ស្ត្រី​​​ភាគ​​​ច្រើន​​ជាប់​​​ឆ្នោតក្រុមប្រឹក្សា​​​ឃុំ-សង្កាត់ ប៉ុន្ដែ​​​ទំនង​​​ជាមិន​​​សម្រេចបានតាម​​​គោល​​​ដៅ​​​គ្រោង​​​ទុក

អ្នក​​​ឃ្លាំមើលដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ម្នាក់​​​បាន​​​លើកឡើង​​​កាលពិ​​​ម្សិលមិញ​​​ថា ចំនួនស្ត្រី​​​ដែល​​​បាន​​​ជាប់​​​ឆ្នោត​​​តំណែ​​​ង​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់ កាល​​​ពី​​​ខែ​​​មុន​​​ បាន​​​កើន​​​ឡើង​​​ត្រឹម​​​២៣​​ ភាគ​​​រយដូច្នេះ​​​ហើយ​​​​ទើប​​​មាន​​​ការ​​​កត់​​​សម្គាល់​​​ថា ប្រ​​​ទេស​​កម្ពុជា​​​នៅ​​​តែ​​​មិន​​​ទាន់​​​សម្រេច​​​តាម​​​គោល​​​ដៅ​​​អភិវឌ្ឍន៍​​​សហស្សវត្សរ៍របស់​​​ខ្លួន​​​សម្រាប់​​​តំណាង​​​ស្ត្រី​​​ ដែល​​​បាន​​​ជាប់​​​ឆ្នោត។ លោកគល់បញ្ញានាយក​​​ប្រតិបត្តិ​​​នៃ​​​គណៈ​​​​​​កម្មាធិការ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌បាន​​​មាន​​​ប្រសាសន៍​​​ថាស្ត្រីជា​​​សមាជិក​​​ក្រុមប្រឹក្សាចំនួន​​​២.០៣៨​​​នាក់ ​​​បាន​​​ជាប់​​​ឆ្នោតនិង​​​ស្ត្រី​​​មេឃុំ-សង្កាត់ចំនួន​​​៩៤​​​នាក់​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​កាលពី​​​ខែ​​​មុនដែល​​​​​​​​​​​​ចំនួននេះ​​​បានកើន​​​ឡើង​​​ ដោយ​​​កាលពី​​​ឆ្នាំ​​​២០០៧មាន​​​ស្ត្រីជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ ឃុំ-សង្កាត់​​​ត្រឹម​​​តែ​​​១.៦៦២នាក់និង​​​ស្ត្រី​​​ជា​​​មេឃុំ-ចៅសង្កាត់​​​​​​ចំនួន​​​៦៧​​​នាក់ប៉ុណ្ណោះ​​​។ ​​​ប៉ុន្តែនៅ​​​មាន​​​តំណែងមេឃុំ-ចៅសង្កាត់ចំនួន​​​១.៦៣៣​​​កៅអី​​​ទៀត​​​ ដែល​​​ត្រូវ​​​ដណ្ដើមយក​​​។​​​ លោក​​​ បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍ថាស្ត្រី​​​បាន​​​កាន់​​​តំណែង​​​១៨​​​ភាគរយ​​​នៃតំណែង​​​សមាជិក​​​ក្រុម​​​ប្រឹក្សាឃុំ-សង្កាត់​​​ គឺនៅទាប​​ជាង​​​គោល​​​ដៅ​​​អភិវឌ្ឍន៍​​​សហស្សវត្សរ៍​​​ឆ្នាំ​​​២០១៥ ​​​ដែល​​​ត្រូវ​​​សម្រេច​​​ឲ្យ​​​បាន​​​២៥ភាគ​​​រយ​​​នោះ​​​។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា“រដ្ឋាភិបាល​​​បា​​​ន​​​កំណត់​​​គោល​​​ដៅ​​​មួយដើម្បីសម្រេច​​​ឲ្យ​​​បាន​​​២៥​​​ភាគ​​​រយត្រឹម​​​ឆ្នាំ​​​២០១៥។ប៉ុន្ដែ​​​ ពេល​​​នេះ​​​យើង​​​សម្រេច​​​បាន​​​ប្រ​​​ហែល​​​១៨​​​ភាគ​​​រយ​​​​​​​​​។នៅមានគម្លាត​​​ធំណាស់​​​ ខ្ញុំ​គិត​​​ថា ​​​រដ្ឋាភិបាល​​​មិន​​​អាច​​​សម្រេច​​​ គោល​​​ដៅ​​​អភិវឌ្ឍន៍​​​​​​សហស្សវត្សរ៍របស់​​​ខ្លួនបាន​​​ទេ”។ លោក​​​ បញ្ញាបាន​​​មានប្រសាសន៍ថាវិធី​​​តែ​​​មួយ​​​គត់​​​ដែល​​​ប្រ​​​ទេស​​​កម្ពុជា​​​អាច​​​សម្រេច​​​គោល​​​ដៅ​​​អភិវឌ្ឍន៍​​​របស់​​​ខ្លួនបាន​​​គឺ​​​ទាល់​​​តែ​​​អស់​​​លោក​ជាបុរសដែល​​​ជាប់​​​ឆ្នោត​​​នោះ ​​​បោះ​​​បង់​​​តំណែងសមាជិក​​​ក្រុម​​​ប្រឹក្សាឃុំ-សង្កាត់​​​របស់​​​ខ្លួនហើយ​​​ឲ្យស្ត្រី​​​ឡើង​​​កាន់​​​តំណែង​​​​​​ជំនួស​​​វិញ។ឧទាហរណ៍ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​ឆ្នាំ​​​២០០៧ ​​​ស្ត្រី​​​កាន់​​​តំណែង​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​មាន​​​ចំនួន​​​ប្រហែល១៤,៥ ភាគរយ ដែល​​​តួលេខ​​​នោះ​​​បាន​​​កើន​​​ឡើង​​​ដល់​​​១៦​​​ភាគរយដោយ​​​សារតែ​​​សមាជិក​​​ក្រុមប្រឹក្សា​​​ឃុំ-សង្កាត់​​​នោះ​​​ត្រូវ​​​បាន​​​ជំនួស​ ដោយ​​​ស្ត្រី មុន​​​ពេល​​​ការ​​​បោះ​​​ឆ្នោត កាល​​​ពី​​​ខែ​​​មុន​​​នេះ។ យោង​​​តាមលោកជាម យៀប​​​ សមា​ជិកសភា​​​មកពីគណបក្សប្រជាជនកម្ពុជា ​​​ឲ្យ​​​ដឹង​​​ថាបេក្ខ​​​ជន​​​ស្ត្រី​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​ ដែល​​​​​​​បាន​​​ឈ្នះ​​​ឆ្នោត​​នោះបាន​​​កាន់​​​​​​តំណែងក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ចំនួន​​​១.៧៨១​​​អាសនៈ​​​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍ថាលោក​​​មិន​​​បាន​​​ដឹង​​​ថាតើ​​​ស្ត្រី​​​ជាមេ​​​ឃុំ-ចៅសង្កាត់ប៉ុន្មាន​​​នាក់​​​ទេ​​​ ដែល​​​ត្រូវ​​​បាន​​​​​តែង​​​តាំង​​​ក្រោយ​ពីការ​​​បោះ​​​ឆ្នោត​​មក។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា“សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​របស់​​​យើង​​​បាន​​​កើន​​​ឡើងមែន ​​​បើប្រៀប​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០០៧”​​​។ យោង​​​តាម​​​លោកយឹមសុវណ្ណអ្នក​​​នាំ​​​ពាក្យ​​គណ​​​បក្ស​​​ សមរង្ស៊ីបាន​​​ឲ្យ​​​ដឹង​​​ថា ​​​គណបក្ស​​​ សមរង្ស៊ីអាច​​​ទទួល​​​បាន​​​តំណែង​​​មេឃុំ-ចៅសង្កាត់​​​សម្រាប់​​​ស្ត្រីទទួលបានតែ​​​មួយ​​​អាសនៈទេប៉ុន្ដែតំណែង​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​...

លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន​​​ សែន ជំរុញ​​​ឲ្យ​​​សាធារ​​​ណជនជួយ​​​ការ​​​ពារ​​​តំបន់​​​អភិរក្ស​​​ក្នុង​​​បឹងទន្លេសាប

