មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុង នៅខេត្តសៀមរាប កាលពីម្សិលមិញ
នគរបាលបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់និងប្រាំពីរនាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃពុធ នៅពេលរថយន្តក្រុងមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាប។ លោក វ៉ាន់ វីរៈអនុប្រធាននគរបាលចរាចរខេត្តមានប្រសាសន៍ថា រថយន្តដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនដឹកអ្នកដំណើមេគង្គអុិចប្រេសកាលពីម៉ោង២រសៀលបានបុករថយន្តដឹកអង្ករមួយគ្រឿងចំពីក្រោយនៅពេលព្យាយាមវ៉ារថយន្តនោះនៅលើកំណាត់ផ្លូវជាតិលេខ៦ក្នុងឃុំរលួសស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកមានប្រសាសន៍បន្តថា “អ្នកបើកបររថយន្តដឹកអ្នកដំណើរបានព្យាយាមវ៉ារថយន្តដឹកអង្ករនៅពេលរថយន្តនោះកំពុងបត់ឆ្វេង”។លោកបន្ថែមថា រថយន្តក្រុងដែលមានដឹកអ្នកដំណើរ៤៥នាក់ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបនេះ បន្ទាប់មកបានជ្រុលទៅបុកដើមឈើមួយដើម។ លោក វីរៈបានមានប្រសាសន៍បន្តថា ឈ្មោះ អ៊ូ តាំង អាយុ២៤ឆ្នាំជាព្រូរថយន្តក្រុងនេះបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។ mលោកថ្លែងបន្តថា ជនជាតិខ្មែរពីរនាក់រងរបួសធ្ងន់ ហើយបានបញ្ជូនទៅព្យាបាលនៅគ្លីនិកមួយកន្លែងនៅក្នុងក្រុង សៀមរាប។ អ្នកបើកបររថយន្តដឹកអង្ករមិនមានគ្រោះថ្នាក់ទេ។ លោកមានប្រសាសន៍ទៀតថា “ ជនជាតិចិនបីនាក់ និងជនជាតិខ្មែរពីរនាក់ផ្សេងទៀតរងរបួសស្រាល។អ្នកបើកបររថយន្តដឹកអ្នកដំណើរនេះបានបើកបរលឿនហើយមិនបានមើលឲ្យច្បាស់ទេមុនពេលវ៉ារថយន្តដឹកអង្ករនោះ”។ លោក ស៊ិន ស៊ីសាកេត ប្រធានរដ្ឋបាលក្រុមហ៊ុន មេគង្គអុិចប្រេសបានបញ្ជាក់ថារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនលោកបានជួបគ្រោះថ្នាក់ចរាចរណ៍មែន ប៉ុន្តែ បានបដិសេធមិនផ្តល់សេចក្តីលម្អិតទេ។ mលោកនិយាយថា “ ខ្ញុំមិនបានដឹងច្បាស់ទេ ប៉ុន្តែ ខ្ញុំបានទទួលទូរស័ព្ទពីខេត្តសៀមរាបអំពីឧបទ្ទវហេតុនេះ”៕ ប្រែសម្រួលដោយឃិនណៃ
នគរបាលបញ្ឃប់ចលនាយុវជនរបស់គណបក្ស សម រង្ស៊ី មិនឲ្យដង្ហែក្បួនទៅកាន់ព្រះបរមរាជវាំង
កម្លាំងកងរាជអាវុធហត្ថ និងនគរបាលបង្ក្រាបកុបកម្មរាប់រយនាក់ កាលពីព្រឹកម្សិលមិញ បានរារាំងសមាជិកចលនាយុវជនរបស់គណបក្ស សមរង្ស៊ីជាង១០០នាក់មិនឲ្យដង្ហែក្បួនក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់។ លោកសួងសោភ័ណប្រធានចលនាយុវជនរបស់គណបក្ស សមរង្ស៊ី លើកឡើងថានៅពេលអ្នកតវ៉ាព្យាយាមចាកចេញពីសួនសេរីភាពទៅកាន់ព្រះបរមរាជវាំងជាទីដែលពួកគេគ្រោងដាក់ញត្តិថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ពេលនោះ អាជ្ញាធរបានមកដល់ ហើយភាគីទាំងពីរបានប៉ះទង្គិចគ្នា។ លោកសោភ័ណ លើកឡើងថា “ ញត្តិនេះគឺដើម្បីថ្វាយព្រះមហាក្សត្រ។យើងចង់ទូលព្រះមហាក្សត្រសុំការព្រះរាជទានលើកលែងទោសដល់អ្នកទោសនយោបាយ”។ ជាពិសេសអ្នកតវ៉ាបានអំពាវនាវសុំឲ្យមានការព្រះរាជទានលើកលែងទោសដល់មេដឹកនាំគណបក្សប្រឆាំង គឺលោកសមរង្ស៊ីដែលសព្វថ្ងៃកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅក្នុងប្រទេសបារាំង ដើម្បីគេចពីការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទផ្ដល់ព័ត៌មានមិនពិត ញុះញង់ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ពួកគេក៏ចង់ឲ្យរដ្ឋាភិបាលធ្វើការដោះលែងលោកម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំបង្កើតចលនាអបគមន៍ក្នុងខេត្តក្រចេះ។ លោកមឿងសុនប្រធានមូលនិធិអរិយធម៌ខ្មែរ ដែលកំពុងរស់នៅដោយនិរទេសខ្លួនក្នុងប្រទេសបារាំងហើយត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ ព្រមទាំងអ្នកស្រី យ៉ម បុប្ផានិងអ្នកស្រីទឹមសាក់មុនីសកម្មជនប្រឆាំងការបណ្ដេញចេញក៏ត្រូវបានរាប់បញ្ចូលនៅក្នុងញត្តិរបស់គណបក្ស សមរង្ស៊ីដែលសុំឲ្យដោះលែងអ្នកទោសនយោបាយផងដែរ។ អំឡុងការប្រឈមមុខដាក់គ្នាជាមួយនគរបាលបង្ក្រាបកុបកម្ម អាជ្ញាធររាជធានីភ្នំពេញប្រកាសតាមឧគ្ឃោសនសព្ទថា ការអនុញ្ញាតឲ្យដង្ហែក្បួនបន្ដទៅទៀតគឺមានន័យថាជាទង្វើមិនគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្ដេចឪ ព្រះបាទ នរោត្តមសីហនុដែលព្រះបរមសពរបស់ព្រះអង្គកំពុងតម្កល់នៅក្នុងព្រះបរមរាជវាំង។ លោកស្រីមូរសុខហួរសមាជិកសភាមកពីគណបក្ស សមរង្សុីដែលមានវត្តមាននៅក្នុងការតវ៉ា កាលពីម្សិលមិញដែរនោះបានមានប្រសាសន៍ថា មេដឹកនាំរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាគួរតែក្រឡេកមើលការបោះឆ្នោត កាលពីថ្ងៃអង្គារ របស់សហរដ្ឋអាមេរិករួចមកធ្វើជាគំរូសម្រាប់អនុវត្តសិទ្ធិសេរីភាពផ្នែកនយោបាយ។ លោកស្រីបានបន្ថែមថា “ លោកបារ៉ាក់អូបាម៉ា (Barack Obama) មិនដែលព្យាយាមចាប់ខ្លួន លោកមីតរ៉ុមនី (Mitt Romney) នោះទេហើយលោករ៉ុមនីក៏មិនដែលព្យាយាមទម្លាក់លោកអូបាម៉ាពីអំណាចដែរ។ផ្ទុយទៅវិញពួកគេប្រើតែពាក្យសម្ដីដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ”៕ ប្រែសម្រួលដោយស៊ាស៊ុយឈាង
ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្ដេញចេញបោះជំរំនៅខាងមុខស្ថានទូតអាមេរិកជាលើកទី២
កាលពីម្សិលមិញ ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្ដេញចេញបានបោះជំរំនៅខាងមុខស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញជាលើកទី២ ប៉ុន្ដែបានបញ្ចប់ការតវ៉ារបស់ខ្លួនវិញនៅក្នុងពេលល្ងាចពេលញត្តិ ផ្ញើជូនលោក បារ៉ាក់អូបាម៉ា (Barack Obama) ត្រូវបានមន្ត្រីសន្ដិសុខស្ថានទូតទទួលយកទៅខាងក្នុងស្ថានទូត។ អ្នកស្រី ទេព វន្នី អ្នកភូមិបឹងកក់ ដែលនៅទីនោះមានការបណ្ដេញចេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើកឡើងថា “ សន្ដិសុខស្ថានទូតអាមេរិកបានចេញមកទទួលយកញត្តិរបស់យើងទៅជូនលោកឯកអគ្គរដ្ឋទូត”។ អ្នកស្រីបន្ដថា “ យើងចាកចេញពីស្ថានទូតអាមេរិកបន្ទាប់ពីបានដាក់ញត្តិរួច។ នេះមិនមែនមានន័យថា យើងខ្លាច ឬរងការគំរាមកំហែងពីអាជ្ញាធរនោះទេ”។ អ្នកស្រីរៀបរាប់ថា ញត្តិនោះអំពាវនាវឲ្យលោកអូបាម៉ា ជួយដោះស្រាយការចាប់យកដីក្នុងប្រទេសកម្ពុជា និងដាក់សម្ពាធលើរដ្ឋាភិបាលឲ្យដោះលែងសកម្មជនប្រឆាំងនឹងការបណ្ដេញចេញដែលកំពុងជាប់ពន្ធនាគារពីរនាក់។ អ្នកស្រីវន្នីបានឲ្យដឹងផងដែរថាអ្នកស្រី និងអ្នកតវ៉ាប្រហែល៥០នាក់ផ្សេងទៀត ដែលបោះជំរំខាងមុខស្ថានទូតនោះបានចាកចេញនៅម៉ោង៦ល្ងាច បន្ទាប់ពីដាក់ញត្តិដែលក្នុងនោះ ក៏បានស្នើសុំជួបលោក វីលលៀមថដ (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ផងដែរ។ មន្ត្រីស្ថានទូតអាមេរិក ទោះជាយ៉ាងណា មិនបានបញ្ជាក់ថាបានទទួលញត្តិនោះទេ។ លោកសៀនម៉ាកគិនតុស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “ ពេលនេះយើងមិនអាចបញ្ជាក់ថា យើងបានទទួលញត្តិនោះទេ”។ នៅពេលសួរថាតើមានតំណាងស្ថានទូតណាមួយរួមទាំងឯកអគ្គរដ្ឋទូត វីលលៀមថដផងនោះ បានជួបជាមួយនឹងក្រុមអ្នកតវ៉ា ឬអត់នោះ លោកម៉ាកគិនតុសបានមានប្រសាសន៍ថា “ ដើម្បីសន្ដិសុខរបស់បុគ្គលិក យើងមិនអាចជួបជាមួយនឹងភ្ញៀវ ដែលមកកាន់ស្ថានទូតដោយគ្មានការប្រកាសឲ្យដឹងមុននោះទេ”។ ក្រុមអ្នកតវ៉ាបានបោះជំរំនៅខាងក្រៅស្ថានទូតលើកទី១ កាលពីថ្ងៃពុធ ប៉ុន្ដែបានរំសាយនៅពេលយប់វិញ ដោយសារនគរបាលបង្ក្រាបកុបកម្មរាប់រយនាក់បានដាក់ពង្រាយ កាលពីល្ងាចថ្ងៃពុធដើម្បីបណ្ដេញពួកគេចេញ។ ដោយអង្គុយនៅក្រោមដំបូលតង់ចំនួនពីរ កាលពីម្សិលមិញ...
