោយចេវប៊ុននី