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​កាលពី​​​ម្សិល​​​មិញ ​​​បាន​​​ប្រារព្ធ​​​ទិវាមច្ឆជាតិដោយ​​​បាន​​​​​​ជំរុញ​​​ឲ្យ​​​សាធារណជន​​​រាយការណ៍​​​ប្រ​​​សិន​​​បើ​​​ឃើញ​​​ជន​​​ណាម្នាក់​​​នេសាទ​​​ត្រី​​​ក្នុងតំបន់​​​អភិ​​​រក្ស​​​​​​​​​ទន្លេសាប ​​​ដែល​​​លោក​​​បាន​​​បង្កើត​​​ឡើង​​​ កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះដើម្បី​​​ជួយ​​​ការ​​​ពារ​​​និង​​​រក្សា​​​ធនធាន​ត្រី​​​ដ៏ចាំបាច់​នៅ​ក្នុង​​​បឹងនេះ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​ទិវា​​​មច្ឆជាតិក្នុង​​​ស្រុក​​​ក្រូច​​​ឆ្មា​​​ខេត្ត​​​ក្រចេះថា“ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ត្រូវ​​​តែ​​​ហ៊ាន​​​ក្រោក​​​ឈរ​​​ប្រ​​​ឆាំង​​​នឹង​​​ប្រ​​​ជាពលរដ្ឋប្រឆាំង​នឹង​​​អ្នក​​​ភូមិ​​ ប្រឆាំងនឹង​​​​​​មេឃុំនិង​​​អភិបាល​​​ស្រុក​​​ណាដែល​​​ប្រ​​​ើ​​​ប្រាស់​​​ឡូត៍នេសាទ​​​​មិន​ត្រឹម​ត្រូវ”។ លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ បាន​​​ប្រកាស​​​​រំលាយ​​​​ឡូត៍​​​នេសាទ​​​ឯក​​​ជន​​​ចំនួន​​​៣៥​​​កន្លែង​​​ក្នុង​​​ទន្លេ​​​សាប​​​កាល​​​ពី​​​ខែ​​​កុម្ភៈដោយ​​​បាន​​​ប្ដូរ​​​ឡូត៍​​​នេសាទ​​​​​​ខ្លះ​​​ទៅ​​​ជា​​​តំបន់​​​អភិរក្ស​​​ដើម្បី​​​រក្សា​​​ជលផល​​​ក្នុង​​​បឹង​​​ ដែល​​​អ្នក​​​នេសាទ​​​ចិញ្ចឹម​​​ជី​​​វិត​​​ខ្នាត​​​តូច​​​រាប់​​​ម៉ឺននាក់​​ពឹង​​​ផ្អែក​​​​លើនោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“យើង​​​បាន​​​លុប​​បំបាត់​​​ឡូត៍​​​នេសាទ​​​ទាំង​​​អស់​​​នេះនិង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ឡូត៍​​​នេសាទ​​​កើត​​​មាន​​​ទៀត​​​ទេ។ឡូត៍​​​នេសាទ​​​គឺ​​​សម្រាប់​​​​​​ប្រ​​​ជាពល​​​រដ្ឋ​​​ទូទៅតែ​​​ប៉ុណ្ណោះ។ ពុំ​​​មាន​​​ឡូត៍​​​នេសាទ ​​​ ទៀត​​​ទេ​​​ក្នុង​​​ប្រ​​​ទេស​​​កម្ពុជា”។ ក្នុង​​​អំឡុង​​​ពេល​​​ប្រារព្ធ​​​ពិធី​​​នេះកូន​​​ត្រី​​​ចំនួន​​​​​​៥០០.០០០​​​ក្បាលនិង​​​កូន​​​បង្កង​​​​​​១០០.០០០​​​ក្បាល ត្រូវ​​​បាន​​​លែង​​​ទៅ​​​ក្នុង​​​បឹង​នេះ។លោកហ៊ុនសែនក៏បាន​​​ជំរុញ​​​ឲ្យ​​​សាធារ​​​ណជនបញ្ឈប់ការ​​​ប្រើ​​​ប្រាស់​​​ឧបករណ៍​​​នេសាទ​​​ខុស​​​ច្បាប់មិន​​​ឲ្យ​​​នេសាទនៅ​​​ក្នុង​​​រដូវ​​​ហាម​​​​​​ឃាត់​​​ ក្នុង​​​រដូវ​​​ត្រី​​​ពងឬក៏​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​លិច​​​ទឹកផងដែរ។ លោក បាន​​​មាន​​​ប្រសាសន៍ថា“លែង​​​ត្រី​​​នៅ​​​ពេល​​​នេះប៉ុន្តែ​​​ ចាប់​​​ត្រីក្នុង​​​រដូវ​​​ហាម​​​ឃាត់​​​​​​ពុំ​​​មាន​​​ន័យ​​​អ្វីឡើយ។សូម​​​ជួយ​​​ការ​​​ពារ​​​តំបន់​​​អភិរក្ស​​​តាម​​​រយៈ​​​ការ​​​ផ្ដល់​​​ព័ត៌មានអំពី​​​ជន​​​ទុច្ចរិតនិង​​​មន្ត្រី​​​ណាដែល​​​ព្យាយាម​​​បំផ្លាញ​​​តំបន់​​​អភិរក្សនេះ​​​”។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មាន​​​ប្រសាសន៍​​​ថា​​​ ​​​មិន​​​ដល់​​​មួយ​​​ភាគ​​​បួន​​​នៃ​​​ផ្ទៃ​​​ទឹក​​ទំហំ៤០០.០០០ ​​​ហិកតា​​​ ដែល​​​ធា្លាប់​​​ជាឡូត៍​​​នេសាទ​​​ឯក​​​ជន​​​នោះ​​​ពេល​នេះ​​​​ត្រូវ​​​​បិទ​ទាំង​ស្រុង​មិន​ឲ្យ​មាន​ការ​នេសាទ​ឡើយហើយ​​​ថា​ តំបន់​​​​ដែល​​​នៅ​​​សល់​​​​​​បាន​​​បើក​​​ចំហសម្រាប់​​​ការ​​​នេសាទ​​​រួមគ្នា។ លោ​​​ក​​​មាន​​​ប្រសាសន៍ថា“ពេល​​​​បង​​​ប្អូន​​​អុំ​​​ទូក​​​ទៅ​​​​កន្លែង​​​នោះកុំ​​​គិតថាវាជាកន្លែង​​​របស់​​​​​​អ្នក​​​ណាមួយនិងភ័យ​​​ខ្លាច​​​គេ​​​​​​ចាប់​​​ខ្លួន​​​ឡើយ​​​។ ​​​ប្រសិនបើ​​​ជនណាម្នាក់​​​ហ៊ាន​​​ចាប់ខ្លួន​​​បងប្អូន​​​ជននោះប្រ​​​ព្រឹត្ត​​​បទ​ល្មើស​ហើយ”។ កាល​​​ពី​​​ខែមេសា សម្ពន្ធនេសាទ​​​កម្ពុជា ដែល​​​ជាអង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​បាន​​​រាយ​​​ការណ៍​​​ថាការនេសាទ​​​ត្រី​​​ខុស​ច្បាប់​​​ពិតជា​​​បាន​​​​​​​​​កើនឡើង​​​ទ្វេដងមែនចាប់​​​តាំង​​​ពី​មាន​​​ការ​​​​បិទ​​​ឡូត៍​​​នេសាទ​​​ឯក​​​ជន​​​​មក។​​​ មន្ត្រី​​​​​ក្រសួង​​​​​​កសិកម្ម​​​និង​​​រដ្ឋបាល​ជល​​​ផល​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​អត្ថាធិប្បាយ​​​បានទេ៕​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា  ​​​​​​​​​​​​​​​ ​​​​​​​​​​​​

ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​ថៃ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយទេក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ

មន្ត្រី​បោស​សម្អាត​មីន​ម្នាក់​បាន​លើក​ឡើង​​​​កាល​ពី​ម្សិលមិញ​ថា ​នៅ​ពេល​ដែល​​ប្រ​ទេស​ថៃ​និង​ប្រ​ទេស​កម្ពុជា​ចាប់ផ្តើម​​ប្រតិបត្តិការ​បោស​សម្អាត​មីន​រួម​គ្នា​​នៅ​តំបន់​ជុំ​វិញ​ប្រា​សាទ​ព្រះ​វិហារ​នោះ ​នៅមិន​ទាន់​មាន​ថវិកា​​សម្រាប់​​​​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​​​របស់​ថៃ​​ចេញ​​​​ពី​​តំបន់​នោះ​នៅ​ឡើយ​ទេ។ អង្គការ​ជំនួយ​ប្រជា​ជនន័​រ​វែស ​(NPA) ​ជា​​​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាននិង​កំពុង​​ធ្វើ​ការ​ជា​មួយ​មជ្ឈមណ្ឌល​​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ នៅ​​ក្នុង​ការ​បោស​សម្អាត​មីន​នោះ​ បាន​ប៉ាន់​ប្រ​មាណ​ថា ​ប្រ​ទេស​ថៃ​បាន​បាញ់​​គ្រាប់​បែក​ចង្កោម​យ៉ាង​ហោច​ណាស់​ចំ​នួន​១០០​គ្រាប់​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ក្នុង​អំ​ឡុង​ពេល​ប្រ​យុទ្ធ​គ្នា​បួន​ថ្ងៃ​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១​ដោយ​សារ​ដី​មា​នជម្លោះនៅ​​ក្បែរ​ប្រា​សាទ​ព្រះវិហា​រ​។ គ្រាប់​​បែកចង្កោម​នីមួ​យៗមាន​គ្រាប់​តូចៗ​ដូចកំប៉ុង​សូដាចំ​នួ​ន​៥២គ្រាប់នៅ​ក្នុង​នោះ​ និង​ផ្ទុះ​នៅក្នុង​លំហ​អា​កា​ស ​ហើយ​បាចសាច​​គ្រាប់​បែ​ក​តូចៗ​ជា​ច្រើន​ទៅ​លើ​​តំ​​បន់​ដ៏ធំ​​​។​​​អង្គ​ការ​​ជំនួ​យ​ប្រជា​ជន​ន័រវែសបា​ន​ធ្វើការ​ប៉ាន់​ប្រ​មា​ណ​​ថាគ្រាប់​បែ​ក​តូចៗ​​ប្រ​ហែ​ល​២០ភាគ​រយ​​នៅ​មិន​ទាន់​ផ្ទុះ​​នៅ​ឡើយ​ទេ​ ដោយ​​​បង្ក​​គ្រោះ​ថ្នាក់​ដល់​​ជន​ស៊ី​វិល ​ដែល​បា​ន​ប៉ះ​ពាល់​គ្រាប់​បែ​ក​ទាំ​ង​នោះ។ លោក​​ ហេង ​រតនាអគ្គ​នា​យ​ក​​មជ្ឈ​មណ្ឌល​​​សកម្ម​ភាព​​កម្ចាត់​​មី​ន​កម្ពុជាបា​ន​ថ្លែង​កា​ល​ពី​ម្សិល​មិញ​ថាក្រុម​កា​រ​​ងារ​មួយក្រុម​​ដែលបា​ន​ទទួល​ជំនួ​យ​ថវិ​កា​មួយ​ផ្នែក​​ពី​សហរដ្ឋ​អាមេរិកនោះ​​ បា​ន​ចាប់​ផ្តើម​​បោស​សម្អាត​គ្រាប់​​​​បែក​ចង្កោម​ភ្លាមៗ​បន្ទាប់ពី​កា​រ​​​ប្រយុទ្ធ​គ្នានោះប៉ុន្តែ​​បា​ន​ឈប់​​វិញ​កា​ល​ពី​ខែ​កក្កដា​​​ឆ្នាំ​មុន“ពី​ព្រោះ​មិន​មា​ន​ជំ​នួយ​ថវិកា​​សម្រាប់​បោស​សម្អាត​មីន​នៅ​តំ​បន់​នោះ​ទៀត​ទេ។ជំនួ​យ​​របស់​អា​មេរិក​បា​នផ្តោត​ទៅ​លើ​​ខេត្ត​នៅ​ភាគ​ខាង​កើត​ប្រទេ​ស​វិញ”។ លោក​​បា​ន​ប៉ាន់ប្រមាណ​​ថាក្រុ​មកា​រ​ងារ​​នេះ​បោស​សម្អាតបា​ន​ចំនួ​ន​២០​ភាគ​រយ​នៃតំ​បន់​ដែល​មា​ន​គ្រាប់​បែ​ក​ចង្កោម​ មុន​ពេល​​​ចាកចេញដោយ​ផ្តោត​​កា​រងារ​របស់​ខ្លួន​ទៅ​លើ​តំបន់​មាន​មនុស្ស​រស់នៅ​វិញ​ ហើយ​លោក​​​​បាន​​មាន​ប្រសាសន៍​ថាមិន​ទាន់​មា​ន​គម្រោង​បន្ត​កា​រ​ងារភ្លាមៗ​ទេ​។ លោករតនាមិន​បា​ន​​បញ្ជាក់​អំ​ពី​ទំ​ហំ​ដី​ដែល​មា​ន​គ្រាប់​បែក​ចង្កោម​នៅ​ជុំ​វិញ​ប្រ​សាទ​​​​ព្រះ​វិ​ហា​រ​​ ឬ​ថាតើ​ការ​បោស​​សម្អាត​​មី​ន​នៅ​តំ​បន់​នោះត្រូវ​មាន​រយៈពេល​ប៉ុន្មាន​នោះ​​ទេ​​​​ដោយលោក​បាន​ថ្លែ​ង​​ថាតំ​បន់​នោះ​​ត្រូវ​ការ​​កា​រ​សិក្សា​​ឲ្យ​បាន​ច្បាស់​ថែមទៀត។ ប្រទេ​ស​ថៃនិង​ប្រទេ​ស​កម្ពុជាចង់​បោស​សម្អាត​មី​ន​នៅ​តំ​បន់​នោះសម្រាប់​ឲ្យ​​ក្រុម​អ្នក​​​​​ សង្កេត​កា​រ​ណ៍​ចូល​មក​ត្រួត​ពិ​និត្យមើល​​កា​រ​​ដកក​ង​ទ័ព​នៃ​ប្រទេ​ស​ទាំ​ង​ពី​រ ចេញ​ពី​តំបន់​គ្មាន​កង​ទ័ពដែល​តុលា​កា​រ​យុត្តិ​ធម៌​អន្តរ​ជាតិ​ បា​ន​​បង្កើត​ឡើង​​នៅ​ជុំវិញ​ប្រាសាទ​ព្រះ​វិ​ហា​រនិ​ង​​តំ​បន់​មា​ន​ជម្លោះ​នៅ​ក្បែរ​នោះ​។ កាលពី​សប្តាហ៍​មុនប្រទេ​ស​ទាំ​ង​ពី​​បា​ន​​យល់​ព្រម​ដក​កងទ័ពទាំង​អស់​មិន​ឲ្យ​លើសពី​៣០​ថ្ងៃ​បន្ទាប់​​ពី​កា​រ​បោស​​សម្អាត​មីន​បា​ន​បញ្ចប់​​​​រួចរាល់​ហើយ។លោក​ឧត្តមសេនី​យ៍ឯកស្រីឌិកដែល​ឈរ​ជើង​​នៅ​ព្រំ​ដែ​ន​និងដែល​បា​ន​ចូ​ល​រួម​ប្រជុំ​កា​ល​ពី​សប្តាហ៍​មុន​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​នោះបា​ន​​ថ្លែ​ង​ថាគោល​បំ​ណង​របស់​​ប្រទេ​ស​ទាំ​ង​ពី​រ​គឺ​ដើម្បីបោស​សម្អាត​មីន​​នៅ​ក្នុង​តំ​បន់​គ្មា​ន​កង​ទ័ពទាំង​១៧​គីឡូម៉ែត្រ​ក្រឡានេះប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថាត្រូ​វ​ប្រើ​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ​។ លោកជេនអេរីកស្តាវ (Jan Erik Stoa) ជា​អ្ន​ក​ជំ​នាញ​ផ្អែកគ្រាប់​បែក​​ចង្កោម​នៅ​អង្គ​ការ​​ជំនួ​យ​ប្រជា​ជន​ន័រ​វែសដែលបាន​​ជួយ​​​ស្ទ​ង់​មើល​អំ​ពី​ចំនួន​គ្រាប់​បែ​ក​ចង្កោម​​​ដែលថៃ​​បាន​បាញ់​ចូ​ល​ទឹក​ដី​កម្ពុជា​កា​ល​ពី​ឆ្នាំ​មុនបា​ន​​​​លើក​ឡើ​ង​ថាក្រុម​បោស​សម្អាត​មី​ន​ទំនងជា​មិន​​​​អា​ច​​រក​ឃើញ​គ្រាប់​បែក​ចង្កោម​ច្រើន​ ឬ​​​គ្រាប់​តូចៗ​របស់​វានៅ​ក្នុ​ង​តំ​បន់​​គ្មាន​កង​ទ័ព​នេះ​ទេ។ លោក​បន្ត​ថា“មិន​មា​ន​គ្រាប់​បែ​ក​ចង្កោម​​​ច្រើន​ទេ​ក្នុង​តំ​បន់​នោះពី​ព្រោះ​កងទ័ព​ថៃ​បា​ន​បាញ់​ចូ​ល​​មក​ក្នុ​ង​ទឹក​ដី​កម្ពុជា​​ចម្ងាយ​ពី​បី​ទៅ​បួន​គីឡូ​ម៉ែត្រឯណោះ​​...