ហ៊ុន សែន នឹងបើកកិច្ចពិភាក្សា ទ្វេភាគីជាមួយ បារ៉ាក់ អូបាម៉ា អំឡុងកិច្ចប្រជុំកំពូលអាស៊ាន
Janelle Kohnert ខេមបូឌាដេលី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងបើកកិច្ចពិភាក្សាទ្វេភាគីជាមួយលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក នៅពេលមេដឹកនាំសហរដ្ឋអាមេរិក ដែលទើបតែជាប់ឆ្នោតសាជាថ្មីម្តងទៀតរូបនេះ មកបំពេញទស្សនកិច្ចក្នុងរាជធានីភ្នំពេញ អំឡុងកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅក្នុងខែនេះ។ លោក ហ៊ុន សែន បានប្រកាសពីកិច្ចប្រជុំទ្វេភាគីនេះនៅក្នុងលិខិតមួយផ្ញើទៅកាន់ លោក បារ៉ាក់អូបាម៉ា កាលពីថ្ងៃពុធ ដោយអបអរសាទរចំពោះការឈ្នះឆ្នោតជាប្រធានាធិបតីនៅអាណត្តិទី២នេះ។ លោកបារ៉ាក់អូបាម៉ា ដែលគេរំពឹងថានឹងមកបំពេញទស្សនកិច្ចក្នុងរាជធានីភ្នំពេញពីថ្ងៃទី១៨ ដល់ថ្ងៃទី២១នោះ នឹងជាប្រធានាធិបតីអាមេរិកកំពុង កាន់អំណាចដំបូងដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ នៅក្នុងលិខិតរបស់លោកផ្ញើទៅកាន់លោក បារ៉ាក់អូបាម៉ា លោក ហ៊ុនសែន ក៏បាន កោតសរសើរពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលរាជធានីភ្នំពេញផងដែរ។ លោកហ៊ុនសែនសរសេរថា “ ស្ថិតក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់លោក ចំណងមិត្តភាពរវាងប្រជាពលរដ្ឋរបស់យើងក៏ដូចជាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិរបស់យើងទាំងពីរត្រូវបានពង្រឹង ដើម្បីផលប្រយោជន៍ទៅវិញទៅមក”។ លិខិតនោះបានបន្ដថា“ ខ្ញុំសង្ឃឹមថាទំនាក់ ទំនងទ្វេភាគីរបស់យើងនឹងត្រូវពង្រឹងបន្ថែមទៀត អំឡុងការកាន់តំណែងនៅអាណត្តិទី២របស់លោក ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការកើនឡើងលើគ្រប់វិស័យ ដែលយើងកំពុងតែមានសព្វថ្ងៃ”។ លោក កុយគួងអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ កាលពីម្សិលមិញថាលោកហ៊ុនសែននឹងបើកកិច្ចពិភាក្សាមួយទល់នឹងមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក កុយគួងបានថ្លែងថា “ នៅខាងក្រៅកិច្ចប្រជុំកំពូលនឹងមានកិច្ចពិភាក្សាទ្វេភាគីរវាងលោកហ៊ុនសែននឹងលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា”។តែទោះជាយ៉ាងណាលោកមិនទាន់មានព័ត៌មានទេថា តើមេដឹកនាំទាំងពីរនឹងត្រូវពិភាក្សាអំពីអ្វីនោះ។ ស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថាការមកបំពេញទស្សនកិច្ច្ក្នុងប្រទេសកម្ពុជារបស់លោកបារ៉ាក់អូបាម៉ានៅមិនទាន់បញ្ជាក់នៅឡើយទេ ហើយក៏នឹងមិនអាចរៀបរាប់លម្អិតពីកិច្ចប្រជុំរបស់លោកបារ៉ាក់ អូបាម៉ាជាមួយនឹងលោកហ៊ុនសែនដែរ។ លោកសៀនម៉ាក់គិនតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងថា...