គម្រោង​មនុស្ស​សាស្ត្រ នឹង​ចាប់​​ ផ្ដើម​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន​្ទវិចិត្រ​សិល្បៈ​នៅ​ថ្ងៃ​នេះ​

មន្ត្រី​កម្ពុជានិង​មន្ត្រី​បារាំងនឹង​​ចាប់​ផ្ដើម​កម្មវិធី​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​នៅ​ឯ​សាកល​​វិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្បៈ​ (RUFA) នៅ​ថ្ងៃ​នេះ ដែល​ថ្ងៃ​ណាមួយ​អាច​នាំ​ឲ្យ​មាន​អ្នក​ស្រាវ​ជ្រាវ​កម្ពុជា​កាន់​តែ​​ច្រើន​ទៀតធ្វើការ​​សិក្សា​ស្រាវជ្រាវ​ឲ្យ​កាន់​តែ​សុី​ជម្រៅ​​ផ្នែក​​បុរាណ​វិទ្យា​ ប្រវត្តិ​សាស្ត្រ​ ន​ិង​វិស័យ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​។ គម្រោង​មនុស្ស​សាស្ត្រ​ (Project Manusastra)ជា​ពាក្យ​សំស្ក្រឹត​មាន​ន័យ​ថាចំណេះ​ដឹង​ និង​វិទ្យា​សាស្ត្រ​ មាន​កម្ម​វិធី​រយៈ​ពេល​បី​ឆ្នាំ​ ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដែល​អាច​ផ្តល់​​សញ្ញា​បត្រ​ទទួល​ស្គាល់ទាំងនៅ​​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​បារាំង​។គម្រោង​​នេះ ក៏​នឹង​រាប់​បញ្ចូល​ការ​បង្កើត​កម្មវិធី​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ហើយ​​បន្ទាប់​មក​បង្កើត​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ថ្នាក់​ក្រោយ​ឧត្តម​នៅ​​សាកល​វិទ្យា​ល័យ​នេះ​ផង​ដែរ។ លោក​ ដេតថាចប្រធាន​គម្រោង​ និង​ជា​ភាសាវិទូ​បារាំង​ឯក​ទេស​​ភាសា​ខ្មែរ​ ដែល​បង្រៀន​នៅ​វិទ្យាស្ថាន​ Inalco ជា​វិទ្យាស្ថាន​ជាតិ​​បារាំង​ផ្នែក​ភាសា​ និង​អរិយធម៌​លោក​ខាងកើតមាន​ប្រសាសន៍​ថា វគ្គ​សិក្សានឹង​មាន​មុខ​វិជ្ជា​សំខាន់ៗបី។ និស្សិត​នឹង​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ បុរាណ​​វិទ្យា ប្រវត្តិ​សិល្បៈ​ សិលា​ចារឹក និង​ភាសា​វិទ្យា ព្រមទាំង​នរវិទ្យា​ផងដែរ។ គោល​បំណង​នៃកម្មវិធីនេះ គឺ​ដើម្បី​​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​ថ្នាក់​ឧត្តម​សិក្សានៅ​កម្ពុជាផ្នែក​មនុស្ស​ជាតិដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ក្នុង​ស្រុក​អាច​ចូល​រួម​ចំណែក​ថែម​ទៀត​​​ដល់​​​វិស័យ​ទាំង​នេះ​ឲ្យ​ស្រប​តាម​និយាម​អន្ដរជា​តិ​​ និង​អាច​នាំ​ឲ្យ​សហ​សេវិក​លោក​ខាង​លិច​របស់​ខ្លួនកែ​ប្រែ​ផ្នត់​គំនិត​​ជាមូល​ដ្ឋាន​ខ្លះរបស់​ពួកគេ​។ ដោយ​បង្កើត​ឡើង​តាមរយៈ​​អង្គ​ភាព​ស្រាវ​​​​ជ្រាវ​មួយ​នៃ​ស្ថាប័ន​សំខាន់​ៗពីរ​នៅ​ក្នុង​​​ប្រទេស​បារាំង​នោះគម្រោង​មនុស្ស​សាស្ត្រ​ ​​មាន​រយៈ​ពេល​បួន​ឆ្នាំ​ទើប​បង្កើត​បាន​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​អង្គការ​អន្ដរជាតិនិង​អង្គការ​បារាំង​ជាច្រើន​ រួមជាមួយ​ក្រសួង​វប្បធម៌​​​កម្ពុជា​ ​​​ដែល​ស្ថាប័ន​​របស់ខ្លួន​មាន​​សាកល​វិទ្យា​​ល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ផង​ដែរ។ លោក​ ហឹម​ ឆែមរដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ ក៏​នឹង​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​នៅ​ព្រឹក​នេះ​ផង​ដែរ។ លោកស្រី​​ មា៉នូអែ៊ល ហ្វ្រង់ (Manuelle Franck) អនុ​ប្រធាន​គណៈ​កម្មាធិការ​វិទ្យា​សាស្ត្រ​នៅ​​វិទ្យាស្ថាន​ Inalco ដែល​បង្កើត​គម្រោង​នេះ​​ដោយ​មាន​ការ​សហ​ការ​ជា​មួយ​​មជ្ឈមណ្ឌល​ជាតិ​​បារាំង​សម្រាប់​ស្រាវ​ជ្រាវ​​វិទ្យាសាស្ត្រ​ (CNRS) បានថ្លែងថា “ នេះ​​ជា​​ការ​ប្ដេជ្ញា​ដ៏ខ្លាំង​មួយ​”។ លោក​ស្រីហ្វ្រង់បាន​មាន​ប្រសាសន៍​ថាសញ្ញា​បត្រ​ដែល​និស្សិត​កម្ពុជា នឹង​ទទួល​ពី​វិទ្យាស្ថាន​​ Inalco គឺជា​សញ្ញា​បត្រ​កម្រិត​សា​កល​វិទ្យា​ល័យ​ដំបូង​ ជា​ផ្នែក​នៃ​កម្មវិធី​ភាសា​ខ្មែរ​ អក្សរ​សាស្ត្រ​​ និ​ងអរិយធម៌​ខ្មែរ។ លោក​ស្រីបាន​បន្ថែមថា “ អ្វីដែល​យើង​សង្ឃឹម​ គឺ​បន្ទាប់ពី​នោះ​មក​​ត្រូវ​បណ្តុះ​បណ្តាល​​និស្សិត​រៀនកម្រិតថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​​ និងថ្នាក់​បណ្ឌិត ដែល​នឹង​បន្ថែម​ចំណេះ​ដឹង​ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថ្មី​អំពី​កម្ពុជា”។ លោក​ស្រី​ ហ្វ្រង់ ដែល​មក​ពី​ប្រទេស​បារាំង​ កាលពី​ចុង​សប្ដាហ៍​មុន​ ដើម្បី​ចូល​រួម​ពិធី​សម្ពោធ​នេះ បានថ្លែង​ថា គម្រោង​​នេះក៏​តម្រូវ​ផង​ដែរ​ឲ្យវិទ្យា​​ស្ថាន​​ Inalco បង្កើត​សញ្ញា​បត្រ​សាកល​វិទ្យា​ល័យ​ថ្មី​មួយ​ ដែល​និស្សិត​អាច​នឹង​ទទួល​បាន​...

ក្រសួង​​​ការ​​​ងារ​​​ហាម​​​ភ្នាក់​​​ងារ​​​ជ្រើ​​​ស​​​រើស​​​ពលករ​​​មិន​​​ឲ្យ​​​​​​ផ្សាយ​​​​​​ពាណិជ្ជកម្ម​​​​​​​​​តាម​​​វិទ្យុ និងទូរទស្សន៍

ក្រសួង​​​ការ​​​ងារ​​​បាន​​​អំពាវ​​​នាវ​​​ដល់​​​​ភ្នាក់ងារ​​​ជ្រើសរើស​​​ពលករ​​​កម្ពុជាទៅធ្វើ​​​ការ​​​នៅ​​​ក្រៅ​​​ប្រ​​​ទេសឲ្យ​​​បញ្ឈប់​​​ការ​​​ផ្សព្វផ្សាយ​​​ពាណិជ្ជ​​​កម្ម​​​របស់​​​ខ្លួន​​​តាម​​កញ្ចក់ទូរទស្សន៍ ​​​និងតាម​​​វិទ្យុ​​​ទៀតដោយ​​​សារតែ​​​ការ​​​អះ​​​អាងទូទៅនៅ​ក្នុង​​​ការផ្សាយពាណិជ្ជកម្ម​​​របស់​​​ពួកគេ​​​ គឺជា​​​រឿង​​​ភូតកុហក។ លោកអាន​​​ ប៊ុន​​​ហាក់ ប្រ​​​ធាន​​​សមាគម​ភ្នាក់​​​ងារ​​​ជ្រើ​​សរើស​​​ពល​​​ករកម្ពុជាបាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា ​​​ភ្នាក់​​​ងារ​​​ផ្ដល់​​​ការ​​​ងារ​​​មួយចំនួន​​​បានផ្សព្វ​​ផ្សាយភូតកុហក​ពលករអំពីប្រទេស​ត្រូវ​​​ទៅ​​​ធ្វើ​​​ការ​​​ និង​​​​​​អត្រា​​​​​​​​​ប្រាក់​​​​​​​​​ឈ្នួល​​​។​​​ លោក​​​ ប៊ុនហាក់​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថាការ​​​ហាម​​​មិន​​​ឲ្យ​​​ផ្សព្វផ្សាយ​​​ពាណិ​​​ជ្ជ​​​កម្មនេះ នឹង​​​អាច​​​ជួយបែងចែក​​​ឲ្យ​​​ដាច់ពីគ្នារវាង​​​ភ្នាក់​​​ងារ​​​ជ្រើសរើស​​​ពលករ​​​មិន​​​ប្រ​​​កាន់​​​ខ្ជាប់​​​ក្រម​​​សីលធម៌និងភ្នាក់​​​ងារ​​​មានក្រម​​​សីលធម៌​​​ល្អ។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍ថា“ប្រ​​​សិន​​​បើ​ក្រុមហ៊ុន​​​​​​ទាំង​​​នោះ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ដោយ​​​ត្រឹម​​​ត្រូវ​​នោះ ហើយកេរ្តិ៍ឈ្មោះ​​​  នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​​​​ល្អនោះ​​​ ​ពេលនោះ​​​ពួកគេនឹងមិនចាំ​​​បាច់​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​ពាណិ​​​ជ្ជកម្មនោះទេ”។ នៅក្នុង​​​លិខិតមួយ​​​ដែលចុះ​​​ហត្ថលេខា​​​កាលពីថ្ងៃទី១៩ខែមិថុនា​​​ ដោយ​​​លោក ​​​សេង​​​សក្កដា​​​ អគ្គនាយក​​​នៃអគ្គនាយក​​​ដ្ឋាន​​ក្រសួង​ការងារ​​​ និងបណ្តុះ​​​បណ្តាលវិជ្ជាជីវៈបាន​​​លើក​​​ឡើង​​​ថា​​​ ក្រុម​​ហ៊ុន​​​ជ្រើសរើស​​​ពលករ​​​ទៅ​​​ធ្វើ​​​ការ​​​​​​នៅ​​​បរទេស​​​ត្រូវ​​​បាន​​​ហាម​​​ “មិនឲ្យ​​​​​​ផ្សព្វ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​របស់​​​ខ្លួន”។ លោក សក្កដា ​​​ក៏បាន​​​ហាម​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពលករ​​​នានា​​​មិន​​​ឲ្យនិយាយ​​​កុហក​​​ នៅ​​​ពេល​​ជ្រើ​​​សរើស​​​ពល​​​ករនោះ​​​។​​​ លោកបាន​​​សរសេរ​​​ក្នុង​​​លិខិតនោះថា​​​ “យើង​​​បាន​​​ផ្តល់​​​ព័ត៌មាន​​​ដល់​​​លោក​​​នាយក​​​ភ្នាក់​​​ងារ​​​ជ្រើសរើស​​​ពលករ​​​ទាំង​​​អស់​​​ ដែល​​​គ្រប់​​​គ្រង​​​ និង​​​​​​បញ្ជូនពលករ​​​ទៅ​​​ធ្វើការ​​​នៅ​​​បរទេស​​​ទាំងអស់​​​ថាសូមមេត្តា​​​ឈប់​​​ផ្សព្វផ្សាយ​​​ពាណិជ្ជកម្ម​​​ជ្រើសរើស​​​ពលករ​​​តាម​​​កញ្ចក់​​​ទូរ​​​ទស្សន៍​​​ទៀត។តែអាច​ផ្សព្វផ្សាយព័ត៌មាន​​​តាមរយៈ​​​ខិត្តប័ណ្ណ​​​បាន។ លោក​​​បាន​​​បន្ថែមថា​​​ “ [ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពលករ​​​នានាត្រូវ​​​តែ​​​​​​​​​ប្រាប់​​​ពលករនូវ​​​ការ​​​ពិត​​​អំពី​​​ការ​​​ងារ​​​ អំពី​​​លក្ខខណ្ឌ​​ការងារនិង​​​ផល​​​ប្រយោជន៍ដែល​​​ត្រូវទទួល​​​បាន​​​ពី​​​ការងារ​នោះ។ កំុ​​​​​​​​​និយាយ​​​កុហក​​​ និង​​​លាក់​​​លៀម​​​ឲ្យ​​​សោះ”។ លោក​​​ ហូ វុទ្ធី អគ្គនាយករង​​​នៃ​​អគ្គ​​​នាយក​​​ដ្ឋានក្រសួងកា​រងារបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​បទ​​​បញ្ជា​​​នេះមាន​​​​​​គោល​​​បំណង​​​លើក​​​តម្កើង​​​ទំនាក់​​​ទំនង​​​រវាង​​​ទីភ្នាក់​​​ងារ​​​ជ្រើសរើស​​​ពលករ​​​ និង​​​សាធារណជន​​​ឲ្យបានល្អ​​​ប្រសើរ​​​ជាង​​​មុន​​​។ លោក​​​ វុទ្ធី​​​...