សមាជិកកងកម្លាំងទ័ពអាកាសបួននាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីឈ្លោះជាមួយនិស្សិតស្ម័គ្រចិត្ត
សមាជិកបួននាក់នៃកងទ័ពអាកាសកម្ពុជា រួមជាមួយជនស៊ីវិលម្នាក់ទៀត ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃអង្គារក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីពួកគេមានជម្លោះជាមួយនិស្សិតស្ម័គ្រចិត្តក្នុងកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ លោកឈួនឈឿនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍កាលពីម្សិលមិញថា លោកហ៊ុនម៉ានិតជាកូនប្រុសរបស់លោកហ៊ុនសែននិងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានធ្វើអន្តរាគមន៍ដោយផ្ទាល់ក្នុងករណីនេះ ដោយឲ្យចាប់ខ្លួនអ្នកទាំងបួននេះ។ លោកឈឿនបានមានប្រសាសន៍ថាឈ្មោះមុ៉ចចាន់ណាវុធអាយុ២៧ឆ្នាំអ៊ុនឡុងអាយុ១៩ឆ្នាំហេងតុលាអាយុ២២ឆ្នាំនិងឈ្មោះធិនថារ៉ាអាយុ២៣ឆ្នាំទាំងអស់គ្នាជាទាហាននៅមូលដ្ឋានទ័ពអាកាសក្នុងខេត្តកំពង់ឆ្នាំង និងជាងមាស ឈ្មោះ ថនសុវណ្ណដេតអាយុ១៩ឆ្នាំត្រូវបានឃាត់ខ្លួនដោយសង្ស័យថាបានគំរាមនិស្សិតមួយក្រុមនៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ កាលពីថ្ងៃច័ន្ទ។ បុរសប្រាំនាក់នេះបានជិះម៉ូតូតាមផ្លូវជាតិលេខ៥ ពេលនោះពួកគេបើកវ៉ានិស្សិតបីនាក់មកពីក្រុម៩០នៃកម្មវិធីជាតិ ដែលមាននិស្សិតជាង២.០០០នាក់ស្លៀកពាក់របៀបយោធា ត្រូវបានបញ្ជូនទៅវាស់វែងដីនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ លោក ឈឿន បានមានប្រសាសន៍ថា“ បុរសប្រាំនាក់នេះបានជិះម៉ូតូពីរគ្រឿងបកក្រោយ ហើយគំរាមនិស្សិតស្ម័គ្រចិត្ត។ ពួកគេនិយាយថា 'ហេតុអ្វីពួកឯងមិនស្គាល់យើង?'ហើយស្រែកជេរប្រមាថ ”។ លោកបន្ថែមថា “ពួកគេស្រវឹងជោក”។លោក ឈឿន បានមានប្រសាសន៍ថាមន្ត្រីកងរាជអាវុធហត្ថបានទៅដល់កន្លែងកើតហេតុ ហើយបានសម្របសម្រួលគ្នា ប៉ុន្តែមិនបានចាប់ខ្លួននៅពេលនោះទេ។លោកបានបន្ថែមថា ក្រោយមក និស្សិតទាំងនោះបានត្រឡប់មករាជធានីភ្នំពេញវិញ។ លោក ឈឿន បានមានប្រសាសន៍បន្ថែមថា ក្រោយមកលោកហ៊ុនម៉ានិតដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី បានទាក់ទងទៅលោក ចេងងែ៉នអភិបាលរងខេត្តកំពង់ឆ្នាំង ប្រាប់ពីឧប្បត្តិហេតុនេះ។ ពេលនោះ លោកអភិបាលរងបានទូរស័ព្ទទាក់ទងកងរាជអាវុធហត្ថ ហើយនៅថ្ងៃអង្គារពួកគេបានឃាត់ខ្លួនទាហានបួននាក់នៅឯមូលដ្ឋានកងទ័ពអាកាស។ លោកសុវណ្ណដេត ដែលជាជាងមាសនិងជាកូនប្រុសរបស់មន្ត្រីទ័ព អាកាសម្នាក់ ក៏ត្រូវចាប់ខ្លួនដែរ។ លោក ឈឿនបានមានប្រសាសន៍ថា ពេលនេះជនសង្ស័យកំពុងត្រូវឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៕ ប្រែសម្រួលដោយចេវប៊ុននី
អ្នកតវ៉ាបោះជំរំនៅមុខស្ថានទូតអាមេរិក អំពាវនាវឲ្យ អូបាម៉ា ជួយ
នៅពេលដែលលោក បារ៉ាក់ អូបាម៉ា (Barack Obama)ត្រូវបានប្រកាសថា ជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិទី២ កាលពីម្សិលមិញ អ្នកតវ៉ានឹងការបណ្តេញចេញប្រហែល៥០នាក់មកពីសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា បានបោះជំរំនៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងរាជធានីភ្នំពេញ ហើយបានអំពាវនាវសុំឲ្យលោកប្រធានាធិបតីជួយដោះស្រាយបញ្ហាសិទ្ធិដីធ្លី នៅពេលលោកធ្វើដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញនៅចុងខែនេះ។ ប៉ុន្តែ ប៉ុន្មានម៉ោងបន្ទាប់ពីបានបោះជំរំនគរបាលបង្ក្រាបកុបកម្មប្រហែល១០០នាក់ប្រដាប់ដោយខែលនិងដំបងមិនដឹងចេញមកពីទីណា បានបណ្តេញអ្នកតវ៉ាដោយសន្តិវិធីទាំងនេះចេញពីទីនោះ។ អ្នកភូមិបឹងកក់ឈ្មោះបូវសុភា និយាយថា “ យើងមកទីនេះដើម្បីអបអរសាទរប្រធានាធិបតីអូបាម៉ាដែលឈ្នះការបោះឆ្នោត ហើយយើងសុំឲ្យលោកជួយអន្តរាគមន៍ឲ្យដោះលែងសកម្មជនរបស់យើង ដែលកំពុងជាប់ពន្ធនាគារ”។ អ្នកស្រីនិងប្រជាពលរដ្ឋផ្សេងៗទៀតបានលុតជង្គង់បួងសួងខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ដោយក្នុងដៃមានកាន់រូបលោក អូបាម៉ា មួយផ្ទាំងធំ។ អ្នកតវ៉ាទាំងនេះបានបោះជំរំតូចមួយរបស់ខ្លួននៅលើសួនច្បារទល់មុខច្រកទ្វារធំស្ថានទូតនេះនៅពេលថ្ងៃត្រង់ និងធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេចមួយបដិសេធការស្នើសុំនៅក្រៅឃុំសម្រាប់សកម្មជននិយាយមិនសំចៃមាត់ពីររូបម្នាក់ឈ្មោះ យ៉មបុប្ផាមកពីសហគមន៍បឹងកក់និងម្នាក់ទៀតឈ្មោះ ទឹមសាក់មុនីមកពីសហគមន៍បុរីកីឡា។ មុនពេលត្រូវនគរបាលបង្ក្រាបកុបកម្មបណ្តេញចេញ អ្នកតវ៉ាទាំងនេះនិយាយថា ខ្លួនមានគម្រោងស្នាក់នៅខាងក្រៅស្ថានទូតនេះរហូតដល់លោក អូបាម៉ា មកដល់ប្រទេសកម្ពុជា។ លោកអូបាម៉ាគ្រោងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងអាស៊ាន ដែលនឹងប្រព្រឹត្តទៅក្នុងពេលជាមួយគ្នាពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែវិច្ឆិកា។ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកត្រូវបានបញ្ជាក់កាលពីខែកញ្ញាមក មានការតវ៉ារហូតពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកបណ្តាអង្គការសិទ្ធិមនុស្សនិងសមាជិកសភាគណបក្សប្រឆាំងលេចធ្លោមួយចំនួន ដែលរួមមានទាំងលោកស្រីមូរសុខហួរនិងលោកសមរង្ស៊ីផង ដែលបានអំពាវនាវសុំកុំឲ្យលោក អូបាម៉ា មកទស្សនកិច្ចនៅកម្ពុជាប្រសិនបើរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេសបានទេនោះ។ លោកសៀនម៉ាកគិនតុស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិក ក្នុងរាជធានីភ្នំពេញ បដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីអ្នកតវ៉ានៅក្រៅស្ថានទូតទាំងនេះទេ។ ប៉ុន្តែលោកបានលើកឡើងក្នុងអុីម៉េលមួយថា“ ការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានដីធ្លីជាដើម ជាផ្នែកដ៏សំខាន់ នៃកិច្ចខំប្រឹងប្រែងរបស់បេសកកម្មសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យមានអភិបាលកិច្ចប្រកបដោយលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា”។ បណ្តាអង្គការសិទ្ធិមនុស្សបានថ្កោលទោសរដ្ឋាភិបាល ដែលបានបង្ហាញកម្លាំងរបស់ខ្លួននៅស្ថានទូតនេះ។ លោកឡុង គឹមហ៊ាងអ្នកនាំពាក្យក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលមានវត្តមានខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក នៅពេលក្រុមអ្នកតវ៉ាត្រូវបានបណ្តេញចេញនោះ បានមានប្រសាសន៍ថា “ នេះគឺជាភ័ស្តុតាងមួយបន្ថែមទៀត ដែលបង្ហាញថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទេ”។ លោកជួនសុវណ្ណស្នងការនគរបាលរាជធានីភ្នំពេញ បកស្រាយពីសកម្មភាពរបស់មន្ត្រីក្រោមឱវាទលោកថា “ ការតវ៉ារបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ស្ថានទូត ដូច្នេះសមត្ថកិច្ចរបស់យើងមានកាតព្វកិច្ចការពារស្ថានទូតនេះ។យើងបានសូមអង្វរពួកគាត់ជាច្រើនដងឲ្យបំបែកគ្នាចេញពីស្ថានទូតនេះ ប៉ុន្តែពួកគាត់មិនព្រមស្តាប់”។ នៅមុននេះ កាលពីម្សិលមិញ ក្រុមអ្នកតវ៉ាដដែលនេះបានតម្រង់ជួរគ្នានៅតាមតីរវិថីព្រះស៊ីសុវត្ថិជិតសាលាឧទ្ធរណ៍ ដើម្បីស្តាប់សេចក្តីសម្រេចរបស់តុលាការនេះថា តើតុលាការនឹងដោះលែងស្ត្រីឈ្មោះ បុប្ផា និងស្ត្រីឈ្មោះ សាក់មុនី ឲ្យនៅក្រៅឃុំឬយ៉ាងណា។ នៅពេលពួកគេរង់ចាំសាលដីការបស់សាលាឧទ្ធរណ៍ ពួកគេបានកាន់ផ្កាឈូកនិងរូបថតស្ត្រីទាំងពីរនាក់ខាងលើនេះដោយមានសរសេរអក្សរថា “ បញ្ឈប់អំពើហិង្សា”។ ស្ត្រីឈ្មោះ បុប្ផា ត្រូវបានតុលាការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាកាលពីខែកញ្ញា ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះ អាសន្នក្នុងពន្ធនាគារទាក់ទិននឹងតួនាទីរបស់ស្ត្រីរូបនេះកាលពីក្នុងខែសីហា ដែលបានវាយដំអ្នករត់ម៉ូតូឌុបពីរនាក់ ហើយស្ត្រីឈ្មោះ សាក់មុនី ត្រូវបានចោទប្រកាន់ពីបទផ្តល់សេចក្តីប្រកាសក្លែងក្លាយនៅក្នុងការប៉ុនប៉ង ដើម្បីទទួលបានផ្ទះ។បណ្តាសកម្មជនសិទ្ធិមនុស្សបានចាត់ទុកបទចោទប្រកាន់ទាំងនេះថា មានចំណុចគួរឲ្យសង្ស័យ ហើយនិយាយថា វាជាការប៉ុនប៉ង ដើម្បីបំបិទមាត់ស្ត្រីទាំងពីរនាក់នេះ។ នៅពេលដំណឹងលេចឮនៅម៉ោងប្រហែល៩និង៤០នាទីព្រឹកអំពីសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលច្រានចោលសំណើសុំនៅក្រៅឃុំសម្រាប់ចុងចោទទាំងពីររូបនេះ ក្រុមប្រជាពលរដ្ឋក៏បានស្រែកយំទ្រហឹង ហើយការតវ៉ាដោយសន្តិវិធីមួយបានឈានដល់ការប្រតាយប្រតប់គ្នារវាងអ្នកតវ៉ាទាំងនេះនិងនគរបាលបង្ក្រាបកុបកម្មដែលបិទផ្លូវ។ លោក លួស សាខន ប្តីរបស់អ្នកស្រី បុប្ផា បាននិយាយនៅពេលធ្វើការតវ៉ានោះថា“ តុលាការនេះមិនឯករាជ្យទេ ហើយនេះគឺជាអំពើអយុត្តិធម៌”។ នៅខាងក្នុងបន្ទប់សវនាការ តុលាការបានប្រាប់អ្នកស្រី បុប្ផា និងអ្នកស្រីសាក់មុនី ថា សំណើសុំនៅក្រៅឃុំត្រូវបានច្រានចោលដោយសារតែអ្នកស្រី បុប្ផា មិនអាចបញ្ជាក់បានថា គាត់ត្រូវការការព្យាបាលជំងឺ។ លោក យ៉ិន សាវ៉ាត មេធាវីរបស់អ្នកស្រីសាក់មុនី មានប្រសាសន៍ថា អ្នកស្រី សាក់មុនីត្រូវបានតុលាការច្រានចោលសំណើសុំនៅក្រៅឃុំ ពីព្រោះគាត់ត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សង្គមនៅឡើយ។ មុនពេលត្រូវគេរុញចូលរថយន្តវែនបញ្ជូនខ្លួនទៅកាន់ពន្ធនាការព្រៃស កន្លែងដែលគាត់ត្រូវបានឃុំខ្លួនចាប់តាំងពីការចាប់ខ្លួនគាត់កាលពីខែកញ្ញាមកនោះ អ្នកស្រី បុប្ផា បាននិយាយថា “ ខ្ញុំនឹងប្តឹងសាទុក្ខទៅតុលាការកំពូល ពីព្រោះវាជារឿងអយុត្តិធម៌”៕ ប្រែសម្រួលដោយ តែម សុខុម
ការស៊ើបអង្កេតឡើងវិញរបស់ តុលាការ មិនបានរកឃើញការ ពិតនៃការសម្លាប់ ជា វិជ្ជា ទេ
បន្ទាប់ពីបើកសវនាការជំនុំជម្រះរយៈពេលខ្លី ដែលមិនមានភ័ស្តុតាងអ្វីថ្មីត្រូវយកមកបង្ហាញនោះ សាលាឧទ្ធរណ៍ កាលពីម្សិលមិញ បានផ្អាកប្រកាសសាលដីការបស់ខ្លួននៅក្នុងការបើកសវនាការជំនំុជម្រះឡើងវិញនូវសំណុំរឿងឃាតកម្ម លោក ជា វិជ្ជាមេដឹកនាំសហជីពដ៏ល្បីនៅកម្ពុជា កាលពីឆ្នាំ២០០៤។ នៅក្នុងការបើកសវនាការរយៈពេលពីរម៉ោង កាលពីម្សិលមិញ បង្ហាញឲ្យឃើញថាមិនបានរកឃើញភ័ស្តុតាងថ្មីទេ អំឡុងការសើុបអង្កេតឡើងវិញរយៈពេលបីឆ្នាំនេះ។ លោក តាន់ សេណារ៉ុង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា ការសើុបអង្កេតលើកទី២ គឺវាមិនខុសទៅនឹងការសើុបអង្កេតលើកដំបូងឡើយ ដែលលោកការសើុបអង្កេតលើកដំបូងឡើយ ដែលលោកប៊ន សំណាង និងលោក សុខ សំអឿន នៅតែមានពិរុទ្ធភាពពីបទធ្វើឃាតលោក ជា វិជ្ជា។ លោក សេណារ៉ុង បានមានប្រសាសន៍ថា “ការសើុបអង្កេតរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មិនបានផ្តល់ចម្លើយថ្មីនោះទេ វាមិនខុសពីចម្លើយចាស់ឡើយ”។ កាលពីឆ្នាំ២០០៥ សាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា លោក ប៊ន សំណាង និងលោក សុខ សំអឿន មានពិរុទ្ធ...
សហជីពអ្នករត់តាក់ស៊ី ប្រាប់ EU និង US កុំឲ្យធ្វើអន្ដរាគមន៍ក្នុងសំណុំរឿងសកម្មជនបឹងកក់