​តុលា​ការ​​គួរ​អនុញ្ញាត​ឲ្យ​ជនសង្ស័យនៅ​ក្រៅ​ឃុំ​ និង​រកមេធាវី​​

ជា​រឿយៗ​ចៅ​ក្រម​​មិន​បាន​ពិចារណា​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ជន​សង្ស័យ​​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​ ដែល​ជា​ទូទៅ​បន្ដ​ឃុំ​ពួក​គេ​ក្នុង​ពន្ធ​នា​គារ​ ជន​​ជាប់ឃុំ​ភាគ​ច្រើន​មិន​មាន​ឱកាស​ទទួល​បាន​មេធាវី​ឡើយ ដោយ​សារ​ចំនួន​​មេ​ធាវី​​មិន​យក​កម្រៃក្នុង​ប្រទេស​​គឺ​មិន​សម​ស្រប​ទៅតាម​តម្រូវ​ការ​ជាក់​ស្ដែង ​ជា​ពិសេស​សម្រាប់​អ្នក​ក្រី​ក្រ​។ ក្រ​សួង​យុត្តិ​ធម៌​​ និង​​ការិយាល័យ​នៃ​ឧត្ដម​ស្នង​ការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ​មនុស្ស​​​​​​បាន​ថ្លែង​​ប្រាប់​មន្ត្រី​តុលាកានិង​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​ក្នុង​អំ​ឡុង​វេ​ទិការ​រយៈ​ពេល​ពី​រថ្ងៃ​ ដែល​រៀប​ចំ​ដោយ​ក្រ​សួង​យុត្តិ​ធម៌​ និង​ឧត្ដម​ស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ​មនុស្សដើម្បីពិភាក្សា​អំពី​កំណែ​ទម្រង់​ច្បាប់ ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​ថា​​ បញ្ហា​ទាំង​នេះ ​គឺ​ជា​បញ្ហា​សំខាន់​មួយ​ចំ​​នួន​ក្នុង​ចំណោម​​បញ្ហា​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​នៃ​នីតិ​វិធី​ច្បាប់​​ព្រហ្មទណ្ឌ​មិន​បាន​ត្រឹម​ត្រូវ។ វេទិកា​នោះ​មានការចូល​រួម​ដោយ​មន្ត្រី​ថ្នាក់​ខេត្ត​ មន្ត្រី​យោធា​  ​ចៅ​ក្រម ​​និង​ព្រះរាជអាជ្ញា​តុលាការ​កំ​ពូលជា​ច្រើន​រូបផង​ដែរ​នោះ ​​វេទិការ​នេះបាន​រក​ឃើញ​ថា​ មន្ត្រី​តុលាការ​កំពុង​ខិតខំប្រឹង​ប្រែង​អនុវត្ត​ច្បាប់​នេះ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​ច្បាប់​នោះ​ត្រូវ​បាន​អនុម័ត។ លោក​ អុិត ​រ៉ាឌី ​អនុរដ្ឋលេខាធិការ​ក្រ​សួង​យុត្តិ​ធម៌​បាន​ថ្លែ​ង​ក្នុង​ពិធី​បិទ​វេទិកា ​នោះ​ថា ​ “តាម​មាត្រា​២០៣​(នៃ​ក្រមនីតិវិធីព្រហ្ម​ទណ្ឌ) ចែង​ថា ​ចៅ​ក្រម​គួរ​តែ​ពិចារ​ណារវាង​ការដាក់ឲ្យស្ថិតក្រោមការ​ឃ្លាំ​មើល​របស់​តុលាការ​ និង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ដើម្បី​វិនិច្ឆ័យឲ្យ​បាន​សមស្របតាម​សំណុំ​រឿង​។​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ត្រូវ​ធ្វើ​ឡើង​បាន​តែ​ក្នុង​ករណី​​ចាំ​បាច់​ ហើយ​បន្ទាន់​ប៉ុណ្ណោះ ​បើ​​មិន​ដូច្នោះ​ទេ ​ជន​ជាប់​ចោទ​ត្រូវ​ដោះ​លែង​”។ លោក​ រ៉ាឌី​ បាន​ថ្លែង​បន្ត​ថា “ ​តាម​មាត្រា​២០៥​ គួរ​តែ​ធ្វើ​ការ​កែប្រែ​ ដើម្បី​តម្រូវ​ទៅ​តាមភស្តុតាងសម្រាប់ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហើយ​ទម្រង់​បែប​បទ​របស់​ក្រ​សួង​យុត្តិ​ធម៌​សម្រាប់​ចៅ​ក្រម​បំ​ពេញ​នោះ ​គួរ​តែ​ធ្វើ​ការ​កែ​ប្រែ​ផង​ដែរ​”។ ជា​​ច្រើន​ឆ្នាំ​មក​ហើយ ​ក្រុម​អ្នក​ឃ្លាំមើល​ប្រ​ព័ន្ធ​តុ​​លាការ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោអាសន្ន គួរ​តែ​អនុវត្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត ​ដើម្បីជួយ​កាត់​​បន្ថយ​បញ្ហា​ដ៏​រ៉ាំ​រ៉ៃ​ជា​យូរ​មកហើយ​ គឺ​បញ្ហាគុក​នៅ​ក្នុង​ប្រទេស​កម្ពុជាចង្អៀត​ពេក​។ យោងតាម​តួ​លេខ​​របស់អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រ​សួង​មហា​ផ្ទៃឲ្យ​ដឹង​ថា ​នៅ​ចុង​ឆ្នាំ​២០១១ ​មាន​អ្នក​ជាប់ពន្ធ​នាគារ​ទូទាំង​ប្រទេស​ចំនួន១៥.៤០៤នាក់ ​និង​មាន​អ្នក​ទោស​ជិត​៦.៥០០នាក់​ថែម​ទៀត​ ដែល​លើស​ពី​ចំនួន​កម្រិតពន្ធនាគារអាចទទួលយក ​គឺ​មាន​ការ​កើន​ឡើង​១១​ភាគរយ ​បើប្រៀប​ធៀប​នឹងឆ្នាំ​មុន។ អ្នក​ជាប់ក្នុងពន្ធនាគារជាច្រើន​ក្នុង​ចំ​ណោម​​អ្នក​​ទាំងនោះ គឺ​ជា​អ្នកជាប់​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​ ដើម្បីរង់ចាំពេលជំនុំជម្រះទោស ​ដែល​​ពេល​ខ្លះ​អាច​អូស​បន្លាយ​រហូត​ដល់​ច្រើន​​ឆ្នាំ​ទៀត​ផង​។ ​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ផង​ដែរ​ថា  មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ឃុំ​ខ្លួនបណ្តោះអាសន្ន​ដោយ​មិន​មាន​មេ​ធាវី​ការពារ​ សម្រាប់​បទ​ឧក្រិដ្ឋ​ ដែល​ត្រូវ​គួរ​ចាត់ទុកជា​បទ​ល្មើស​មជ្ឈិម។​ មាត្រាទី​​​២០៣​​​នៃ​​​ច្បាប់​​​ស្ដី​​​ពី​​​នីតិវិធី​​​ព្រហ្ម​ទណ្ឌ បាន​​​ចែងថា “ជា​គោល​ការណ៍ ​បុគ្គល​​​ត្រូវ​​​ចោទ ត្រូវតែមានសេរី​​​ភាព​​” ឬ​​​ក្នុង​ករណី​​​ពិសេស ​ជនត្រូវចោទអាចត្រូវតែ​​​ឃុំខ្លួន​​​បណ្តោះអាសន្ន។ លោក យ៉េង​​​ វីរៈ នាយក​​​ប្រ​​តិបត្តិ​​​នៃ​មជ្ឈ​មណ្ឌល​​​អប់​​​រំ​​​ច្បាប់សម្រាប់សហគមន៍ បាន​​​មាន​​​ប្រសាសន៍ថា តាម​​​ពិត​​​ ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​ អាសន្នក្ដី ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​​លើស​​​លប់​ពេក ហើយ​​​ការ​​​សន្និដ្ឋានទុកជាមុន​​​ថា ​ជាអ្នក​មានទោស ក៏ត្រូវបាន​​​គេប្រើយ៉ាង​​​ពេញ​​​ទំហឹង​​ដែរ​​​នៅ​​​ក្នុង​​​ប្រ​​​ព័ន្ធ​​​តុលាការ។ លោក វីរៈ បានមាន​​​ប្រសាសន៍ថា “យើង​​​យល់​​​អំពី​​​បញ្ហានេះ ហើយ​​​យើង​​​ចង់​​​ឲ្យ​​​អង្គ​​​ចៅ​​​ក្រមធ្វើ​​​ការ​​​ពិចារណា​អំពីបញ្ហា​នេះ។ វាជា​ឆន្ទានុសិទ្ធិ​របស់ចៅក្រម។ ​យើង​​​បាន​​​សង្កេតឃើញថា ​​​ចំពោះករណី​​​មួយ​​​ចំនួន ប្រ​​​ជា​​​ពល​​​រដ្ឋ​​​មិន​​​គួរ​​​ត្រូវ​​​គេ​​​ឃុំ​​​ខ្លួន​សោះ ប៉ុន្តែ ទី​បំផុត​​​ពួកគាត់​​បែរជាត្រូវ​​ឃុំ​​​ខ្លួន​​​ទៅ​​​វិញ​។​បញ្ហា​​​នេះ គឺ​​​ជា​​​ផលវិបាក ​​​​​​​​​ដោយសារ​តែ​ការ​​សន្និដ្ឋានទុកថា ជាអ្នកមានទោស។​វាគឺ​ជា​បញ្ហា​គួរឲ្យ​​​ភ័យ​​​ខ្លាច និង​​​អាច​​​​​​ជាមូល​​​ហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ស្លូត​​​ត្រង់​​​ត្រូវ​​​ជាប់​​​ពន្ធនា​គារ​។​​​​ ​​​​​​របាយការណ៍​​​មួយ​​​ចុះ​​​ផ្សាយ​​​ដោយ​​​អង្គការសិទ្ធិ​​​មនុស្ស​​​លីកាដូ កាល​​​ពី​​​ឆ្នាំ​​​មុន​​​បានលើក​ឡើង​​​​​​ថា “គេ​​​មិន​​​ដែល​​​បាន​​​ឮអំពី​​​ការ​​​កាត់​​​ទោស​​​មិន​ឲ្យ​​​ជាប់​​​ឃុំ​​​នោះទេ ហើយ​​​ការឲ្យ​នៅក្រៅ​​​ឃុំ​​​បណ្ដោះ​​​អាសន្ន​​​ ក៏ពុំសូវ​ឃើញ​មាន​​​​គេប្រើដែរ” ផ្ទុយ​​​ទៅវិញ ​​​អ្នក​​​ដែល​​​ត្រូវ​​​គេ​​​​ឃុំ​​​ខ្លួន​​​បណ្តោះអាសន្ន​មាន​​​រហូត​​​​​​​មួយ​ភាគ​បីនៃ​​​ចំនួនអ្នកជាប់ក្នុងពន្ធនាគារទាំង​​​អស់។ បញ្ហាមួយ​​​ផ្សេង​​​ទៀត​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​អនុវត្តឲ្យ​​​បាន​​​សមរម្យ​​​ នូវ​​​ច្បាប់​​​ស្ដីពី​​​នីតិវិធី​​​ព្រហ្មទណ្ឌ ដែល​​​ត្រូវ​​​បាន​​​ពិភាក្សា​​​កាលពី​​​ថ្ងៃ​​​សុក្រនោះ គឺ​​​ការ​​​អនុវត្តច្បាប់​​​ដោយ​​​ខ្វះ​ចន្លោះ​​​ ក្នុង​​​ចំណោម​​​មន្ត្រី​​​តុលាការ ដែល​មិន​​​បាន​​​ពន្យល់ជនសង្ស័យ​​​អំពីសិទ្ធិ​​​ទទួលបាន​​​មេធាវី​​​ការពារខ្លួន​​ពួកគាត់​​​ទាន់​​​ពេល។  លោក រ៉ាឌី បាន​​​មាន​​​ប្រសាសន៍ថា ទោះ​​​បី​​​ជា​​​ច្បាប់​​​ចែងថា ជន​​​សង្ស័យ​​​អាច​តម្រូវ​ឲ្យជួប​មេធាវីបានត្រឹម​​​​​​តែ​​​៣០​​​នាទី បន្ទាប់​​​ពីត្រូវ​​​ឃុំ​​​ខ្លួន​​​អស់រយៈ​​​ពេល​​​២៤​​​ម៉ោង​​​ក៏​​​ដោយ ក៏​​​ច្បាប់​​​នោះ​​​គួរតែ “ ប្រែប្រួល ជាពិសេស​​​ចំពោះ​​​ករណី​​​ណាដែល​​​ស្មុគស្មាញ”។​​​ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ដ​​​ថា “ពាក់​​​ព័ន្ធ​​​នឹង​​​លទ្ធភាព​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​មេ​​​ធាវី​ការពារ​​​​ ខ្លួន ប្រ​​​ជាពល​​​រដ្ឋ​​​គួរតែ​​​ត្រូវ​​​បាន​​​គេ​​​ពន្យល់​​​អំពី​​​សិទ្ធិ​​​នោះ​​​ភ្លាមៗដែរ។ លទ្ធភាពក្នុង​​​ការ​​​ស្វែង​​​រក​​​មេធាវី​​​ការ​​​ពារ​​​ខ្លួន បន្ទាប់​​​ពី​​​នគរបាល​​​ឃុំ​​​ខ្លួនអស់​​​២៤​ម៉ោង​​​នោះ មិនគួរត្រូវ​​​គេ​បដិសេធនោះទេ។ ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​គួរ​តែ​​​​ត្រូវ​​​បាន​​​គេត្រួត​​​ពិនិត្យ​​​ឲ្យបាន​​​ល្អិត​​​ល្អន់”។ លោក យ៉េង​​​ វីរៈ នាយក​​​ប្រ​​តិបត្តិ​​​នៃ​មជ្ឈ​មណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់សហគមន៍ បាន​​​មាន​​​ប្រសាសន៍ថា ច្បាប់់នេះគួរតែប្រសើរ​​​ជាង​​នេះ និង​​​អនុញ្ញាតឲ្យ​​​ជន​​​សង្ស័យ​​​គួរមាន​លទ្ធភាព​​​ស្វែង​​​រក​​​មេធាវី​​​ការពារ​​​ខ្លួន​​​ភ្លាម​នៅ​ពេល​​​ពួកគាត់​​​ត្រូវ​​​គេ​​​ឃុំខ្លួន។ លោកបាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំគិត​​​ថា​​​ការ​​​អនុវត្តច្បាប់ គឺ​​​ជា​​​បញ្ហា។ ជារឿយ​​​ៗ គ្មាន​​​នរណា​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​អនុញ្ញាត​​​ឲ្យ​​​ជួប​​​អ្នក​​​ជាប់​​​ឃុំ​​​នោះ​​​ទេ ក្នុង​​​រយៈពេល​​​២៤​​​​​​ម៉ោង​​​ដំបូង​​​ប៉ុន្តែ​​​ លទ្ធភាព​​​ស្វែងរក​​​មេធាវីការ​​​ពារ​​​ខ្លួន​​​គួរ​តែអនុញ្ញាតតាំងពីនាទី​​​ទី១មកម៉្លេះ​”។ លោក រ៉ាឌី បាន​មាន​​​ប្រសាសន៍​​​បន្ថែម​ទៀត​ថា គណៈមេធាវី​​​កម្ពុជាចាំបាច់​​​ត្រូវ​​​ធ្វើ​ឲ្យ​​​​ប្រាកដ​ថា មាន​​​មេធាវី​​​មិន​យក​កម្រៃ ​នៅ​ក្នុង​​​​ប្រទេសឲ្យបានគ្រប់គ្រាន់ ដើម្បី​​​ឆ្លើយ​​​តប​​​តាម​​​តម្រូវ​​​ការ​​​របស់​​​ប្រជាពលរដ្ឋ ​ជា​ពិសេស សម្រាប់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ក្រី​​​ក្រ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ មិន​ទាន់​មាន​មេ​​​ធាវីការពារ​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ក្រី​​​ក្រ​​​ឲ្យ​បាន​គ្រប់​​​គ្រាន់​​​នោះ​​​ទេ”។​​​ លោក​​បន្ដ​ថា “ គណៈ​​​មេធាវី​​​កម្ពុជា​​​​គួរ​​​តែ​​​បង្កើន​​​ចំនួន​​​មេធាវី ផ្ដល់ការ​​​បណ្ដុះ​​​បណ្ដាល​បន្ថែម និង​​​ស្នើ​​​សុំ​​​ថវិកា សម្រាប់​​​រក​​​មេធាវី​​​ការ​​​ពារ​​​ប្រជាពលរដ្ឋ​​​ក្រី​​​ក្រដោយមិន​​យក​កម្រៃ។​នៅមាន​​​ការ​​​ខ្វះ​​​ខាត​​​មេ​​​ធាវី​​​សម្រាប់​ការ​ពារ​​​ប្រ​​​ជាពលរដ្ឋ​​​តាម​បណ្ដាខេត្ត​នានា​”​៕ ប្រែ​​​សម្រួល​​​ដោយ ឃិន ណៃ  និង ហម សុផាណ្ណា​​​​​​​​​​​​    

ក្រុមហ៊ុន​​​​​ហ្គូហ្គលជួយ​​​អភិ​រក្ស​​​ភាសារបស់​ជនជាតិ​​​ដើម​ភាគ​​ តិច​​​ដែល​​​ជិត​​​បាត់បង់​នៅ​​​​​​​​កម្ពុជា

ភាសាចំនួន​​​ប្រាំ​​​មួយ​​​ដែល​​​គេ​​​និយាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា គឺ​​​ស្ថិត​​​នៅក្នុង​​​ចំណោម​​​ភាសាជាង​​​៣.០០០​​​ ដែល​​​គេ​​​ជិត​​​ឈប់យក​មក​​​ប្រើនៅ១០០​​​ឆ្នាំ​​​ក្រោយ​​​ ដូច្នេះគេហ​​​ទំព័រ​​​​​សម្រាប់​​​ស្វែង​​​រក​​​អ្វីៗ​​​គ្រប់​​​យ៉ាង​​​តាម​​​អីុន​​​ធើ​​​ណិត គឺ​​​គេហទំព័រ​​​ហ្គូហ្គល បាន​​​ផ្តួច​​​ផ្តើម​​​ដំបូងដើម្បី​​​ជួយ​​​អភិរក្ស​​​ភាសា​​​ដែល​​​គេ​​​ជិត​​​ឈប់​យកមក​​​ប្រើ​​​​​​ទាំង​​​នោះ។ គោល​​​ដៅ​​​របស់​​​ក្រុមហ៊ុន​​​​​​ហ្គូហ្គល ក្នុង​ពេលចាប់​​​ផ្តើម​​​គម្រោង​​​អភិរក្ស​​​ភាសា ដែល​​​ជិតបាត់បង់​​​​​​ទាំង​​​នេះ​​​ គឺដើម្បី​​​ចែក​​​រំលែកការ​​​យល់​​​ដឹង​​​ជា​​​ច្រើន​​​ និងប្រមែ​​​ប្រមូល​​​​​​ព័ត៌មានថ្មី​ៗអំពី​​​ភាសាចំនួន​​​៣.០៥៤ដែល​​​គេ​​អាច​​​នឹង​​​​​​ឈប់យកមក​​​ប្រើនៅ​​​​​​ថ្ងៃ​​​អនាគត។ ក្នុង​​​ប្រទេស​​​កម្ពុជា គម្រោង​​​របស់​​​ក្រុម​ហ៊ុន​​​​ហ្គូហ្គល បាន​​​ចុះ​​​បញ្ជី​​​ភាសាចំនួន​​​ពីរ​​​ ដែល​ជិត​បាត់បង់ទាំង​​​ស្រុង គឺ​​​ភាសា​​​សំរែ និង​​​ភាសា​កាចក់ និង​​​បាន​​​ចុះ​​​បញ្ជី​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​​យក​​​ប្រើ​​​​​​ផ្សេង​​​ទៀត មានភាសា ​​​ព្នង ​កាវែ៉ត ​និង​​​​ភាសាគ្រឹង។ យោង​​​តាម​​​គម្រោង​​​នេះ ភាសាសំរែគឺ​​​ជា​​​ភាសាមួយ​​​ដែល​​​ជិត​​​បាត់បង់​​​ជាង “​​​ភាសា​ចំណាស់​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត “ ដែល​​​គេ​​​នៅ​​​​ប្រើ​​​នៅ​​​ឡើយ​​​ក្នុង​​​ខេត្ត​ពោធិ​៍សាត់​។​យោង​​​តាម​​​គម្រោងនេះ​​​ ភាសាកាចក់​​​ គឺត្រូវ​បាន​ប្រើ​​​នៅក្នុងខេត្ត​​​រតនគិរី​ ហើយ​មានភាសា​ជនជាតិ​​​ដើម​​​ភាគតិចពី១០០ទៅ​​​៩៩៩​​​ ​ដែលគេ​​​នៅ​​​ប្រើ​​​ទូទាំង​​​ពិភព​​​លោក​​​។​​​ គម្រោង​ នេះ នឹងចុះបញ្ជីភាសាបួន​​​ផ្សេង​​​ទៀត​​​ ដែល​រកឃើញនៅ​​​ក្នុង​​​ខេត្ត​​​កំពង់ធំ​​​ មណ្ឌលគិរី​​​និងខេត្តរតនគិរី​​​ដោយភាសាបួន​​​នេះក៏​​​មាន​​​នៅ​​​ក្នុង​​​ភាសាជនជាតិ​​​ដើមភាគតិច​​​​​​ចំនួន​​​ចន្លោះពី​​​១.៩៦០ ទៅ​​​៥២.៥០០​ទូទាំង​ពិភព​លោក​ផងដែរ​​​។ គម្រោងនេះ គេ​​​សង្ឃឹម​​​ថា​​​នឹង​​​ជួយ​​​​​​អភិរក្ស​​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​យក​​​មក​​​ប្រើ​​​ ដោយ​​​ជំរុញ​​​ឲ្យអ្នក​​​ប្រើភាសាជន​​​ជាតិដើម ​​​និងអ្នក​ប្រើ​​​ភាសាផ្សេង​​​ៗទៀត​​​ អាច​​​បង្ហោះ​​​ សំឡេង​អូឌីយូ រូបភាព​​​វីដេអូ​​​ និងអត្ថបទ​​​ទៅក្នុង​កន្លែង​ផ្ទុក​​​ទិន្នន័យ​​​របស់​​​គេហទំព័រ​​​​​​ហ្គូហ្គល​​​ ដែល​​​នឹង​​​ក្លាយ​​​ទៅ​​​ជា​​​កន្លែង​​​ផ្ទុកទិន្នន័យ​​​ដ៏ច្រើន​​​បំផុត​​​សម្រាប់​​​មនុស្ស​​​គ្រប់ៗ​​​គ្នា​​​​​​។តាំង​​​ពីយូរមក​​​ហើយ  មានមនុស្សម្នាក់​​​បាន​​​បង្ហោះ​​​ភាសាមួយ​​​ក្នុងចំណោម​​​ភាសា​​​ចំនួន​​​ប្រាំមួយ​​​ ដែលជិតបាត់បង់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ ​​​គឺជា​​​របៀបប្រើប្រាស់​​​វេយ្យា​ករណ៍​​​​នៃ​​​ភាសាព្នង​​​។ លោក ចន​​​ វ៉ែនវេ (John Van Way)អ្នក​​​សម្រប​​​សម្រួល​​​គម្រោង​​​សម្រាប់​​​កាតាឡុក​​​នៃ​​​ភាសា គេ​​​ជិត​​​ឈប់​​​យក​​​ប្រើ​​​ដោយជួយ​​​កំណត់​​​អត្តសញ្ញាណ​​​ភាសាជា​​​ច្រើន​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា​​​ “វិសាលភាព​​​នៃ​​​អ្នក​​​និយាយ​​​​ភាសា ដែល​​​គេ​​​ជិតឈប់ប្រើ និង​​​អាច​​​ចូល​​​ទៅ​​​កាន​​់​ផ្នែក​​​ដ៏​​​ធំ​​​ទូលាយ​​​នៃ​​​ពិភព​​​លោក​​​ដែល​​​ពួក​​​គេ​​​រស់​​​នៅ​​​”។ លោក​​​​​​ វ៉ែនវេ បាន​​​លើក​​​ឡើង​​​ដោយ​​​ពន្យល់​​​​អំពី​​​រ​​​បៀប​​​ចូលទៅកាន់​​​​​​កន្លែង​​​ផ្ទុកនិង​​​ចែក​​​រំលែកទិន្នន័យថា​​​ “ប្រ​​​សិន​​​​​​​​​បើ​​​នរណា​​​ម្នាក់បាន​​​ដឹងពី​​​ភាសា​​​ជន​​​ជាតិ​​​ដើម​​​ដែល​​​ស្ទើរ​បាត់បង់ណាមួយ ហើយតាមរយៈការ​​​ប្រើ​ប្រាស់​​​​​​គេហទំព័រ​​​នេះ​​​ ពួកគេ​​​ប្រហែល​​​ជា​​​ចែក​​​​រំ​​​លែក​​​​​​ព័ត៌មាន​​​អំពី​​​ភាសា​​​នេះ​​​ ឬក៏ខ្សែ​​​អាត់​​​​​​មួយ​​​ចំនួន​​​នៃ​​​ភាសានេះផងដែរ​​​។ លោក ម៉ាធ្យូ ហ្វាអើស្តូន​​​ (Matthew Firestone)អ្នកនាំ​​​ពាក្យរបស់ក្រុមហ៊ុន​​​ហ្គូហ្គល ​លើក​​​ឡើងថា​​​ ក្រុម​​ហ៊ុន​​​ហ្គូហ្គល មាន​​​គម្រោងផ្តល់​​​ការ​​​គ្រប់​​​គ្រង​​​នៃ​​​គម្រោង​​​នេះ​ទៅកាន់​​​អង្គការ​​​សម្ពន្ធ​​​អភិរក្សភាសាចម្រុះ​​​ ដែល​​​ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​អភិរក្ស​​​ភាសាជា​​​ច្រើន​​​នៅ​​​ប៉ុន្មាន​​​ខែក្រោយ​​​នេះ៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចេញដំណើរជាលើកដំបូង​ទៅវាស់​វែងដីធ្លី

និស្សិត​ស្ម័គ្រ​ចិត្ត​ជាង​ ៧០០នាក់​ ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ា​ កាល​ពី​ម្សិល​មិញ​បានចាប់​ផ្ដើម​ចេញ​ដំណើរ​ទៅ​វាស់​វែង​ដី​ នៅក្នុងគម្រោង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ កាល​ពី​ដើម​ខែ​នេះ។ លោក អឹុម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ បន្ទាប់​ពី​លោក​​ថ្លែងសុន្ទរក​ថា​ ទៅកាន់​និស្សិត​ស្ម័គ្រចិត្ត​ ដែល​ត្រៀម​ចេញ​ដំណើរ​ថា “​ សម្រាប់​ដំណាក់​កាល​ដំបូង​ នៃ​គម្រោង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ យើង​ប្រើ​និស្សិត​ស្ម័គ្រចិត្តមក​ពីបណ្តាសាកលវិទ្យា​​ល័យ​នានា​ ដើម្បី​វាស់​វែង​ដី​ធ្លី​ និង​ប្រមូលទិន្នន័យ​ពី​អ្នក​ភូមិ​ ដែល​រស់​នៅ​លើ​ដី​ព្រៃ​របស់រដ្ឋ​ និង​នៅ​លើ​ ”។ ដោយ​ចែក​ចេញ​ជា​៦១​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ស្លៀក​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ាចំនួន​៧៣៤នាក់ នឹង​ទៅ​ជួយ​វាស់​វែង​ដី​ចំនួន៤៨៦​កន្លែង ហើយ​អ្នក​ជំនាញ​ៗ​ខាង​ផ្នែក​វាស់​វែង​ដីមក​ពី​ក្រសួង​រៀប​ចំដែន​ដីនគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ថ្នាក់​ខេត្ត​ចំនួន២៨១​នាក់​ នឹងចូលរួមក្នុងគម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ជូន​អ្នក​ភូមិ​ទាំង​អស់​ដែល​រស់​នៅ​លើដី​សម្បទាន​ និង​លើដី​ព្រៃ​របស់​រដ្ឋឲ្យ​ចប់សព្វគ្រប់ត្រឹមរយៈ​ពេល​ប្រាំមួយ​ខែ។ និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​៣០០​នាក់​បន្ថែម​ទៀត​នឹង​ចាប់​ផ្ដើម​រៀន​អំពី​របៀប​វាស់​វែង​ដីនៅថ្ងៃ​នេះ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ឲ្យទៅ​វាស់​វែង​ដី​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយទៀត។ លោកអឹុមឈុនលឹមបាន​លើក​ឡើង​ថានិស្សិត​ស្ម័គ្រ​ចិត្ត នៅក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិដី​ធ្លី នឹង​ចំណាយ​ពេល​ពីរ​ខែ​ ដើម្បី​វាស់​វែង​ដី​ទំហំ​ប្រហែល​៣៥០.០០០​ហិកតាដែល​​កាន់​កាប់​ដោយ​​អ្នក​ភូមិចំនួន​១០០.០០០​គ្រួសារ​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី​ ដែល​តែងតែមាន“ ​ជម្លោះ​ដី​ធ្លីកើតឡើងច្រើន”។ លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​បាន​ទទួល​​វគ្គសិក្សា​ពី​របៀប​វាស់​វែង​​ដី​ និង​របៀប​ប្រមូល​ទិន្នន័យ​នៅ​សប្ដាហ៍នេះ​ពីអ្នក​ភូមិ​ ដែល​ទទួល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ​ដី​ធ្លីថា “ការ​ចុះ​បញ្ជី​ដី​ធ្លី​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​ភូមិ​ គឺជា​សិទ្ធិ​ចម្បង ហើយ​តម្រូវ​ឲ្យ​មានភាព​ហ្ម​ត់ចត់​ និង​ច្បាស់​លាស់​”។ លោក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​បន្ថែម​ថា “ ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ នឹងនាំមកនូវសុវត្ថិភាព​ដល់​ការ​កាន់​កាប់​ដី​ធ្លី​ ដោយ​ធ្វើ​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​លែងព្រួយ​បារម្ភ​ និង​មិន​មាន​ការ​ភាន់​ច្រឡំ​”។ សម្រាប់​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​ចេញ​ដំណើរ​ទៅកាន់​ឃុំ​ចំនួន​៦៤​ ក្នុង​ស្រុក​ចំនួន​២៤​ ដែល​ទទួល​រង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ ដោយសារ​ជម្លោះ​ដីធ្លី​នោះ ពួក​គេ​នឹង​ជួប​ប្រទះការ​លំបាក​ក្នុង​ការ​វាស់​វែង​ដី​ធ្លី​ជាង​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធ​ស្រាប់​។ និស្សិត​ឈ្មោះស៊ីសិរីរតនីអាយុ​២១​ឆ្នាំ​ជា​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ បាន​និយាយ​ថា “ ​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​ជួយរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​ភូមិ​ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​ឮពីការ​តវ៉ា​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ទៀត​ទេ”។ ដោយនិយាយយ៉ាងខ្លី​តាម​ទូរស័ព្ទបន្ទាប់​ពី​ទៅ​ដល់​កន្លែង ដែល​ខ្លួន​នឹង​ធ្វើ​ការ​វាស់​វែង​ដី​នៅ​ខេត្ត​កំពត​ និស្សិត សិរី​រតនី បាន​និយាយ​ថា គាត់​ពិត​ជា​ចង់​ចាប់​ផ្ដើម​សម្ភាស​អ្នក​ភូមិ​ និង​ប្រមូល​ទិន្នន័យ​នៃ​ការ​កាន់​កាប់​ដី​ធ្លី​យូរ​មក​ហើយ​ នៅ​ស្រុក​ជុំគិរីនៅ​ថ្ងៃ​នេះ​។ និស្សិត​ សិរីរតនីនិង​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​២៣​នាក់​ផ្សេង​ទៀត​ ដែលត្រូវធ្វើការ​វាស់​វែង​ដី​ក្នុង​ស្រុក​នឹងចូលរួមវគ្គសិក្សា​រយៈ​ពេល​មួយ​ខែ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ឧបករណ៍​ក្នុង​ការ​កំណត់​ទីតាំង​ភូមិសាស្ត្រ។ លោកអ៊ុកកែវ​រតនៈអ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្មនិង​សំណង់​បាន​ប្រញាប់​ប្រញាល់​រៀ​ប​ចំ​កន្លែង​សម្រាប់​ទទួល​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​៨០​នាក់ ដែល​បាន​ទៅដល់ទីនោះ កាល​ពី​ម្សិលមិញ ហើយ​និស្សិត​ទាំង​នេះ​នឹង​ត្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុងបរិវេណ​មន្ទីររយៈ​ពេល​ពីរ​ខែ​។ លោក កែវរតនៈ បានមាន​ប្រសាសន៍បន្ដ​​ទៀត​ថា“ ថ្ងៃ​ស្អែក​និស្សិត​ស្ម័គ្រ​ចិត្ត​នឹង​ជួប​សម្ភាសជាមួយអ្នក​ភូមិ ដែល​ទទួល​រង​ផល​ប៉ះពាល់​ ដោយសារ​ជម្លោះ​ដី​ធ្លី​ ដើម្បី​ចាប់​ផ្ដើម​ប្រមូល​ទិន្នន័យ អំពីប្រវត​្តិនៃការ​កាន់​កាប់​ដី​ធ្លី​ជាយូរ​មក​ហើយ និង​ទំហំដីធ្លី​ដែល​ពួក​គាត់​បាន​អះអាង​”។ នៅ​ពេល​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ​ភ្លាម​ ទិន្នន័យ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​លោក​​នាយក​រដ្ឋមន្ត្រី​ ដើម្បី​សម្រេចធ្វើ​អនុបយោគ​ដីរដ្ឋ​ ឲ្យទៅជា​ទី​ដែល​អ្នក​ភូមិ​ធ្លាប់​បាន​រស់​នៅ​ និង​ចេញប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​ដល់​ពួក​គាត់៕ ប្រែសម្រួល​ដោយស៊ាស៊ុយឈាង​  

ការ​បើក​សវនាការ​ឧទ្ធរណ៍របស់លោក​ ហេង ពៅ អតីតស្នងកា​រ​នគរបា​ល​ ត្រូវ​បាន​ពន្យា​រពេល​