អ្នករត់រ៉ឺម៉កម៉ូតូ និងអ្នករត់ម៉ូតូឌុបជាង១០០នាក់ដែលជាសមាជិកនៃសហជីពមិនសូវល្បីឈ្មោះមួយ បានផ្ញើលិខិតមួយច្បាប់ទៅស្ថានទូតអាមេរិក និងគណៈប្រតិភូសហភាពអឺរ៉ុប កាលពីម្សិលមិញ ដោយស្នើឲ្យពួកគេកុំឲ្យធ្វើអន្ដរាគមន៍ក្នុងសំណុំរឿងរបស់អ្នកស្រីយ៉មបុប្ផាសកម្មជនមកពីសហគមន៍បឹងកក់។ នេះមិនមែនជាលើកដំបូងទេដែលក្រុមសម្ពន្ធសមាគមអភិវឌ្ឍន៍កម្ពុជាបានចេញមកតាមផ្លូវ ដើម្បីទាមទារឲ្យមានការផ្ដន្ទាទោសអ្នកស្រី យ៉មបុប្ផាដែលពួកគេបានចោទប្រកាន់ថា បានប្រើអំពើហិង្សាលើសមាជិកពីររូបរបស់សម្ពន្ធសហគមន៍អភិវឌ្ឍន៍កម្ពុជានោះ។ លោកអីុសុភស្សប្រធានសម្ពន្ធសហគមន៍អភិវឌ្ឍន៍កម្ពុជាបានថ្លែងថា“ខ្ញុំសង្ឃឹមថាស្ថានទូតអាមេរិកនិងសហភាពអឺរ៉ុប នឹងពិនិត្យមើលសំណុំរឿងរបស់អ្នកស្រី យ៉ម បុប្ផា ពីព្រោះនេះមិនមែនជាជម្លោះដីធ្លីនោះឡើយវាគឺជាបទល្មើលព្រហ្មទណ្ឌ”។លោកបន្ដថា“ខ្ញុំចង់ឲ្យស្ថានទូតអាមេរិកនិងសហភាពអឺរ៉ុបកុំឲ្យចូលមកពាក់ព័ន្ធក្នុងសំណុំរឿងនេះ ហើយកុំឲ្យដាក់សម្ពាធណាមួយទៅលើរដ្ឋាភិបាល”។ លិខិតនេះ បានលើកឡើងថា“កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១២វេលាម៉ោង៧និង១០នាទីយប់ មានការប្រើអំពើហិង្សាដោយចេតនាមួយទៅលើសមាជិកពីររូបរបស់សម្ពន្ធសហគមន៍អភិវឌ្ឍន៍កម្ពុជា គឺលោកវ៉ាត់ ថៃសៀងអាយុ២៤ឆ្នាំនិងលោក ង៉ែត ចិត្ត អាយុ២៨ឆ្នាំនៅពេលពួកគេទាំងពីរកំពុងតែរង់ចាំដឹកម៉ូយរបស់ខ្លួន ហើយត្រូវអ្នកស្រី យ៉មបុប្ផានិងប្ដីរបស់អ្នកស្រីព្រមទាំងប្អូនប្រុសពីរនាក់របស់អ្នកស្រីបានចោទប្រកាន់ពួកគេថាជាចោរ ហើយបានយកតួណឺវីសចាក់ពួកគេ និងបានយកពូថៅវាយពួកគេឲ្យរងរបួសធ្ងន់”។ លោកវ៉ាត់សារ៉ាត់ឪពុករបស់លោកថៃសៀងបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយអ្នកស្រី យ៉មបុប្ផាត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ខែកញ្ញា។ ប៉ុន្ដែអ្នកភូមិមកពីសហគមន៍បឹងកក់បានអះអាងថាអ្នកស្រីយ៉មបុប្ផាត្រូវបានចាប់ដាក់ពន្ធនាគារដោយសារតែតួនាទីរបស់អ្នកស្រីជាសកម្មជនប្រឆាំងការបណ្ដេញចេញ ហើយអង្គការសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្ដរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅការចោទប្រកាន់នេះថាគួរឲ្យសង្ស័យ ហើយក៏បានអំពាវនាវឲ្យមានការដោះលែងអ្នកស្រីផងដែរ។ កាលពីថ្ងៃច័ន្ទអ្នកភូមិមួយចំនួនមកពីសហគមន៍បឹងកក់...
សំណុំរឿងឃាតកម្មលោក ជា វិជ្ជា ត្រឡប់មកកាន់តុលាការម្ដងទៀត បន្ទាប់ពីពន្យារពេលប្រាំបីឆ្នាំ
បុរសពីរនាក់ដែលត្រូវបានតុលាការចោទប្រកាន់ កាលពីឆ្នាំ២០០៤ពីបទធ្វើឃាតលោកជាវិជ្ជាមេដឹកនាំសហជីព និងត្រូវបានគេដឹងជាទូទៅថា ជាមនុស្សត្រូវគេទម្លាក់កំហុសលើនោះ នឹងត្រូវបង្ហាញខ្លួននៅសាលាឧទ្ធរណ៍ដើម្បីចូលរួមសវនាការជំនុំជម្រះឡើងវិញនៅថ្ងៃនេះ ដោយគិតមកទល់នឹងពេលនេះ ជិតបួនឆ្នាំហើយ បន្ទាប់ពីតុលាការកំពូលបានដោះលែងពួកគេ ហើយបានបង្គាប់ឲ្យមានការស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ។ លោក ប៊ន សំណាង និងលោក សុខសំអឿន ត្រូវបានចាប់ខ្លួនមួយសប្ដាហ៍បន្ទាប់ពីលោកជាវិជ្ជាត្រូវគេបាញ់សម្លាប់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ខែមករា ឆ្នាំ២០០៤។ ក្រោយមក ក្នុងឆ្នាំដដែលនោះ ពួកគេត្រូវបានតុលាការផ្តន្ទាទោសម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំបើទោះពួកគេប្រកែកថា ជាការទម្លាក់កំហុសក៏ដោយ។ ថ្វីបើបទចោទប្រកាន់ត្រូវបានតម្កល់ ក៏ដោយ តែតុលាការកំពូលបានដោះលែងបុរសទាំងពីរនេះឲ្យនៅក្រៅឃុំ កាលពីចុងឆ្នាំ២០០៨ហើយបានបង្គាប់ឲ្យសាលាឧទ្ធរណ៍បើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងឃាតកម្មនេះ។ សាលាឧទ្ធរណ៍បានបង្វិលសំណុំរឿងនេះត្រឡប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដែលដំបូងឡើយបានចោទប្រកាន់បុរសទាំងពីរនេះ កាលពីឆ្នាំ២០០៩។ សាលាឧទ្ធរណ៍បានកំណត់កាលបរិច្ឆេទបើកសវនាការឡើងវិញ ក្នុងខែសីហា ឆ្នាំ២០១១ប៉ុន្ដែបានផ្អាកទៅវិញ នៅពេលដល់ថ្ងៃកំណត់។ មេធាវីរបស់លោកប៊នសំណងនិង លោកសុខសំអឿនបានលើកឡើងកាលពីម្សិលមិញថា កូនក្ដីរបស់ខ្លួនបានត្រៀមខ្លួនចូលរួមសវនាការនៅថ្ងៃនេះ។ លោកជុំសុវណ្ណាលីមេធាវីរបស់ លោកប៊នសំណាងបានមានប្រសាសន៍ថា “ ខ្ញុំមិនអាចនិយាយបានថា តើខ្ញុំអាចការពារកូនក្ដីរបស់ខ្ញុំ និងអនុញ្ញាតឲ្យគាត់នៅក្រៅឃុំ បានឬក៏អត់នោះទេពីព្រោះខ្ញុំចាំបាច់រង់ចាំទទួលដំណឹងថា តើភ័ស្ដុតាងមានអ្វីខ្លះ ដែលសាលាដំបូងរាជធានីភ្នំពេញបានរកឃើញ”។ លោកកៅទីមេធាវីតំណាងឲ្យគ្រួសារសពលោកជាវិជ្ជាបានលើកឡើងថាលោកសង្ឃឹមថាការបើកសវនាការជំនុំជម្រះឡើងវិញ នឹងទទួលបានជោគជ័យ បន្ទាប់ពីការបើកសវនាការលើកមុនបានបរាជ័យនោះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាតុលាការនឹងស្វែងរកឲ្យឃើញឧក្រិដ្ឋជនពិតប្រាកដ ដើម្បីផ្ដល់យុត្ដិធម៌ឲ្យគ្រួសារលោកជាវិជ្ជា”។ តាំងពីដំបូងមកម៉្លេះលោកប៊នសំណាងនិងលោកសុខសំអឿនសុទ្ធតែបានអះអាងថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនៅក្នុងការស្លាប់របស់មេដឹកនាំសហជីពដ៏ល្បីល្បាញនេះទេហើយបានបង្ហាញតុលាការអំពីការសំអាងដ៏ជាក់ស្ដែង អំឡុងការបើកសវនាការដំបូងរបស់ពួកគេ។ ក្រុមអ្នកអង្កេតការអន្ដរជាតិ និងអង្គការសិទ្ធិមនុស្សក្នុងស្រុកបានលើកឡើងថាទាំងការស៊ើបអង្កេត និងការបើកសវនាការសុទ្ធតែធ្វើឡើង ដោយមិនត្រឹមត្រូវទាល់តែសោះ។សម្ដេចឪព្រះបាទនរោត្ដមសីហនុបានទ្រង់ព្រះលិខិតដោយបានបង្ហាញពីការទុកព្រះទ័យរបស់ព្រះអង្គថា បុរសទាំងពីរនាក់នេះសុទ្ធតែមិនមានកំហុសនៅក្នុងអំពើឃាតកម្មនេះទេ។ហើយកាលពីឆ្នាំ២០០៦លោកហេងពៅអតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំនគរបាលស៊ើបអង្កេតបុរសទាំងពីររូបនេះ ហើយដែលឥឡូវ កំពុងតែជាប់ពន្ធនាគារយ៉ាងយូរពីបទជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម និងបទល្មើសធ្ងន់ធ្ងរផ្សេងៗទៀតបានប្រាប់ទស្សនាវដ្ដីបារាំងមួយថា បុរសទាំងពីរនាក់ត្រូវគេទម្លាក់កំហុស៕ ប្រែសម្រួលដោយស៊ាស៊ុយឈាង
ចាប់ផ្តើមសាង់សង់ព្រះមេរុសម្រាប់បូជាព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ
កាលពីម្សិលមិញ នៅក្នុងរាជធានីភ្នំពេញគេបានចាប់ផ្តើមសាងសង់ព្រះមេរុសម្រាប់បូជាព្រះបរមសពសម្តេចឪ ដែលនឹងត្រូវបូជានៅក្នុងខែកុម្ភៈ។ កម្មករនៅវាលព្រះមេរុនៅទល់មុខសារមន្ទីរជាតិ និងនៅក្បែរព្រះបរមរាជវាំង បានជីកកកាយមួយផ្នែកធំនៃតំបន់ដែលមានស្មៅក្រាស់នេះ។ ព្រះអង្គម្ចាស់ សុីសុវត្ថិធម្មិកោ ដែលជាប្រធានខុទ្ទកាល័យព្រះបរមសពសម្តេចឪបានមានបន្ទូលថា “ ពួកគេកំពុងជីកដីដើម្បីរៀបចំវាលព្រះមេរុសម្រាប់ពិធីបូជាព្រះបរមសព ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ”។ ព្រះមហាវីរក្សត្រនរោត្តម សីហនុបានយាងចូលទិវង្គតដោយសារគាំងបេះដូងនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី១៥ ខែតុលាហើយព្រះបរមសពរបស់ព្រះអង្គ បច្ចុប្បន្នកំពុងតម្កល់នៅក្នុងព្រះបរមរាជវាំង។ អតីតព្រះមហាក្សតអង្គនេះ នឹងត្រូវបូជាក្នុងពិធីដ៏ល្អិតល្អន់មួយទៅតាមប្រពៃណីរបស់រាជវង្សខ្មែរ។ ព្រះរាជពិធីបុណ្យព្រះសពបែបនេះ មិនបានអនុវត្តចាប់តាំងពីឆ្នាំ១៩៦០មកម្លេ៉ះ។ ព្រះអង្គម្ចាស់ ធម្មិកោ បានមានព្រះបន្ទូលថា នៅពេលឆាប់ៗនេះកម្មករនឹងស្ថាបនា “ព្រះមេរុ” មួយនៅលើវាលព្រះមេរុ ដែលមានលក្ខណៈដូចគ្នានឹងព្រះមេរុបូជាព្រះបរមសពព្រះមហាក្សត្រសុរាម្រឹតកាលពីជាង៥០ឆ្នាំមុន។ ពិធីបូជាព្រះបរមសព ទៅតាមទំនៀមទម្លាប់ព្រះរាជវង្សខ្មែរ ត្រូវបានរៀបចំឡើងតំណាងឲ្យភ្នំព្រះសុមេរុនៅក្នុងទេវកថានៃសាសនាហិណ្ឌូ៕ ប្រែសម្រួលដោយចេវ ប៊ុននី