កាលពី​ម្សិល​មិញ​ សាលា​ឧទ្ធរណ៍បាន​ពន្យារ​​​ពេល​បើក​សវនាការ​មួយ ​ក្នុង​រឿង​ក្ដី​របស់​លោក​ ហេង ពៅ​ អតី​ត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ និង​អ្នកសមគំនិត​ពីរ​នាក់ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​ចាង​ហ្វាង​កាសែត​ម្នាក់។ លោកហេងពៅដែលជា​អតីត​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនកំពុង​តែ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជាង​៩៨​ឆ្នាំបន្ទាប់​ពីត្រូវផ្ដន្ទា​ទោស​ពីបទ​ឧក្រិដ្ឋ​ រួម​ទាំង​ការ​ធ្វើ​ឃាត​លោក​ សុខ សេដ្ឋា​មុនី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ក្នុង​ឆ្នាំ​២០០៣។ រយៈ​ពេល​ជាប់​ពន្ធនាគារ​របស់​លោក​ត្រូវ​​បាន​បន្ថែម១៨​ឆ្នាំទៀត​ កាលពី​ឆ្នាំ​២០០៩​នៅ​ពេល​លោក​ត្រូវ​បាន​ផ្ដន្ទា​ទោស ជាមួយ​នឹង​លោកលីរ៉ាស៊ីអតីត​នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ និង​លោក​ ផេងផៃអតី​ត​នាយការិយាល័យ​នគរ​បាល​គ្រប់​គ្រង​ជន​បរទេស​រាជធានី​ ពី​បទ​បាញ់​ប្រហារ​លោកថុងអ៊ុយ​បា៉ងចាង​ហ្វាង​កាសែត​កោះ​សន្ដិ​ភាព​ និង​អង្គរក្ស​របស់​លោក​ម្នាក់ទៀតកាលពីឆ្នាំ​១៩៩៨​។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោកជួនស៊ុន​ឡេងបានមាន​ប្រសាសន៍ថា “ យើង​បានពន្យារ​ពេល​សវនាការ​ថ្ងៃ​នេះពី​ព្រោះលោកផេងផៃអតីត​នាយការិយាល័យ​នគរ​បាល​គ្រប់​គ្រង​ជន​បរទេស​រាជ​ធានី​ និង​មេធាវី​របស់​គាត់​មិន​បាន​ចូល​រួមការ​បើក​សវនាការ​នេះ​ឡើយ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​អំពី​មូល​ហេតុ​ដែលលោក ផេង ផៃ​ បច្ចុប្បន្ន​កំពុង​ជាប់ពន្ធនាគារ​ខេត្ត​កណ្ដាល​ អវត្តមាន​នៅ​ពេលនេះទេ។ លោក ស៊ុនឡេង បញ្ជាក់ថា “ ខ្ញុំប្ដូរ​កាល​បរិច្ឆេទបើក​សវនាការ​ ហើយ​ខ្ញុំ​នឹង​កំណត់​កាល​បរិច្ឆេទ​ជា​ថ្មី​នៅ​ពេល​ក្រោយ​”។ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​ ខណៈ​ដែលលោកដើរចេញ​ពី​បន្ទប់​សវនាការលោកហេងពៅ​ បាន​សំណូមពរ​ឲ្យ​​ចៅក្រម​​កែប្រែ​ការផ្តន្ទា​ទោស​លោក។ លោក​ថ្លែង​ថា “តើលោកដែលបាន​ឃើញ​ភស្ដុ​តាង​អ្វីខ្លះ​ ដើម្បីដាក់បន្ទុក​ខ្ញុំទេ?”។ លោក​ ហេងពៅ​​ ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ីកាលពី​ឆ្នាំ​២០០៦​ និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជាវិញ​ ហើយត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ជា​ច្រើន​ករណី​នោះថ្លែងថា“ខ្ញុំ​ចង់​និយាយ​ថាចាប់​តាំង​ពី​ខ្ញុំ​ត្រូវ​បានគេចាប់ដាក់ពន្ធនាគារ​រហូតមក ដល់ពេលនេះ ក្នុង​ចំណោម​ប្រាំ​នាក់ ដែល​ធ្វើបាប​ខ្ញុំ​ ឥឡូវនេះ​បួននាក់ បានស្លាប់​បាត់​ទៅហើយ”។លោកថ្លែងថា “ពេល​នេះ ខ្ញុំ​ហ៊ាន​និយាយ​ថា បុគ្គល​នៅ​សល់​ម្នាក់​ ដែល​ធ្វើបាបខ្ញុំ​ គឺ​លោក ម៉ក់ ជីតូ ដែល​ជា​ប្រធាន​នាយក​ដ្ឋាន​​កណ្ដាលនគរបាលយុត្តិ​ធម៌​ នៅ​ក្រសួង​មហា​ផ្ទៃ​ ខ្ញុំ​គិត​ថាមាន​តែ​គាត់ទេ ទើប​ដឹង​អ្វីខុស​អ្វី​ត្រូវ​សម្រាប់​ខ្ញុំ”។ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បាន​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ កាលពី​ក្នុង​ខែ​សីហាឆ្នាំ​២០០៦ដែល​ពេល​នោះ​នគរ​បាល​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​លោក ហេង ពៅ​ នៅ​ខេត្ត​កណ្ដាល​ ដោយ​រក​ឃើញ​អាវុធ​ និងប្រាក់​​​ក្លែង​ក្លាយ​ចំនួន៣០.០០០​ដុល្លារ។ លោក កៅ ស៊ូផា  មេធាវី​​របស់​លោកហេង ពៅបានថ្លែង​ថា​ លោកផេងផៃ មិន​បាន​ចូល​រួម​ក្នុង​ការ​បើក​សវនា​ការទេ ពី​ព្រោះ​​មេធាវី​របស់​លោក “ជាប់​រវល់​កិច្ច​ការ​​ផ្ទាល់​ខ្លួន”។ លោក​បន្ត​ថា “កូន​ក្ដី​របស់​ខ្ញុ​ំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៨​​ពី​បទជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ចាង​ហ្វាង​កាសែត​ ប៉ុន្ដែ​ ក្នុង​ឆ្នាំ​២០០៦ ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ក៏ប៉ុន្ដែ គ្មាន​ភស្ដុតាង​គ្រប់​គ្រាន់​ទេ។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​​នឹង​ពិចារណាឡើង​វិញ”៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​​  

ការ​ចេញ​លក់​រថយន្ត​អង្គរ ដែល​ជា​ស្នាដៃ​ដំបូង​របស់​ផលិតករ​ខ្មែរ​ត្រូវ​​ផ្អាក​ដោយ​សារ​បញ្ហា​បច្ចេក​ទេស

អ្នក​រចនា​រថយន្ត​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​ផលិត​រថយន្ត​អង្គរ​ ជា​រថយន្តដំបូង​ដែល​ត្រូវ​បាន​រចនា​ និង​ផលិត​ឡើង​នៅ​ក្នុង​ប្រទសេ​កម្ពុជា​ នឹង​ផ្អាក​រយៈ​ពេល​ប្រាំ​មួយខែ​សិន​ គឺ​ផ្អាក​រហូត​ដល់​ខែ​វិច្ឆិកា​ ដោយ​សារ​តែ​មាន​បញ្ហា​បច្ចេក​ទេស​ ទាក់​ទង​នឹង​ការ​បញ្ឆេះ​ និង​ការ​បើក​ទ្វារ​រថយន្ត។ រថយន្ត​អង្គរ​ ដែល​ជា​ប្រភេទ​រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ប្រើ​ថាម​ពល​អគ្គិស​នី​ មាន​បណ្តោយ​វែង​ជាង​ទទឹង​តែ​បន្តិច​ប៉ុណ្ណោះ។​ រថយន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​លោក​ ញាន​ ផល្លឹក​ ហើយ​គ្រោង​ដាក់​លក​់ក្នុង​តម្លៃ​៥.០០០​ដុល្លារ​ សម្រាប់​រថយន្ត​មួយ​គ្រឿង។ លោក​ ផល្លឹក​ ផលិត​រថយន្ត​នេះឡើង​ជា​លើកដំបូង​សម្រាប់​គ្រួសារ​របស់​លោកក្នុ​ងឆ្នាំ២០០២​ ហើយ​បាន​សហការ​ជា​មួយក្រុម​ហ៊ុន​ ហេង​ អភិវឌ្ឍន៍​នៅ​ខែ​កក្កដា​ ឆ្នាំ២០១០ដើម្បី​រក​វិនិយោគិន​សម្រាប់​គម្រោងផលិត​រថយន្តនេះ។ នៅ​ខែ​មីនា​ ឆ្នាំ​២០១១​ ទស្សន​វិស័យរបស់​លោក​ក្នុង​ការ​ផលិត​រថយន្ត​ទ្រង់​ទ្រាយ​ធំ​បាន​ក្លាយ​ជា​ការ​ពិត​ បន្ទាប់​ពី​ចរចា​រក​ការ​ព្រមព្រៀង​គ្នា​មួយ​ជា​មួយ​ក្រុម​ហ៊ុន​ Chau Leong Enterprise Group​ ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​អគ្គិសនី​នៅ​ទី​ក្រុង​ហុង​កុង​ ដើម្បី​សាង​សង់​រោង​ចក្រផលិត​​រថយន្ត​អង្គរ​នេះ​ឡើង​នៅ​ក្រុង​តា​ខ្មៅ។ លោក​ ផល្លឹក​ ​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា​ ផលិតករ​កំពុង​តែ​មាន​បញ្ហា​ទាក់​ទង​នឹង​ប្រព័ន្ធ​ដំណើរ​ការ​ស្វ័យ​ប្រ​វត្តិ​ពី​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​សម្រាប់​បើក​ទ្វារ​ និង​បញ្ឆេះ​រថយន្ត​ជា​ដើម។ លោក​​និយាយ​ថា “យើងផលិត​​រថយន្ត​បាន​មួយ​ចំនួន​ហើយ​ ក៏​ប៉ុន្តែ​យើង​មិន​ទាន់អាច​បញ្ចេញ​រថយន្ត​ទាំង​នេះ​លក់​បាន​ទេ​ ដោយ​សារ​មាន​បញ្ហា​បច្ចេក​ទេស​។ ការ​ផលិត​រថយន្ត​អង្គរ បាន​ធ្វើ​ឡើង​នៅ​ឯ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ដើម​ឆ្នាំ​នេះដោយ​ផលិត​បាន​រថយន្ត​​បើក​ដំបូល​ពី​រ​កៅ​អីនិង​បួន​កៅ​អីមួយ​ចំនួន។ រថយន្ត​នេះ​អាច​មាន​ល្បឿន​អតិ​បរមា​ចន្លោះ​ពី​៨០​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ លោកញានផល្លឹកបាន​និយាយ​ថាយើង​​ផលិត​រថយន្ត​នេះ​ឡើង ដោយ​មិន​ប្រើសាំង​ទេ ហើយ​រថយន្ត​នេះ មាន​សំឡេង​ស្ងាត់ល្អព្រម​ទាំង​មិន​បញ្ចេញ​ផ្សែង​ទៀត​ផង។ លោក​​បាន​ដំឡើង​រថយន្ត​អង្គរ​នេះ ស្រដៀង​ទៅនឹង​​រថយន្ត​ម៉ាក​ ណាណូ (Nano) ជា​រថយន្ត​ដ៏ពេញ​និយម​ដែល​ផលិត​​នៅ​ប្រទេស​ឥណ្ឌា​។ លោក​បាន​បន្ថែម​ទៀត​ថា រថយន្ត​អង្គរ​​ត្រូវ​ការ​ពេល​ចាប់​ពី​៣ទៅ​៦​ម៉ោង​ ដើម្បីសាក​អាគុយឲ្យ​ពេញ​ ហើយ​អាច​បើក​បរ​បានចម្ងាយ​ចាប់​ពី​១០០​គីឡូម៉ែត្រ ទៅ​៣០០គីឡូម៉ែត្រដោយ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ផ្លូវ​និង​ល្បឿន​របស់​វា។​ រហូត​មក​ដល់​ពេល​នេះ គេ​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន​ជាង​២០​លាន​ដុល្លារ ហើយទៅ​លើ​គម្រោង​ផលិត​រថ​យន្ត​នេះ ដោយ​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​​​គ្រប់​គ្រង​ភាគ​ហ៊ុន​៨០​ភាគ​រយ​ នៅ​ក្នុង​អាជី​វកម្ម​ចូល​ទុន​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ Chau Leong ។ អ្នក​ស្រី សៀង ចាន់ហេង អគ្គ​នាយិកាក្រុម​​ហ៊ុន​ ហេង ​អភិវឌ្ឍន៍ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន នេះ​  នឹង​ការ​ធ្វើ​ការ​វាយ​តម្លៃសា​ជា​ថ្មី​​នូវ​ផែន​ការ​ដំបូង​ ក្នុង​ការ​ផលិត​រថយន្ត​ឲ្យ​បាន​ចំនួន​ពី​៥០០​គ្រឿងដល់១.០០០​គ្រឿងដើម្បី​ដាក់​លក់​លើ​​ទី​ផ្សារ​។ អ្នក​ស្រីបាន​មាន​ប្រសា​សន៍​ថា “យើង​នឹង​មាន​គំនិត​កាន់​តែ​ប្រសើ​រ​ជាង​មុន​ អំពី​ចំនួន​រថយន្ត​ដែល​យើង​គ្រោង​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ នៅ​ចុង​ឆ្នាំ​នេះ”៕ ប្រែ​សម្រួល​ដោយហួងកុក​ទៀន​